ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាននៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែង តែងតែគោរពបូជា និងបន់ស្រន់បារមីអ្នកតាក្រហមក ឲ្យជួយផ្តល់សេចក្តីសុខ បញ្ចៀសគ្រោះភ័យទាំងឡាយដែលកើតមាន ឬបម្រុងកើតមានចំពោះអ្នកភូមិ។ ជំនឿនេះកើតមានច្រើនជំនាន់ រហូតមកទល់បច្ចុប្បន្ន អ្នកភូមិនៅតែប្រកាន់ខ្ជាប់ប្រពៃណីសែនព្រេនរូបស្នងអារក្ខអ្នកតាក្រហមករៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។
ឆ្នាំនេះ អ្នកភូមិប្រមាណ ៥០០នាក់មកពីខេត្តរតនគិរី និងខេត្តស្ទឹងត្រែង បានជួបជុំគ្នានៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន នៅថ្ងៃទី២៨ ខែកុម្ភៈ ហើយរៀបចំក្បួនធ្វើដំណើរតាមរទេះគោយន្តជាង ២០គ្រឿង និងជិះម៉ូតូផ្ទាល់ខ្លួនប្រមាណ ៥០គ្រឿងទៀត ទៅកាន់ទីទួលអ្នកតាក្រហមក។
នៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីភូមិស្រែគរ ខ្ទមអ្នកតាក្រហមក ត្រូវបានអ្នកភូមិកសាងពីថ្មប្រក់ស័ង្កសីទំហំប្រមាណ ៤ម៉ែត្រការ៉េនៅលើទួលខ្ពស់មួយនៃច្រាំងទន្លេសេសាន ទីដែលអ្នកភូមិចាត់ទុកថា ជាកន្លែងបារមីអ្នកតាក្រហមករស់នៅ និងថែរក្សាប្រជាពលរដ្ឋមានជនជាតិឡាវ ខ្មែរ និងជនជាតិដើមភាគតិចរស់នៅតាមដងទន្លេនេះ។
មានកំណើតជាជនជាតិឡាវ រស់នៅភូមិស្រែគរ២ លោក ហ្វុត ឃឿន ចាត់ទុកអ្នកតាក្រហមក ថាជាវត្ថុស័ក្ដិសិទ្ធិរបស់អ្នកភូមិទូទៅរស់នៅតាមដងទន្លេនេះ ដែលតែងពឹងពាក់បារមីអ្នកតាក្រហមកឲ្យជួយផ្តល់សេចក្តីសុខរំដោះទុក្ខភ័យគ្រប់បែបយ៉ាង កាលណាអ្នកភូមិបន់ស្រន់សុំឲ្យអ្នកតាក្រហមកជួយ។ ហ្វុត ឃឿន រៀបរាប់រឿងតំណាលពីចាស់ព្រឹទ្ធាចារ្យដែលធ្លាប់ធ្វើដំណើរតាមផ្លូវដងទន្លេសេសាន ធ្វើជំនួញពីខេត្តស្ទឹងត្រែង មកខេត្តរតនគិរី ពេលមកដល់មុខខ្ទមអ្នកតាក្រហមក តែងដាក់ដង្វាយមានមាន់ ជ្រូក សែនបន់ស្រន់សុំឲ្យការធ្វើដំណើររបស់ពួកគេបានសុខសប្បាយ មិនមានឧបសគ្គដូចជាលិចទូក ឬកាណូត កាលណាឆ្លងកាត់ខ្សែទឹកហូរកួចត្របាញ់ខ្លាំងនៅពីមុខខ្ទមអ្នកតា៖ « ការធ្វើដំណើរ គឺយកផ្លូវទឹកជាការធ្វើដំណើរ។ ពេលខ្លះយើងទៅណាមកណា ក៏មានទៅតាមទឹក មកតាម ទឹក ហើយរហូតមកដល់ពេលនេះ មានការជំនឿមកលើអ្នកតាកក្រហមនេះ ពេលខ្លះគាត់បន់ស្រន់ឲ្យការធ្វើដំណើរតាមទឹកនេះមានសុវត្ថិភាព »។
ចំណែកជនជាតិដើមភាគតិចព្នង នៅភូមិក្បាលរមាស ស្រុកសេសាន ក៏ចាត់ទុកអ្នកតាក្រហមក ថាមានបារមីស័ក្ដិសិទ្ធិក្នុងជំនឿសហគមន៍ពួកគេដូចគ្នា។ រៀងរាល់ឆ្នាំ អ្នកភូមិនាំគ្នាយកដង្វាយមានមាន់ជ្រូក មកចូលរួមសែនព្រេនបញ្ជាន់រូបអារក្ខ ឲ្យបារមីអ្នកតាក្រហមកចូលមកសណ្ឋិត ហើយអ្នកភូមិសាកសួរពីអភូតហេតុ ឬហេតុការណ៍ និងការបួងសួងផ្សេងៗទាក់ទិនជំនឿរបស់អ្នកភូមិ។
ព្រឹទ្ធាចារ្យឈ្មោះ ញយ ស្រូ បញ្ជាក់ឲ្យដឹងថា ឆ្នាំនេះអ្នកភូមិកំពុងប្រឈមនឹងការបណ្ដេញពីលំនៅឋាន ពាក់ព័ន្ធគម្រោងសាងសង់ទំនប់វារីអគ្គិសនី។ ហេតុនេះ អ្នកភូមិនាំគ្នាបន់ស្រន់សុំឲ្យអ្នកតាក្រហមក ជួយបញ្ចៀសទុក្ខលំបាកប្រជាពលរដ្ឋក្នុងភូមិ៖ « ជឿថាបានទំនុកទុកចិត្តបានពឹងគាត់ហ្នឹងបានដូចចិត្ត។ ឥឡូវខំជ្រោមជ្រែងកុំឲ្យប៉ះពាល់បរិស្ថាន »។
ប្រពៃណីជឿលើបារមីអ្នកតាក្រហមករបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេសាន កើតមានច្រើនជំនាន់មកហើយ តាំងពីសម័យអាណានិគមនិយមបារាំង រហូតមកបច្ចុប្បន្ន។ ដោយសារតែសម័យមុន ការធ្វើដំណើរតាមផ្លូវគោកដើម្បីធ្វើជំនួញរបស់ប្រជាពលរដ្ឋពីខេត្តស្ទឹងត្រែង មកខេត្តរតនគិរី មិនមានផ្លូវ និងមធ្យោបាយដឹកជញ្ជូនកសិផល ឬអនុផលព្រៃឈើបានងាយស្រួលជាងការធ្វើដំណើរដោយទូកចែវធំៗតាមដងទន្លេសេសាន ដែលអាចផ្ទុកសម្ភារៈជំនួញបានច្រើននោះឡើយ។
មេឃុំស្រែគរ លោក សៀក មេគង្គ កត់សម្គាល់ថា ការធ្វើដំណើរតាមទន្លេមានឧបសគ្គច្រើន ដោយសារទន្លេសេសានមានថ្ម និងល្បាក់ទឹកហូរខ្មួលខ្មាញ់នៅរដូវវស្សា ជាហេតុធ្វើឲ្យអ្នកដំណើរលិចទូកជាញឹកញាប់។ អ្នកធ្វើដំណើរតាមទន្លេសេសាន តែងជឿលើបារមីអ្នកតាក្រហមក និងរៀបចំដង្វាយសែនព្រេនសុំផ្លូវធ្វើដំណើរពីអ្នកតាក្រហមក ទើបពួកគេបញ្ចៀសបានឧបសគ្គ និងគ្រោះមហន្តរាយនានាក្នុងពេលធ្វើដំណើរតាមដងទន្លេនេះ។ លោកថា របបខ្មែរក្រហមបានកាត់ផ្តាច់ជំនឿសែនព្រេនអ្នកតាក្រហមក ក៏ប៉ុន្តែក្រោយពេលបង្រួបបង្រួមជាតិ អ្នកភូមិវិលត្រឡប់មកស្រុកកំណើតដូចធម្មតា និងរក្សាប្រពៃណីសែនព្រេនអ្នកតាក្រហមករហូតបច្ចុប្បន្ន៖« លន់ នល់ ហើយលាយឡំជាមួយនឹងខ្មែរក្រហមរហូតទៅដល់បាត់បង់ជិត ២០ ទៅ ៣០ឆ្នាំហើយនៅក្នុងឆ្នាំ២០១០ ឆ្នាំ២០១១ នេះយើងបានរំឭកឡើងយកមកវិញជាសហគមន៍ស្រែគរ ហ្នឹង យើងបានរំឭកប្រពៃណីមកឡើងវិញ វាមិនខុសអីទេ ពីព្រោះក្នុងច្បាប់រដ្ឋធម្មនុញ្ញក៏បានចែងដែរ »។
ទាក់ទិនប្រពៃណីគោរពអ្នកតាក្រហមកនេះ ជនជាតិឡាវ រស់នៅភូមិស្រែគរ លោកស្រី វ៉ា ហ្វាន មានភារកិច្ចចូលរូបអារក្ខស្នងបារមីអ្នកតាក្រហមក ៥ឆ្នាំកន្លងទៅនេះ។ លោកស្រីបញ្ជាក់ថា ពេលបារមីអ្នកតាចូលសណ្ឋិតក្នុងរាងកាយ គឺលោកស្រីមិនបានដឹងអ្វីទាំងអស់ ក្រៅពីរូបស្នងនិយាយទៅកាន់អ្នកភូមិ គឺជាបារមីអ្នកតា។ យ៉ាងណា លោកស្រីកត់សម្គាល់ថា តាមជំនឿអរូបី អ្វីដែលអ្នកភូមិបន់ស្រន់ និងសែនព្រេនសុំបារមីអ្នកតាក្រហមកឲ្យជួយ តែងសម្រេចបានដូចប្រាថ្នា៖« ជួយហ្នឹងហើយលោកតាអ្នកភូមិឈឺគ្រុន មានតែគាត់ហ្នឹងហើយ គាត់គង់នៅភ្នំហ្នឹងណា។ ខ្ញុំអត់ដឹងស្អីទេ លោកតាមើលថាបានអ្នកដែលមើលហ្នឹងណា »។
យ៉ាងណាក៏ដោយ ព្រះតេជព្រះគុណ អុល គង់ គង់នៅវត្តក្បាលរមាស ទីដែលអ្នកភូមិកំពុងមានទុក្ខព្រួយពាក់ព័ន្ធគម្រោងបណ្ដេញចេញពីលំនៅឋាននេះដែរ។ ព្រះអង្គមានថេរដីកាថា ជំនឿបារមីអ្នកតាក្រហមក គឺជាប្រពៃណីអ្នកភូមិនៅតំបន់នោះតែងគោរពបូជាបារមីអ្នកតាក្រហមក សុំសេចក្តីសុខសប្បាយ។ ហេតុនេះមិនមានបម្រាម ឬច្បាប់ណាហាមឃាត់មិនឲ្យប្រជាពលរដ្ឋប្រតិបត្តិជំនឿនេះឡើយ។ ក្នុងនាមព្រះអង្គជាអ្នកប្រតិបត្តិពុទ្ធសាសនា ពេលនេះព្រះអង្គនិមន្តចូលរួមជាមួយអ្នកភូមិ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយទុក្ខភ័យរបស់ពលរដ្ឋតាមគ្រប់មធ្យោបាយ៖« បារមីអារក្ខអ្នកតាវាមានពិត ប៉ុន្តែប្រជាពលរដ្ឋដែលធ្វើបានផល ឬមិនបានផល អាស្រ័យភាព ជាក់ស្តែង។ យើងមិនប្រាកដថាយ៉ាងណាទេ ។ បច្ចុប្បន្ន មានភាពជាក់ស្តែងដូចកាប់បំផ្លាញព្រៃឈើប៉ះពាល់ពួកគាត់ ធ្វើឲ្យឈឺគ្រុនជាដើម »។
ក្នុងពិធីសែនព្រេនអ្នកតាក្រហមកឆ្នាំនេះ អ្នកភូមិបួងសួងសុំឲ្យទុក្ខព្រួយទាក់ទិនការបណ្ដេញចេញពីភូមិ និងគោលនយោបាយសំណងរបស់ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ២០១៧ ខាងមុខនេះ។
តើអ្នកតាក្រហមក ពិតជាអាចដោះស្រាយទុក្ខភ័យអ្នកភូមិបានទេ ខណៈអ្នកភូមិមួយចំនួនមិនទាន់យល់ព្រមចាកចេញពីភូមិកំណើត និងទទួលយកគោលនយោបាយសំណង?
តាមការគ្រោងទុក ភូមិចំនួន៧ ក្នុងឃុំចំនួន៤ ក្នុងស្រុកសេសាន នឹងក្លាយជាអាងស្តុកទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោម២។ ដោយឡែកទីទួលខ្ទមអ្នកតាក្រហមក ក៏នឹងត្រូវលិចទៅក្នុងទឹកអាងដូចគ្នា។ គ្មានអ្នកភូមិណាម្នាក់ដឹងពីជោគវាសនារបស់បារមីអ្នកតាក្រហមក និងជោគវាសនារបស់អ្នកភូមិទៅជាយ៉ាងណាទេ នៅពេលខាងមុខដ៏ខ្លីនេះ សូម្បីរូបស្នងបារមីអ្នកតាក្រហមក ក៏មិនបានប្រាប់ថា តើអ្នកតាក្រហមក នឹងជម្លៀសទៅតំបន់ណាផ្សេងទៀត ដើម្បីបន្តជួយដោះស្រាយបញ្ហា និងតាមថែរក្សាអ្នកភូមិទៅថ្ងៃអនាគត ឬយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។