ជីវភាពឯកជន និងការនិយាយឆ្លើយឆ្លងជាសម្ងាត់របស់ពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ន កំពុងរងការគំរាមកំហែង បន្ទាប់ពីមានការចាក់ផ្សាយនូវខ្សែអាត់កិច្ចសន្ទនាដែលគេចោទថា ជាសំឡេងរបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងស្ត្រីកំណាន់ចិត្តរបស់លោកជាហូរហែ ដែលមកដល់ពេលនេះមានជាង ៣០ភាគហើយ។
មានចម្ងល់ជាច្រើនលើកឡើងថា តើអ្នកលបថតសំឡេងសន្ទនាឯកជនរបស់អ្នកដទៃ និងអ្នកយកសំឡេងថតនោះទៅផ្សព្វផ្សាយ ខុសច្បាប់ឬទេ? ហើយមានផលវិបាកអ្វីខ្លះដល់សង្គមកម្ពុជា?
បើនិយាយពីបទល្មើសជាក់ស្តែង គឺមិនមែនពាក្យសម្ដីឃោសនាសន្យាលុបបំណុលរបស់ប្រជាពលរដ្ឋនៅពេលឈ្នះឆ្នោត ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសត្រូវចាប់ខ្លួនអ្នកឃោសនានោះនៅនឹងកន្លែងនោះទេ។ បើតាមអ្នកច្បាប់ បទល្មើសជាក់ស្តែងដែលកំពុងកើតមានសព្វថ្ងៃនេះ គឺសកម្មភាពយកសំឡេងសន្ទនាឆ្លើយឆ្លងផ្ទាល់ខ្លួនតាមទូរស័ព្ទរបស់អ្នកដទៃ មកចាក់ផ្សាយទម្លាយរឿងឯកជនរបស់គេទៅវិញទេ។
មានច្បាប់ជាតិយ៉ាងហោចណាស់ចំនួន៣ ដែលហាមឃាត់ការលបថតសំឡេងសន្ទនាតាមទូរស័ព្ទរបស់អ្នកដទៃ។
ទី១ គឺរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃប្រទេស។ មាត្រា៤០ មិនត្រឹមតែការពារពលរដ្ឋកម្ពុជា គ្រប់រូបពីការលបថតសំឡេងនិយាយសន្ទនារបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាការពារអាថ៌កំបាំងនៃការឆ្លើយឆ្លងតាមលិខិត តាមសារទូរលេខ ទូរពុម្ព ទូរគមនាគមន៍របស់គាត់ទៀតផង។
រីឯច្បាប់ស្ដីពីទូរគមនាគមន៍បញ្ជាក់យ៉ាងច្បាស់ថា ទាំងអ្នកលបថតសំឡេងគេ ទាំងអ្នកយកសំឡេងលបថតនោះទៅផ្សព្វផ្សាយ ត្រូវមានទោសស្មើគ្នា។
មាត្រា៩៧ ចែងថា « ការលបស្តាប់ ឬការលបថតការសន្ទនាដោយការប្រើប្រាស់ប្រព័ន្ធទូរគមនាគមន៍ ដោយបុគ្គលដែលពុំមែនជាភាគីនៃការសន្ទនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងទទួលពិន័យជាប្រាក់ពី ១សែនរៀលទៅ ២លានរៀល។ បញ្ញត្តិកថាខណ្ឌទី១ ខាងលើនេះ មិនត្រូវយកមកអនុវត្តទេ ក្នុងករណីដែលការស្តាប់ ឬការថតការសន្ទនានោះ ធ្វើឡើងដោយមានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ឬដោយមានការអនុញ្ញាតពីអាជ្ញាធរធម្មានុរូប »។
ចំណែកអ្នកយកសំឡេងលបថតនោះទៅផ្សព្វផ្សាយ ក៏មានទោសជាប់ពន្ធនាគារដែរ។ មាត្រា៩៧ នៃច្បាប់ស្ដីពីទូរគមនាគមន៍ដដែលចែងថា « ត្រូវផ្ដន្ទាទោសដូចគ្នាចំពោះការផ្សព្វផ្សាយខ្លឹមសារនៃការសន្ទនា ដោយពុំបានទទួលសិទ្ធិស្របច្បាប់ពីភាគីនៃការសន្ទនា ឬពីអាជ្ញាធរធម្មានុរូប ឬពីបទដ្ឋានគតិយុត្តិជាធរមាន »។
រហូតមកដល់ពេលនេះ គេបានដឹងត្រឹមឈ្មោះអ្នកស្ព័នសឺរ (Sponsor) គឺ «រឿងពិតរបស់ CNRP» ដែលជាអ្នកយកសំឡេងសន្ទនាដែលគេសន្មតថាជាសំឡេងរបស់ លោក កឹម សុខា ជាមួយស្ត្រីកំណាន់ចិត្ត ដាក់បង្ហោះលើហ្វេសប៊ុក (Facebook) ហើយត្រូវបានផ្សព្វផ្សាយបន្តភ្លាមៗដោយសារព័ត៌មាន Fresh News។
បើទោះបីជាទិដ្ឋភាពច្បាប់អាចផ្ដន្ទាទោសអ្នកលបថតសំឡេង និងផ្សាយសំឡេងនោះក៏ដោយ គេនៅពុំទាន់ឃើញសមត្ថកិច្ចរដ្ឋាភិបាល មានចំណាត់ការណាមួយដើម្បីបញ្ឈប់ការបង្ហោះផ្សព្វផ្សាយកិច្ចសន្ទនានេះនៅឡើយទេ។
មកដល់ពេលនេះ អ្នក ស្ព័នសឺរ (Sponsor) «រឿងពិតរបស់ CNRP» បន្តបង្ហោះជាង ៣០ភាគហើយ ហើយសារព័ត៌មាន Fresh News ក៏ផ្សាយបន្តដោយគ្មានការព្រួយបារម្ភអំពីផ្លូវច្បាប់ដែរ។
ទាំងអ្នកច្បាប់ និងមន្ត្រីសិទ្ធិមនុស្សយល់ឃើញថា លោក កឹម សុខា និងកញ្ញា ខុម ចាន់ដារាទី ព្រមទាំងអ្នកផ្សេងទៀតដែលត្រូវគេលបថតសំឡេងសន្ទនាយកទៅផ្សព្វផ្សាយនោះ សុទ្ធសឹងតែជាជនរងគ្រោះនៃអំពើខុសច្បាប់ដែលរដ្ឋាភិបាលត្រូវមានវិធានការការពារ។
បើទោះខ្លួនជាជនរងគ្រោះចាប់តាំងពីរឿងអាស្រូវនេះផ្ទុះឡើងនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ទាំង លោក កឹម សុខា និងកញ្ញា ខុម ចាន់ដារាទី ព្រមទាំងអ្នកដទៃទៀតមិនបានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងអ្នកលបថតសំឡេង និងអ្នកផ្សព្វផ្សាយទេ។
ទោះជាយ៉ាងនោះក្តី មេធាវី នូ ទេព្វពីរិទ្ធ ពន្យល់ថា ករណីលួចស្តាប់ និងថតសំឡេងតាមទូរស័ព្ទ ហើយផ្សព្វផ្សាយ បើទោះបីជាជនរងគ្រោះមិនបានដាក់ពាក្យប្ដឹងទៅតុលាការក៏ដោយ ក៏ព្រះរាជអាជ្ញាដែលតំណាងឲ្យរដ្ឋ ត្រូវបើកការស៊ើបអង្កេតចាត់ការលើជនល្មើស ពីព្រោះវាជាករណីព្រហ្មទណ្ឌ៖ « ពេលខ្លះជនរងគ្រោះអត់អាចមកប្ដឹងបានទេ ព្រោះវាមានបញ្ហាច្រើនណាស់។ គាត់ខ្លាចសព្វបែបយ៉ាងអីអ៊ីចឹងទៅ ប៉ុន្តែអំពើហ្នឹងសាធារណជនដឹង។ ផ្សាយប៉ុន្មានភាគហើយ គឺដឹងទាំងអស់គ្នាហ្នឹងឯង។ អ៊ីចឹងព្រះរាជអាជ្ញាដើរតួនាទីជាតំណាងរដ្ឋ ជាម្ចាស់បណ្ដឹងអាជ្ញា។ គាត់អាចធ្វើបណ្ដឹងបាន ហើយបណ្ដឹងហ្នឹងមានច្រើនណាស់ ដូចជាបណ្ដឹងទាមទារ បណ្ដឹងជួសជុលការខូចខាត ហើយនិងបណ្ដឹងបរិហារ។ បណ្ដឹងបរិហារ គឺសំដៅទៅលើព្រះរាជអាជ្ញា សំដៅទៅលើអាជ្ញាធរសាធារណៈ ដែលគាត់ប្ដឹងជួសឲ្យសង្គមមួយដែលរងគ្រោះ ឬជនណាមួយដែលរងគ្រោះ ហើយការពារសណ្ដាប់ធ្នាប់សាធារណៈសន្តិសុខបុគ្គល។ ករណីនេះ គឺសន្តិសុខបុគ្គល »។
ការអនុញ្ញាតឲ្យមានការលបថតសំឡេងសន្ទនាឯកជនរបស់អ្នកដទៃយកមកផ្សព្វផ្សាយ មិនត្រឹមតែបំពានច្បាប់ជាតិ និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្កឲ្យមានផលវិបាកជាច្រើនទៀតនៅក្នុងសង្គមជាតិកម្ពុជា ទាំងមូលតែម្តង។
ផលវិបាកទី១ គឺថា ប្រជាពលរដ្ឋខ្មែរនឹងបាត់បង់ជំនឿលើប្រព័ន្ធគ្រប់គ្រងរដ្ឋ។ ពួកគេអាចលែងមានជំនឿថា រដ្ឋាភិបាលបច្ចុប្បន្នអាចធានានូវជីវភាពឯកជនរបស់ពួកគេ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញទៀតហើយ។
ផលវិបាកទី២ ប្រជាពលរដ្ឋរស់នៅក្នុងសភាពភ័យខ្លាចថា ការនិយាយស្តីរឿងឯកជនតាមទូរស័ព្ទរវាងក្រុមគ្រួសារ មិត្តភ័ក្ដិ សង្សារ និងការឆ្លើយឆ្លងអំពីមុខរបរជំនួញ និងបញ្ហាសុខភាពជាសម្ងាត់របស់ពួកគេ នឹងត្រូវជនទីបីលបស្តាប់ឮ និងលាតត្រដាង។
ផលវិបាកទី៣ អ្នកវិនិយោគិនអាចនឹងបាត់បង់ទំនុកចិត្តក្នុងការដាក់ទុនរកស៊ីនៅកម្ពុជា នៅពេលពួកគេដឹងថា ប្រព័ន្ធទូរស័ព្ទត្រូវគេលបស្តាប់ និងថតសំឡេងបានដោយងាយៗយ៉ាងដូច្នេះ។
ផលវិបាកទី៤ គឺការលបថតសំឡេងគេមកផ្សព្វផ្សាយបែបនេះ ផ្តល់គំរូអាក្រក់ដល់អ្នកដទៃនៅថ្ងៃអនាគត។ ក្នុងមួយថ្ងៃៗចាប់ពីរាស្ត្រសាមញ្ញ រហូតដល់នាយករដ្ឋមន្ត្រី និងព្រះមហាក្សត្រ សុទ្ធតែមានការសន្ទនា អាចជារឿងសម្ងាត់ដែលមិនចង់ឲ្យអ្នកដទៃដឹងឮ។ ប្រសិនបើមានការបើកដៃអនុញ្ញាតឲ្យមានការថតសំឡេង និងផ្សព្វផ្សាយដោយគ្មានការផ្ដន្ទាទោសបែបនេះ ថ្ងៃណាមួយអាចនឹងមានការឡងបកអាក្រាតរបៀបនេះមកអ្នកកាន់អំណាចវិញ ពីព្រោះរឿងសម្ងាត់របស់អ្នកធំក៏អាចលេចធ្លាយបានដែរ។
ផលវិបាកទី៥ អាចកើតមានចំពោះក្រុមហ៊ុនទូរស័ព្ទ។ ប្រជាពលរដ្ឋខ្មែរ ឬអតិថិជន អាចនឹងឈប់ទិញសេវាពីក្រុមហ៊ុនទូរស័ព្ទណាដែលគេដឹងថា ក្រុមហ៊ុននោះបានផ្តល់សំឡេងសន្ទនាសម្ងាត់របស់ពួកគេ ទៅឲ្យរដ្ឋាភិបាល ឬជនទី៣ ទាំងបំពានច្បាប់បែបនេះ។
នៅសហរដ្ឋអាមេរិក ដើម្បីការពារសិទ្ធិឯកជន និងព័ត៌មានសម្ងាត់របស់អតិថិជនខ្លួន ក្រុមហ៊ុនទូរស័ព្ទដៃអេបភល (Apple) បានជំទាស់ទៅនឹងការទាមទាររបស់រដ្ឋាភិបាល ដែលបង្គាប់ឲ្យក្រុមហ៊ុន Apple បង្កើតលេខកូដសម្ងាត់ដែលអាចឲ្យអង្គភាពចារកិច្ច អេហ្វ.ប៊ី.អាយ (FBI) អាន់ឡក (Unlock) បើកលេខសម្ងាត់ដើម្បីចូលពិនិត្យមើលទិន្នន័យនៅក្នុងទូរស័ព្ទដៃរបស់អតិថិជនរបស់ក្រុមហ៊ុន Apple ក្នុងគោលដៅស្វែងរកក្រុមភេវរករ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ពាក្យប្ដឹងទៅតុលាការ ស្នើសុំសេចក្តីសម្រេចបង្គាប់ឲ្យក្រុមហ៊ុន Apple ធ្វើតាមខ្លួន។
នៅខណៈរង់ចាំសេចក្តីសម្រេចពីតុលាការសហរដ្ឋអាមេរិក ថ្នាក់ដឹកនាំក្រុមហ៊ុន Apple បានសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថា ជំហរមិនធ្វើតាមបង្គាប់បញ្ជារបស់រដ្ឋាភិបាល គឺជារឿងត្រឹមត្រូវ។ ក្រុមហ៊ុន Apple ផ្តល់ហេតុផលថា នៅខណៈអង្គភាពចារកិច្ច អេហ្វ.ប៊ី.អាយ មានបំណងល្អក្នុងការទប់ស្កាត់អំពើភេរវកម្ម ការដែលក្រុមហ៊ុន Apple បង្កើតលេខកូដថ្មីផ្តល់ឲ្យ អេហ្វ.ប៊ី.អាយ ធ្វើឲ្យពួកគេអាចចូលក្នុងទូរស័ព្ទដៃរបស់អតិថិជននោះ វានឹងបង្កផលវិបាកដ៏គ្រោះថ្នាក់ពីរយ៉ាង។
ទី១ វានឹងធ្វើឲ្យផលិតផលរបស់ក្រុមហ៊ុន Apple ចុះខ្សោយដោយស្វ័យប្រវត្តិ។ ក្រុមហ៊ុននឹងលែងមានលទ្ធភាពគ្រប់គ្រងទិន្នន័យរបស់ខ្លួនឯង ពេលនោះកិច្ចការឯកជន និងសុវត្ថិភាពរបស់ក្រុមហ៊ុន នឹងស្ថិតក្នុងហានិភ័យ។
ហេតុផលទី២ គឺវានឹងបង្កើតទៅជាទម្លាប់ស្របច្បាប់មួយសម្រាប់ការពង្រីកអំណាចរបស់រដ្ឋាភិបាល ក្នុងការតាមដានពិនិត្យព័ត៌មាននៅក្នុងទូរស័ព្ទដៃ និងលបស្តាប់ការសន្ទនារបស់អតិថិជន ដែលជារឿងគ្រោះថ្នាក់ដ៏ធំមួយសម្រាប់ថ្ងៃមុខ។
ងាកមកប្រទេសកម្ពុជា វិញ កាលពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៧០ និងឆ្នាំ១៩៨០ ពលរដ្ឋខ្មែរបានឆ្លងកាត់របបកុម្មុយនិស្តចំនួនពីរ គឺរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម និងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។ រដ្ឋាភិបាលនៃរបបផ្តាច់ការទាំងពីរនេះ បានប្រើប្រាស់ឧបករណ៍រដ្ឋ មានប៉ូលិស តុលាការ និងពន្ធនាគារ ជាអាវុធដើម្បីគាបសង្កត់ និងបំបិទមាត់អ្នកនយោបាយ ព្រមទាំងជនទាំងឡាយណាដែលមានទស្សនៈ មិនស្របតាមគោលនយោបាយរបស់បក្ស និងរដ្ឋ។
ភ្នាក់ងាររដ្ឋបានលបស្តាប់កិច្ចសន្ទនា និងការឈ្លបតាមដានរាល់សកម្មភាពរបស់ពលរដ្ឋជាប្រចាំ។ ជាលទ្ធផល ពលរដ្ឋខ្មែរដែលរស់ក្នុងរបបទាំងពីរនោះ បានឆ្លងកាត់បទពិសោធន៍ភ័យខ្លាច និងអសន្តិសុខក្នុងជីវិតជាប់ជាប្រចាំ។
ដោយសារហេតុផលនេះហើយ ទើបក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ គ្រប់បក្សនយោបាយដែលមានសំឡេងក្នុងរដ្ឋសភា បានមូលមាត់គ្នាបង្កើតច្បាប់រដ្ឋធម្មនុញ្ញថ្មីមួយ ដែលធានានូវសិទ្ធិមនុស្ស និងសេរីភាពក្នុងការនិយាយស្តីដោយគ្មានការភ័យខ្លាចថា មានអ្នកលបស្តាប់ដែលជាការធានានូវជីវភាពឯកជនរបស់បុគ្គលគ្រប់រូប។
បន្ថែមលើរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីទូរគមនាគមន៍ដូចរៀបរាប់មកហើយនោះ ក្រមព្រហ្មទណ្ឌកម្ពុជា មាត្រា៣០១ ក៏ផ្ដន្ទាទោសអ្នកដែលលបថតសំឡេងសន្ទនារបស់គេឲ្យជាប់ពន្ធនាគារផងដែរ។
ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺសកម្មភាពបង្ហោះតាមហ្វេសប៊ុក និងផ្សព្វផ្សាយតាមសារព័ត៌មាននូវសំឡេងសន្ទនាឯកជន ដែលគេជឿថាជាសំឡេងរបស់ លោក កឹម សុខា និងស្ត្រីកំណាន់ចិត្ត នៅតែមានបន្តមិនដឹងរហូតដល់ពេលណា ហើយរហូតមកដល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់ចាត់វិធានការអនុវត្តច្បាប់ដែលមានជាធរមាន ដើម្បីបញ្ឈប់ និងផ្ដន្ទាទោសអ្នកដែលលបថត និងផ្សព្វផ្សាយសំឡេងនោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។