បទ​វិភាគ៖ តើ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចំណេញ​ឬ​ខាត?

ដោយ ទេព សុរ៉ាវី
2014.07.17
សង្គ្រោះជាតិ ៦១០ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤។
RFA/Sek Bandith

បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ពន្ធនាគារ​ហើយ​នោះ រាជ​រដ្ឋាភិបាល​កម្ពុជា ហាក់​នៅ​មិន​សុខ​ទេ​ពី​រឿង​នេះ។ តាំង​ពី​ថ្ងៃ​អង្គារ ទី​១៥ កក្កដា មក រាជ​រដ្ឋាភិបាល​កម្ពុជា ប្រើ​គ្រប់​វិធីសាស្ត្រ​ទាំងអស់ ទាំង​ការ​ធ្វើ​សន្និសីទ​កាសែត កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​ទូត​នានា​ប្រចាំ​កម្ពុជា រហូត​ដល់​ឲ្យ​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល ពន្យល់​ច្រើន​លើក​ច្រើន​សា​តាម​កញ្ចក់​ទូរទស្សន៍​ទៅ​ដល់​មហាជន អង្គការ​ជាតិ​អន្តរជាតិ និង​មន្ត្រី​អង្គទូត​នានា ឲ្យ​យល់​ពី​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រហូត​ឈាន​ដល់​ការ​ចាប់​ខ្លួន​បេក្ខជន​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ ភាព​ស្រពេចស្រពិល​នៅ​តែ​មាន។

តើ​រាជ​រដ្ឋាភិបាល​កម្ពុជា ជ្រើស​រើស​វិធី​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ ជា​ការ​ចំណេញ ឬ​ខាត?

ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ​ទេ ដែល​បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ត្រូវ​បាន​វាយ​ខ្នោះ និង​ជាប់​គុក នៅ​ពេល​ដែល​ប្រើ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​តំណាង​រាស្ត្រ ដោយ​ការ​សម្ដែង​មតិ ឬ​យោបល់ ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ​ដោយ​សន្តិវិធី។

អ្នក​វិភាគ និង​អ្នក​ច្បាប់​ខ្លះ​គិត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ដើរ​ផ្លូវ​ខុស ដោយ​មិន​គោរព​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ផ្តល់​អភ័យ​ឯកសិទ្ធិ​ដល់​តំណាង​រាស្ត្រ និង​តួនាទី​កាតព្វកិច្ច​របស់​តំណាង​រាស្ត្រ ដែល​ត្រូវ​តែ​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ពលរដ្ឋ​ម្ចាស់​ឆ្នោត។ តួយ៉ាង​ដូច​ជា ការ​ចេញ​មុខ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា នោះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ប្រើប្រាស់​ទីលាន​នោះ​មក​សម្ដែង​មតិ​បាន​ដូច​មុន បន្ទាប់​ពី​រាជ​រដ្ឋាភិបាល បាន​ហ៊ុមព័ទ្ធ​ដោយ​របង​ដែក​លួស​បន្លា​ជុំ​ជិត។

ដូច្នេះ តើ​ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង រាជ​រដ្ឋាភិបាល​ចំណេញ ឬ​ខាត?

អ្នក​វិភាគ​គិត​ថា ការ​ចាប់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រួម​មាន លោកស្រី មូរ សុខហួរ លោក កែវ ភីរម្យ លោក ម៉ែន សុថាវរិន្ទ្រ លោក រៀល ខេមរិន្ទ្រ លោក ហូរ វ៉ាន លោក នុត រំដួល លោក និង​លោក ឡុង រី នៅ​ពេល​នេះ គឺ​រដ្ឋាភិបាល​កំពុង​លេង​ល្ខោន​ថ្មី​មួយ​ដែល​គ្រោះ​ថ្នាក់​ខ្លាំង តែ​បើ​ល្បែង​នេះ​អាច​ដើរ​ទៅ​មុខ​ដូច​ការ​គ្រោង​ទុក​នោះ ក៏​ចំណេញ​មិន​ស្ទើរ​ដែរ។ ចំណេញ​ត្រង់​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ អាច​បង្ខំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​អ្វី​ជា​សេនារីយោ​នយោបាយ​របស់​ខ្លួន ហើយ​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ ដែល​អូស​បន្លាយ​ពេល​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​បោះ​ឆ្នោត។

មួយ​ទៀត រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​យក​បញ្ហា​ជួប​ជុំ​បង្ក​ឲ្យ​មាន​ហិង្សា ជា​មូលហេតុ​រាំង​ខ្ទប់​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​តវ៉ា​នៅ​មុខ​ស្ថានទូត​វៀតណាម ដែរ​នៅ​សប្ដាហ៍​ក្រោយ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​សតិ​អារម្មណ៍​របស់​ប្រទេស​មហា​មិត្ត។ ប៉ុន្តែ​ការ​ចំណេញ​ប៉ុណ្ណេះ ទំនង​ជា​រាជ​រដ្ឋាភិបាល​មិន​គ្រប់​នឹង​អាម៉ាស់​ក្នុង​ឆាក​អន្តរជាតិ​ផង។ អ្នក​វិភាគ​នយោបាយ​គិត​ថា រាជ​រដ្ឋាភិបាល​ដែល​មាន​អំនួត​ពី​ភាព​ស៊ីវិល័យ​ក្នុង​សង្គម​បច្ចុប្បន្ន ប៉ុន្តែ​រង​ការ​រិះគន់​ថា​និយម​ខាង​ប្រើ​អំពើ​ហិង្សា កំពុង​តែ​បំពាន​ច្បាប់ និង​ដោះស្រាយ​បញ្ហា​តាម​ឆន្ទៈ​នយោបាយ​ជា​ធំ។

ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​ស្មើ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា កំពុង​ស្រែក​ប្រកាស​ជា​ឱឡារិក​រក​សត្រូវ​កាន់​តែ​ច្រើន ទាំង​មន្ត្រី​ការទូត អង្គការ​ជាតិ​អន្តរជាតិ បញ្ញវន្ត សិស្ស​និស្សិត និង​មន្ត្រី​រាជការ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង ពិសេស​ការ​ទំនាក់ទំនង​ផ្នែក​ការទូត​របស់​រាជ​រដ្ឋាភិបាល អាច​នឹង​មាន​ការ​រួម​តូច​ជាង​មុន។

រីឯ​អ្នក​ច្បាប់​វិញ​គិត​ថា ការ​អនុវត្ត​ច្បាប់ គឺ​ធ្វើ​ឡើង​ដោយ​រើស​មុខ។ ជាក់ស្តែង ក្រុម​សន្តិសុខ​ស៊ី​ឈ្នួល​របស់​ខណ្ឌ​ដូនពេញ មិន​តិច​ដង​ទេ​ដែល​បាន​វាយ​ពលរដ្ឋ និង​អ្នក​កាសែត​ឲ្យ​រង​របួស ប៉ុន្តែ​មិន​ដែល​ឃើញ​សមត្ថកិច្ច​ណា​ចាប់​ជន​ដៃ​ដល់​មក​ផ្ដន្ទាទោស​ទេ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​ក្រុម​សន្តិសុខ​ទំនង​ភ្លាត់​ស្នៀត គឺ​ដូច​ជា​សត្វ​ខ្លា​ដែល​មិន​អាច​ចាប់​គោ​ស៊ី​បាន​ដូច​រាល់​ដង ហើយ​បែរ​ជា​ត្រូវ​គោ​ព័ទ្ធ​ស៊ី​វិញ​ម្តង​នោះ អាជ្ញាធរ​បែរ​ជា​ចាប់​តំណាង​រាស្ត្រ​ឲ្យ​ទទួល​ខុស​ត្រូវ​ទៅ​វិញ។

យ៉ាង​ណា មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​អះអាង​ថា ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង ៧​រូប​នោះ គឺ​អាច​ធ្វើ​ទៅ​បាន ដោយសារ​តែ​ពួក​គេ​មិន​ទាន់​មាន​អភ័យ​ឯកសិទ្ធិ ដោយ​មិន​បាន​ស្បថ​ចូល​កាន់​តំណែង។ ដូច្នេះ អាច​មាន​ន័យ​ថា បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​ទាំង ៥៥​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​តំណាង​រាស្ត្រ ហើយ​សំណួរ​សួរ​ថា បើ​មិន​មែន​ជា​តំណាង​រាស្ត្រ​មែន​នោះ ម៉េច​គ្រប់ ១២០​រូប​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​អាច​បង្កើត​រដ្ឋសភា​បាន​នោះ?

បង្កើត​រដ្ឋសភា​មិន​បាន ឬ​រដ្ឋសភា​ខុស​ច្បាប់ គឺ​មាន​ន័យ​ថា រដ្ឋាភិបាល​សព្វថ្ងៃ​ក៏​ខុស​ច្បាប់​ដែរ។ ប្រសិន​បើ​ដូច្នេះ​មែន​នោះ ការ​អះអាង​ថា តំណាង​រាស្ត្រ​ដែល​ចាប់​ខ្លួន​មិន​មាន​អភ័យ​ឯកសិទ្ធិ គឺ​ស្មើ​នឹង​រដ្ឋាភិបាល​ប្រកាស​ជា​ចំហ​ថា ខ្លួន​ជា​រដ្ឋាភិបាល​ខុស​ច្បាប់​ដូច​គ្នា​ដែរ។

តាម​មើល​ទៅ ល្ខោន​ថ្មី​ដែល​រាជ​រដ្ឋាភិបាល​លេង​ម្តង​នេះ រាជ​រដ្ឋាភិបាល​ទំនង​ជា​ខាត​ច្រើន​ជាង​ចំណេញ ពិសេស​ពិបាក​ស្រង់​ប្រជាប្រិយភាព​មក​វិញ​ណាស់ ប៉ុន្តែ​បើ​ធ្វើ​ដើម្បី​តែ​ឈ្នះ និង​ដើម្បី​កាន់​អំណាច​បន្ត​នោះ ទំនង​ជា​អាច​ទៅ​រួច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។