តំណាងរាស្ត្រអូស្ត្រាលីមកពីគណបក្សពលករ ដែលជាគណបក្សប្រឆាំង បានចេញមុខជាបន្តបន្ទាប់ មករិះគន់ប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តិទៅនាពាក់កណ្តាលខែមីនានេះ នៅពេលលោក ហ៊ុនសែនអះអាងថា វត្តមានរបស់លោកក្នុងកិច្ចប្រជុំមានភាពចាំបាច់ជាទីបំផុត។ ចលនាប្រឆាំងវត្តមានលោកហ៊ុនសែន មិនឲ្យជាន់ទឹកដីអូស្រ្តាលីនេះ ដោយសារតែលោក ហ៊ុន សែន បានគំរាមពលរដ្ឋអូស្ត្រាលីដល់ផ្ទះប្រសិនបើហ៊ានដុតរូបទីងមោងលោក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី១ មីនានេះ បន្តព្រមានថា កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី នឹងប្រែក្លាយជាគ្មានន័យ ប្រសិនបើគ្មានវត្តមានរបស់លោក ហើយថា កិច្ចប្រជុំនេះ នឹងមិនអាចចេញសេចក្តីថ្លែងការណ៍ណាមួយបានឡើយ។ លោក ហ៊ុន សែន លើកឡើងថា វត្តមានរបស់លោក គឺជាកិត្តិយសធំមួយសម្រាប់រដ្ឋាភិបាលអូស្ត្រាលី ដែលរដ្ឋាភិបាលអូស្ត្រាលី គួរតែអរគុណលោកទៅវិញទេ។
« ពេលហ្នឹងអូស្រ្តាលី គួរតែអរគុណ លោក ហ៊ុន សែន ទៅវិញទេ ដែលគាំទ្រសម្រាប់ ការប្រជុំរំលឹកខួបអនុស្សាវរីយ៍ ក្នុងប្រទេសអូស្រ្តាលី។ សូមផ្តាំទៅឱ្យរៀនសូត្រពីអាស៊ានឱ្យបានច្បាស់ ប្រសិនបើពេលហ្នឹង ខ្ញុំព្រះករុណាខ្ញុំនិយាយត្រឹមតែថា " ខ្ញុំទៅមិនបានទេ សូមលើកកិច្ចប្រជុំទៅពេលក្រោយក៏បាន ព្រោះខ្ញុំត្រូវជាប់បោះឆ្នោត " ប្រទេសមួយចំនួនគេមានកិច្ចការរបស់គេដែរ ប៉ុន្តែយើងត្រូវតែទៅ ដើម្បីផ្តល់កិត្តិយសឱ្យអូស្រ្តាលី ក្នុងពេលដែលយើងទៅចូលរួម ប្រជុំអាស៊ាន - ឥណ្ឌា២ដងហើយ យើងទៅប្រជុំអាស៊ាន - កូរ៉េ ១ដង ហើយអាស៊ាន - ជប៉ុន , អាស៊ាន - ចិន អញ្ចឹងយើងក៏គួរផ្តល់នូវឱកាស សម្រាប់មេដឹកនាំអាស៊ាន នៅលើទឹកដីអូស្រ្តាលី »។
លោក ហ៊ុន សែន បន្តអួតអាងពីវត្តមានរបស់លោក ដែលមិនអាចខ្វះបាននៅក្នុងកិច្ចប្រជុំកំពូលនេះ ដោយលោកអះអាងថា នេះគឺដោយសារតែអាស៊ានមិនមានសំឡេងភាគច្រើន និងភាគតិចទេ តែរាល់ការសម្រេចរបស់អាស៊ានត្រូវធ្វើឡើងតាមគោលការណ៍ជាឯកច្ឆន្ទ ដែលមានន័យថា ទាល់តែគ្រប់មេដឹកនាំនៃរដ្ឋជាសមាជិកអាស៊ានទាំងអស់ឯកភាពទើបអាចចេញសេចក្តីថ្លែងការណ៍ណាមួយបាន។ ហេតុដូច្នេះហើយ លោក ហ៊ុន សែន ថា រដ្ឋាភិបាលអូស្ត្រាលី ត្រូវតែទទួលខុសត្រូវពីវត្តមានរបស់លោកនៅអូស្ត្រាលីនាពាក់កណ្តាលខែនេះ។
ការថ្លែងម្តងហើយម្តងទៀតទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលីទទួលខុសត្រូវ និងអួតពីវត្តមាន និងគុណសម្បត្តិរបស់លោកក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីនេះ ទំនងជាលោក ហ៊ុន សែន កំពុងបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពរបស់លោក ក្នុងប្រទេសអូស្ត្រាលី ខណៈដែលពលរដ្ឋខ្មែរ មកពីសហគមន៍ខ្មែរជាច្រើនរយនាក់ គំរាមធ្វើបាតុកម្មប្រឆាំង នឹងវត្តមានរបស់លោក ដែលរួមមានទាំងការដុតរូបទីមោងលោកហ៊ុន សែន ផងដែរ។ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានគំរាមតាមចាប់ខ្លួន និងវាយពលរដ្ឋខ្មែរអូស្ត្រាលី ដល់ផ្ទះ ប្រសិនបើពួកគេ ហ៊ានចេញមុខតវ៉ា និងដុតរូបទីងមោងលោក នៅពេលលោកទៅចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី នាពាក់កណ្តាលខែនេះ។ សម្តីប្រកបដោយហិង្សារបស់លោក ហ៊ុន សែន នេះ បានបញ្ឆេះកំហឹងយ៉ាងខ្លាំងក្នុងចំណោមសហគមន៍ពលរដ្ឋខ្មែរនៅក្រៅប្រទេស។
ការតវ៉ា និងរិះគន់ប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែន នេះ ក៏មានជាហូរហែរផងដែរពីសំណាក់តំណាងរាស្ត្រគណបក្សប្រឆាំងអូស្ត្រាលី។ តំណាងរាស្ត្រអូស្ត្រាលីមកពីគណបក្សពលករ ប្រចាំមណ្ឌល Isaacs នៃរដ្ឋ Victoria លោក ម៉ាក ដ្រេយ៍ហ្វាស់ (Mark Dreyfus) ជាអគ្គមេធាវី និងជារដ្ឋមន្ត្រីសន្តិសុខជាតិស្រមោល នៅថ្ងៃទី១ មីនានេះ បន្តរិះគន់របបលោក ហ៊ុន សែន។ លោកថា ប្រទេសអូស្ត្រាលីមានប្រវត្តិសាស្ត្រដ៏គួរឲ្យមានមោទនភាពនៃការសម្តែងមតិផ្នែកនយោបាយ ។ លោកគូសបញ្ជាក់ថា ជាការត្រឹមត្រូវដែលពលរដ្ឋខ្មែរនៅអូស្ត្រាលីចេញមុខថ្កោលទោស លោក ហ៊ុន សែន នូវសម្តីប្រកបដោយហិង្សារបស់លោកនេះ។
« ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថា បើលោក ហ៊ុន សែន បន្តចាប់សមាជិកក្រុមអ្នកប្រជាធិបតេយ្យដាក់ពន្ធនាគារ បើលោក ហ៊ុន សែន បន្តបញ្ជាឲ្យមានការរំលោភសិទ្ធិមនុស្ស បើលោក ហ៊ុន សែន នៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋកម្ពុជា ក្នុងការចូលរួមក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ពលរដ្ឋខ្មែរអូស្ត្រាលី រួមទាំងសមាជិកតំណាងរាស្ត្រគណបក្សពលករ នឹងបន្តរិះគន់ទង្វើរបស់លោក ហ៊ុន សែន នេះជាបន្តទៅទៀត។ ខ្ញុំនឹងមិនគាំទ្រជាដាច់ខាតឲ្យលោក ហ៊ុន សែន គំរាមធ្វើការវាយប្រហារសមាជិកសហគមន៍ពលរដ្ឋខ្មែរអូស្ត្រាលី ដែលជាសហគមន៍ដ៏អង់អាច ដែលបាននាំគ្នាក្រោកឈរឡើងប្រឆាំងនឹងការបំភិតបំភ័យ និងការធ្វើទុក្ខបុកម្នេញពីសំណាក់របបលោក ហ៊ុន សែន។ នៅពេលដែលលោក ហ៊ុន សែន ធ្វើដំណើរមកដល់ប្រទេសអូស្ត្រាលី នៅខែមុខនេះ លោកគួររំពឹងថា នឹងមានក្រុមអ្នកតវ៉ាជាច្រើនរយនាក់ ដោយសារតែអូស្ត្រាលី មិនអាចទទួលយកបានឡើយនូវការបំភិតបំភ័យផ្នែកនយោបាយណាមួយ។ តាមប្រពៃណីប្រជាធិបតេយ្យ របស់អូស្ត្រាលី មានន័យថា យើងហ៊ានចេញមុខនិយាយ។ ខ្ញុំអំពាវនាវឲ្យលោក ហ៊ុន សែន ត្រូវតែបញ្ឈប់ជាបន្ទាន់ការជិះជាន់សង្កត់សង្កិនមកលើក្រុមអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស ហើយត្រូវបំពេញតាមគោលការណ៍គោរពសិទ្ធិមនុស្សនិងគោរពនូវគោលការណ៍ជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ខ្ញុំក៏សូមអំពាវនាវឲ្យរដ្ឋាភិបាលលោក ម៉ាល់កុម ធឺនបល ត្រូវយកចំណុចទាំងនេះមកគូសបញ្ជាក់ឲ្យច្បាស់ និងប្រកបដោយភាពម៉ឺងម៉ាត់ ក្នុងពេលសន្និសីទអាស៊ាន - អូស្ត្រាលីខាងមុខនេះ។ »
តំណាងរាស្រ្តអូស្ត្រាលី មកពីគណបក្សពលករម្នាក់ទៀត ប្រចាំរដ្ឋ Queensland គឺលោក ជីម ខាលម័រស៍ (Jim Charlmers) ថ្លែងថា លោក ពិតជាមានការភ្ញាក់ផ្អើលដែលបានឮពីការគំរាមប្រើប្រាស់ហិង្សារបស់លោក ហ៊ុន សែន ដែលជាសម្តីគួរឲ្យស្អប់ខ្ពើម និងដែលគួរឲ្យសោកស្តាយ ជុំវិញការគំរាមប្រើប្រាស់អំពើហិង្សា ប្រឆាំងនឹងអ្នកទាំងឡាយណាដែលហ៊ានចេញមុខតវ៉ា និងសម្តែងការរិះគន់ នៅពេលដែលលោក ហ៊ុន សែន មកធ្វើទស្សនកិច្ចនាពាក់កណ្តាលខែមីនានេះ។
« វាជាការមិនអាចទទួលយកបានយកទាល់តែសោះសម្រាប់មេដឹកនាំជាតិសាសន៍មួយ ដែលនិយាយចេញពីមាត់ថា លោកនឹងតាមវាយ និងតាមចាប់ក្រុមអ្នកតវ៉ាដល់ផ្ទះ។ នេះជាសម្តីរបស់មេដឹកនាំ ដែលបានធ្វើការបង្ក្រាបមកលើប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលនៅក្នុងប្រទេសរបស់ខ្លួន ហើយបានរម្លាយគណបក្សប្រឆាំង និងចាប់ខ្ឡួនមេដឹកនាំគណបក្សប្រឆាំង។ ខ្ញុំចង់និយាយទៅកាន់ពលរដ្ឋខ្មែរអូស្ត្រាលីនៅក្នុងសហគមន៍របស់ខ្ញុំថា លោកអ្នកមានសិទ្ធិគ្រប់បែបយ៉ាង ដើម្បីធ្វើការតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសនេះ។ ហើយតាងនាមឲ្យពលរដ្ឋទាំងនេះ យើងថ្កោលទោសសារគំរាមរបស់លោក ហ៊ុន សែន យ៉ាងខ្លាំងជាទីបំផុត ហើយយើងនឹងឈរជាមួយពលរដ្ឋខ្មែរអូស្ត្រាលីទាំងនោះ និងការតស៊ូរបស់ពួកគេ ដើម្បីជាបុព្វហេតុនៃសិទ្ធិនយោបាយជាមូលដ្ឋាន ខណៈដែលសិទ្ធិទាំងនេះរបស់បងប្អូន និងសាច់ញាតិក្រុមគ្រួសាររបស់ពួកគេនៅកម្ពុជា ត្រូវបានរបបលោក ហ៊ុន សែន បដិសេធ។ »
កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧-១៨ មីនា ខាងមុខនេះ នាទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។ បច្ចុប្បន្ន ពលរដ្ឋខ្មែរ-អូស្ត្រាលី កំពុងដាក់ពាក្យបណ្ដឹងទៅខាងស្ថាប័នប៉ូលិសអូស្ត្រាលី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការរឿងលោក ហ៊ុន សែន គំរាមនេះ ទៅតាមផ្លូវច្បាប់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។