មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ត្រីរាជការ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី២៦ មីនា ធ្វើពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដីនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ សាងសង់អគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី។
មន្ត្រីនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា មានប្រសាសន៍ថា ពិធីបួងសួងនេះ គឺជាពិធីក្រុងពាលីតាមទម្លាប់ដែលតែងតែធ្វើមុនចាប់ផ្ដើមការសាងសង់អគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៖ « សុំម្ចាស់ទឹកម្ចាស់ដីអី សែនព្រេនអ៊ីចឹង ដើម្បីសុំដីសុំទីកន្លែងតាមទំនៀមទម្លាប់ប្រពៃណីរបស់យើង ។ ក្រោយពិធី បញ្ចុះបឋមសិលា ហើយ បានយើង ចាប់ផ្ដើម សាងសង់។ ជាទម្លាប់ គឺយើងត្រូវធ្វើពិធីបញ្ចុះបឋមសិលាមួយទៀត »។
ការចាប់ផ្ដើមធ្វើពិធីនេះ គឺក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ មីនា ហើយសម្រេចជ្រើសរើសតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ សម្រាប់ការសាងសង់លើផ្ទៃដីចំនួន ៣ហិកតារ ដែលគ្រោងចំណាយថវិកាប្រមាណ ១២លានដុល្លារសហរដ្ឋអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងទិវាវប្បធម៌ជាតិលើកទី១៩ នៅថ្ងៃទី៣ មីនា ថា គម្រោងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី នឹងត្រូវធ្វើឲ្យបានឆាប់ក្នុងអំឡុងពេល ៣ឆ្នាំទៅមុខ ដើម្បីបណ្ដុះធនធានមនុស្ស ពង្រីកគុណភាពអប់រំផ្នែកវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ឲ្យបានកាន់តែល្អប្រសើរថែមទៀត៖ « ខ្ញុំ សង្ឃឹមថា ខ្ញុំ បានផ្ដល់ មតិឥឡូវ សំខាន់គឺ ការរៀបចំ ធ្វើយ៉ាងណាដើម្បីដំណើរការ ទឹកប្រាក់ ១២លានដុល្លារអាមេរិកនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងអាចមួយជំហានម្ដងៗ ដើម្បីរុញគម្រោងនេះឲ្យវាទៅមុខ។ ខ្ញុំគិតថាមិត្តភ័ក្ដិបរទេសមួយចំនួនអាចនឹងមានចំណែកក្នុងការកសាង។ ខ្ញុំអាចទទួលបន្ទុកលើបញ្ហានេះ ដើរសុំមិត្តភ័ក្ដិបរទេស អគ្គរដ្ឋទូតបារាំង នៅទីនេះ ស្រាប់ហើយ។ យើងខ្ញុំនឹងធ្វើសាកលវិទ្យាល័យមួយឲ្យស្អាតនៅក្នុងដំណាក់កាលនេះ »។
លោក ថៃ នរៈសត្យា បញ្ជាក់បន្ថែមថា នៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី ដែលនឹងត្រូវសាងសង់នេះ គឺមានសាលាច្រើនអគារ ហើយក៏នឹងមានសាលមហោស្រពតាមលក្ខណៈអន្តរជាតិមួយដែរ។ ទាក់ទងនឹងទីតាំងដើមជាប់សារមន្ទីរជាតិនៅជិតវាំង លោកថ្លែងថា ក្រសួងនឹងប្រើសម្រាប់ពង្រីកទំហំសារមន្ទីរជាតិឲ្យបានទូលាយជាងមុន៖ « ព្រោះសារមន្ទីររបស់យើងឥឡូវនៅ តូចណាស់ បើប្រៀបធៀប ទៅនឹង សមុច្ច័យ ដែលមាន ហើយ កេរ្តិ៍ឈ្មោះ ដែលគេ ហៅថា ព្រះរាជាណាចក្រនៃវប្បធម៌ សារមន្ទីរយើង គ្រាន់តែ ដើរមួយខ្វិលវាផុត បាត់ទៅហើយ ។ អ៊ីចឹងយើងចេះតែមានការនឹកឃើញថាចង់ពង្រីកឲ្យវាស័ក្ដិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិដែរ ហើយម្យ៉ាង សាកល វិទ្យាល័យរបស់យើងហ្នឹងក៏វាតូច វាចង្អៀត ដែលមាន សាខារហូត ទៅដល់ ៥មហាវិទ្យាល័យឯណោះ។ យើង មានការ ពិបាកតឹងតែង ចង្អៀតចង្អល់ ។ វា មិនមាន គ្រប់លក្ខណៈសម្បត្តិ ។ អ៊ីចឹងយើងចង់ឲ្យវាមានគ្រប់ លក្ខណៈសម្បត្តិ ទាំងសងខាង »។
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្នមានបណ្ដុះបណ្ដាលផ្នែកចម្លាក់ បុរាណវិទ្យា ស្ថាបត្យកម្ម តុបតែងលំអ របាំ សៀក ភ្លេង ល្ខោន និងនគរូបនីយវិទ្យា ជាដើម។ សាកលវិទ្យាល័យនេះត្រូវបានសង់ឡើងក្នុងឆ្នាំ១៩១៨ ដែលមានឈ្មោះដើមថា សាលាភូមិន្ទសិល្បៈ។ នៅឆ្នាំ១៩៦៥ សាលានេះត្រូវបានប្ដូរឈ្មោះទៅជាសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។