ក្រុម​អភិរក្ស​ភ្លេង​បុរាណ​ខ្មែរ​ព្រួយ​បារម្ភ​ខ្លាច​សិល្បៈ​ប្រពៃណី​ខ្មែរ​បាត់​បង់

0:00 / 0:00

របាំ​រាំ​បែប​ប្រពៃណី​ខ្មែរ កាន់​តែ​បាត់​បង់​បន្តិច​ម្តងៗ ដោយសារ​វប្បធម៌​បរទេស​ហូរ​ចូល​ផង ដោយ​ខ្វះ​ការ​ណែនាំ ឬ​បណ្តុះបណ្តាល​ពី​សំណាក់​មនុស្ស​ជំនាន់​មុន​ផង។ បញ្ហា​នេះ ធ្វើ​ឲ្យ​ក្រុម​អ្នក​អភិរក្ស ព្រួយ​បារម្ភ​ចំពោះ​វាសនា​វប្បធម៌​របាំ​ខ្មែរ។

ទន្ទឹម​គ្នា​នេះ ពួក​គាត់​ចង់​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​គ្រប់​ស្ថាប័ន​ទាំងអស់ និង​ជួយ​ផ្គត់ផ្គង់​ដល់​អ្នក​ដែល​មាន​ឆន្ទៈ​ជួយ​អភិរក្ស​ទាំង​នោះ។

«សំឡេង​ភ្លេង»

សំឡេង​ភ្លេង​ដែល​មាន​សម្ដែង​ការ​រាំ​របាំ​ប្រពៃណី​ខ្មែរ និង​ចង្វាក់​រាំ​មួយ​ចំនួន​តាម​របៀប​ខ្មែរ របស់​កុមារី​កុមារា​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​មួយ គឺ​ភូមិ​កំពង់សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម។ ការ​រាំ​របាំ​ក្រោម​ការ​រៀបចំ​ដោយ​សមាគមន៍​ថែ​រក្សា​ភ្លេង​បុរាណ​ខ្មែរ គឺ​ក្នុង​គោល​បំណង​ដើម្បី​ស្ដារ និង​បណ្ដុះ​ក្មេង​ជំនាន់​ក្រោយ ឱ្យ​យល់​ដឹង​ពី​របៀប​រាំ និង​សម្ដែង​តាម​របៀប​ខ្មែរ។

អ្នក​រៀបចំ​កម្មវិធី​នៃ​សមាគម​រក្សា​ភ្លេង​បុរាណ​ខ្មែរ លោក ប៊ិន គន្ធី មាន​ប្រសាសន៍​ថា តាម​ការ​សង្កេត​មើល​របស់​លោក​កន្លង​មក វប្បធម៌​នៃ​ការ​រាំ​ច្រៀង​បែប​ខ្មែរ ពិសេស​ការ​រាំ​របាំ​ផ្សេងៗ គឺ​ត្រូវ​បាន​បាត់​បង់​មួយ​ភាគ​ធំ​ទៅ​ហើយ ពិសេស​នៅ​តាម​ជនបទ។ លោក​បន្ត​ថា ការ​បាត់​បង់​ទាំង​នោះ មិន​មែន​ដោយសារ​តែ​ក្មេង​ជំនាន់​ក្រោយ​មិន​ចង់​ហាត់​រៀន ឬ​ចង់​បំភ្លេច​របៀប​រាំ ឬ​របាំ​ទាំង​នោះ​ឡើយ ក៏ប៉ុន្តែ​ដោយសារ​តែ​ពួក​គាត់​មិន​មាន​អ្នក​បង្ហាត់​បង្រៀន​ឱ្យ​បាន​គ្រប់គ្រាន់ មិន​មាន​ឱកាស ពិសេស គឺ​ខ្វះ​ការ​លើក​ទឹក​ចិត្ត​ពី​មជ្ឈដ្ឋាន​ជុំវិញ​ពួក​គាត់។ លោក​បន្ថែម​ថា សមាគមន៍​របស់​លោក​បាន​ចុះ​តាម​មូលដ្ឋាន​នៃ​ភូមិ​ស្រុក​ជាច្រើន ដើម្បី​បង្ហាត់​បង្រៀន និង​ណែនាំ​ពី​តម្លៃ​នៃ​របាំ​ខ្មែរ ទៅ​ដល់​សាធារណជន​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា ចំពោះ​ផល​វិបាក​វិញ គឺ​មាន​ទាំង​មធ្យោបាយ​ដឹក​ជញ្ជូន សម្ភារៈ​សម្ដែង ពិសេស គឺ​រឿង​ថវិកា​តែ​ម្តង ពីព្រោះ​ការ​ចុះ​តាម​មូលដ្ឋាន​កន្លង​មក គឺ​ពឹង​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ជា​អ្នក​សប្បុរស ដែល​មាន​ឆន្ទៈ​ស្រឡាញ់​វប្បធម៌​ខ្មែរ ហើយ​មួយ​ផ្នែក​ទៀត គឺ​ទី​វត្ត​អារាម​ដែល​ផ្តល់​ជា​កន្លែង​ស្នាក់នៅ ម្ហូប​អាហារ និង​ទឹក​ភ្លើង ជាដើម៖ «ឥឡូវ​នេះ គឺ​ថា​នៅ​សល់​តែ​ឃើញ​តែ​នៅ​ក្នុង​ទូរទស្សន៍​រាំ​បាច​ផ្កា​បាច​អី​បួន​ប្រាំ​នាក់​ហ្នឹង ចុះ​អា​កៅសិប ប៉ែតសិប​ភាគ​រយ​ផ្សេង​ទៀត​នៅ​តាម​ជនបទ​ទទេ អត់​តា​ហ្មង។ អ៊ីចឹង មើល​ក្មេង​មិន​មែន​គ្នា​ចង់​បោះ​បង់​ចោល​ទេ គ្នា​ចង់​តែ​ចង់​រក​ច្រក​ចេញ​ដែរ​ហ្នឹង។ ឥឡូវ​បាន​ជា​ថា សូម​ឱ្យ​បង​ប្អូន​ដែល​នៅ​ឯ​នាយ​សមុទ្រ​ម្តង​ទៀត​ណា អូន​សុំ​ជួយ​វប្បធម៌​ខ្មែរ​យើង​ឡើង​វិញ​ណា​អូន​ណា៎ តែ​ប៉ុណ្ណឹង​ទេ»

ឆាក​រាំ​ធ្វើ​ឡើង​ពី​ឈើ ដែល​អ្នក​ស្រុក​អ្នក​ភូមិ​ឧបត្ថម្ភ ធ្វើ​ឡើង​ជា​ធ្នាក់ៗ មេក្រូ​របស់​វត្ត​ដាក់​នៅ​អម​សង​ខាង​ឆាក ដែល​មាន​រូប​ប្រាសាទ​អង្គរវត្ត​កំពូល​ប្រាំ តំណាង​ឱ្យ​ព្រលឹង​ជាតិ​ខ្មែរ​នៅ​ពី​ក្រោយ ដែល​មាន​អ្នក​រាំ​នៅ​មុខ​ប្រមាណ​ជា ១០០​នាក់ ផាត់​ក្រេម​ម្សៅ​យ៉ាង​ស្រស់​ស្អាត។ ចំណែក​ឯ​សម្លៀកបំពាក់​របស់​អ្នក​រាំ ឬ​អ្នក​សម្ដែង មាន​សំពត់​ហូល​ចម្រុះ​ពណ៌ អាវ​ពណ៌​ស ឬ​អាវ​ប៉ាក់ ដែល​មាន​ខ្លះ​ពាក់​មកុដ​នៅ​លើ​ក្បាល អម​ដោយ​ចង្វាក់​ភ្លេង​គួរ​ឱ្យ​ចង់​រាំ។

កុមារី​ម្នាក់​ជា​កូន​អ្នក​ភូមិ​កំពង់សំណាញ់ កុមារី អោក ស្រីគា រៀន​ថ្នាក់​ទី​៧ បាន​រៀប​រាប់​ទាំង​ចិត្ត​សប្បាយ​រីករាយ​ថា ស្រីគា ស្រឡាញ់​សិល្បៈ​ខ្មែរ​ណាស់ ហើយ​តែង​ស្រមៃ​ថា ខ្លួន​នឹង​បាន​រាំ ព្រម​ទាំង​សម្ដែង​របាំ​ប្រពៃណី​ខ្មែរ​នៅ​ថ្ងៃ​ណា​មួយ ប៉ុន្តែ​ការ​ស្រមៃ ត្រូវ​ខកខាន​ដោយសារ​កន្លង​មក មិន​មាន​គ្រូ​បង្ហាត់ និង​មិន​មាន​អ្នក​ណែនាំ​ផង​នោះ៖ «ខ្ញុំ​គិត​ថា សិល្បៈ​ខ្មែរ​យើង គឺ​ជា​សិល្បៈ​ដ៏​ល្អ​សម្រាប់​នាង​ខ្ញុំ ហើយ​នាង​ខ្ញុំ​ស្រឡាញ់​សិល្បៈ​នេះ​យ៉ាង​ខ្លាំង។ ពី​ដំបូង នាង​ខ្ញុំ​ស្រមៃ​ចង់​រាំ​សិល្បៈ​អ៊ីចឹង ប៉ុន្តែ​នាង​ខ្ញុំ​មិន​មាន​គ្រូ​បង្ហាត់​គ្រូបង្រៀន។ ហើយ​ពេល​នេះ ទើប​មាន​ឱកាស​ល្អ​មាន​អ្នកគ្រូ​មក​បង្ហាត់​នាង​ខ្ញុំ ធ្វើ​ឱ្យ​នាង​ខ្ញុំ​ចង់​ហាត់​សិល្បៈ​នេះ​យ៉ាង​ខ្លាំង ពីព្រោះ​សិល្បៈ​ជា​សិល្បៈ​ខ្មែរ​បុរាណ​ជា​យូរ​មក​ហើយ ក្មេងៗ​សម័យ​ឥឡូវ ជំទង់​ដូច​នាង​ខ្ញុំ​អ៊ីចឹង តែង​ទៅ​រាំ​ដូច​ជា​ក្បាច់​ស្ទាវ​សម័យ​ថ្មី»

កុមារី​ដដែល ចង់​ឱ្យ​មាន​កន្លែង​បង្ហាត់​រាំ ឬ​សម្ដែង​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​សិល្បៈ​ខ្មែរ ដល់​ក្មេង​ជំនាន់​ក្រោយ​ត​ទៅ​ទៀត ដើម្បី​ទាញ​ទឹក​ចិត្ត​កូន​ខ្មែរ ឱ្យ​ស្រឡាញ់ និង​ដើម្បី​រួម​ចំណែក​ក្នុង​ការ​ថែ​រក្សា​វប្បធម៌​ខ្មែរ​ឱ្យ​បាន​យូរ​អង្វែង​ទៅ​មុខ។

គ្រូ​បង្ហាត់​រាំ និង​សម្ដែង​របាំ​នៃ​សមាគម​រក្សា​ភ្លេង​បុរាណ​ខ្មែរ អ្នកស្រី តាំង ស្រីអូន មាន​ប្រសាសន៍​ថា តាម​ការ​បង្ហាត់​បង្រៀន​របស់​អ្នកស្រី​កន្លង​មក គឺ​មាន​កូន​សិស្ស​ជាច្រើន​ពាន់​នាក់​មក​ហើយ ហើយ​របាំ​ទាំង​នោះ​មាន​ដូច​ជា របាំ​រាំ​បាច​ផ្កា របាំ​គោះ​ត្រឡោក រាំ​ចង្វាក់​បុរាណ​ខ្មែរ មាន​រាំ​វង់ រាំ​ក្បាច់ ជាដើម។ អ្នកស្រី​បន្ត​ថា ការ​បង្ហាត់​កន្លង​មក គឺ​មាន​ការ​ពិបាក​ច្រើន ដោយសារ​គ្រូ​បង្ហាត់​ក្នុង​សមាគម​មាន​តិច សិស្ស​ចង់​ហាត់​រាំ​មាន​ច្រើន និង​ម្យ៉ាង ការ​បង្ហាត់​របស់​អ្នកស្រី​គ្មាន​ប្រាក់​ខែ ឬ​ចំណូល​ណា​មួយ​ឡើយ ក្រៅ​ពី​ការ​ឧបត្ថម្ភ​ដ៏​តិចតួច​ពី​ប្រជាពលរដ្ឋ សម្រាប់​ការ​ហូប​ចុក និង​ទិញ​សម្លៀកបំពាក់​សម្ដែង​ខ្លះ​ប៉ុណ្ណោះ។

អ្នកស្រី តាំង ស្រីអូន៖ «បង្វឹក​ដល់​ប្អូនៗ​នេះ គឺ​មុន​ដំបូង​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ណាស់ ពីព្រោះ​នាង​ខ្ញុំ​បុគ្គលិក​តិច​ពេក ហើយ​គ្រូ​បង្វឹក​មាន​តែ​ម្នាក់ ដូច​ថា​អ៊ីចឹង រាំ​ខ្លួន​ឯង​ផង មើល​ការ​ខុស​ត្រូវ​ដល់​ប្អូនៗ​ផង ពីព្រោះ​ប្អូនៗ​មុន​ដំបូង​ចង្វាក់​ប្រពៃណី​ខ្មែរ​របស់​យើង ស្ទើរ​តែ​បាត់​ទាំងអស់​ចា៎ ពីព្រោះ​ប្អូនៗ​លែង​ចេះ​នូវ​វប្បធម៌​ខ្មែរ។ ដូច​នេះ ពេល​នេះ នាង​ខ្ញុំ​ជា​បុគ្គលិក​នៃ​សមាគម​ថែ​រក្សា​ភ្លេង​បុរាណ​ខ្មែរ គឺ​មាន​គោល​បំណង​ចង់​ឱ្យ​ប្អូនៗ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ក្នុង​ប្រទេស​ខ្មែរ​យើង​នេះ គឺ​ឱ្យ​ចេះ​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ​យើង​នេះ​ចា៎»

អ្នកស្រី​បន្ថែម​ថា ការ​ខិតខំ​ពេល​នេះ គឺ​ផុស​ចេញ​ពី​ឆន្ទៈ​សុទ្ធសាធ ដោយ​ការ​ភ័យ​ខ្លាច​បាត់​បង់​វប្បធម៌ ឬ​សិល្បៈ​ខ្មែរ។ លើស​ពី​នេះ​ទៀត អ្នកស្រី​មាន​អារម្មណ៍​តូច​ចិត្ត​ខ្លួន​ឯង នៅ​ពេល​បង្ហាត់​បង្រៀន​សិស្ស​ខ្លួន​ចេះ​ដឹង​ហើយ ប៉ុន្តែ​មិន​អាច​បញ្ជូន​ពួក​គាត់​ទាំង​នោះ​ទៅ​ប្រឡង ឬ​ប្រកួត​ប្រជែង​នឹង​គេ​នៅ​ទីណា​បាន​ឡើយ ពីព្រោះ​តែ​មិន​មាន​ថវិកា៖ «សុំ​មេត្តា​ជួយ​ដល់​សមាគម​រក្សា​ភ្លេង​បុរាណ​ខ្មែរ ហៅ​ថា​សិល្បៈ​កុលបុត្រ​មហា​នគរ​នេះ សុំ​ឱ្យ​អ្នកគ្រូៗ​ហ្នឹង​មាន​ប្រាក់​ខែ​ចាយ​ផង ហើយ​និង​សុំ​ឱ្យ​ជួយ​ជា​សម្ភារៈ​ឡាន​អី ដឹក​ឆាក​ទៅ​វិញ​ទៅ​មក​ចា៎ ម៉ូតូ​អី​សម្រាប់​ជិះ​រត់​ការ​ពេល​យប់​ពេល​ថ្ងៃ គឺ​ថា​មាន​ការ​លំបាក​ខ្លាំង។ សុំ​អំពាវនាវ​ដល់​សប្បុរស​ជន សុំ​មេត្តា​ជួយ​ដល់​សមាគម​នេះ​ផង ដើម្បី​ឱ្យ​ក្រុម​ការងារ​នាង​ខ្ញុំ​នេះ បុគ្គលិក​នាង​ខ្ញុំ​នេះ​មាន​ឱកាស​ដើរ​បង្ហាត់​ប្អូនៗ​ខ្មែរ​របស់​យើង​នេះ​គ្រប់​ទីកន្លែង»

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ជុច ភឿន មាន​ប្រសាសន៍​ថា លោក​សប្បាយ​ចិត្ត និង​សុំ​សរសើរ​ចំពោះ​អ្នក​មាន​ឆន្ទៈ​ថែ​រក្សា​ប្រពៃណី​វប្បធម៌​ខ្មែរ ហើយ​ខាង​ក្រសួង ក៏​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ជុំវិញ​ការ​ថែ​រក្សា​របាំ​ខ្មែរ​នេះ​ដែរ។ លោក​បន្ត​ថា ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ ដែល​កញ្ចប់​ថវិកា​របស់​ក្រសួង​មាន​កម្រិត ប៉ុន្តែ​ខាង​ក្រសួង​លើក​ទឹក​ចិត្ត​ឱ្យ​អង្គការ ឬ​សមាគម​លើ​វិស័យ​នេះ បង្កើត​ជា​មូលនិធិ ដើម្បី​ស្វែងរក​ថវិកា​ទៅ​តាម​ភាព​វ័យ​ឆ្លាត​របស់​ខ្លួន​បាន៖ «ធនធាន​មនុស្ស​ដែល​គាត់​មាន​ឆន្ទៈ​អ៊ីចឹង គឺ​ល្អ ប៉ុន្តែ​កញ្ចប់​ថវិកា​ដែល​នឹង​ធ្វើ ដូច​លោក​មាន​ប្រសាសន៍​មិញ គឺ​នៅ​ស្តួចស្តើង​ណាស់។ យើង​ធ្វើ​មិន​បាន​ទេ ដោយសារ​អី? ដោយសារ​ទី​មួយ តែ​សិល្បៈ​យើង វប្បធម៌​យើង វា​មាន​ភាព​សម្បូរ​បែប​ពេក​អ៊ីចឹង​ទៅ»

លោក​បន្ថែម​ថា រដ្ឋាភិបាល​ក៏​មាន​គោល​នយោបាយ​របស់​ខ្លួន ដើម្បី​ព្យាយាម​អូស​ទាញ​ទឹក​ចិត្ត​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ចាប់​អារម្មណ៍​របាំ ឬ​ការ​សម្ដែង​បែប​ខ្មែរ ប៉ុន្តែ​ពិបាក​ត្រង់​ថា ក្មេង​សម័យ​ថ្មី​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ឡើយ។ ក្រៅ​ពី​នេះ​ទៀត ខាង​ក្រសួង​នឹង​មាន​ការ​អញ្ជើញ​លោកគ្រូ​អ្នកគ្រូ ដែល​ជា​ធនធាន​មនុស្ស​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នោះ មក​ចូលរួម​ការ​បណ្តុះបណ្តាល​បន្ថែម​ទៀត ដើម្បី​ឱ្យ​មាន​ការ​សម្ដែង​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។