គណៈកម្មការជំនាញរដ្ឋសភា បានកោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល មកសួរនាំពីចំណាត់ការលើអ្នកឆ្លងមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងភាពអសកម្មក្នុងក្រសួងសុខាភិបាល។ បន្ទាប់ពីជជែកគ្នាអស់ពេលជាងពីរម៉ោងរួចមក លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ថ្លែងប្រាប់អ្នកកាសែតថា ក្រសួងសុខាភិបាលគ្រោងលុបបំបាត់សេវាសុខភាពក្រៅប្រព័ន្ធ ឬពេទ្យភូមិនោះឲ្យអស់ពីកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងសេវាសុខភាពសាធារណៈ។ តើវិធីនេះអាចបង្កើនប្រសិទ្ធភាពនៃសេវាសុខភាពសាធារណៈបានដែរឬទេ?
សាធារណៈភាគច្រើនទទួលស្គាល់ថា ពេទ្យភូមិ ឬពេទ្យក្រៅប្រព័ន្ធនោះ បានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ បើសិនជាយើងយកករណីចម្លងមេរោគអេដស៍នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង មកធ្វើអំណះអំណាងនោះ។ លោកគ្រូពេទ្យ យ៉ែម ជ្រិន ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក្នុងគុកខេត្តបាត់ដំបង ដោយចោទថា ធ្វេសប្រហែសក្នុងវិជ្ជាជីវៈបណ្ដាលឲ្យឆ្លងអេដស៍ពេញភូមិ។
រាជរដ្ឋាភិបាលទម្លាក់កំហុសទាំងអស់ទៅលើគ្រូពេទ្យភូមិ និងប្រជាពលរដ្ឋឃុំរកា។ មន្ត្រីរដ្ឋាភិបាលនិយាយថា រាស្ត្រចូលចិត្តចាក់ថ្នាំ គ្រូពេទ្យភូមិមិនមានចំណេះពេទ្យគ្រប់គ្រាន់ ឯមន្ត្រីសង្គមស៊ីវិលវិញព្រមានរដ្ឋាភិបាលពិនិត្យប្រព័ន្ធសុខភាពសាធារណៈឡើងវិញ ព្រមទាំងទទួលខុសត្រូវចំពោះបញ្ហានេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាល និងមន្ត្រីគ្រប់ជាន់ថ្នាក់នៅគ្រហើៗដដែល ដូចជាមិនឃើញមិនរង្គើអីបន្តិចសោះ។ ពេលសួរថា តើពេទ្យដែលប្រកបរបរចាក់ថ្នាំដូចដុកទ័រភូមិ យ៉ែម ជ្រិន នោះមានប៉ុន្មាននាក់នៅខេត្តបាត់ដំបង? មានប៉ុន្មាននាក់នៅទូទាំងប្រទេស ? ចម្លើយពីមន្ត្រីក្រសួងសុខាភិបាលថា មិនទាន់បានសិក្សាផង។ ចាំពេលណាសិក្សារួចក្រសួងនឹងបិទសេវាទាំងអស់នោះឲ្យអស់តែម្ដង។ ពេលណាសិក្សា? ថ្ងៃណាចេញលទ្ធផល? នៅមិនទាន់ដឹងដដែល។
ចម្លើយស្រួលឆ្លើយទេតែអ្នកណាទៅជៀសឈឺរួច តែស្រួលមិនស្រួលបងប្អូនសាច់ញាតិនៅស្រុកកំណើតរបស់មន្ត្រីធំៗទាំងនោះ ឆ្លងអេដស៍ដូចអ្នកភូមិរកា ដែរផងក៏មិនដឹង អ្នកណាអាចទៅទាយបានបើពេទ្យភូមិមានទូទាំងប្រទេសនោះ។
បើគ្រាន់តែសិក្សាពិបាកដល់ម្ល៉ឹងហើយ រឿងលុបបំបាត់ពេទ្យភូមិ និងចាត់វិធានការ ជាក់ស្ដែងពង្រឹងសេវាសុខាភិបាលមានប្រសិទ្ធភាពវិញនោះ ទំនងជាមិនអាចទៅរួចទេមើលទៅ។ ប៉ុន្តែបើសិនជាក្រសួងសុខាភិបាលសិក្សាស្រាវជ្រាវពីស្ថានភាពពេទ្យភូមិរួចរាល់ហើយពេលណានោះ ក្រសួងអាចពង្រឹងសមត្ថភាពបន្ថែមដល់ពួកគាត់នឹងអាចជួសជុលពួកគាត់យកប្រើជាប្រយោជន៍បាន។ ចង់ឬមិនចង់ពួកគាត់ផ្ដល់សេវាសុខភាពជូនរាស្ត្ររាប់ឆ្នាំទៅហើយ។ ម្យ៉ាងទៀតបើចាំពេទ្យក្របខ័ណ្ឌនោះ ប្រហែលជាស្លាប់អស់មិនតិចទេមើលទៅ ព្រោះភាគច្រើនអ្នកក្រល្មម និងអ្នកក្រីក្រខ្លាំង ជាក្រុមមនុស្សប្រើប្រាស់សេវាសុខភាពរបស់រដ្ឋ បើទោះជាស្ថានភាពសេវាពេទ្យរដ្ឋយ៉ាងម៉េចក៏ដោយចុះ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលអាចបង្កើនប្រសិទ្ធភាពលើសេវាសុខភាពសាធារណៈទៅបានដ៏រាបណារាជការកែប្រែនូវចំណុចអសកម្មទាំងអម្បាលមានក្នុងវិស័យនេះ ទាំងពីធនធានមនុស្ស សម្ភារៈ ថវិកា និងការលើកទឹកចិត្តគ្រូពេទ្យ។ តែផ្ទុយទៅវិញ ប្រជាពលរដ្ឋនឹងនៅតែមិនទុកចិត្តលើសេវារដ្ឋដដែល បើសិនមិនមានការផ្លាស់ប្ដូរនោះ។
ពេទ្យរដ្ឋស្រុកខ្មែរសព្វថ្ងៃ ជាពេទ្យដែលរាជវង្ស និងនាម៉ឺនមន្ត្រីធំៗមិនមានជំនឿសូម្បីតែបន្តិចឡើយ។ ពេលណាឈឺថ្កាត់តិចក្តី ច្រើនក្តី រាជវង្សានុវង្សទៅព្យាបាលនៅស្រុកចិន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក សុខ អាន និងគ្រួសារអ្នកធំៗ អ្នកមានៗ ឯទៀតទុកចិត្តលើពេទ្យសិង្ហបុរី។ រីឯអ្នកធូរធាររស់នៅតាមព្រំដែនទិសខាងលិច សម្រេចទៅព្យាបាលនៅថៃ។ អ្នកនៅភ្នំពេញ និងតាមបណ្ដាខេត្តដទៃទៀតខំប្រវេប្រវាទៅវៀតណាម។ ចំណែកអ្នកធម្មតាៗ ព្យាបាលនៅក្នុងស្រុក ជាពិសេសគឺគ្រូពេទ្យតាមភូមិតែម្ដង។
អ្នកជំងឺទាំងអស់ច្រើនតែសរសើរថា សេវាសុខាភិបាលនៅបរទេសល្អជាងសេវាក្នុងស្រុក ទោះបីត្រូវចាយលុយលើសបន្តិចក៏មិនបញ្ហាដែរ ពេទ្យគេព្យាបាលចំជំងឺ ឯពេទ្យឯងមួយចំនួនវិញព្យាបាលរបៀបចិញ្ចឹមជំងឺ។ អ្នកខ្លះទៅពេទ្យរដ្ឋសុខៗស្រាប់តែត្រូវអស់លោកវេជ្ជបណ្ឌិតល្បួងឲ្យចេញពីពេទ្យរដ្ឋទៅព្យាបាលនៅគ្លីនិករបស់ខ្លួនទើបឆាប់ជាជាង។ នៅកម្ពុជា ស្ទើរតែគ្មានឡើយវេជ្ជបណ្ឌិតដែលធ្វើការងាររដ្ឋតែមួយកន្លែងនោះ អ្នកខ្លះធ្វើការពេទ្យរដ្ឋបានមួយម៉ោងក្នុង ២ថ្ងៃ ក៏មានព្រោះអីរវល់ឃ្លីយ៉ង់ (អតិថិជន) ច្រើននៅគ្លីនិក។ ក្រៅពីនេះ ក្រមសីលធម៌របស់គ្រូពេទ្យក៏មិនណយដែរ គ្រូពេទ្យសម្ដីគំរោះគំរើយ មើលលុយមុននឹងព្យាបាល ព្យាបាលជំងឺតាមបក្សពួកនិងតាមសែស្រឡាយ។កាលពីឆ្នាំ២០១២ គ្រូពេទ្យនៅខេត្តបន្ទាយមានជ័យ ម្នាក់សុខចិត្តមើលមនុស្សស្លាប់នឹងភ្នែក ក៏មិនព្រមឲ្យថ្នាំទៅអ្នករបួសដែលត្រូវពស់ចឹកនោះដែរ ព្រោះតែថ្នាំពស់ចឹកនេះទុកឲ្យយុវជនស្ម័គ្រចិត្តសម្ដេចតេជោ។
រឿងនេះស្ដាប់ទៅប្រហែលជាមិនកម្សត់ប៉ុន្មានទេ នៅស្រុកខ្មែរ ដោយសារពលរដ្ឋស្ដាប់លឺស្ទើរស៊ាំត្រចៀកទៅហើយពីរឿងអយុត្តិធម៌សង្គមនោះ។ កាលពីឆ្នាំ២០១២ នៅកម្ពុជា មានមណ្ឌលសុខភាពចំនួន ១.០២៤ ឬអាចនិយាយបានថា មណ្ឌលសុខភាពមួយទទួលបន្ទុកផ្ដល់សេវាសុខភាពបឋមជូនពលរដ្ឋជិត ១៥.០០០នាក់។ លើសពីនេះទៀត មន្ទីរពេទ្យរដ្ឋមានចំនួន ៩១ ដែលបើកព្យាបាលជំងឺ ២៤ម៉ោង លើ ២៤ម៉ោង។ ប៉ុន្តែតួលេខនៃមន្ទីរពេទ្យ មន្ទីរសម្រាកព្យាបាលជំងឺ គ្លីនិកឯកជន មិនត្រូវបានបង្ហាញជាសាធារណៈឡើយ។ ប្រការនេះទំនងជាក្រសួងសុខាភិបាល ខ្លាចខូចការ ឬក៏មិនទាន់បានសិក្សាឲ្យពិតប្រាកដក៏មិនដឹង ប៉ុន្តែគ្រូពេទ្យមួយចំនួនប្រាប់វិទ្យុអាស៊ីសេរីថា គ្រូពេទ្យអាចបើកមន្ទីរសម្រាកព្យាបាល ឬគ្លីនិកទៅបាន ដរាបណាមានការអនុញ្ញាតពីក្រសួងសុខាភិបាល អ្នកខ្លះរត់ការអស់លុយរាប់ពាន់ដុល្លារផងក៏មាន។
គ្រូពេទ្យរវល់រកលុយក្រៅបែបនេះហើយ ស្ថានភាពនៅក្នុងមន្ទីរពេទ្យរដ្ឋរឹតតែយ៉ាប់ទៅទៀត ថ្នាំសង្កូវ សម្ភារៈព្យាបាលឈាម បុគ្គលិកព្យាបាល និងសូម្បីតែគ្រែអ្នកជំងឺដេកសុទ្ធតែខ្វះ។ អ្នកជំងឺត្រូវទិញថ្នាំខាងក្រៅយកទៅឲ្យពេទ្យរដ្ឋចាក់ តែសូមទោសចាក់ទទេមិនបានទេ អ្នកជំងឺចាំបាច់ត្រូវជូនសគុណពេទ្យខ្លះទើបសេវាវារហ័សទាន់ចិត្ត។ ជាញឹកញាប់ គ្រូពេទ្យណែនាំឲ្យទិញថ្នាំនៅឱសថស្ថានរបស់ខ្លួនទើបថ្នាំមានគុណភាព ប៉ុន្តែទីបំផុតអ្នកជំងឺនៅតែប្រើថ្នាំប៉ាតណាប៉ាតណីដដែល។ ទីតាំងលក់ថ្នាំវិញសំបូរណាស់ មានទាំងថ្នាំវៀតណាម ថ្នាំថៃ ថ្នាំម៉ាឡេស៊ី ថ្នាំឥណ្ឌា ថ្នាំបារាំង ថ្នាំអាមេរិក ដាក់កញ្ច្រែងលក់ សូម្បីតែអ្នកលក់ត្រីក៏ចេះផ្សំថ្នាំដែរ។ តិចច្រឡំថា វិជ្ជាពេទ្យរបស់ប្រជាជនខ្មែរដល់កំពូលទៅ? កុំមាត់ថ្នាំផ្សំតាមចំណាំទេ បើផឹកហើយប្រតិកម្មចាំគិតទៀត។
មិនមែនតែអ្នកលក់ត្រីទេដែលលក់ថ្នាំមិនមានគុណភាពឲ្យអតិថិជននោះ សូម្បីតែអស់លោកវេជ្ជបណ្ឌិតខ្លះក៏យល់ថា ថ្នាំពេទ្យហួសកាលកំណត់ខ្លះនៅអាចលេបបានដែរ។ ប្រភពក្រៅផ្លូវការខ្លះប្រាប់ថា កាលពី ១ឆ្នាំ ២ឆ្នាំមុនមន្ត្រីធំៗនៅក្រសួងសុខាភិបាលមួយចំនួន ចែកថ្នាំពន្យារហួសសុពលភាពឲ្យអ្នកជំងឺអេដស៍នៅខេត្តបន្ទាយមានជ័យ លេបទៀតផង។
បើនិយាយថា ប្រព័ន្ធសុខភាពសាធារណៈធ្លាក់ចុះប្រហែលជាមិនត្រូវ ព្រោះអីថវិកាជាតិដែលត្រូវចំណាយលើវិស័យសុខាភិបាលកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ រដ្ឋចំណាយថវិកាជាតិជាង ១លានដុល្លារក្នុងឆ្នាំ២០០៨ ចំណាយជិត ៣០០លានដុល្លារក្នុងឆ្នាំ២០១៥ និងគ្រោងចំណាយជាងជិត ៥០០លានដុល្លារក្នុងឆ្នាំ២០១៨។ ក្នុងឆ្នាំ២០១៥នេះ កម្ពុជាចំណាយប្រាក់ប្រមាណជិត ៦% បើធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP)។ តួលេខនេះនាំឲ្យចំណាយថវិកាក្នុងវិស័យសុខាភិបាលកម្ពុជា ឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន តាមពីក្រោយវៀតណាម ដែលចាយថវិកាជាតិប្រមាណជិត ៧% នៃផលិតផលក្នុងស្រុកសរុប។
ក្រៅពីថវិកាជាតិនេះ មន្ទីរពេទ្យរដ្ឋស្ទើរទូទាំងប្រទេសក៏អភិវឌ្ឍន៍ខ្លួនក្លាយជាពេទ្យពាក់កណ្ដាលរដ្ឋ ពាក់កណ្ដាលឯកជន ឬបានន័យថា ចង់ព្យាបាលជំងឺចាំបាច់ត្រូវតែមានប្រាក់។ បន្ថែមពីនេះទៀត ម្ចាស់ជំនួយនានា ក៏បានផ្ដល់ជំនួយដល់មន្ទីរសុខាភិបាលនេះមិនតិចដែរ រហូតមានជំនួយខ្លះត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល កិបកេងដាក់ហោប៉ៅទៀតផង។
ឥឡូវនេះមានប្រជាពលរដ្ឋមួយចំនួនជជែកតៗគ្នាថា តើរាជរដ្ឋាភិបាលបានជួយពលរដ្ឋអ្វីខ្លះ? ពលរដ្ឋត្រូវបង់ពន្ធស្ទើរសព្វមុខទៅហើយ។ ពន្ធលើប្រាក់ខែ ពន្ធលើសេវាដឹកជញ្ជូន ពន្ធលើទំនិញសព្វសារពើ ខណៈដែលទៅពេទ្យក៏ត្រូវបង់លុយ បញ្ជូនកូនទៅរៀនក៏លុយ និងជាប់បំណុលបរទេសថែមទៀត។
រាជរដ្ឋាភិបាលអាណត្តិទី៥នេះ បានដូររដ្ឋមន្ត្រីមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដូចជារដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន គ្រាន់តែឡើងមកភ្លាមបានលទ្ធផលភ្លែត។
រដ្ឋមន្ត្រីថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏មិនអន់ដែរ កាន់ការមិនបានប៉ុន្មានផង ប្រមូលពន្ធដារ ពន្ធគយ ឡើយស្រឺតៗតែម្ដង។ អភ័ព្វអីតែក្រសួងសុខាភិបាល រដ្ឋមន្ត្រីចាស់ ស្ងៀមៗមួយភូមិឆ្លងមេរោគអេដស៍ជាង ២០០នាក់ លក់ក្រសួងសុខាភិបាលមួយ ដោះដូរឃ្លាំងឱសថជាតិមួយបាត់ ហើយលើកមន្ត្រីទៅប្រជ្រៀតគ្នាធ្វើការនៅបរិវេណវិទ្យាស្ថានសុខភាពសាធារណៈទៅវិញ។ កាដូនៅដើមសម័យកែទម្រង់ស៊ីជម្រៅរបស់លោក ហ៊ុន សែន ពិតជាស៊ីមិនរាក់មែន!៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
