ធនធានមនុស្សត្រូវបានសម្លាប់ស្ទើរគ្មានសល់ក្នុងរបបខ្មែរក្រហម ហើយសេដ្ឋកិច្ចកម្ពុជា បានធ្លាក់ដល់ចំណុចសូន្យ។ នៅទសវត្សរ៍ចុងក្រោយនេះ មានអ្នកវិនិយោគទុនបរទេសបានចូលមករកស៊ីនៅប្រទេសកម្ពុជា ច្រើនបង្គួរ ដោយមានកត្តាអំណោយផលមួយចំនួនដូចជាមានកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយជាដើម។ បន្ថែមលើនេះ កំណើនប្រជាពលរដ្ឋ ជាពិសេសយុវជន ក៏មានសន្ទុះខ្លាំងដែលអាចជាបច្ច័យចូលរួមដល់កំណើនសេដ្ឋកិច្ចនៅពេលបច្ចុប្បន្នដែរ។
តើធនធានមនុស្សបច្ចុប្បន្ន ជាពិសេសយុវជន ពិតជាបានចូលរួមចំណែកដោះស្រាយវិបត្តិនានានៅកម្ពុជា ឬបម្រើឲ្យអ្នកនយោបាយ?
ស្ថិរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចខ្ពស់ ជាកត្តាសំខាន់ពីរក្នុងការទាក់ទាញអ្នកវិនិយោគផ្ទាល់ពីបទេស ដើម្បីចូលមករកស៊ីនៅកម្ពុជា។ ប៉ុន្តែកត្តាទាំងពីរនេះ ក៏មិនបង្ហាញពីការអភិវឌ្ឍពិតប្រាកដឡើយ ត្បិតចំនួនអ្នករងគ្រោះមានកាន់តែច្រើនពីការអភិវឌ្ឍទាំងនោះ។
បច្ចុប្បន្នមានក្រុមប្រជាពលរដ្ឋដែលជាអ្នករងគ្រោះច្រើនណាស់ ដូចជាក្រុមអ្នកក្រីក្រ ក្រុមអ្នករងគ្រោះដោយសារបណ្ដេញចេញពីគម្រោងអភិវឌ្ឍនានា ក្រុមយុវជនគ្មានការងារធ្វើ រួមទាំងប្រជាកសិកររងគ្រោះពីភាពគ្មានទីផ្សារលក់កសិផលជាដើម។
ក្រុមទាំងអស់នេះអាចបង្កអសន្តិសុខដល់សង្គម ដូចជាបណ្ដាលអោយមានអំពើការជួញដូរគ្រឿងញៀន ការកាប់ទន្ទ្រានព្រៃឈើ និងការបង្កអំពើអបាយមុខផ្សេងនៅក្នុងសង្គមកាន់តែច្រើននៅកម្ពុជា។ ប្រការនេះមានន័យថា ប្រសិនបើរដ្ឋាភិបាលមិនបានរកវិធានការសមស្របដើម្បីដោះស្រាយបញ្ហាទាំងនេះទេ វានឹងបង្កឲ្យសង្គមកម្ពុជា កាន់តែអន់ថយនៅក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី។
មានទឡ្ហីករណ៍ជាច្រើនដែលបញ្ជាក់ថា កម្ពុជាកំពុងតែមានវិបត្តិធ្ងន់ធ្ងរ អាចមានបញ្ហាអសន្តិសុខ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះនោះ។
ធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោក បានរកឃើញថា ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៦លាននាក់ ស្ថិតនៅក្នុងភាពក្រីក្របច្ចុប្បន្ន ដែលមិនអាចរកចំណូលបាន ៥ពាន់រៀលក្នុងមួយថ្ងៃ។
ប្រជាកសិករវិញភាគច្រើនមានដីធ្វើកសិកម្មតិច ឬប្រជាកសិករប្រមាណ ៨០% នៃអ្នកធ្វើកសិកម្ម មានដីប្រមាណ ១ហិកតារ។ អ្នកដែលមានដីច្រើនជាង ៣ហិកតារ ធ្វើកសិកម្មវិញបានត្អូញត្អែរពីតម្លៃថា កាន់តែមានតម្លៃទាប ឬគ្មានអ្នកទិញនៅពេលប្រមូលផលជាដើម។
ក្នុងចំណោមយុវជនវិញ ជាពិសេសអ្នកដែលសិក្សានៅសកលវិទ្យាល័យបានអះអាងថា ពួកគាត់ពិបាករកការងារធ្វើនៅពេលរៀនចប់។ ការស្រាវជ្រាវបានរកឃើញថា មានយុវជនដែលគ្រប់អាយុអាចធ្វើការបានប្រមាណ ១៥ម៉ឺននាក់ គ្មានការងារធ្វើក្នុងមួយឆ្នាំ។ ចំពោះសិស្សនិស្សិតដែលចេញពីសកលវិទ្យាល័យប្រមាណ ១៥ម៉ឺននាក់ ប្រឈមកម្រិតខ្ពស់ស្ថិតនៅក្រុមអ្នកគ្មានការងារធ្វើនៅរយៈពេល ៥ឆ្នាំខាងមុខ។
ម៉្យាងវិញទៀត ប្រជាពលរដ្ឋដែលចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មប្រមាណ ២០ម៉ឺននាក់។ បន្ថែមលើនេះ មានកម្មកររោងចក្រកាត់ដេរជាង ៣០ម៉ឺននាក់ ហើយមួយចំនួនបានអះអាងថា ពួកគាត់ប្រឈមនឹងបញ្ហាសុខភាព ក្នុងនោះមានសន្លប់អំឡុងពេលបំពេញការងារ និងប្រឈមនឹងការបញ្ឈប់ពីការងារនៅពេលវិបត្តិសេដ្ឋកិច្ចសកលកើតឡើងម្ដងៗ។
បញ្ហាទាំងនេះជាការឆ្លុះបញ្ចាំងអំពីភាពផុយស្រួយនៃសេដ្ឋកិច្ចគ្រួសារដែលរដ្ឋាភិបាលមិនទាន់មានយន្តការច្បាស់លាស់ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយតម្លាភាព ដែលត្រូវគិតពីផលប្រយោជន៍ប្រជាពលរដ្ឋស្មើគ្នានឹងផលប្រយោជន៍ក្រុមហ៊ុនឯកជននៅឡើយនោះ។
ការស្រាវជ្រាវដោយអ្នកវិភាគសង្គមមួយចំនួនបានរកឃើញថា ក្រុមអ្នករងគ្រោះមានយ៉ាងហោចណាស់ ៧លាននាក់នៅកម្ពុជា។ តួលេខនេះមិនរួមបញ្ចូលអ្នកដែលរងគ្រោះពីការបណ្ដេញចេញពីគម្រោងអភិវឌ្ឍន៍នានាដែលគ្មានសំណងសមរម្យ ដូចជាអ្នកភូមិបុរីកីឡា អ្នកភូមិនៅតំបន់បឹងកក់ និងអ្នករង់គ្រោះពីគម្រោងអភិវឌ្ឍន៍ដីសម្បទានសេដ្ឋកិច្ចឯទៀតឡើយ។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋនៅប្រទេសណាក៏ដោយ ក៏ត្រូវការយុត្តិធម៌ ហើយគ្មានប្រជាពលរដ្ឋណាអាចទ្រាំនឹងអំពើអយុត្តិធម៌ជារៀងរហូតនោះទេ។ សង្គមណាដែលមានអំពើអយុត្តិធម៌ច្រើន រួមទាំងគម្លាតរវាងអ្នកមាននិងអ្នកក្រច្រើន ជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋនៅប្រទេសណាមួយនោះ មានកំហឹង។ កំហឹងកើតឡើងដោយសារការអស់ជំនឿលើរដ្ឋាភិបាលក្នុងការដោះស្រាយអ្វីមួយប្រកបដោយភាពយុត្តិធម៌។
ជាងនេះទៅទៀត អ្នកវិភាគសង្គមមួយចំនួនបានរកឃើញថា ប្រជាពលរដ្ឋប្រមាណ ៧០% អស់ជំនឿលើអាជ្ញាធរចំពោះពាក្យបណ្ដឹងរបស់ខ្លួនដែលគ្មានដំណោះស្រាយ។ ពោលគឺបើប្រជាពលរដ្ឋប្ដឹងអំពីករណីលួចប្លន់ អំពើហិង្សានានា គឺត្រូវចំណាយពេលវេលាច្រើន ហើយមិនទទួលបានលទ្ធផល ដោយសារសមត្ថកិច្ចមិនសូវអើពើ និងតុលាការមិនឯករាជ្យជាដើម។ ក្រៅពីបញ្ហានេះ ថ្លៃម្ហូបអាហារនៅប្រទេសកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៧ មក។ ការដែលតម្លៃទំនិញបន្តឡើងថ្លៃ ហើយចំណូលនៅដដែល ឬឡើងតែបន្តិចបន្តួចនោះ មានន័យថា ប្រាក់ចំណូលរបស់អ្នកប្រកបការងារធ្លាក់ចុះរៀងរាល់ឆ្នាំ។ បញ្ហាចោទសំខាន់នោះ គឺអតិផរណាបានជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋអ្នកក្រីក្រ ដែលក្រុមអ្នករងគ្រោះទាំងនោះភាគច្រើនបានចំណាយលើចំណីអាហារ និងថាមពល ពីព្រោះអតិផរណាក៏ជាកត្តាបង្កឲ្យមានអស្ថិរភាពក្នុងសង្គមដែរ។ រឿងធ្ងន់ធ្ងរជាងនេះទៅទៀត គឺការមិនអើពើ ឬមិនមានការលើកទឹកចិត្តយុវជនអោយចូលរួមគិតពីចក្ខុវិស័យវែងឆ្ងាយសម្រាប់ប្រទេសជាតិ។
មិនតែប៉ុណ្ណោះ យុវជនអាចរងសម្ពាធពីរដ្ឋាភិបាល និងរងការកេងយកចំណេញពីយុវជន ដើម្បីបម្រើផលប្រយោជន៍នយោបាយទៅវិញ។ ការសួរតតាំងផ្ទាល់របស់យុវជនមួយក្រុមនៅពេលថ្មីៗនេះ ទៅកាន់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ នៅសាកលវិទ្យាល័យមួយជាឧទាហរណ៍ស្រាប់។ ការដែលពួកគាត់បដិសេធរបាយការណ៍លោក សុរិយ៉ា ស៊ូប៊ែឌី (Surya Subedi) ហើយអះអាងថា កម្ពុជាមានការអភិវឌ្ឍគ្រប់វិស័យនោះ ត្រូវបានមតិជាច្រើនមើលឃើញស្រដៀងគ្នាថា មានទិដ្ឋភាពផ្ទុយគ្នាពីរ។ ទីមួយ គេចាត់ទុកថា វាជាសញ្ញាល្អដែលយុវជនខ្មែរហ៊ានចូលរួមក្នុងការបញ្ចេញមតិជាសាធារណៈ តែទន្ទឹមនឹងនោះក៏មានមនុស្សភាគច្រើនលើកឡើងថា យុវជនទាំងនោះសុខចិត្តក្បត់នឹងឧត្ដមគតិរបស់ខ្លួន ដើម្បីបម្រើឲ្យផលប្រយោជន៍គណបក្សនយោបាយ។
ជាទូទៅយុវជនតែងតែចង់ធ្វើអ្វីមួយដែលមានលក្ខណៈវិជ្ជមាន ឬអវិជ្ជមាន អាស្រ័យលើសង្គម។ប្រសិនបើប្រព័ន្ធសង្គមសម្រាប់គ្រប់គ្រងយុវជនដែលគ្មានការងារធ្វើនោះ ពួកគាត់នឹងប្រព្រឹត្ត បង្កភាពចលាចលនៅក្នុងសង្គម ដោយសារតែចំនួនយុវជននៅកម្ពុជា មានកំណើនខ្លាំងនៅក្នុងប្រវត្តិសាស្ត្របច្ចុប្បន្ន ដូច្នេះនៅក្នុងសង្គមកម្ពុជា នៅមានលំហច្រើនណាស់សម្រាប់ឲ្យយុវជនប្រព្រឹត្តថ្លោះធ្លោយនៅក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
