បទ​វិភាគ៖ តើ​ការ​ប្រើ​សម្ដី​គំរោះគំរើយ​របស់​លោក ហ៊ុន សែន ជា​គំរូ​ល្អ​ដល់​កូន​ខ្មែរ​ឬ​ទេ?

ទាំង​វោហារ​សព្ទ ទាំង​ពាក្យ​គំរោះ​គំរើយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែង​ប្រើ​ទៅ​លើ​ក្រុម​អ្នក​រិះគន់ ហាក់​ដូច​ជា​ស្ងៀមស្ងាត់​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នេះ។ តើ​ការ​ប្រើ​ពាក្យ​សម្ដី​គំរោះ​គំរើយ​បង្កប់​ដោយ​ហិង្សា​របស់​មេ​ដឹក​នាំ​កម្ពុជា បែប​នេះ ជា​គំរូ​ល្អ​ដល់​កូន​ខ្មែរ​ដែរ​ឬ​ទេ។

0:00 / 0:00

នៅ​មុន​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ប្រើ​សម្ដី​ធ្ងន់ៗ​ទៅ​កាន់​ក្រុម​អ្នក​រិះគន់​របស់​លោក ដូច​ជា ក្រុម​អ្នក​វិភាគ ក្រុម​សង្គម​ស៊ីវិល មន្ត្រី​អង្គការ​សហប្រជាជាតិ រហូត​ដល់​ក្រុម​បក្ស​ប្រឆាំង​ថែម​ទៀត។ ប៉ុន្តែ ពាក្យ​សម្ដី​ធ្ងន់ៗ​របស់​លោក ពោរពេញ​ទៅ​ដោយ​មោទនភាព​នោះ ហាក់​ស្ងាត់ស្ងៀម​ទៅ​វិញ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា ជ្រុះ​អាសនៈ​ពី​រដ្ឋសភា​ចំនួន ២២​នោះ។

ពាក្យ​សម្ដី​បង្កប់​ទៅ​ដោយ​ការ​ប្រមាថ ការ​គំរាម និង​ហិង្សា​ទាំង​នោះ រួម​មាន​បិទ​ទ្វារ​វៃ​ឆ្កែ តាម​ចាប់​ដល់​ផ្ទះ​ប្រសិន​ហ៊ាន​ហៅ​អា​ក្បត់​ជាតិ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ សុទ្ធ​តែ​មក​ពី​បណ្ដា​ប្រទេស​អន់​ថយ​ជាង​កម្ពុជា គ្មាន​ផ្លូវ​នឹង​លើក​លែង​ទោស​ឲ្យ​មេ​បក្ស​ប្រឆាំង​ទេ បើ​មិន​ទាន់​ចេះ​ល្បែង​សាមកុក​ទេ​កុំ​ទាន់​ហ៊ាន​លេង​ជាមួយ ហ៊ុន សែន និង​ចលនា​របស់​ក្រុម​បក្ស​សង្គ្រោះ​ជាតិ ជា​ព្យុះ​ក្នុង​ក្អម​ជាដើម។

លោក ហ៊ុន សែន៖ «ខ្ញុំ​សូម​ផ្ដាំ​ទៅ​អ្នក​ឯង បើ​ចង់​ឲ្យ​មាន​កុប្បកម្ម​បែប​ទុយណេស៊ី ខ្ញុំ​នឹង​បិទ​ទ្វារ​វៃ​ឆ្កែ ហើយ​ពេល​នេះ​ផ្ដាំ​ឲ្យ​ហើយ បើ​អ្នក​ឯង​ប្រមូល​គ្នា​បាន​សូម​អញ្ជើញ​មក។ តែ​សូម​ផ្ដាំ​មួយ​ម៉ាត់​ណា​កុំ​ជេរ​អា​ក្បត់​ជាតិ តែ​ជេរ​រឿង​ហើយ លោក​ឯង​ហ៊ាន​តែ​ប្រើ​មើល ហ៊ាន​កាណុង​ដាក់​រដ្ឋាភិបាល​មើល បើ​មិន​ចាប់​លោក​ឯង​ដល់​ផ្ទះ​ទេ​ឲ្យ​ថ្វាយ​បង្គំ កុំ​និយាយ​រឿង​សិទ្ធិ​បញ្ចេញ​មតិ​លើ​រឿង​បែប​នេះ កុំ​ថា​មាន​អភ័យ​ឯកសិទ្ធិ ឳ​អភ័យ​ឯកសិទ្ធិ​ក៏​ត្រូវ​តែ​ដាក់​សិន​ដែរ​ផ្ដាំ​ឲ្យ​ហើយ។ ហើយ​សុំ​បញ្ជាក់​ថា សម រង្ស៊ី លើក​នេះ​អត់​អាច​ចូល​ស្រុក​វិញ​បាន​ទៀត​ទេ ព្រោះ​អា​ហ្នឹង​តែ​អ៊ីចឹង មារយាទ​វា​តែ​អ៊ីចឹង ឲ្យ​តែ​ដក​អភ័យ​ឯកសិទ្ធិ អា​ហ្នឹង​ប្រុយ​ចូល​ស្ថានទូត បើ​ចេញ​ទៅ​ក្រៅ​ប្រទេស​មិន​ទាន់​ទេ ចូល​ទៅ​ស្ថានទូត​អាមេរិក ហើយ​អាមេរិក នាំ​ដាក់​ឡាន​ឡើង​យន្តហោះ តែ​បើ​អ្នក​ឯង​មិន​ទាន់​ចេះ​លេង​ល្បែង​សាមកុក​ទេ កុំ​ទាន់​អាល​ហ៊ាន​លេង​ជាមួយ ហ៊ុន សែន ហើយ​រឿង​ខ្លះ ស៊ឺម៉ាអ៊ី មិន​ទាន់​ធ្វើ ខុងម៉ិញ មិន​ទាន់​ធ្វើ ត្រូវ ហ៊ុន សែន ធ្វើ​នៅ​សតវត្ស​ទី​២១ ឯណេះ​វិញ​ទេ។ ឯណេះ​កំពុង​តែ​គិត​អំពី​ខ្យល់​ព្យុះ​ដែល​វៃ​បក់ បោក​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ តែ​ព្យុះ​នយោបាយ​របស់​អស់​លោក គ្រាន់​តែ​ព្យុះ​ក្នុង​ដប ឬ​ព្យុះ​ក្នុង​ក្អម​ទេ គ្មាន​ផល​ប៉ះពាល់​អី សូម្បី​តែ​បន្តិច»

ចំណុច​ខ្លះ​នៃ​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​អតីត​មេ​ដឹក​នាំ​ប្រទេស​លីប៊ី លោក ម៊ួមើ ហ្កាដាហ្វី ដែល​បាន​ប្រមាថ​ក្រុម​បក្ស​ប្រឆាំង​របស់​ខ្លួន​ថា ជា​សត្វ​កណ្ដុរ។ ចំណែក​ក្រុម​អតីត​មេ​ដឹក​នាំ​ប្រទេស​រវ៉ាន់ដា (Rwanda) កាល​ពី​ឆ្នាំ​១៩៩៤ បាន​ចាត់​ទុក​ក្រុម​ប្រជាជន​របស់​ខ្លួន ដែល​លោក​មិន​ចូល​ចិត្ត​ថា​ជា​សត្វ​កន្លាត ក្រោយ​មក​មនុស្ស​ជិត ១​លាន​នាក់​ត្រូវ​បាន​សម្លាប់​រង្គាល។

ងាក​មក​បរិបទ​កម្ពុជា វិញ ការ​ចាត់​ទុក​របស់ លោក ហ៊ុន សែន ដែល​ថា​ក្រុម​បក្ស​ប្រឆាំង​ជា​ព្យុះ​ក្នុង​ក្អម​នោះ​អាច​ជា​ការ​ប៉ាន់ស្មាន​ខុស​ស្រឡះ ដោយសារ​ព្យុះ​ក្នុង​ក្អម​នេះ​បាន​ក្លាយ​ទៅ​ជា​មហា​ព្យុះ​សង្ឃរា ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ភ័យ​សឹង​លួស​ព្រលឹង​នៅ​ពេល​អាសនៈ​របស់​ខ្លួន​បាន​ជ្រុះ​បាត់​ចំនួន ២២​អាសនៈ ពី​ចំនួន ៩០​អាសនៈ នៅ​ឆ្នាំ​២០០៨ មក​ត្រឹម ៦៨​អាសនៈ ក្នុង​ឆ្នាំ​២០១៣ នេះ។

ដូច្នេះ ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ កន្លង​ទៅ​នេះ អាច​ធ្វើ​ឲ្យ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បាក់​មុខ និង​ផ្លាស់​ប្ដូរ​ទស្សនៈ​ចំពោះ​គណបក្ស​ប្រឆាំង។ លើស​ពី​នេះ ពាក្យ​ឃោសនា​របស់ លោក ហ៊ុន សែន ដែល​ថា​បើ​អាណិត​បើ​ស្រឡាញ់ ហ៊ុន សែន សូម​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នោះ ហាក់​ជា​ការ​វាយ​តម្លៃ​ខុស​នូវ​កម្រិត​យល់​ដឹង​របស់​ប្រជាជន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​តួអង្គ​សំខាន់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​បាត់​បង់​អាសនៈ​ចំនួន ២២ របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ឲ្យ លោក ហ៊ុន សែន អាច​កាត់​បន្ថយ​នូវ​មោទនភាព​របស់​លោក។ បើ​ទោះ​បី​ជា​តួអង្គ លោក ហ៊ុន សែន ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់​បន្តិច​ក៏​ដោយ ប៉ុន្តែ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ហាក់​គ្មាន​ខ្លាច​ក្រែង​នូវ​ភាព​ស្រប​ច្បាប់​នៃ​សកម្មភាព​របស់​ខ្លួន​សោះ​ឡើយ។ ឧទាហរណ៍​ថ្មីៗ​នេះ រដ្ឋសភា​ដែល​មាន​តែ​បក្ស​ប្រជាជន​កម្ពុជា បាន​អនុម័ត​បង្កើត និង​បំបែក​ក្រសួង​ថ្មីៗ​ចំនួន​៣ រួម​មាន ក្រសួង​មុខ​ងារ​សាធារណៈ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ព្រម​ទាំង​ក្រសួង​រ៉ែ និង​ថាមពល។ បន្ទាប់​មក បាន​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ ថែម​ទៀត។ ការ​ប្រញាប់ប្រញាល់​ធ្វើ​បែប​នេះ គឺ​នៅ​ចំ​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​រដ្ឋសភា ហើយ លោក ហ៊ុន សែន ប្រហែល​ជា​ចង់​ដាក់​សម្ពាធ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ចូល​រួម​ក្នុង​រដ្ឋសភា​អោយ​បាន​ឆាប់។

បញ្ហា​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​អ្នក​សង្កេតការណ៍​ខ្លះ​ចាត់​ទុក​ថា ខ្វះ​ភាព​ស្រប​ច្បាប់​នោះ គឺ​ដោយសារ​មាន​បាតុកម្ម​តវ៉ា​របស់​មហាជន​ពី​គ្រប់​ទិស​ទី ទាមទារ​រក​យុត្តិធម៌​ទៅ​នឹង​បញ្ហា​ផ្សេងៗ​ក្នុង​សង្គម។ ក្រៅ​តែ​ពី​វិបត្តិ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស បញ្ហា​ផ្សេង​ទៀត​ដែល​ជា​ប្រធាន​បទ​តវ៉ា​របស់​ពលរដ្ឋ រួម​មាន បញ្ហា​ដីធ្លី កម្មករ​រោងចក្រ​ត្រូវ​ថៅកែ​រំលោភ​សិទ្ធិ​ការងារ បញ្ហា​ប្រាក់​ខែ​មន្ត្រី​រាជការ​តិចតួច​រស់​មិន​បាន ហើយ​បើក​យឺតយ៉ាវ​ទៀត បញ្ហា​ពុក​រលួយ​ស៊ី​រូង​ដល់​ឆ្អឹង បញ្ហា​តុលាការ​មិន​ឯករាជ្យ បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​ជន​អន្តោប្រវេសន្ត​ខុស​ច្បាប់ បញ្ហា​និទ្ទណ្ឌភាព បញ្ហា​វិនាសកម្ម​ព្រៃ​ឈើ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឧកញ៉ា​មហា​សេដ្ឋី និង​ក្រុមហ៊ុន​បរទេស ដែល​ស្និទ្ធស្នាល​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម។

បញ្ហា​ទាំង​នេះ កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ ដែល​រដ្ឋាភិបាល​ដឹក​នាំ​ដោយ លោក ហ៊ុន សែន ជាច្រើន​អាណត្តិ​មក​នេះ ហាក់​គ្មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ។

ក្រុម​អ្នក​សង្កេតការណ៍​ជាច្រើន​មើល​ឃើញ​ថា ជំងឺ​ដ៏​ធ្ងន់ធ្ងរ​ចាក់​ឫស​ស៊ី​ជម្រៅ​ដ៏​លំបាក​ព្យាបាល​នោះ គឺ​អំពើ​ពុក​រលួយ បក្ខពួក និង​គ្រួសារ​និយម​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល។ ដោយសារ​វិបត្តិ​ទាំង​នេះ​ហើយ ទើប​គណបក្ស​ប្រជាជន បាន​បាត់​បង់​ការ​គាំទ្រ​ច្រើន​ពី​មហាជន។

ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​ខ្លះ​និយាយ​ថា រោគ​សញ្ញា​សង្គម​កម្ពុជា ដឹក​នាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ សឹង​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​រោគ​សញ្ញា​នៃ​សហភាព​សូវៀត មុន​ពេល​ដួល​រលំ​ក្នុង​ឆ្នាំ​១៩៨៩។ មុន​ពេល​សហភាព​សូវៀត ដួល​រលំ សូវៀត បាន​ជួប​វិបត្តិ​នីត្យានុកូល​ភាព​ធ្ងន់ធ្ងរ ដោយសារ​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​លែង​ទុក​ចិត្ត​ទៅ​លើ​គោលការណ៍​ដឹក​នាំ​នៃ​របប​នោះ។

ងាក​មក​កម្ពុជា ឯណេះ​វិញ គេ​សង្កេត​ឃើញ​ថា ការ​ថ្លែង​សុន្ទរកថា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ធ្លាក់​ចុះ​ប្រជាប្រិយភាព។ លោក ហ៊ុន សែន នៅ​ពេល​ថ្លែង​សុន្ទរកថា​ម្តងៗ លោក​បាន​ចំណាយ​ពេល​ច្រើន​ម៉ោង​តែ​ម្នាក់​ឯង ដោយ​លោក​តែង​ឆ្លៀត​ឱកាស​នោះ​ជេរ​ត្មះ​តេះ​ដៀល​បក្ស​ប្រឆាំង និង​ក្រុម​អ្នក​ហ៊ាន​រិះគន់​គោល​នយោបាយ​របស់​លោក។ ទម្លាប់​និយាយ​ទេសនា​ច្រើន​ម៉ោង​តែ​ម្នាក់​ឯង មិន​ហ៊ាន​អោយ​អ្នក​ណា​សួរ​សោះ បាន​ត្រូវ​រង​ការ​រិះគន់​ជាច្រើន។ ឧទាហរណ៍ ដូច​ជា​នៅ​ពេល​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា អំពី​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម លោក​បាន​និយាយ​អស់​ជាង ៥​ម៉ោង​តែ​ម្នាក់​ឯង។ សម្រាប់​ក្រុម​អ្នក​ហែហម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្នុង​ពេល​ថ្មីៗ​នេះ ហាក់​លែង​សូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​ហើយ​នៅ​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​ទី​កន្លែង​ផ្សេងៗ​ជាច្រើន​ម៉ោង​ដូច្នេះ។

គេ​សង្កេត​ឃើញ​ថា អ្នក​ខ្លះ​និយាយ​គ្នា​លេង អ្នក​ខ្លះ​ចង្អុល​មេឃ​ចង្អុល​ផ្កាយ អ្នក​ខ្លះ​យក​កាសែត​មក​អាន អ្នក​ខ្លះ​ស្ងាប ដោយ​មិន​បាន​ផ្ចង់​អារម្មណ៍​ស្តាប់​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​នោះ​ឡើយ។ នៅ​ពេល​ដែល​មេ​ដឹក​នាំ​នៃ​ប្រទេស​មួយ​ពូកែ​តែ​ខាង​ទ្រឹស្ដី ឬ​វោហារសាស្ត្រ តែ​មិន​អាច​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​សង្គម​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ទេ​នោះ ភាព​ស្រប​ច្បាប់​នៃ​ការ​ដឹក​នាំ​របស់​មេ​ដឹក​នាំ​រូប​នោះ ក៏​កាន់​តែ​សាប​រលាប​ទៅ​ដែរ។ នេះ​អាច​បញ្ជាក់​ថា ទឹក​មាត់​របស់ លោក ហ៊ុន សែន ហាក់​លែង​សូវ​ប្រៃ​ដូច​មុនៗ​ទៀត។

ដូច្នេះ ការ​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បំបាក់​ស្មារតី​គូប្រកួត​នយោបាយ និង​ពាក្យ​គំរោះ​គំរើយ ប្រមាថ​មើល​ងាយ​មើល​ថោក​ទៅ​លើ​ក្រុម​អ្នក​រិះគន់ ដូច​ជា​ការ​ហៅ​ក្រុម​បក្ស​ប្រឆាំង​ជា​ព្យុះ​ក្នុង​ក្អម និង​ការ​ថ្លែង​បែប​មាក់ងាយ​ទៅ​លើ លោក យ៉ាហ្កាយ និង​លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បេសកជន​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នោះ អាច​កាន់​តែ​បង្កើន​កម្ដៅ​ដល់​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ នៅ​ខណៈ​មនុស្ស​រាប់​លាន​នាក់​កំពុង​តែ​ខឹង​សម្បារ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្នុង​ករណី​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​រឹប​អូស​ដីធ្លី​ពី​អ្នក​ក្រ និង​អ្នក​គ្មាន​អំណាច​ទៅ​អោយ​អ្នក​មាន​អំណាច និង​ឈ្មួញ​ទុច្ចរិត បញ្ហា​យុវជន​រាប់​សែន​នាក់​គ្មាន​ការងារ​ធ្វើ បញ្ហា​មនុស្ស​រាប់​ម៉ឺន​នាក់​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​រង​ការ​ធ្វើ​បាប និង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ ភាព​តាន​តឹង​ផ្លូវ​ចិត្ត និង​កំហឹង​កប់​ក្នុង​ទ្រូង​របស់​មហាជន​ខ្មែរ ដោយសារ​តែ​វិបត្តិ​សង្គម​គ្មាន​ដំណោះស្រាយ​ទាំង​នេះ ប្រៀប​បាន​ដូច​ជា​ងងើក​ភ្លើង​ដែល​ងាយ​នឹង​ផ្ទុះ​ឆេះ​ឆាប​ឆួល​ឡើង នៅ​ពេល​ដែល​កម្ទេច​ចម្បើង​ត្រូវ​គេ​បោះ​ចូល​ទៅ។

ដូច្នេះ ការ​ប្រើ​ពាក្យ​សម្ដី​អសុរោះ​ខ្វះ​សុជីវធម៌​របស់​មេ​ដឹក​នាំ​ប្រទេស នៅ​លើ​វេទិកា​សាធារណៈ ដែល​មនុស្ស​ទូទាំង​ប្រទេស​មើល​ឃើញ និង​ស្តាប់​ឮ​នោះ ប្រហែល​ជា​មិន​ត្រឹម​តែ​មិន​បាន​ជួយ​អប់រំ​ដល់​កូន​ខ្មែរ អោយ​មាន​សីលធម៌​ល្អ​ប៉ុណ្ណោះ​ទេ តែ​ប្រហែល​បាន​ជា​គំរូ​អាក្រក់​សម្រាប់​ពលរដ្ឋ​ខ្មែរ​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។