មន្ត្រីយោធាជាន់ខ្ពស់បដិសេធមិននិយាយចេញអំពីមូលហេតុដែលបណ្ដាលឲ្យឧទ្ធម្ភាគចក្រផលិតនៅប្រទេសចិនមួយគ្រឿងធុន ហ្សីណាយ (Z9) ធ្លាក់នៅជាយក្រុងភ្នំពេញ បណ្ដាលឲ្យមនុស្ស ៤ នាក់ស្លាប់ និងរងរបួសម្នាក់ឡើយ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ មានប្រសាសនៅកន្លែងធ្លាក់ឧទ្ធម្ភាគចក្រនោះថា មិនទាន់មានការសន្និដ្ឋានជាផ្លូវការបានភ្លាមៗទេ ប៉ុន្តែការសន្និដ្ឋានបណ្ដោះអាសន្នថា ការធ្លាក់នោះអាចមកបញ្ហាមិនប្រក្រតីខ្លះៗដូចជានៅតំបន់នោះមានរណ្ដៅដែលគេជីកអាចម៍ដីលក់មានទំហំធំពេក ដែលលោកហៅថា ជារណ្ដៅនរក ហើយតាមសេចក្ដីរាយការបឋមពីអ្នកបានឃើញហេតុការដំបូងហោះមកដល់ត្រង់នោះ ឧទ្ធម្ភាគចក្រនោះហាក់បន្ទាបខ្លួនចុះដោយមិនដឹងមូលហេតុអ្វីហើយស្លាបរបស់វាអាចប៉ះនឹងបញ្ចាំងដីរណ្ដៅនោះក៏ធ្លាក់ចូលទឹកតែម្ដង៖ «ការសន្និដ្ឋានតាមរបៀបមិនផ្លូវការទេតាមរបៀបយល់ឃើញរបស់ខ្ញុំព្រោះនៅពេលនេះមិនជាលើកទីមួយទេគឺការហាត់ក្បួននៅនេះបន្តបន្ទាប់យូរយារណាស់មកហើយព្រោះភូមិសាស្ត្រគ្រប់គ្រាន់សម្រាប់គេដើម្បីទាញឡើងទាញចុះហើយអ្នកដែលនៅនេះគឺជាគ្រូហ្មង តាមមើលទៅអាចមានខ្យល់ព្រោះមានរណ្ដៅនេះវាជ្រៅរបៀបនេះគឺវាកួចក្នុងរណ្ដៅនេះឬយ៉ាងណានោះគឺយើងមិនទាន់អាចនិយាយបានទេនេះគឺជាគ្រូហ្មង តាមមើលទៅអាចមានខ្យល់ព្រោះមានរណ្ដៅនេះវាជ្រៅរបៀបនេះគឺវាកួចក្នុងរណ្ដៅនេះឬយ៉ាងណានោះគឺយើងមិនទាន់អាចនិយាយបានទេ»។

[ ទស្សនាទិដ្ឋភាពឧទ្ធម្ភាគចក្រយោធាធ្លាក់ស្លាប់៤នាក់Opens in new window ]
ប្រជាពលរដ្ឋឲ្យដឹងថា រណ្ដៅដីនៅតំបន់នោះអាចមានទំហំប្រមាណជាង ២ហិកតារ និងមានជម្រៅប្រមាណជាង ៣០ម៉ែត្រ។ ក្នុងរណ្ដៅនោះមានទឹកជម្រៅប្រមាណជាង ១០ម៉ែត្រ។ ពេលស្រង់ឧទ្ធម្ភាគចក្រនោះចេញពីទឹកពុំមានសាកសពនៅក្នុងឧទ្ធម្ភាគចក្រនោះទេ។
អ្នកឃើញហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ Z9 នោះផ្ទាល់ លោក ជា ចាន់សារឿន នៅភូមិទីទុយ សង្កាត់ព្រៃស បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនេះបើកហាត់សមនៅតំបន់នេះពីរបីថ្ងៃហើយ ទើបតែនៅថ្ងៃនេះមានសំឡេងខុសធម្មតា៖ «ពួកខ្ញុំក៏អង្គុយមើលពីចម្ងាយនោះទៅឃើញហោះឡើងៗឆ្វែលជុំវិញហ្នឹងចុះហោះចុះឡើងៗ ខ្ញុំគ្រាន់តែឃើញប៉ុណ្ណឹង ឃើញរោទ៍ម៉ាស៊ីនខ្លាំងពេក ក៏ខ្ញុំចេញមកមើលៗក៏ឃើញហោះកាច់ក្បាលចូលបណ្ដោយ»។
ក្រោយពេលឮសំឡេងធ្លាក់គាត់និងអ្នកភូមិទៅមើល ឃើញមានម្នាក់ផុសចេញពីទឹកល្អក់ខាប់ដូចទឹកដោះគោក្នុងរណ្ដៅដីនោះគាត់ក៏យកធុងប្រេងធំមួយហែលទៅជួយ ហើយរងគ្រោះនោះក៏បានអោបកៅអីយន្តហោះអណ្ដែតជាប់នឹងខ្លួនផងហើយក៏ហៅឡានពេទ្យសង្គ្រោះបន្ទាន់មកដឹកយកទៅមន្ទីរពេទ្យ៖ «គ្រាន់តែឃើញមនុស្សហើបមកបានអ៊ុំស្រីម្នាក់យកកាដុងមកហុចឲ្យ ខ្ញុំថាអ៊ុំមនុស្សនៅរស់មួយ គាត់ក៏រត់ទៅផ្ទះគាត់យកកាដុងឲ្យមួយមក ខ្ញុំក៏រត់វៀងតាំងពីណ៎ វៀងកុងឆ្ងាយណាស់ ហើយចុះទៅណ៎ ហើយក៏អ្នកនៅរស់អោបកៅអីផ្អែកមានពូក បណ្ដែតៗមកបានខ្ញុំបោះកាដុងមួយទៀត បានខ្ញុំទាញគាត់ឡើងមក»។
ជនរងគ្រោះដែលរងរបួសនោះមានឈ្មោះ ចេង សុខសំបូរ ជាមន្ត្រីយោធា និងជាសិក្ខាកាមហ្វឹកហ្វឺន។ បច្ចុប្បន្នលោកកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកមនុស្ស ៤នាក់ដែលស្លាប់នោះមានលោកឧត្ដមសេនីយ៍ទោ អ៊ុក ប៉ុណ្ណាយ៉ា លោកឧត្ដមសេនីយ៍ត្រី អៀង ចាន់រិទ្ឋ លោកវរសេនីយ៍ត្រី ថន វណ្ណឌី និងលោកវរសេនីយ៍ត្រី ខាំ ប៊ុនណាន។
ក្រុមមន្ត្រីយោធាអាកាសចរណ៍បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ Z9 ផលិតនៅប្រទេសចិន ដែលរដ្ឋាភិបាលកម្ពុជាបានបញ្ចាទិញ ១២គ្រឿង ហើយត្រូវបានប្រគល់ជូនទៅកងទ័ពជើងអាកាសកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោក ទៀ បាញ់ ថ្លែងក្នុងកម្មវិធីទទួលយកឧទ្ធម្ភាគចក្រនោះថា ទុកប្រើប្រាស់ក្នុងគោលបំណងបំពេញការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាពក្នុងការការពារបូរណភាពទឹកដីកម្ពុជា និងប្រើប្រាស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។