កម្មកររោងចក្រអូសេអង់ (Ocean) ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រហែល ១.៥០០ នាក់ បានធ្វើកូដកម្មទាមទារលក្ខខណ្ឌ៤ ចំណុចឲ្យថៅកែរោងចក្រដោះស្រាយ អស់រយៈពេលបីថ្ងៃមកហើយ តែមិនបានសម្រេច។
នៅថ្ងៃទី២៧ ឧសភានេះ ភាគីថៅកែរោងចក្រ និងភាគីកម្មករបានជួបចរចាគ្នាទៀតដើម្បីដោះស្រាយវិវាទនេះ។
បន្ទាប់ពីបានចរចាគ្នាអស់រយៈពេល ជិតមួយថ្ងៃរួចមកនៅថ្ងៃទី២៧ ឧសភា ភាគីថៅកែរោងចក្រ និងភាគីកម្មករ នៅតែមិនទទួលបានលទ្ធផល ហើយទំនាស់នេះត្រូវបញ្ជូនទៅដោះស្រាយ នៅស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្ដាលបន្ត។
តំណាងភាគីកម្មករ និងជាអគ្គលេខារបស់សម្ព័ន្ធសហជីពចលនាកម្មករ លោក សេង ឈាន់ បញ្ជាក់ថា ស្របពេលដែលវិវាទនេះនៅមិនទាន់បានដោះស្រាយ កម្មករគំរាមធ្វើកូដកម្មបន្តទៀត៖ «បាទ បានន័យថាថៅកែរោងចក្រគាត់ផ្ដល់អត្ថប្រយោជន៍ជូនកម្មករដែលគាត់ព្យួរការងារជិត១ខែ គាត់ផ្ដល់ត្រឹមតែ១៥ដុល្លាដដែល ហើយភាគីកម្មករ សុំឲ្យថៅកែគិតឲ្យគាត់ ៥០ភាគរយនៃប្រាក់ខែគោលនិងអត្ថប្រយោជន៍ផ្សេងៗផងដែរ»។
កម្មកររោងចក្រអូសេអង់ បានធ្វើកូដកម្មបីថ្ងៃមកហើយ ដោយទាមទារឲ្យថៅកែរោងចក្រដោះស្រាយ ៤ ចំណុច។ គឺទី១ សុំបើកប្រាក់ឈ្នួលរបស់កម្មករខែឧសភា ឲ្យបានពេញខែ ព្រោះថៅកែបើកឲ្យកម្មករចំនួនតែ២៤ថ្ងៃ។ ទី២ សុំឲ្យថៅកែបើកប្រាក់ខែឲ្យកម្មករ ៥០ភាគរយនៃប្រាក់ខែគោល និងប្រាក់ឧបត្ថម្ភផ្សេងទៀត ក្នុងពេលថៅកែរោងចក្រព្យួរការងាររយៈពេល១ខែ គិតចាប់តាំងពីថ្ងៃទី២៦ ឧសភា ដល់ថ្ងៃទី២៦ មិថុនា។ ទី៣ កម្មករសុំឲ្យថៅកែរោងចក្របញ្ចប់កិច្ចសន្យាការងារ ហើយទូទាត់ប្រាក់ឈ្នួលការងារ និងប្រាក់អតីតភាពឲ្យកម្មករ តាមច្បាប់បើសិនជាថៅកែរោងចក្រមិនអាចដោះស្រាយចំណុចទី២ បាន។ ទី៤ គឺកម្មករសុំបើកប្រាក់ឲ្យកម្មករបណ្ដែត និងបើកប្រាក់កម្មករដែលបាត់ប្រាក់ម៉ោង និងសុំបើកប្រាក់ដំណាច់ឆ្នាំរបស់កម្មករ។
តែតំណាងភាគីរោងចក្រ គឺលោក ជឹម សុផាត ត្អូញត្អែរថា ការទាមទាររបស់កម្មករហួសសមត្ថភាពសម្រាប់ថៅកែដោះស្រាយនេះ៖ « បញ្ហាកន្លងមករោងចក្របានខាតបង់រួចមកហើយ បានជាមានការព្យួរការងារហ្នឹង រោងចក្របានខាតបង់កន្លងមកដោយសារកូដកម្មរបស់ពួកគាត់ មិនត្រឹមត្រូវតាមច្បាប់ ធ្វើឲ្យមានការយឺតយ៉ាវផ្ដល់ទំនិញដល់អតិថិជន ដែលជាហេតុធ្វើឲ្យអតិថិជនបញ្ជាទិញពីរោងចក្រយើង មានការកាត់បន្ថយការបញ្ជាទិញ រហូតឈានដល់ផ្ដាច់ការបញ្ជាទិញតែម្ដង » ។
ជំនួបចរចារវាងភាគីកម្មករ និងថៅកែរោងចក្រ នៅថ្ងៃទី២៧ ឧសភា ធ្វើឡើងដោយមានការចូលរួមពីភាគីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងសមាគមកាត់ដេរកម្ពុជា និងអាជ្ញាធរដែនដី។ ករណីវិវាទនេះត្រូវបានមន្ត្រីក្រសួងការងារ សម្រេចបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលដើម្បីដោះស្រាយបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។