បទ​វិភាគ៖ តើ​ការ​រុះរើ​ដុត​ផ្ទះ​ពលរដ្ឋ​សង់​លើ​ដី​ព្រៃ​រដ្ឋ​ជា​កំហុស​នរណា?

ដោយ រដ្ឋា វិសាល
2014.02.16
០៧-តុលា-០៩: រោង​របស់​កម្មករ​ដែល​លោក ថោ សារ៉ន អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី ជួល​មក​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ នៅ​ចំណុច​ទួលទទេង ភូមិ​៣ វាល​ឆ្កែ​ហត់ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូនមុំ។
RFA/Ratha Visal

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​គេ​សង្កេត​ឃើញ​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ខេត្ត​បែក​ឦសាន​ប្រទេស មាន​ខេត្ត​រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​ក្រចេះ ជាដើម តែងតែ​ប្រើ​វិធានការ​បង្ក្រាប​ប្រជាពលរដ្ឋ​ដោយ​វិធី​ក្ដៅ គឺ​រុះរើ​កម្ទេច​និង​ដុត​បំផ្លាញ​លំនៅឋាន​ប្រជាពលរដ្ឋ ក្រោម​ហេតុផល​ថា​ជា​ការ​អនុវត្ត​ច្បាប់ ដោយសារ​តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ។ ចំណែក​ប្រជាពលរដ្ឋ​អ្នក​តាំង​ទីលំនៅ​វិញ តែងតែ​ចោទ​ប្រកាន់​ក្រុម​អាជ្ញាធរ​ទាំង​នោះ​ថា ប្រើប្រាស់​កង​ប្រដាប់​អាវុធ ប្រព្រឹត្ត​អំពើ​ហិង្សា​ឃោរឃៅ​បំផ្លាញ​ទ្រព្យ​សម្បត្តិ រំលោភ​សិទ្ធិ រំលោភ​ច្បាប់​ជាដើម។

តើ​ប្រជាពលរដ្ឋ​ពិត​ជា​មាន​កំហុស ឬ​សកម្មភាព​បង្ក្រាប​របស់​អាជ្ញាធរ​ពិត​ជា​មិន​ត្រឹមត្រូវ?

ការ​ប្រើប្រាស់​កងទាហាន​នគរបាល និង​កងរាជអាវុធហត្ថ​ស្លៀកពាក់​ឯកសណ្ឋាន​ប្រដាប់​អាវុធ​រុះរើ​ដុត​បំផ្លាញ​លំនៅឋាន ជម្រក​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​ជន​ស៊ីវិល​ក្រីក្រ អ្នក​តាំង​ទី​លំនៅ​ខុស​ច្បាប់​លើ​តំបន់​ព្រៃ​ឈើ ឬ​ដីធ្លី​ទ្រព្យ​សម្បត្តិ​រដ្ឋ បាន​ក្លាយ​ជា​ទម្លាប់​មួយ​ដែល​គេ​ឃើញ​ក្រុម​អាជ្ញាធរ​ខេត្ត​ក្រុង​មួយ​ចំនួន​យក​មក​អនុវត្ត​ក្រោម​ហេតុផល​ថា​អនុវត្ត​ច្បាប់។

ក្រុម​មន្ត្រី​អាជ្ញាធរ​តែង​ចាត់​ទុក​ប្រជាពលរដ្ឋ​ថា អ្នក​មាន​កំហុស​បាន​មក​កាប់​ឆ្ការ​រាន​ព្រៃ​ឈើ​ចាប់​យក​ដី​រដ្ឋ​និង​តាំង​ទីលំនៅ​ខុស​ច្បាប់។ ហេតុ​នេះ បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​បាន​ណែនាំ​អប់រំ និង​ដាក់​បំរាម​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​លំនៅឋាន​ចាក​ចេញ​ហើយ​ប្រជាពលរដ្ឋ​រឹងរូស​នោះ វិធានការ​ចុង​ក្រោយ​គឺ​ការ​ប្រើ​កង​ប្រដាប់​អាវុធ​រុះរើ​និង​ដុត​កម្ទេច​ចោល ដើម្បី​រឹប​អូស​ដី​មក​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​តាម​រយៈ​ដីកា​សម្រេច​របស់​មន្ត្រី​តុលាការ​ដែល​មិន​បាន​ជូន​ដំណឹង ឬ​ផ្ដល់​សិទ្ធិ​ប្ដឹង​ទាស់​ពី​ប្រជាពលរដ្ឋ​នោះ​ឡើយ។

សកម្មភាព​បង្ក្រាប​បែប​នេះ​កើត​មាន​ច្រើន​ទៅ​លើ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ពី​បណ្ដា​ខេត្ត​កំពង់ចាម ស្វាយរៀង ព្រៃវែង និង​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ដែល​ផ្សងព្រេង​ស្វែង​រក​ដី​បង្កបង្កើន​ផល និង​តាំង​ទីលំនៅ​ថ្មី​មក​កាន់​ខេត្ត​ប៉ែក​ឦសាន​ដែល​ដី​នៅ​ទំនេរ​សម្បូរ​ជីជាតិ និង​ជា​ពិសេស ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ដែល​ជា​ជន​ជាតិ​ម្ចាស់​ទឹកដី​ព្រៃភ្នំ​អ្នក​អភិរក្ស​ដីធ្លី​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ច្រើន​ជំនាន់​មក​ហើយ។

អ្នក​ភូមិ​មាន​បំណង​អភិវឌ្ឍន៍​សហគមន៍​បាន​នាំ​គ្នា​បោះបង់​ភូមិ​ចាស់​នៅ​ក្នុង​ព្រៃ​មក​ចាប់​ដី​តាម​ដង​ផ្លូវ​ដែល​ក្រុមហ៊ុន​សម្បទាន​ធ្វើការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន ក៏​បាន​ទទួល​រង​ការ​បង្ក្រាប​ដោយ​វិធី​រុះរើ​កម្ទេច​ដុត​បំផ្លាញ​លំនៅឋាន ឬ​រោង​ស្នាក់នៅ​របស់​ពួកគាត់​ដូច​គ្នា ប្រសិន​អ្នក​ភូមិ​រឹងរូស​មិន​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ។ ជា​ឧទាហរណ៍​ជាក់ស្ដែង កាល​ពី​ថ្ងៃ​ពុធ ទី​១២ ខែ​កុម្ភៈ កន្លង​ទៅ​នេះ អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​ដុត​រោង​ស្នាក់​នៅ​ប្រជាពលរដ្ឋ​រាប់​រយ​ខ្ទម​ក្នុង​ហេតុផល​ថា ប្រជាពលរដ្ឋ​មក​រស់​នៅ​អនាធិបតេយ្យ​ក្នុង​តំបន់​ព្រៃ​ការពារ កាប់​បំផ្លាញ​ព្រៃ​ឈើ​ចាប់​យក​ដី​រដ្ឋ​ខុស​ច្បាប់ និង​មាន​ករណី​ដូច​គ្នា​នេះ​ច្រើន​ទៀត​បាន​កើត​មាន​រួច​កន្លង​ទៅ​នេះ។

រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា ៤​អាណត្តិ​កន្លង​ទៅ​នេះ បាន​អនុម័ត​ច្បាប់​ព្រៃឈើ ច្បាប់​ភូមិបាល ក្រមរដ្ឋប្បវេណី ច្បាប់​ស្ដីពី​ក្រមព្រហ្មទណ្ឌ និង​ច្បាប់​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​បំពេញ​ឲ្យ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ដែល​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​និង​ជា​នីតិរដ្ឋ។ មាន​ន័យ​ថា ប្រទេស​កម្ពុជា មាន​ស្ថាប័ន​កំពូល​បី គឺ​រដ្ឋ​សភា ជា​ស្ថាប័ន​បង្កើត​ច្បាប់ រាជរដ្ឋាភិបាល​ជា​អ្នក​អនុវត្ត​ច្បាប់ និង​តុលាការ​ជា​ស្ថាប័ន​សម្រេច​ក្តី​ផ្ដល់​យុត្តិធម៌​ជូន​សង្គម​ជាតិ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​អនុវត្ត​តួនាទី​ភារៈ​បែប​នីតិរដ្ឋ។

តើ​នីតិរដ្ឋ​ពិត​ជា​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​គ្មាន​អំណាច​ត្រូវ​ការ​ដី​ដាំ​ដុះ​សង់​រោង​ស្នាក់​នៅ​ដែរ​ឬ​យ៉ាង​ណា?

ជា​ទូទៅ​តួនាទី​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​គឺ​អនុវត្ត​ច្បាប់​មាន​ន័យ​ថា កាល​ណា​មាន​ជម្លោះ ឬ​បញ្ហា​អសកម្ម​កើត​ឡើង​នៅ​មូលដ្ឋាន ក្រុម​សមត្ថកិច្ច​មាន​តួនាទី​សម្រុះសម្រួល ឬ​ធ្វើ​កំណត់​ហេតុ​ស្វែង​រក​វត្ថុតាង​កសាង​សំណុំ​រឿង​អ្វី​មួយ​ជូន​ស្ថាប័ន​តុលាការ។ ស្ថាប័ន​តុលាការ​មាន​សាលាដំបូង សាលាឧទ្ធរណ៍ និង​សាលា​កំពូល គឺ​ជា​អ្នក​ស៊ើប​អង្កេត​បន្ថែម​តាម​លំដាប់ថ្នាក់ និង​សម្រេច​វិនិច្ឆ័យ​រក​ខុស ឬ​ត្រូវ​ក្នុង​រឿង​ក្ដី​នីមួយៗ។

បើ​ប្រៀបធៀប​ការ​រុះរើ​ដុត​បំផ្លាញ​ផ្ទះ​សម្បែង រោង​ស្នាក់នៅ​របស់​ពលរដ្ឋ​ដែល​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កន្លង​ទៅ​នេះ តើ​ពិត​ជា​អនុលោម​ទៅ​តាម​គោលការណ៍​នីតិរដ្ឋ​នេះ​ដែរ ឬ​យ៉ាង​ណា? តើ​អាជ្ញាធរ​បាន​ឆ្លង​កាត់​ការ​សម្រេច​ក្តី​ពី​ការ​តាំង​ទី​លំនៅ​ខុស​ច្បាប់​តាម​រយៈ​ប្រព័ន្ធ​តុលាការ​ទាំង​បី​ហើយ​ឬ​នៅ? ចម្លើយ​គឺ​ថា ក្រុម​អាជ្ញាធរ​មិន​បាន​ធ្វើ​ត្រឹមត្រូវ​តាម​នីតិវិធី​កំណត់​នោះ​ឡើយ។ មាន​ន័យ​ថា ប្រជាពលរដ្ឋ​​ជា​ចុង​ចោទ​មិន​បាន​ឆ្លង​កាត់​ការ​កាត់​ក្ដី​ពី​សាលាដំបូង ឬ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​កំពូល​នៅ​ឡើយ។

ចំណែក​ប្រជាពលរដ្ឋ​អ្នក​ចូល​មក​តាំង​ទី​លំនៅ​លើ​ដី​ព្រៃ​ឈើ ដី​រដ្ឋ ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ​ខ្វះ​ដី​មាន​ជីជាតិ​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ពួកគេ​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ស្វែង​រក​ដី​ថ្មី​មាន​ជីជាតិ​កសាង​ជីវភាព​ក្រុម​គ្រួសារ។ អ្នក​ចំណាកស្រុក​ទាំង​នោះ​បាន​ច្បាម​យក​ដី​តំបន់​ព្រៃឈើ​ជា​មូលដ្ឋាន​កាប់​រាន ជា​ពិសេស​ខេត្ត​តំបន់​ភាគ​ឦសាន ដើម្បី​យក​ដី​ដាំដុះ និង​តាំង​លំនៅឋាន​ស្នាក់នៅ។

ច្បាប់​ព្រៃ​ឈើ​ចែង​ថា ការ​កាប់​រាន​ព្រៃ​ឈើ​គ្មាន​ការ​អនុញ្ញាត​គឺ​ជា​ប្រការ​ខុស​ច្បាប់។ ចំណែក​ច្បាប់​ភូមិបាល​ក៏​បាន​ចែង​ថា ភោគៈ ត្រូវ​បាន​បញ្ចប់​ហើយ ដូច្នេះ​ប្រជាពលរដ្ឋ​មិន​អាច​ចាប់​យក​ដី​បាន​តាម​ចិត្ត​ដូច​មុន​ឆ្នាំ​២០០១ នោះ​ឡើយ។

ជា​ការ​ពិត​ប្រជាពលរដ្ឋ​អ្នក​តាំង​ទីលំនៅ​ថ្មី​ទទួល​ស្គាល់​ថា ការ​កាប់​រាន​ព្រៃ​យក​ដី និង​ការ​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ​របស់​ពួក​គាត់ គឺ​ជា​ប្រការ​ខុស​ច្បាប់ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​តែង​ចាត់​ទុក​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រាជរដ្ឋាភិបាល​ថា ជា​អាណាព្យាបាល ជា​ឪពុក​ម្ដាយ និង​ជា​អ្នក​ដឹកនាំ​មាន​តួនាទី​ភារកិច្ច​គាំពារ​រៀបចំ​អភិវឌ្ឍន៍​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​មាន​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច ឬ​កសាង​ផ្លូវ​ថ្នល់​សាលារៀន មន្ទីរពេទ្យ ។ល។ ជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ការ​តាំង​ទីលំនៅ​ខុស​ច្បាប់​របស់​ពលរដ្ឋ​ភាគ​ច្រើន គឺ​ដោយសារ​ជីវភាព​ប្រជាពលរដ្ឋ​ជួប​បញ្ហា​លំបាក​ទើប​អ្នក​ភូមិ​ធ្វើ​ចំណាក​ស្រុក​បំពាន​ច្បាប់​មក​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ​ដែល​ពលរដ្ឋ​ទាំង​នោះ គិត​ថា រដ្ឋ​ជា​អាណាព្យាបាល​ជា​ឪពុក​ម្ដាយ​ហេតុ​នេះ​ដី​រដ្ឋ គឺ​ជា​ដី​ដែល​រដ្ឋ​អាច​ផ្ដល់​មក​ពលរដ្ឋ​ពលរដ្ឋ​ក្រីក្រ​រស់​នៅ​បាន។

បើ​ពិនិត្យ​ទៅ​លើ​ការ​បំពេញ​តួនាទី​របស់​ក្រុម​សមត្ថកិច្ច​ទាក់ទិន​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ពលរដ្ឋ និង​សកម្មភាព​បំពាន​ច្បាប់​របស់​ពលរដ្ឋ​អាច​ជា​កំហុស​ដូច​គ្នា ក៏​ប៉ុន្តែ​កំហុស​ប្រជាពលរដ្ឋ គឺ​កំហុស​ក្រីក្រ​ស្រេកឃ្លាន ជា​កំហុស​ដុំ​បាយ។ ចំណែក​កំហុស​អាជ្ញាធរ​គឺ​ផ្ទុយ​គ្នា ១៨០​អង្សា ព្រោះ​ក្រុម​អាជ្ញាធរ​មាន​តួនាទី​ដឹកនាំ​ប្រជាជន យល់​ដឹង​ពី​ច្បាប់​ជាតិ អន្តរជាតិ ខុស​ពី​ប្រជាពលរដ្ឋ។ ដូច្នេះ​ក្រុម​អាជ្ញាធរ​យល់​ដឹង​ពី​ច្បាប់​ហើយ​ប្រព្រឹត្ត​ខុស គឺ​ជា​ការ​រំលោភ​ទៅ​លើ​នីតិរដ្ឋ មិន​គោរព​រដ្ឋធម្មនុញ្ញ ច្បាប់​អន្តរជាតិ​នានា ទាក់ទិន​សិទ្ធិ​មនុស្ស​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ស្រុត​ចុះ ជាពិសេស​ការ​ខកខាន​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​អាជ្ញាធរ​ជា​អាណាព្យាបាល​លើ​ពលរដ្ឋ​អាច​ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ជា​កំហុស​ខ្វះ​ព្រហ្ម​វិហារធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។