ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ប្រពៃណី​ទំនៀមទម្លាប់​បោះ​បាយ​បិណ្ឌ និង​ធ្វើ​ចង្ហាន់​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ក្នុង​រយៈពេល ១៥​ថ្ងៃ​នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ត្រូវ​បាន​សាធារណជន​មួយ​ចំនួន រួម​ទាំង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រិះគន់​ថា បាន​ខ្ជះខ្ជាយ​ថវិកា។ ការ​រិះគន់​នេះ កើត​ឡើង​បន្ទាប់​ពី​គេ​បាន​ឃើញ​ថា គេ​បាន​យក​បាយ​ដំណើប​យក​ទៅ​បោះ​ចោល​តាម​ខឿន​វិហារ ឬ​ចោល​ទៅ​លើ​ដី និង​ការ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ហូរហៀរ​ហួស​ហេតុ​ពេក។

ផ្ទុយ​ពី​ការ​រិះគន់​នេះ ពុទ្ធសាសនិក និង​ព្រះសង្ឃ​បញ្ជាក់​ថា ការ​ធ្វើ​បុណ្យ​ជា​សទ្ធា​របស់​ពុទ្ធសាសនិក។ ស្រប​គ្នា​នេះ ក៏​បាន​លើក​ឡើង​នូវ​វិធី​មួយ​ចំនួន ដែល​អាច​អនុវត្ត​ឲ្យ​ចៀស​ផុត​ពី​ការ​រិះគន់​នេះ និង​រក្សា​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ផង។

ក្រុម​អ្នក​រិះគន់ បាន​បង្ហោះ​សារ​ជាច្រើន​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​លើក​ឡើង​ថា ការ​បោះ​បាយ​បិណ្ឌ និង​ចង្ហាន់​ច្រើន​ហួស​ហេតុ​ពេក ធ្វើ​ឲ្យ​ពលរដ្ឋ​ខាត​បង់​ប្រាក់។ បើ​គេ​សាកល្បង​សរុប​នៅ​ទូទាំង​ប្រទេស គឺ​អាច​ខាត​បង់​ប្រាក់​ជាច្រើន​លាន​ដុល្លារ។

ក្នុង​ការ​រិះគន់​នោះ ក៏​បាន​លើក​ឡើង​ពី​ជម្រើស​ដែល​ថា គេ​គួរ​បញ្ឈប់​ការ​ខ្ជះខ្ជាយ​នេះ​ទៀត ហើយ​គួរ​តែ​ប្រើប្រាស់​ថវិកា​ទាំង​នោះ ទៅ​ជួយ​កុមារ​កំព្រា ជន​ក្រ​ខ្សត់ និង​មន្ទីរពេទ្យ ជាដើម។ ការ​រិះគន់​ទាំង​នោះ ក៏​បាន​មក​វិញ​នូវ​ការ​ឆ្លើយ​តប​ដែរ​ថា នេះ​ជា​ប្រពៃណី​ទំនៀមទម្លាប់​ដ៏​ល្អ​របស់​ខ្មែរ ដែល​មិន​គួរ​រិះគន់ គួរ​នាំ​គ្នា​ថែ​រក្សា។

ទាំង​អ្នក​ពុទ្ធបរិស័ទ និង​គ្រហស្ថ​ក្នុង​ព្រះពុទ្ធ​សាសនា លើក​ឡើង​ថា ប្រពៃណី​ទំនៀម​ទម្លាប់​នេះ ខ្មែរ​ប្រកាន់​ខ្ជាប់​តាំង​ពី​ដូនតា ដែល​អ្នក​ជំនាន់​ក្រោយ​ត្រូវ​ជ្រះ​ថ្លា​ក្នុង​ការ​ធ្វើ​បុណ្យ។

ក្រុម​ពុទ្ធបរិស័ទ​ក្នុង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ពួក​គេ​ពុំ​យល់​ថា ការ​ធ្វើ​បុណ្យ​ជា​សទ្ធា ដែល​រំពឹង​ថា​នឹង​បាន​ដល់​ដូនតា​ញាតិកា ដែល​បាន​ចែក​ឋាន​ទៅ៖ «យក​ចង្ហាន់​មក​វត្ត​នេះ ដើម្បី​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​ឲ្យ​ដល់​ជីដូន​ជីតា​ចែក​ឋាន​ទៅ ក្នុង​ព្រះពុទ្ធ​សាសនា​ត្រូវ​តែ​មាន​ចង្ហាន់​បាយ​សម្ល ស្រាក់​ចឹង​ទៅ ប្រគេន​ព្រះសង្ឃ រួច​ហើយ​បាន​យើង​ទៅ​វិញ។ យើង​មិន​អាច​ទៅ​ថា​គាត់​ខ្ជះខ្ជាយ ពេល​គេ​ប្រគេន​រួច​ហើយ លោក​ចង់​ចែក​ទៅ​ណា​ទៀត​ក៏​ចែក​ទៅ ឲ្យ​អ្នក​គ្នា​អត់​ក៏​បាន​ដែរ។ មាន​ច្រើន​ធ្វើ​ច្រើន មាន​តិច​ធ្វើ​តិច តាម​សទ្ធា​យើង ដោយសារ​យើង​ធ្វើ​បុណ្យ​បាន​បុណ្យ​យើង​តើ! មាន​បាន​អ្នក​ដទៃ​ឯណា»

ស្រប​គ្នា​នឹង​ការ​អះអាង​ពី​ការ​រីក​រាយ​ធ្វើ​បុណ្យ ក៏​មាន​ទម្លាប់​មួយ​ចំនួន​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះ​ដែរ។ តាម​វត្ត​អារាម​មួយ​ចំនួន បាន​រៀបចំ​ឲ្យ​មាន​ការ​បោះ​បាយ​បិណ្ឌ ដោយ​ដាក់​បាយ​ក្នុង​ថាស កន្ទោង ឬ​កញ្ឆេរ ដោយ​មិន​បោះ​បាយ​ចោល​ឡើយ។ ស្រប​គ្នា​នោះ ក៏​មាន​វត្ត​អារាម​មួយ​ចំនួន មិន​បើក​ឲ្យ​សាធារណជន​ទូទៅ​ចូល​ទៅ​បោះ​បាយ​ឡើយ គឺ​ធ្វើ​តែ​ចាស់ៗ​ចំណុះ​ជើង​វត្ត។

ចំពោះ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​វិញ ពុទ្ធបរិស័ទ​មួយ​រូប​មាន​ប្រសាសន៍​ថា លោកស្រី​សម្រេច​នាំ​យក​អាហារ​ក្រៀមៗ និង​ទេយ្យទាន​ផ្សេង​ទៀត ជំនួស​ឲ្យ​ចំណី​អាហារ​ស្រស់ៗ៖ «ដល់​ថ្ងៃ​នេះ​ខ្ញុំ​យក​ម្ហូប​គ្រឿង​គោក​ទុក​ឲ្យ​លោក​បាន​ឆាន់​បាន​យូរ អត់​សូវ​ហ៊ាន​យក​មក​ច្រើន​ទេ ព្រោះ​ពេល​ចឹង​សម្បូរ។ យក​តែ​របស់​គោកៗ ដូច​ជា​មី ត្រី​ខ តែ ស្ករ ទឹក​សុទ្ធ និង​ទឹក​ក្រូច​អី»

ពិត​មែន​ថា​មាន​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ខ្លះៗ​ក្នុង​ចំណោម​ពុទ្ធសាសនិក ក៏​តាម​បណ្ដា​វត្ត​អារាម​មួយ​ចំនួន នៅ​តែ​មាន​ម្ហូប​ចំណី​ពោរពាស​ដាក់​គរ​ចាន​គ្នា​នៅ​តាម​តុ ដែល​ត្រូវ​បាន​គេ​រៀប​ប្រគេន​ព្រះសង្ឃ​ឆាន់។ ពេល​ខ្លះ ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា​មាន​ការ​ខ្ជះខ្ជាយ ពេល​ខ្លះ​ទៀត ក៏​បង្ហាញ​ឲ្យ​ឃើញ​ថា មិន​សូវ​មាន​អនាម័យ។

ព្រះ​គ្រូ​រតន​វិសុទ្ធិ ឆាត សុឆេត គង់​នៅ​វត្ត​បទុមវតី មាន​ថេរ​ដីកា​ថា នៅ​តាម​បណ្ដា​វត្ត​អារាម​មួយ​ចំនួន ពិត​ជា​មាន​ចំណុច​ខ្វះខាត​ក្នុង​ការ​គ្រប់គ្រង​ចង្ហាន់ ដែល​ពុទ្ធបរិស័ទ​យក​មក​ប្រគេន​ព្រះសង្ឃ៖ «ពេល​ខ្លះ​ពេញ ហើយ​យើង​នៅ​តែ​បន្ថែម នេះ​មក​ពី​ភាព​ខ្វះ​ចន្លោះ​របស់​យើង។ សួរ​ថា ខុស​ទេ? មិន​ខុស​ទេ ពីព្រោះ​យូរៗ​វា​មាន​ម្ដង»

ក្រសួង​ធម្មការ និង​សាសនា បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​គ្រប់គ្រង​វត្ត​នៅ​តាម​វត្តអារាម​នានា ដែល​មាន​តួនាទី​រៀបចំ​ចាត់​ចែង​ការងារ រួម​ទាំង​ម្ហូប​អាហារ ដែល​ព្រះសង្ឃ​ឆាន់​មិន​អស់​នោះ​ផង។

ព្រះ​គ្រូ​រតន​វិសុទ្ធិ ឆាត សុឆេត មាន​ដំបូន្មាន​ដល់​គណៈកម្មការ​តាម​វត្ត​ថា គួរ​រៀបចំ​ចង្ហាន់ និង​អាហារ​សល់​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​អនាម័យ៖ «ចឹង​គណៈកម្មការ​ហ្នឹង​ឲ្យ​ឆ្លាត បើ​សិន​ជា​ពោរពេញ​ហើយ យើង​អាច​ទុក​ដាក់​សម្រាប់​ចែក​រំលែក​បន្ត គឺ​ត្រូវ​ឆ្លាត​ចេះ​ទុក​ដាក់»

ទោះ​យ៉ាង​ណា ចំពោះ​ពុទ្ធបរិស័ទ​ទូទៅ​បាន​លើក​ឡើង​ថា ការ​ធ្វើ​បុណ្យ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ ចាំបាច់​ទាល់​តែ​ព្រះសង្ឃ​បាន​ឆាន់​ចង្ហាន់​ដែល​បាន​ប្រគេន ទើប​កុសល​ផល​បុណ្យ​បាន​ដល់​ញាតិ​សន្ដាន​អ្នក​ដែល​ចែក​ឋាន​ទៅ។

ខុស​ពី​ការ​លើក​ឡើង​របស់​ពុទ្ធបរិស័ទ ព្រះតេជព្រះគុណ ឥន្ទសិរី ម៉ឺន សុផល្លា គង់​នៅ​វត្ត​ឧណ្ណាលោម មាន​ថេរ​ដីកា​ថា ក្នុង​ពុទ្ធឱវាទ ពុំ​បាន​កំណត់​បែប​នោះ​ឡើយ៖ «ចង្ហាន់​ដែល​ប្រគេន​ព្រះសង្ឃ ហើយ​ពុទ្ធបរិស័ទ​មិន​ចាំបាច់​ខ្វល់​ទេ។ ព្រះសម្មាសម្ពុទ្ធ​បាន​សម្ដែង​ថា ចង្ហាន់​ដែល​ត្រូវ​ប្រគេន គឺ​ជា​តុ ជា​ស្ពក ឬ​ជា​ថាស​មួយ ដែល​បុរស​ដែល​មាន​វ័យ​កណ្ដាល​លើក​រួច។ ពេល​ណា​យក​ទៅ​ប្រគេន​កាន់​តែ​ច្រើន អ្នក​រៀបចំ​ក៏​ចេះ​តែ​រៀបៗ​ចម្ងាយ​ដល់​ទៅ ២​ម៉ែត្រ​ចឹង​ទៅ។ របស់​ដែល​ឆ្ងាយ ក៏​ព្រះសង្ឃ​ឆាន់​មិន​បាន​ដូច​តែ​គ្នា​ហ្នឹង»

ទាក់ទិន​នឹង​ការ​រិះគន់​ការ​ធ្វើ​បុណ្យ​របស់​ពុទ្ធបរិស័ទ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​ខ្ជះខ្ជាយ ព្រះ​គ្រូ ឆាត សុឆេត មាន​ថេរ​ដីកា​ថា គួរ​ណាស់​តែ​មាន​ការ​រិះគន់​ចំពោះ​ទង្វើ​ខុស​ឆ្គង​មួយ​ចំនួន​ទៀត ដូចជា​ការ​ជក់​បារី និង​សេព​គ្រឿង​ស្រវឹង ជាដើម៖ «គួរ​តែ​គិតគូរ​ដល់​រឿង​ចំណាយ​ខុស​គោលដៅ ដូចជា​ចំណាយ​ទៅ​លើ​ការ​ប្រើប្រាស់​នូវ​ទឹក​ស្រវឹង ការ​ប្រើប្រាស់​របស់​ទំនើបៗ។ យើង​ត្រូវ​ចាំ​ថា តើ​គ្រប់​វត្ត​ទាំងអស់ តើ​មាន​វត្ត​ច្រើន​តែ​បរិបូរណ៍ មិន​ច្រើន​ទេ។ តើ​ព្រះសង្ឃ​ឆាន់​ហើយ​យក​ទៅ​ណា? គឺ​ពុទ្ធបរិស័ទ លោក​យាយ លោក​តា យុវជន​ដែល​បាន​អញ្ជើញ​មក។ ជាក់ស្ដែង​បច្ចុប្បន្ន​នេះ គេ​បាន​ឃើញ​សកម្មភាព​ព្រះសង្ឃ​ជាច្រើន​ដែល​បាន​យក​អាហារ​ទៅ​ជូន​អ្នក​ដែល​ជាប់​ពន្ធនាគារ ឬ​កុមារ​កំព្រា និង​មន្ទីរពេទ្យ»

ព្រះតេជព្រះគុណ​បាន​ផ្ដល់​ឱវាទ​ថា ការ​រួម​គ្នា​ធ្វើ​បុណ្យ​ធ្វើ​អំពើ​ល្អ គួរ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត និង​ចែក​រំលែក​អំពើ​បុណ្យ ជា​ជាង​ការ​រិះគន់​បន្តុះ​បង្អាប់។ ប្រសិន​បើ​មាន​ខ្វះខាត គួរ​មាន​ការ​រិះគន់​កែលំអ​ឲ្យ​បាន​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។