នៅមុនការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ លោក ហ៊ុន សែន បានប្រើសម្ដីធ្ងន់ៗទៅកាន់ក្រុមអ្នករិះគន់របស់លោក ដូចជា ក្រុមអ្នកវិភាគ ក្រុមសង្គមស៊ីវិល មន្ត្រីអង្គការសហប្រជាជាតិ រហូតដល់ក្រុមបក្សប្រឆាំងថែមទៀត។ ប៉ុន្តែ ពាក្យសម្ដីធ្ងន់ៗរបស់លោក ពោរពេញទៅដោយមោទនភាពនោះ ហាក់ស្ងាត់ស្ងៀមទៅវិញនៅក្រោយការបោះឆ្នោត នៅពេលគណបក្សប្រជាជនកម្ពុជា ជ្រុះអាសនៈពីរដ្ឋសភាចំនួន ២២នោះ។
ពាក្យសម្ដីបង្កប់ទៅដោយការប្រមាថ ការគំរាម និងហិង្សាទាំងនោះ រួមមានបិទទ្វារវៃឆ្កែ តាមចាប់ដល់ផ្ទះប្រសិនហ៊ានហៅអាក្បត់ជាតិ ក្រុមមន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ សុទ្ធតែមកពីបណ្ដាប្រទេសអន់ថយជាងកម្ពុជា គ្មានផ្លូវនឹងលើកលែងទោសឲ្យមេបក្សប្រឆាំងទេ បើមិនទាន់ចេះល្បែងសាមកុកទេកុំទាន់ហ៊ានលេងជាមួយ ហ៊ុន សែន និងចលនារបស់ក្រុមបក្សសង្គ្រោះជាតិ ជាព្យុះក្នុងក្អមជាដើម។
លោក ហ៊ុន សែន៖ «ខ្ញុំសូមផ្ដាំទៅអ្នកឯង បើចង់ឲ្យមានកុប្បកម្មបែបទុយណេស៊ី ខ្ញុំនឹងបិទទ្វារវៃឆ្កែ ហើយពេលនេះផ្ដាំឲ្យហើយ បើអ្នកឯងប្រមូលគ្នាបានសូមអញ្ជើញមក។ តែសូមផ្ដាំមួយម៉ាត់ណាកុំជេរអាក្បត់ជាតិ តែជេររឿងហើយ លោកឯងហ៊ានតែប្រើមើល ហ៊ានកាណុងដាក់រដ្ឋាភិបាលមើល បើមិនចាប់លោកឯងដល់ផ្ទះទេឲ្យថ្វាយបង្គំ កុំនិយាយរឿងសិទ្ធិបញ្ចេញមតិលើរឿងបែបនេះ កុំថាមានអភ័យឯកសិទ្ធិ ឳអភ័យឯកសិទ្ធិក៏ត្រូវតែដាក់សិនដែរផ្ដាំឲ្យហើយ។ ហើយសុំបញ្ជាក់ថា សម រង្ស៊ី លើកនេះអត់អាចចូលស្រុកវិញបានទៀតទេ ព្រោះអាហ្នឹងតែអ៊ីចឹង មារយាទវាតែអ៊ីចឹង ឲ្យតែដកអភ័យឯកសិទ្ធិ អាហ្នឹងប្រុយចូលស្ថានទូត បើចេញទៅក្រៅប្រទេសមិនទាន់ទេ ចូលទៅស្ថានទូតអាមេរិក ហើយអាមេរិក នាំដាក់ឡានឡើងយន្តហោះ តែបើអ្នកឯងមិនទាន់ចេះលេងល្បែងសាមកុកទេ កុំទាន់អាលហ៊ានលេងជាមួយ ហ៊ុន សែន ហើយរឿងខ្លះ ស៊ឺម៉ាអ៊ី មិនទាន់ធ្វើ ខុងម៉ិញ មិនទាន់ធ្វើ ត្រូវ ហ៊ុន សែន ធ្វើនៅសតវត្សទី២១ ឯណេះវិញទេ។ ឯណេះកំពុងតែគិតអំពីខ្យល់ព្យុះដែលវៃបក់ បោកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ តែព្យុះនយោបាយរបស់អស់លោក គ្រាន់តែព្យុះក្នុងដប ឬព្យុះក្នុងក្អមទេ គ្មានផលប៉ះពាល់អី សូម្បីតែបន្តិច»។
ចំណុចខ្លះនៃសម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានលក្ខណៈស្រដៀងគ្នាទៅនឹងអតីតមេដឹកនាំប្រទេសលីប៊ី លោក ម៊ួមើ ហ្កាដាហ្វី ដែលបានប្រមាថក្រុមបក្សប្រឆាំងរបស់ខ្លួនថា ជាសត្វកណ្ដុរ។ ចំណែកក្រុមអតីតមេដឹកនាំប្រទេសរវ៉ាន់ដា (Rwanda) កាលពីឆ្នាំ១៩៩៤ បានចាត់ទុកក្រុមប្រជាជនរបស់ខ្លួន ដែលលោកមិនចូលចិត្តថាជាសត្វកន្លាត ក្រោយមកមនុស្សជិត ១លាននាក់ត្រូវបានសម្លាប់រង្គាល។
ងាកមកបរិបទកម្ពុជា វិញ ការចាត់ទុករបស់ លោក ហ៊ុន សែន ដែលថាក្រុមបក្សប្រឆាំងជាព្យុះក្នុងក្អមនោះអាចជាការប៉ាន់ស្មានខុសស្រឡះ ដោយសារព្យុះក្នុងក្អមនេះបានក្លាយទៅជាមហាព្យុះសង្ឃរា ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ភ័យសឹងលួសព្រលឹងនៅពេលអាសនៈរបស់ខ្លួនបានជ្រុះបាត់ចំនួន ២២អាសនៈ ពីចំនួន ៩០អាសនៈ នៅឆ្នាំ២០០៨ មកត្រឹម ៦៨អាសនៈ ក្នុងឆ្នាំ២០១៣ នេះ។
ដូច្នេះ ការបោះឆ្នោតអាណត្តិទី៥ កន្លងទៅនេះ អាចធ្វើឲ្យ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បាក់មុខ និងផ្លាស់ប្ដូរទស្សនៈចំពោះគណបក្សប្រឆាំង។ លើសពីនេះ ពាក្យឃោសនារបស់ លោក ហ៊ុន សែន ដែលថាបើអាណិតបើស្រឡាញ់ ហ៊ុន សែន សូមបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នោះ ហាក់ជាការវាយតម្លៃខុសនូវកម្រិតយល់ដឹងរបស់ប្រជាជន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាតួអង្គសំខាន់នៃគណបក្សប្រជាជនកម្ពុជា។ ការបាត់បង់អាសនៈចំនួន ២២ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យ លោក ហ៊ុន សែន អាចកាត់បន្ថយនូវមោទនភាពរបស់លោក។ បើទោះបីជាតួអង្គ លោក ហ៊ុន សែន ស្ថិតក្នុងភាពស្ងៀមស្ងាត់បន្តិចក៏ដោយ ប៉ុន្តែ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហាក់គ្មានខ្លាចក្រែងនូវភាពស្របច្បាប់នៃសកម្មភាពរបស់ខ្លួនសោះឡើយ។ ឧទាហរណ៍ថ្មីៗនេះ រដ្ឋសភាដែលមានតែបក្សប្រជាជនកម្ពុជា បានអនុម័តបង្កើត និងបំបែកក្រសួងថ្មីៗចំនួន៣ រួមមាន ក្រសួងមុខងារសាធារណៈ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ព្រមទាំងក្រសួងរ៉ែ និងថាមពល។ បន្ទាប់មក បានអនុម័តច្បាប់ថវិកាជាតិឆ្នាំ២០១៤ ថែមទៀត។ ការប្រញាប់ប្រញាល់ធ្វើបែបនេះ គឺនៅចំពេលដែលគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនចូលរួមក្នុងរដ្ឋសភា ហើយ លោក ហ៊ុន សែន ប្រហែលជាចង់ដាក់សម្ពាធដល់គណបក្សសង្គ្រោះជាតិ ឲ្យចូលរួមក្នុងរដ្ឋសភាអោយបានឆាប់។
បញ្ហាមួយទៀតសម្រាប់រដ្ឋាភិបាលបច្ចុប្បន្ន ដែលអ្នកសង្កេតការណ៍ខ្លះចាត់ទុកថា ខ្វះភាពស្របច្បាប់នោះ គឺដោយសារមានបាតុកម្មតវ៉ារបស់មហាជនពីគ្រប់ទិសទី ទាមទាររកយុត្តិធម៌ទៅនឹងបញ្ហាផ្សេងៗក្នុងសង្គម។ ក្រៅតែពីវិបត្តិបោះឆ្នោតដ៏ចម្រូងចម្រាស បញ្ហាផ្សេងទៀតដែលជាប្រធានបទតវ៉ារបស់ពលរដ្ឋ រួមមាន បញ្ហាដីធ្លី កម្មកររោងចក្រត្រូវថៅកែរំលោភសិទ្ធិការងារ បញ្ហាប្រាក់ខែមន្ត្រីរាជការតិចតួចរស់មិនបាន ហើយបើកយឺតយ៉ាវទៀត បញ្ហាពុករលួយស៊ីរូងដល់ឆ្អឹង បញ្ហាតុលាការមិនឯករាជ្យ បញ្ហាអត់ការងារធ្វើ បញ្ហាជនអន្តោប្រវេសន្តខុសច្បាប់ បញ្ហានិទ្ទណ្ឌភាព បញ្ហាវិនាសកម្មព្រៃឈើ ដែលបង្កឡើងដោយក្រុមឧកញ៉ាមហាសេដ្ឋី និងក្រុមហ៊ុនបរទេស ដែលស្និទ្ធស្នាលនឹងគណបក្សប្រជាជនកម្ពុជា ជាដើម។
បញ្ហាទាំងនេះ កើតមានជាយូរឆ្នាំមកហើយ ដែលរដ្ឋាភិបាលដឹកនាំដោយ លោក ហ៊ុន សែន ជាច្រើនអាណត្តិមកនេះ ហាក់គ្មានសមត្ថភាពក្នុងការដោះស្រាយ។
ក្រុមអ្នកសង្កេតការណ៍ជាច្រើនមើលឃើញថា ជំងឺដ៏ធ្ងន់ធ្ងរចាក់ឫសស៊ីជម្រៅដ៏លំបាកព្យាបាលនោះ គឺអំពើពុករលួយ បក្ខពួក និងគ្រួសារនិយមនៅក្នុងជួររដ្ឋាភិបាល។ ដោយសារវិបត្តិទាំងនេះហើយ ទើបគណបក្សប្រជាជន បានបាត់បង់ការគាំទ្រច្រើនពីមហាជន។
ក្រុមអ្នកឃ្លាំមើលនយោបាយខ្លះនិយាយថា រោគសញ្ញាសង្គមកម្ពុជា ដឹកនាំដោយបក្សប្រជាជនកម្ពុជា នៅពេលនេះ សឹងប្រហាក់ប្រហែលគ្នាទៅនឹងរោគសញ្ញានៃសហភាពសូវៀត មុនពេលដួលរលំក្នុងឆ្នាំ១៩៨៩។ មុនពេលសហភាពសូវៀត ដួលរលំ សូវៀត បានជួបវិបត្តិនីត្យានុកូលភាពធ្ងន់ធ្ងរ ដោយសារមន្ត្រីជាន់ខ្ពស់ជាច្រើនលែងទុកចិត្តទៅលើគោលការណ៍ដឹកនាំនៃរបបនោះ។
ងាកមកកម្ពុជា ឯណេះវិញ គេសង្កេតឃើញថា ការថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ធ្លាក់ចុះប្រជាប្រិយភាព។ លោក ហ៊ុន សែន នៅពេលថ្លែងសុន្ទរកថាម្តងៗ លោកបានចំណាយពេលច្រើនម៉ោងតែម្នាក់ឯង ដោយលោកតែងឆ្លៀតឱកាសនោះជេរត្មះតេះដៀលបក្សប្រឆាំង និងក្រុមអ្នកហ៊ានរិះគន់គោលនយោបាយរបស់លោក។ ទម្លាប់និយាយទេសនាច្រើនម៉ោងតែម្នាក់ឯង មិនហ៊ានអោយអ្នកណាសួរសោះ បានត្រូវរងការរិះគន់ជាច្រើន។ ឧទាហរណ៍ ដូចជានៅពេលឆ្លើយបំភ្លឺនៅរដ្ឋសភា អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម លោកបាននិយាយអស់ជាង ៥ម៉ោងតែម្នាក់ឯង។ សម្រាប់ក្រុមអ្នកហែហមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ ក្នុងពេលថ្មីៗនេះ ហាក់លែងសូវយកចិត្តទុកដាក់ទៅហើយនៅពេលលោកថ្លែងសុន្ទរកថានៅទីកន្លែងផ្សេងៗជាច្រើនម៉ោងដូច្នេះ។
គេសង្កេតឃើញថា អ្នកខ្លះនិយាយគ្នាលេង អ្នកខ្លះចង្អុលមេឃចង្អុលផ្កាយ អ្នកខ្លះយកកាសែតមកអាន អ្នកខ្លះស្ងាប ដោយមិនបានផ្ចង់អារម្មណ៍ស្តាប់ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីនោះឡើយ។ នៅពេលដែលមេដឹកនាំនៃប្រទេសមួយពូកែតែខាងទ្រឹស្ដី ឬវោហារសាស្ត្រ តែមិនអាចរកដំណោះស្រាយចំពោះវិបត្តិសង្គមជូនប្រជាពលរដ្ឋរបស់ខ្លួនបានទេនោះ ភាពស្របច្បាប់នៃការដឹកនាំរបស់មេដឹកនាំរូបនោះ ក៏កាន់តែសាបរលាបទៅដែរ។ នេះអាចបញ្ជាក់ថា ទឹកមាត់របស់ លោក ហ៊ុន សែន ហាក់លែងសូវប្រៃដូចមុនៗទៀត។
ដូច្នេះ ការប្រើពាក្យសម្ដីធ្ងន់ៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបំបាក់ស្មារតីគូប្រកួតនយោបាយ និងពាក្យគំរោះគំរើយ ប្រមាថមើលងាយមើលថោកទៅលើក្រុមអ្នករិះគន់ ដូចជាការហៅក្រុមបក្សប្រឆាំងជាព្យុះក្នុងក្អម និងការថ្លែងបែបមាក់ងាយទៅលើ លោក យ៉ាហ្កាយ និងលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បេសកជនសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នោះ អាចកាន់តែបង្កើនកម្ដៅដល់ប្រជាពលរដ្ឋទៅវិញទេ នៅខណៈមនុស្សរាប់លាននាក់កំពុងតែខឹងសម្បាររដ្ឋាភិបាលទីក្រុងភ្នំពេញ ក្នុងករណីរំលោភសិទ្ធិមនុស្ស បញ្ហារឹបអូសដីធ្លីពីអ្នកក្រ និងអ្នកគ្មានអំណាចទៅអោយអ្នកមានអំណាច និងឈ្មួញទុច្ចរិត បញ្ហាយុវជនរាប់សែននាក់គ្មានការងារធ្វើ បញ្ហាមនុស្សរាប់ម៉ឺននាក់ធ្វើចំណាកស្រុកទៅរកការងារនៅក្រៅប្រទេសរងការធ្វើបាប និងអំពើពុករលួយជាប្រព័ន្ធ។ ភាពតានតឹងផ្លូវចិត្ត និងកំហឹងកប់ក្នុងទ្រូងរបស់មហាជនខ្មែរ ដោយសារតែវិបត្តិសង្គមគ្មានដំណោះស្រាយទាំងនេះ ប្រៀបបានដូចជាងងើកភ្លើងដែលងាយនឹងផ្ទុះឆេះឆាបឆួលឡើង នៅពេលដែលកម្ទេចចម្បើងត្រូវគេបោះចូលទៅ។
ដូច្នេះ ការប្រើពាក្យសម្ដីអសុរោះខ្វះសុជីវធម៌របស់មេដឹកនាំប្រទេស នៅលើវេទិកាសាធារណៈ ដែលមនុស្សទូទាំងប្រទេសមើលឃើញ និងស្តាប់ឮនោះ ប្រហែលជាមិនត្រឹមតែមិនបានជួយអប់រំដល់កូនខ្មែរ អោយមានសីលធម៌ល្អប៉ុណ្ណោះទេ តែប្រហែលបានជាគំរូអាក្រក់សម្រាប់ពលរដ្ឋខ្មែរថែមទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។