ពលរដ្ឋដែលមានជម្លោះដីធ្លីចាប់ផ្ដើមកក្រើកតវ៉ាឡើងវិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈ បន្ទាប់ពីការជាប់គាំងនយោបាយជិតមួយឆ្នាំរួចមក។ គណបក្សសង្គ្រោះជាតិ មានកម្មវិធីនយោបាយច្បាស់លាស់ ដើម្បីដោះស្រាយវិបត្តិដីធ្លីជូនពលរដ្ឋ។ រីឯប្រមុខដឹកនាំរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាក់ពីជំហរក្នុងការដោះស្រាយវិបត្តិដីធ្លីដែរ។ ថែមទាំងបានស្តីបន្ទោសទៅមន្ត្រីក្រោមឱវាទ មានទាំងរដ្ឋមន្ត្រី អភិបាលខេត្ត និងថ្នាក់ដឹកនាំពាក់ព័ន្ធទាំងអស់ ថាមិនបានយកចិត្តទុកខិតខំដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។
បើគណបក្សទាំងពីរមានជំហរដូចគ្នាហើយនោះ តើអាចរួមដៃគ្នាដោះស្រាយវិបត្តិដីធ្លីនៅកម្ពុជា បានដែរឬទេ?
នរណាទៅដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយពិត ឬកុហក ចំពោះពាក្យដែលលោកថា លោកមិនធ្លាប់បានទទួលញត្តិពីពលរដ្ឋទាល់តែសោះ ពីរឿងដែលពលរដ្ឋស្នើសុំឲ្យលោកជួយដោះស្រាយបញ្ហាដីធ្លី។ ថារឿងញត្តិចុះថាលោកមិនបានទទួល ចុះពេលពលរដ្ឋទៅស្រែកឡូងៗទាមទារនៅក្បែររបងផ្ទះសម្ដេច រហូតក្រុមសន្តិសុខប្រើហិង្សាវាយដំច្រំធាក់ និងចាប់សែងមនុស្សដូចសត្វធាតុនោះយ៉ាងម៉េចដែរ? ប្រសិនបើលោកយកចិត្តទុកដាក់ងាកមើល ឬយកត្រចៀកស្តាប់តែបន្តិច ក៏លោកប្រហែលជាដឹងតិចតួចដែរ។
លោក ហ៊ុន សែន ហាក់ដូចជាបង្ហាញការយកចិត្តទុកដាក់សម្បើមណាស់ពីទុក្ខកង្វល់ និងផលវិបាករបស់ពលរដ្ឋ ដោយថ្មីៗនេះបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាដីធ្លីដល់ពលរដ្ឋនៅតាមមូលដ្ឋាន។ ក្នុងករណីដីទំនាស់នោះ ជាប់ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ច លោកបញ្ជាក់ច្បាស់ថា គឺត្រូវគិតពលរដ្ឋជាធំ ដោយអាជ្ញាធរ និងក្រុមហ៊ុន ត្រូវអនុវត្តគោលនយោបាយស្បែកខ្លាជាដាច់ខាត។
លោកក៏បានបន្ទោសទៅមន្ត្រីក្រោមឱវាទរបស់លោកថា ការផ្តល់ដីសម្បទានសេដ្ឋកិច្ច មើលតែតាមផែនទី និងមិនបានចុះទៅមើលផ្ទាល់ ពិសេសមិនបានអនុវត្តអនុសាសន៍របស់លោកឲ្យមានប្រសិទ្ធភាព។
យ៉ាងណា លោក ហ៊ុន សែន ហាក់មានជំហររឹងមាំដោះស្រាយវិបត្តិសង្គម ពិសេសបញ្ហាវិវាទដីធ្លីឲ្យប្រសើរឡើងវិញ។ ទំនងជាលោកចង់ស្ដារប្រជាប្រិយភាពគណបក្សកាន់អំណាចឡើងវិញក៏ថាបាន។ រីឯគណបក្សសង្គ្រោះជាតិ ឯណោះវិញ ហាក់បង្ហាញថា ខ្លួនមានឆន្ទៈរួចហើយក្នុងការដោះស្រាយវិបត្តិដីធ្លី ដោយគណបក្សនេះបានបង្កើតកម្មវិធីនយោបាយសម្រាប់ដោះស្រាយវិបត្តិដីធ្លី ដោយផ្ដើមពីការសើរើឡើងវិញនូវដីសម្បទានសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យក្រុមហ៊ុនវិនិយោគរយៈពេល ៩៩ឆ្នាំ។ ការបែងចែកដីដល់គ្រួសារកសិករដែលគ្មានដីធ្លី ឬខ្វះដីធ្វើស្រែចម្ការ ពិសេស គឺការដកហូតដីពីអ្នកមានអំណាច ឬក្រុមហ៊ុនដែលយកទៅដោយបំពាន ឲ្យពលរដ្ឋជាម្ចាស់វិញ។ ដូច្នេះ តើគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ អាចដោះស្រាយវិបត្តិដីធ្លីបានដែរទេ?
ទំនងជាបក្សទាំងពីរមិនអាចដោះស្រាយវិបត្តិសង្គមមួយនេះបានទេ ប្រសិនបើគ្មានការសហការគ្នានោះ។
នរណាក៏ដឹងដែរថា អ្នកទន្ទ្រានយកដីធ្លីពីពលរដ្ឋ គឺសុទ្ធសឹងជាឧកញ៉ា ជាមន្ត្រីគ្រាក់ៗ ដែលមានតួនាទីក្នុងរាជរដ្ឋាភិបាល និងក្នុងគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ គណបក្សសង្គ្រោះជាតិ អាចពិបាកនឹងធ្វើកំណែទម្រង់ដីធ្លី ឬចាប់ឧកញ៉ា និងមន្ត្រីពាក់ព័ន្ធទាំងនោះយកមកផ្ដន្ទាទោស។ ពិសេស ក្រុមហ៊ុនដែលទទួលដីសម្បទានសេដ្ឋកិច្ចច្រើនជាងគេនោះ គឺជាក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនចិន ដែលជាប្រទេសមានឥទ្ធិពលមកលើគណបក្សកាន់អំណាច។
គណបក្សសង្គ្រោះជាតិ ទំនងមិនអាចមានលទ្ធភាពដោះស្រាយវិបត្តិដីធ្លីតែឯងបានទេ អាចបានត្រឹមកែលំអខ្លះ ដើម្បីឲ្យល្អមើល និងឲ្យម្ចាស់ឆ្នោតអស់ចិត្តប៉ុណ្ណោះ។
យ៉ាងណា តំណាងរាស្ត្រគណបក្សនេះមានតួនាទីជាប្រធានគណៈកម្មការចំនួន៥ ក្នុងរដ្ឋសភា នឹងអាចមានតុល្យភាពអំណាចជាមួយបក្សកាន់អំណាច។ តាមរយៈនេះ គណបក្សសង្គ្រោះជាតិ អាចកោះហៅរដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធ មកបំភ្លឺក្នុងរដ្ឋសភា និងជំរុញឲ្យមានការដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋបាន។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ គ្មានកាតព្វកិច្ច ឬអំណាចដោះស្រាយជម្លោះដីធ្លីបានឡើយ គឺការដោះស្រាយទាំងអម្បាលម៉ាន ស្ថិតលើរាជរដ្ឋាភិបាលជាអ្នកសម្រេច។ ដូច្នេះ ការដោះស្រាយវិបត្តិដីធ្លីបាន ឬមិនបាននោះ គឺអាស្រ័យទៅលើបក្សកាន់អំណាច មានឆន្ទៈពិតប្រាកដដោះស្រាយរឿងនេះដែរ ឬអត់?
ចំពោះប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន ទំនងជាមានឆន្ទៈពិតប្រាកដក្នុងការជួយដោះស្រាយវិបត្តិនេះជូនពលរដ្ឋ។ ប៉ុន្តែសំខាន់នោះ គឺការអនុវត្តរបស់មន្ត្រីក្រោមឱវាទឯណោះទេជាបញ្ហា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ទទួលស្គាល់ពីការបរាជ័យរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួនរួចហើយ ចំពោះការដោះស្រាយវិបត្តិដីធ្លី។ លោកថែមទាំងបានស្តីបន្ទោសធ្ងន់ៗជាសាធារណៈ តាំងពីរដ្ឋមន្ត្រី អភិបាលខេត្ត ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ហើយមិនលើកលែងសូម្បីតែកូនប្រុសរបស់ខ្លួន គឺលោក ហ៊ុន ម៉ានិត ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីដែលមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ ម្យ៉ាងទៀត គឺប្រហែលមកពីការទទួលស្គាល់បរាជ័យអំពីរឿងនេះហើយ បានជាមិនឃើញលោកចាប់ផ្តើមកម្មវិធីយុវជនវាស់នោះជាបន្តទៀត ក្រោយការបោះឆ្នោតនោះ។
រីឯបទបញ្ជា០១ គោលនយោបាយចាស់សកម្មភាពថ្មីនោះ ក៏អនុវត្តមិនមានប្រសិទ្ធភាពថែមទៀត។ ជាក់ស្តែង នៅខេត្តពោធិ៍សាត់ មានពលរដ្ឋខ្លះទទួលបានប្លង់រឹងពីក្រុមយុវជនស្ម័គ្រចិត្តហើយ តែក្រុមហ៊ុននៅតែបន្តឈូសឆាយលើដីកម្មសិទ្ធិរបស់ពួកគាត់។ ពលរដ្ឋខ្លះទៀត នៅបឹងប្រាំ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ទទួលបានប្លង់កម្មសិទ្ធិដីធ្លី ដោយដីក្នុងប្លង់នោះបែរជាមានពលរដ្ឋផ្សេងរស់នៅ ហើយពលរដ្ឋដែលរស់នៅលើដីនោះបែរជាគ្មានប្លង់កម្មសិទ្ធិទៅវិញ។
តាមមើលទៅ គណបក្សទាំងពីរចៀសមិនផុតពីការចាប់ដៃគ្នាបញ្ចប់វិបត្តិដីធ្លីនោះទេ គឺប្រៀបដូចចង្កឹះដែលមិនអាចឃ្លាតគ្នាបាន។ គណបក្សសង្គ្រោះជាតិ ដើរតួនាទីជាអ្នកឃ្លាំមើល ហើយបើបក្សកាន់អំណាចមិនដោះស្រាយទេនោះ ម្ចាស់ឆ្នោតនឹងដឹងថា គណបក្សណាមានឆន្ទៈពិតប្រាកដ ហើយបក្សប្រឆាំងអាចនឹងមានប្រជាប្រិយភាពកើនទ្វេដង។ ដូច្នេះ ចង់មិនចង់ ដើម្បីឲ្យបានប្រជាប្រិយភាពសម្រាប់ការបោះឆ្នោតអាណត្តិក្រោយនោះ លុះត្រាតែបក្សកាន់អំណាច ត្រូវតែដោះស្រាយវិបត្តិដីធ្លី និងអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។