២០ឆ្នាំហើយដែលកម្ពុជា មានច្បាប់ស្ដីពីអន្តោប្រវេសន៍។ ប៉ុន្តែការអនុវត្តច្បាប់នេះមានកម្រិតនៅឡើយ។ ជនអន្តោប្រវេសន៍ជាច្រើន ពិសេសជនជាតិវៀតណាម បានមករស់នៅកម្ពុជា ទាំងស្របច្បាប់ និងមិនស្របច្បាប់តាំងពីឆ្នាំ១៩៧៩ ក្រោយការផ្ដួលរំលំរបបខ្មែរក្រហម។ តាំងពីពេលនោះមក ពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំង បានស្តីបន្ទោសនិងរិះគន់ចំៗចំពោះប្រមុខរដ្ឋាភិបាលកម្ពុជា ថាបានបណ្ដោយ និងមិនអើពើចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ។
ថ្មីៗនេះរដ្ឋាភិបាលថៃ គ្រប់គ្រងដោយរបបយោធាបានអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយបោសសំអាតជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ចេញពីប្រទេសថៃ ក្នុងនោះទាហានថៃ ក៏បានចាប់បញ្ជូនពលករខ្មែរខុសច្បាប់រាប់ម៉ឺននាក់ត្រឡប់មកកម្ពុជា វិញដែរ។
តើកម្ពុជាអាចអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាពដូចប្រទេសថៃបានដែរឬទេ?
ការបោសសំអាតជនអន្តោប្រវេសន៍ខុសច្បាប់នៅប្រទេសថៃ កំពុងបង្រៀនឲ្យរដ្ឋាភិបាលកម្ពុជា ដឹងថាគ្មានជនបរទេសណាម្នាក់អាចរស់នៅខុសច្បាប់នៅកម្ពុជា បានទេ។ រដ្ឋាភិបាលកម្ពុជា ដែលមានកាតព្វកិច្ចអនុវត្តច្បាប់ ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជនបរទេសដែលកំពុងរស់នៅកម្ពុជា ឲ្យបានតាមរយៈច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ។

ស្ថិតិរបស់ក្រសួងមហាផ្ទៃ ក្រោមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិឆ្នាំ២០១០ រកឃើញថា អន្តោប្រវេសន៍វៀតណាម មានប្រហែលជិត ១០ម៉ឺននាក់ (១០០.០០០) នៅទូទាំងប្រទេស។ នេះមិនរាប់ជនអន្តោប្រវេសន៍ដទៃទៀតផង។ ប៉ុន្តែការស្រាវជ្រាវជាក់ស្តែងរបស់អ្នកវិភាគខ្លះទៀតរកឃើញថា ចំនួនជនអន្តោប្រវេសន៍វៀតណាម មានចំនួនច្រើនជាងនេះដោយសាររយៈពេលជិត ១០ឆ្នាំចុងក្រោយ រដ្ឋាភិបាលកម្ពុជា បានអនុវត្តគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុននៅជាប់ព្រំដែនវៀតណាម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ហើយជនអន្តោប្រវេសន៍វៀតណាម បានសម្រុកចូលមកកម្ពុជា កើនឡើងទ្វេដង។
អ្នកច្បាប់និងអ្នកវិភាគខ្លះលើកឡើងថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ ដោយប្រមូលជនអន្តោប្រវេសន៍ទាំងអស់ ពិសេសជនអន្តោប្រវេសន៍វៀតណាម ឲ្យត្រឡប់ទៅប្រទេសវៀតណាមវិញ ប្រកបដោយសន្តិវិធី និងការគោរពសិទ្ធិមនុស្សពេញលេញ តាមច្បាប់រដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្ដីពីសិទ្ធិមនុស្ស។ រដ្ឋាភិបាលកម្ពុជា អាចមានជម្រើសល្អ និងអាចធ្វើតាមជំហានៗ ក្នុងការសំអាតជនអន្តោប្រវេសន៍បានល្អជាងប្រទេសថៃ ដែលកំពុងបោសសំអាតជនអន្តោប្រវេសន៍យ៉ាងគំហុក ដោយមិនគិតគូរអនុវត្តពីការគោរពសិទ្ធិមនុស្ស។
អ្នកវិភាគសង្គមគិតថា រដ្ឋាភិបាលអាចបោសសំអាតជនអន្តោប្រវេសន៍បាន។ ទី១ តាមរយៈការអញ្ជើញរដ្ឋាភិបាលវៀតណាម មកទទួលជនអន្តោប្រវេសន៍របស់ខ្លួនទៅវិញ។ ទី២ ប្រសិនបើជនអន្តោប្រវេសន៍វៀតណាម មករស់នៅកម្ពុជា ដើម្បីគេចវេះពីបញ្ហានយោបាយនៅប្រទេសវៀតណាម នោះ រដ្ឋាភិបាលកម្ពុជា ត្រូវមានជំរំឲ្យពួកគេរស់នៅបណ្ដោះអាសន្ន ដើម្បីអាចស្វែងរកសិទ្ធិជ្រកកោនទៅរស់ប្រទេសទី៣។ ទី៣ កម្ពុជាត្រូវដាក់ទោសទណ្ឌចំពោះជនអន្តោប្រវេសន៍ណាដែលរស់នៅកម្ពុជា ខុសច្បាប់តាមច្បាប់អន្តោប្រវេសន៍ និងទី៤ ចំពោះជនអន្តោប្រវេសន៍ដែលរស់នៅកម្ពុជា យូរយារមកហើយនោះ អាចឲ្យពួកគេស្នើសុំចូលសញ្ជាតិដោយត្រូវអនុវត្តច្បាប់សញ្ជាតិគ្រប់ចំណុចដែលមានចែង។ ប៉ុន្តែអ្វីជាចំណោទនោះ ថាតើរដ្ឋាភិបាលកម្ពុជា មានឆន្ទៈបោសសំអាតជនអន្តោប្រវេសន៍ទាំងនោះដែរឬទេ?
តាមមើលទៅរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ ទំនងចិត្តមិនសឿង ក្នុងការបោសសំអាតជនអន្តោប្រវេសន៍នោះទេ។ នរណាក៏ដឹងដែរថា មុននឹងបានថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ មានការជ្រួយជ្រោមជ្រែងសម្បើមណាស់ពីប្រទេសវៀតណាម។ ទំនងជាគុណបំណាច់នេះហើយមើលទៅ ដែលមិនអាចឲ្យប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចង់លេចឈ្មោះជាមនុស្សរមិលគុណ និងមិនហ៊ានអនុវត្តច្បាប់អន្តោប្រវេសន៍ឲ្យបានពេញលេញ។
មួយទៀតជនអន្តោប្រវេសន៍វៀតណាមខ្លះ មិនទាំងចេះនិយាយខ្មែរច្បាស់ស្រួលបួលផង តែមានកាន់អត្តសញ្ញាណប័ណ្ណខ្មែរ មានសៀវភៅគ្រួសារ និងប័ណ្ណបោះឆ្នោតយកទៅបោះឆ្នោត។ រួមផ្សំនឹងជំងឺពុករលួយរ៉ាំរ៉ៃក្នុងការផ្ដល់អត្តសញ្ញាណប័ណ្ណ ការអនុវត្តច្បាប់អន្តោប្រវេសន៍ធូររលុង កង្វះការត្រួតពិនិត្យការអនុវត្តច្បាប់ កង្វះបច្ចេកទេសត្រួតពិនិត្យ និងកង្វះធនធានមនុស្ស ទំនងជាលំហូរនៃជនអន្តោប្រវេសន៍អាចមានការកើនឡើងបន្ថែមទៀត។
តាមមើលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទំនងជាគ្មានឆន្ទៈបោសសំអាតជនអន្តោប្រវេសន៍ចេញពីប្រទេសបានទេនៅបរិបទនេះ ហើយពេលនោះ ដូចគេដំណាលតៗគ្នាតែម្ដងថា ទល់ដែនដាច់ខ្សែខ្មែរស្ទើរដាច់ពូជ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។