អង្គការសិទ្ធិមនុស្សក្រៅស្រុកនិងក្នុងស្រុក ព្រមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនផង កំពុងមានការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដើម្បីផ្ទេរជនភៀសខ្លួនពីកោះណាវរូ មកអោយរស់នៅកម្ពុជា។ ពួកគេយល់ឃើញថា កម្ពុជាមិនមែនជាប្រទេសសមស្រប និងមានសមត្ថភាពដើម្បីទទួលជនភៀសខ្លួនឡើយ។
តើមានកត្តាអ្វីខ្លះដែលនាំអោយមានទស្សនៈថា កម្ពុជាអសមត្ថភាពក្នុងការទទួលយកជនភៀសខ្លួន?
សូមស្ដាប់បទវិភាគអំពីរឿងនេះរបស់លោក ជី វិតា ដោយមានការសាកសួរពីលោក តាំង សារ៉ាដា ដែលមានសេចក្ដីដូចតទៅ៖
សំណួរ៖ ថ្មីៗនេះមានការតវ៉ាច្រើនណាស់តាមរូបភាពផ្សេងៗ ពីអង្គការជាតិនិងអន្តរជាតិ ក្នុងនោះមានទាំងឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា យូ.អិន.អេច្ឆ.ស៊ី.អ (UNHCR) ជំទាស់ទៅនឹងផែនការបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលីអោយមករស់នៅកម្ពុជា ដោយអះអាងថា កម្ពុជាមិនទាន់មានសមត្ថភាពទទួលជនភៀសខ្លួនទេ។ តើហេតុអ្វីទៅ?
ចម្លើយ៖ បាទ! អរគុណ លោក តាំង សារ៉ាដា។ ផ្អែកតាមស្ថានភាពជាក់ស្ដែងនៅកម្ពុជា មានហេតុផលធំៗមួយចំនួនដែលកម្ពុជា មិនទាន់ក្លាយជាប្រទេសមួយដែលសមស្របតាមស្តង់ដារអន្តរជាតិ អាចទទួលយកជនភៀសខ្លួនអោយមករស់នៅបាន។
ទី១ ប្រទេសកម្ពុជា ជាប្រទេសក្រីក្រ នៅពឹងផ្អែកលើជំនួយបរទេស។ កម្ពុជានៅសុំលុយគេដើម្បីរស់ជារៀងរាល់ឆ្នាំ។ ទី២ បញ្ហាអត់ការងារធ្វើនៅកម្ពុជា មានអត្រាខ្ពស់ណាស់។ ក្នុងមួយឆ្នាំៗ កម្ពុជាមានមនុស្សរាប់សិបម៉ឺននាក់ស្វែងរកការងារធ្វើ ប៉ុន្តែមានតែ ៥ ទៅ ៦ម៉ឺននាក់ប៉ុណ្ណោះ ដែលអាចរកការងារធ្វើបាន។ គ្រាន់តែពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅស្រុកគេរាប់សែននាក់។
កាតព្វកិច្ចរបស់ប្រទេសម្ចាស់ផ្ទះដែលទទួលជនភៀសខ្លួន ត្រូវជួយបង្កលក្ខណៈរកការងារធ្វើ និងផ្តល់ការអប់រំជាដើម។ បើនិយាយពីគុណភាពការអប់រំវិញ នៅទន់ខ្សោយណាស់។ ចំណែកវិស័យសុខាភិបាលវិញ ក៏កំពុងមានបញ្ហាធ្ងន់ធ្ងរដែរ។ ប្រទេសដែលទទួលជនភៀសខ្លួន ដូចជាសហរដ្ឋអាមេរិក កាណាដា បារាំង និងប្រទេសអូស្ត្រាលី ខ្លួនឯងហ្នឹង សុទ្ធតែមានកម្មវិធីទំនុកបម្រុងជនភៀសខ្លួនអោយសាងជីវិតថ្មី ប្រកបដោយជោគជ័យ។
ទី៣ គឺថា កម្ពុជាគឺជាប្រទេសស្ថិតក្នុងបញ្ជីរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់អន្តរជាតិ។ យើងត្រូវដឹងថា ជនភៀសខ្លួនទាំងនេះរត់គេចពីការភ័យខ្លាច និងការធ្វើទុក្ខបុកម្នេញនានា ដោយសារហេតុផលនយោបាយ ជំនឿសាសនា និងជាតិសាសន៍ជាដើម។ គេបារម្ភថា ការរំលោភសិទ្ធិមនុស្សអាចនឹងកើតមានចំពោះពួកគេទៀត។
សំណួរ៖ តើជនភៀសខ្លួនទាំងនោះមកពីប្រទេសណាខ្លះ លោក ជី វិតា?
ចម្លើយ៖ ជនភៀសខ្លួនទាំងនោះ ភាគច្រើនមកពីប្រទេសអ៊ីរ៉ាក់ អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន ស្រីលង្កា និងបង់ក្លាដេស ប៉ាគីស្ថាន ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) ពីប្រទេសមីយ៉ាន់ម៉ា ឬភូមាជាដើម។
ជនភៀសខ្លួនទាំងជាង ១.០០០នាក់ដែលអាចនឹងបញ្ជូនមកតាំងទីលំនៅក្នុងកម្ពុជានេះ បច្ចុប្បន្នមិនមែនរស់នៅក្នុងប្រទេសអូស្ត្រាលី ទេ។ ពួកគេកំពុងដាក់អោយរស់នៅក្នុងជំរំបណ្ដោះអាសន្ននៅក្នុងប្រទេសណាវរូ (Nauru)។ ណាវរូ ជាប្រទេសតូចមួយ ជាកោះមួយស្ថិតនៅក្នុងសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង។ ប្រទេសកោះតូចមួយនេះ មានប្រជាជនតែជាង ៩ពាន់ (៩.៣៧៨) នាក់តែប៉ុណ្ណោះ។ ប្រទេសក្រីក្រមួយនេះត្រូវការលុយបានជាសុខចិត្តយល់ព្រមជាមួយរដ្ឋាភិបាលអូស្ត្រាលី ទទួលជនភៀសខ្លួនអោយរស់នៅបណ្ដោះអាសន្ន ទំរាំរដ្ឋាភិបាលអូស្ត្រាលីរកប្រទេសទី៣ បាន ដើម្បីអោយទៅរស់នៅជាអចិន្ត្រៃយ៍តែម្ដង។ ឥឡូវរដ្ឋាភិបាលអូស្ត្រាលី រកប្រទេសទី៣បានហើយ គឺកម្ពុជា។
ចំណុចមួយខ្ញុំចង់បញ្ជាក់ គឺថា មុនពេលយកជនភៀសទៅដាក់នៅប្រទេសណាវរូ រដ្ឋាភិបាលអូស្ត្រាលី និងរដ្ឋាភិបាលណាវរូ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដោយបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី ត្រូវរកប្រទេសទី៣ ដែលមានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនទាំងនោះ។ ឥឡូវរដ្ឋាភិបាលអូស្ត្រាលី រកឃើញហើយប្រទេសទី៣ គឺកម្ពុជា។ ប៉ុន្តែសួរថា តើកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាពគ្រប់គ្រាន់ដូចមានចែងក្នុងកិច្ចព្រមព្រៀងគ្នាជាមួយរដ្ឋាភិបាលណាវរូដែរ ឬអត់? បញ្ហានេះ រដ្ឋាភិបាលអូស្ត្រាលី កំពុងរងការរិះគន់ធ្ងន់ធ្ងរណាស់ពីគ្រប់ទិសទី រួមទាំងពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ថារំលោភកិច្ចព្រមព្រៀងជាមួយប្រទេសណាវរូ ផង និងរំលោភអនុសញ្ញាការពារជនភៀសខ្លួនផង។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ( Human Rights Watch) ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា កិច្ចព្រមព្រមព្រៀងកម្ពុជា-អូស្ត្រាលី គឺជាការបំផ្លាញចោលនូវកិច្ចប្រឹងប្រែងនៃការគាំពារជនភៀសខ្លួននៅក្នុងតំបន់។ ហើយការដែលរដ្ឋាភិបាលអូស្ត្រាលី ជ្រើសរើសកម្ពុជានេះ នឹងបង្កើតអោយមានគំរូ ឬទម្លាប់មិនល្អមួយដល់ប្រទេសជឿនលឿនដទៃទៀត។ ពីព្រោះថា ការធ្វើបែបនេះ វានឹងបើកឱកាសអោយប្រទេសផ្សេងទៀតធ្វើដូចអូស្ត្រាលីដែរ ពោលគឺនៅពេលពួកគេមិនចង់ទទួលយកជនភៀសខ្លួន ក៏ប្រើប្រាស់ទឹកលុយទិញទឹកចិត្តប្រទេសណាមួយ ដូចកម្ពុជាអ៊ីចឹង ដែលរដ្ឋាភិបាលអោយ ៤០លានដុល្លារជាថ្នូរនឹងការយល់ព្រមទទួលយកជនភៀសខ្លួនមួយពាន់ (១.០០០) នាក់នោះ។
ប្រការនេះ វាក៏ជាការផ្ទុយនឹងការប្ដេជ្ញារបស់រដ្ឋាភិបាលអូស្ត្រាលី ដែលថា នឹងបញ្ជូនជនភៀសខ្លួនទាំងនោះទៅប្រទេសទី៣ ដែលមានសុវត្ថិភាព ពីព្រោះប្រទេសកម្ពុជា ជាប្រទេសដែលរំលោភអនុសញ្ញាការពារជនភៀសខ្លួនឆ្នាំ១៩៥១ បន្ទាប់ពីចាប់បញ្ជូនជនភៀសខ្លួនមួយចំនួនត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ។
សំណួរ៖ កន្លងមកតើជនភៀសខ្លួនណាខ្លះដែលមកដល់កម្ពុជា ហើយរដ្ឋអំណាចកម្ពុជា បានចាប់បង្ខំបញ្ជូនទៅប្រទេសដើមរបស់គេវិញនោះ?
ចម្លើយ៖ បាទ! មានជនភៀសខ្លួនអ៊ុយហ្គ័រ៍ ដែលរត់គេចពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរចិន។ នៅក្នុងខែធ្នូ ឆ្នាំ២០០៩ រដ្ឋាភិបាលភ្នំពេញ បានចាប់បង្ខំជនភៀសខ្លួនអ៊ុយហ្គ័រ៍ ចំនួន ២០នាក់ តាមការស្នើរបស់រដ្ឋាភិបាលចិន។ ពេលនោះបានធ្វើអោយមានការថ្កោលទោសពីសហគមន៍អន្តរជាតិ និងអង្គការការពារសិទ្ធិមនុស្សអន្តរជាតិយ៉ាងខ្លាំង ថាកម្ពុជារំលោភអនុសញ្ញាការពារជនភៀសខ្លួន ដែលកម្ពុជា ជាហត្ថលេខី។
ក្រោយពេលទៅដល់ប្រទេសចិន ជនភៀសខ្លួនអ៊ុយហ្គ័រ៍ ទាំង ២០នាក់នោះ រួមមានស្ត្រីមានផ្ទៃពោះ និងកុមារផង ត្រូវបានអាជ្ញាធរចិនកាត់ទោសដាក់ពន្ធនាគាររយៈពេលយ៉ាងយូរ។ ចំណែករដ្ឋាភិបាលកម្ពុជាវិញ ជារង្វាន់លើកទឹកចិត្ត ចិនបានអោយលុយ ១ពាន់លានដុល្លារជាប្រាក់កម្ចី និងប្រាក់ជំនួយ។ កម្ពុជាក៏ធ្លាប់បានបញ្ជូនជនជាតិម៉ុងតាញញ៉ា ទៅប្រទេសវៀតណាម វិញដែរ បន្ទាប់ពីជនភៀសខ្លួនទាំងនោះបានរត់គេចពីការធ្វើបាបដោយអាជ្ញាធរវៀតណាម។ សូម្បីតែខ្មែរកម្ពុជាក្រោម ក៏រដ្ឋាភិបាលកម្ពុជា មិនលើកលែងដែរ។ ឧទាហរណ៍៖ ព្រះសង្ឃ ទឹម សាខន ដែលបានអនុញ្ញាតអោយអ្នកភៀសខ្លួនមកពីកម្ពុជាក្រោម ស្នាក់នៅក្នុងវត្តរបស់ព្រះអង្គ នៅខេត្តតាកែវ ក៏ត្រូវអាជ្ញាធរក្រុងភ្នំពេញ ចាប់ផ្សឹកនៅឆ្នាំ២០០៧ និងបញ្ជូនទៅអាជ្ញាធរវៀតណាម ដាក់គុកអស់រយៈពេល ២ឆ្នាំដែរ។
ដោយសារតែរដ្ឋាភិបាលកម្ពុជា មិនគោរពច្បាប់អន្តរជាតិការពារជនភៀសខ្លួននេះហើយ ទើបឥឡូវនេះមានប្រតិកម្មខ្លាំងណាស់ពីសហគមន៍ជាតិ និងអន្តរជាតិ នៅពេលដឹងថា រដ្ឋាភិបាលកម្ពុជាយល់ព្រមទទួលយកជនភៀសខ្លួនពីរដ្ឋាភិបាលអូស្ត្រាលី។ ក្រៅពីបញ្ហារំលោភច្បាប់អន្តរជាតិ និងបញ្ហាសមត្ថភាពទទួលថែទាំជនភៀសខ្លួន ពួកគេក៏បារម្ភដែរថា តើកម្ពុជាអាចនឹងបញ្ជូនជនភៀសខ្លួនទាំងនេះទៅកាន់ប្រទេសដើមវិញរបស់គេវិញទេ ប្រសិនរដ្ឋាភិបាលនៃប្រទេសដើមទាំងនោះផ្តល់ជំនួយ ឬលុយមួយចំនួនដល់កម្ពុជា នោះ ដូចដែលចិនបានធ្វើកន្លងមក។
សំណួរ៖ បើតាមមើលទៅ រដ្ឋាភិបាលអូស្ត្រាលី មិនមែនមិនដឹងទេថា កម្ពុជាជាប្រទេសក្រីក្រ មានប្រវត្តិមិនការពារជនភៀសខ្លួន និងមានការរំលោភសិទ្ធិមនុស្សថែមទៀតមែនទេ លោក ជី វិតា?
ចម្លើយ៖ បាទ! ប្រហែលជាដឹងមើលទៅ។
សំណួរ៖ ប៉ុន្តែហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលី ដែលជាប្រទេសអភិវឌ្ឍន៍ដ៏ជឿនលឿនមួយនៅតែចង់បញ្ជូនជនភៀសខ្លួនមកកម្ពុជាទៀត?
ចម្លើយ៖ សួរបានល្អណាស់ លោក តាំង សារ៉ាដា។ សម្រាប់ជនភៀសខ្លួនទាំងនោះ កម្ពុជាមិនមែនជាប្រទេសទី១ទេ ដែលរដ្ឋាភិបាលអូស្ត្រាលី បានស្នើអោយទទួលជនភៀសខ្លួនមួយពាន់នាក់នោះ។ ប្រទេសទី១ គឺប្រទេសឥណ្ឌូនេស៊ី ដែលបានបដិសេធមិនទទួលយកទើបរដ្ឋាភិបាលអូស្ត្រាលី ងាកមកកម្ពុជា។ គោលបំណងរបស់រដ្ឋាភិបាលអូស្ត្រាលី គឺត្រូវតែបញ្ជូនជនភៀសខ្លួនទាំងនោះអោយអស់ អោយផុតពីការទទួលបន្ទុករបស់ខ្លួន និងទប់ស្កាត់មិនអោយមានជនភៀសខ្លួនមកកាន់អូស្ត្រាលីទៀត។ កម្ពុជាសុខចិត្តទទួលយកជនភៀសខ្លួនពីអូស្ត្រាលី ជាថ្នូរនឹងទឹកប្រាក់ប្រមាណ ៤០លានដុល្លារ ប្រហែលជាត្រូវចិត្តរដ្ឋាភិបាលអូស្ត្រាលី មែនទែន។
ត្រូវចិត្ត ពីព្រោះការដែលកម្ពុជា ទទួលយកជនភៀសខ្លួនពីអូស្ត្រាលី គឺជាសញ្ញាមួយព្រមានប្រាប់ទៅដល់ប្រជាពលរដ្ឋនៅបណ្ដាប្រទេសនានាថា ពួកគេត្រូវគិតពិចារណាអោយបានហ្មត់ចត់មែនទែន មុននឹងសម្រេចចិត្តភៀសខ្លួនទៅកាន់ប្រទេសអូស្ត្រាលី ពីព្រោះអាចនឹងត្រូវរដ្ឋាភិបាលអូស្ត្រាលី ចាប់បញ្ជូនអោយទៅរស់នៅកម្ពុជា ដែលជាប្រទេសក្រីក្រ និងរំលោភសិទ្ធិមនុស្ស។ ដូច្នេះជ្រើសរើសកម្ពុជា អាចជួយទប់ស្កាត់អូស្ត្រាលី មិនអោយជនភៀសខ្លួនចង់ធ្វើដំណើរទៅប្រទេសមួយនេះ។ សហគមន៍អន្តរជាតិ កំពុងថ្កោលទោសរដ្ឋាភិបាលអូស្ត្រាលីថា មិនបានគិតអំពីការគោរពសិទ្ធិមនុស្សទេ ធ្វើយ៉ាងម៉េចអោយតែសម្រេចគោលបំណងរបស់ខ្លួន បញ្ជូនជនភៀសខ្លួនចេញអោយរួចផុតពីបន្ទុករបស់ខ្លួន។
សំណួរ៖ បាទ! លោក ជី វិតា ប្រទេសអូស្ត្រាលី ជាប្រទេសរីកចម្រើន ជឿនលឿន កាន់ប្រជាធិបតេយ្យសេរី និងមានផ្ទៃដីធំសម្បើមជិតប៉ុនសហរដ្ឋអាមេរិក ហើយប្រជាជនក៏មានតិច ហេតុអ្វីបានជារដ្ឋាភិបាលអូស្ត្រាលី មិនទុកជនភៀសខ្លួនទាំងនោះអោយនៅក្នុងប្រទេសរបស់ខ្លួន?
ចម្លើយ៖ ប្រទេសអូស្ត្រាលី ក៏ធ្លាប់ទទួលយកជនភៀសខ្លួនតាមទូកដែរ ក្នុងទសវត្សឆ្នាំ១៩៨០ និង១៩៩០។ ប៉ុន្តែក្រោយមកជនភៀសខ្លួនតាមទូកកាន់តែច្រើន ហើយនិន្នាការនយោបាយក្នុងស្រុកផ្លាស់ប្ដូរទៅរកមនោគមន៍ជាតិនិយមកាន់តែច្រើនទៀត ធ្វើអោយរដ្ឋាភិបាល និងអ្នកនយោបាយអូស្ត្រាលី ប្រែប្រួលទៅរកការចង់បានរបស់ប្រជាជន ឬម្ចាស់ឆ្នោតរបស់ខ្លួន។ នៅឆ្នាំ២០១៤នេះ ការស្ទង់មតិនានាបង្ហាញថា ភាគច្រើននៃប្រជាជនអូស្ត្រាលី គឺជាង ៧០ភាគរយ មិនចង់អោយរដ្ឋាភិបាលរបស់ពួកគេទទួលជនភៀសខ្លួនទៀតឡើយ។
សំណួរ៖ រដ្ឋាភិបាលកម្ពុជា និងអូស្ត្រាលី បានចុះហត្ថលេខាទទួលយកជនភៀសខ្លួនមកកម្ពុជា រួចហើយ។ ឥឡូវយើងពិនិត្យចំណុចល្អវិញម្ដង តើការទទួលយកជនភៀសខ្លួនទាំងនោះអោយមករស់នៅកម្ពុជា មានផលវិជ្ជមានដល់កម្ពុជាខ្លះទេ?
ចម្លើយ៖ សម្រាប់ប្រយោជន៍ដល់សង្គមកម្ពុជា អាចមាន ប្រសិនបើជនភៀសខ្លួនទាំងនោះភាគច្រើនជាអ្នកប្រាជ្ញ បញ្ញវន្ត មានចំណេះដឹង និងមានបទពិសោធន៍ខ្ពស់លើវិស័យសំខាន់នានា ដូចជា ផ្នែកវិទ្យាសាស្ត្រស្រាវជ្រាវនានា ពេទ្យ បច្ចេកវិទ្យាទំនើបៗ មានជំនាញផ្សេងៗទៀត ជាដើម ដែលអាចជួយអោយកម្ពុជារីកចំរើន។ ម្យ៉ាងទៀត បើលុយ ៤០លានដុល្លារ ដែលអូស្ត្រាលីសន្យាប្រគល់អោយនោះ រដ្ឋាភិបាលកម្ពុជា យកមកអភិវឌ្ឍន៍ជាតិ ដោយតម្លាភាពទៀតនោះ វាក៏អាចនឹងជួយអោយកម្ពុជា បានផលចំណេញដែរពីការទទួលយកជនភៀសខ្លួននេះ។ ប្រទេសថៃ ធ្លាប់ចំណេញច្រើនណាស់ពីអង្គការសហប្រជាជាតិសម្រាប់ប្រទេសខ្លួនក្នុងការទទួលអោយជនភៀសខ្លួនខ្មែរ វៀតណាម ម៉ុង ឡាវ និងភូមា ស្នាក់នៅបណ្ដោះអាសន្ន មុននឹងទៅតាំងទីលំនៅនៅប្រទេសទីបី កាលពីទស្សវត្សឆ្នាំ១៩៨០ និង១៩៩០។
ប៉ុន្តែសម្រាប់កម្ពុជា ដែលយល់ព្រមទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី នៅពេលនេះ ស្តាប់ទៅដូចអោយជនភៀសខ្លួនទាំងនោះរស់នៅជាអចិន្ត្រៃយ៍តែម្ដង។ ដូច្នេះ បើមិនបានពិនិត្យ និងគិតគូរអោយបានហ្មត់ចត់ទេ វានឹងក្លាយជាបន្ទុកធ្ងន់បន្ថែមមួយទៀតទៅលើបញ្ហារាប់ពាន់ជំពូកដែលកម្ពុជាកំពុងប្រឈមស្រាប់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។