អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបកាសែតជិតវត្តលង្កា ក្រុងភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ក្នុងពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិនយោបាយ។
កាលនៅរស់ លោក ជា វិជ្ជា ប្ដេជ្ញាចិត្តថា លោកមិនរត់ចោលស្រុកទេ បើទោះជាលោកទទួលបានការគំរាមសម្លាប់ក៏ដោយចុះ ហើយលោកជឿថា បន្ទាប់ពីលោកស្លាប់ទៅនឹងមាន ជា វិជ្ជា រាប់រយរាប់ពាន់នាក់ផ្សេងទៀតក្រោកឈរតវ៉ាដើម្បីផលប្រយោជន៍កម្មករ។ តើរយៈពេល ១១ឆ្នាំកន្លងទៅនេះ ជា វិជ្ជា ថ្មីកើតហើយឬនៅ?
ប្រទេសកម្ពុជា សព្វថ្ងៃមានសហជីពជាង ២ពាន់ សហព័ន្ធសហជីពជាង ៧០ និងសហភាពសហជីពជាង ១០។ មន្ត្រីសង្គមស៊ីវិលបញ្ជាក់ថា មកទល់ពេលនេះមិនមានមេសហជីពណាម្នាក់មានស្នាដៃប្រហាក់ប្រហែលលោក ជា វិជ្ជា ឡើយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា អត់ពីលោក ជា វិជ្ជា ទៅ មានមន្ត្រីសហជីពជាច្រើននាក់ត្រូវរងការគំរាមកំហែងធ្វើទុក្ខបុកម្នេញ ពីព្រោះតែពួកគេចេញមុខការពារប្រយោជន៍កម្មករ តែមន្ត្រីសហជីពទាំងអស់ រួមទាំងលោកផងនោះ មិនអាចប្រៀបផ្ទឹមនឹងលោក ជា វិជ្ជា បានទេ។ លោករំលឹកថា លោក ជា វិជ្ជា ចេញមុខតវ៉ាខ្លាំងទោះបីជាឃើញគ្រោះថ្នាក់នៅនឹងមុខក៏មិនរាថយដែរ ផ្ទុយពីមេសហជីពភាគច្រើនផ្សេងទៀតដែលធ្វើការបម្រើប្រយោជន៍ផ្ទាល់ខ្លួនជាជាងប្រយោជន៍កម្មករ។
កាលពីខែកក្កដា ឆ្នាំ២០០៣ លោក ជា វិជ្ជា ត្រូវបានឃាតកគំរាមសម្លាប់ បន្ទាប់ពីលោកប្រកាសឲ្យសមាជិកសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ទាំងអស់គាំទ្រគណបក្ស សម រង្ស៉ី។ លោកបានប្រាប់អ្នកកាសែតថា មានមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនផ្ដល់យោបល់ឲ្យលោកចាកចេញពីប្រទេសកម្ពុជា ដើម្បីសុវត្ថិភាព តែលោកយល់ថា បើលោកចាកចេញមិនខុសអីពីស្លាប់ឡើយ។ លោកគិតថា ការស្លាប់របស់លោកនឹងក្លាយជាគ្រឿងលើកទឹកចិត្តមួយដើម្បីឲ្យយុវជនជំនាន់ក្រោយក្រោកឈរឡើងតស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។
ជិតកន្លះឆ្នាំក្រោយការគំរាមសម្លាប់បានក្លាយជាការពិត។ លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់នៅក្នុងថ្ងៃ២២ ខែមករា ឆ្នាំ២០០៤ ចំថ្ងៃចូលឆ្នាំចិន និងជាពេលដែលស្ថានភាពនយោបាយតានតឹងខ្លាំង។ កាលណោះ គណបក្ស សម រង្ស៉ី បានចាប់ដៃគ្នាជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច មិនព្រមចូលសភា ជាហេតុធ្វើឲ្យរដ្ឋាភិបាលត្រូវជាប់គាំង។ ប្រទេសផ្តល់ជំនួយបានផ្អាកជំនួយរាជរដ្ឋាភិបាលចាំផ្ទះរបស់លោក ហ៊ុន សែន មិនអាចធ្វើអីកើត សូម្បីតែច្បាប់ថវិកាជាតិក៏មិនអាចអនុម័តបានដែរ ព្រោះតែរដ្ឋធម្មនុញ្ញចែងថា រដ្ឋាភិបាលអាចបង្កើតឡើងទៅបានលុះត្រាតែមានសំឡេងគាំទ្រពីសភាចំនួន ២ ភាគ ៣។ សម្ដេចក្រុមឃុន នរោត្តម សិរីវុឌ្ឍ ជាមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ផ្តល់ភ្លើងឲ្យសពលោក ជា វិជ្ជា។ មុនពេលផ្ដល់ភ្លើង ព្រះអង្គមានបន្ទូលថា ស្លាប់ ជា វិជ្ជា មួយ នៅមាន ជា វិជ្ចា រាប់រយរាប់ពាន់រាប់ម៉ឺនរាប់សែនទៀត។
ទោះជាបែបណាក្តី អ្នកនយោបាយគ្រប់មជ្ឈដ្ឋានមិនបានស្វែងរកយុត្តិធម៌ជូនវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ទេ។ គណបក្សហ្វ៊ុនស៊ិនប៉ិច បានដោះដៃពីគណបក្ស សម រង្ស៉ី ទៅចាប់ដៃជាមួយលោក ហ៊ុន សែន បង្កើតរដ្ឋាភិបាលចម្រុះ។ សមត្ថកិច្ចបានបង្កើតឃាតកសិប្បនិមិត្តពីរនាក់ គឺលោក ប៊ន សំណាង និង សុខ សំអឿន ដើម្បីបញ្ចប់រឿង។ ចំណែកលោក សម រង្ស៉ី ជ្រើសយកវិធីរិះគន់ជំរុញឲ្យរាជរដ្ឋាភិបាលចាប់ខ្លួនឃាតកពិតប្រាកដយកផ្ដន្ទាទោសតាមច្បាប់។ ក្នុងនោះក៏មានមន្ត្រីសង្គមស៊ីវិលនិងបក្សប្រឆាំង ទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងទៀតផង។ ទោះជាបែបណាក្តី លោក ហ៊ុន សែន ឆ្លើយតបថា ស្លាប់មនុស្សម្នាក់មិនអាចធ្វើឲ្យលោកចុះចេញពីតំណែងបានទេ។
រយៈពេល ១១ឆ្នាំក្រោយពីការស្លាប់របស់លោក ជា វិជ្ជា ឃាតកសិប្បនិម្មិតពីរនាក់ គឺ ប៊ន សំណាង និង សុខ សំអឿន ត្រូវបានតុលាការសម្រេចថា គ្មានទោស។ រីឯកូនប្រពន្ធរបស់លោក ជា វិជ្ជា បានសំងំរស់នៅប្រទេសហ្វាំងឡង់ ដើម្បីគេចពីការតាមសម្លាប់។
ប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា និងជាអ្នកស្នងមរតកជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថា លោកនៅទទូចឲ្យរាជរដ្ឋាភិបាលវែកមុខអ្នកបញ្ជានិងឃាតកដៃដល់យកទៅផ្ដន្ទាទោសតាមច្បាប់។ ប៉ុន្តែលោកមិនសង្ឃឹមឡើយថា យុត្តិធម៌ពិតប្រាកដអាចកើតមាននោះ ព្រោះតែសង្គមបច្ចុប្បន្នហ៊ុមព័ទ្ធដោយអំពើពុករលួយ។ លោកបន្តថា ពិតមែនតែមេសហជីពបច្ចុប្បន្នមិនអាចយកប្រៀបនឹងលោក ជា វិជ្ជា បានមែន ប៉ុន្តែវប្បធម៌តវ៉ាទាមទារយុត្តិធម៌សង្គមនោះ បានកើតឡើងនៅកម្ពុជា រួចហើយ វាជាក៏ជាកត្តារួមចំណែកពីការលះបង់អាយុជីវិតរបស់បងប្រុសលោក។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាលតែងអះអាងជាច្រើនដងច្រើនសាថា សមត្ថកិច្ចនៅតែស៊ើបអង្កេតក្នុងសំណុំរឿងឃាតកម្មលើរូបលោក ជា វិជ្ជា ហើយពេលណាមានតម្រុយសមត្ថកិច្ចនឹងធ្វើការនេះភ្លាម។
នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ មានយុវជនមួយចំនួនបានសរសេរសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីរំលឹកខួបនៃការបាញ់សម្លាប់លោក ជា វិជ្ជា។ អ្នកខ្លះបង្ហោះរូបសពលោក ជា វិជ្ជា ដែលស្លាប់ក្នុងថ្លុកឈាមនៅជិតវត្តលង្កា អ្នកខ្លះទៀតទាមទារយុត្តិធម៌ និងប្រកូកប្រកាសឲ្យយុវជនចូលរួមរំលឹកខួបនៃការបាញ់សម្លាប់នេះនៅថ្ងៃទី២២ ខែមករា។ នៅថ្ងៃរំលឹកខួបនេះ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នករៀបចំ ក្នុងនោះមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី និងលោក កឹម សុខា ចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៅរូបសំណាកលោក ជា វិជ្ជា នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។