មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ នឹងចូលមកដល់នៅថ្ងៃទី១៣ មេសា ខាងមុខ។ នៅក្នុងឱកាសឆ្នាំថ្មីនេះ អ្នកជំនាញខាងវិជ្ជាហោរាសាស្ត្រ បានទស្សន៍ទាយថា បុគ្គលកើតឆ្នាំវក ដែលជាន់នឹងមហាសង្ក្រាន្តថ្មី នឹងជួបប្រទះនូវបញ្ហាមួយចំនួន ដែលទាមទារឲ្យពួកគេមានការប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងសកម្មភាពប្រចាំថ្ងៃ។
សៀវភៅមហាសង្ក្រាន្តរបស់អ្នកនិពន្ធ អ៊ឹម បុរិន្ទ កត់ត្រាថា មនុស្សកើតឆ្នាំវក មានពង្សជាយក្សប្រុសនាមជាសត្វស្វា ធាតុដែក។ មនុស្សកើតឆ្នាំនេះ រមែងជាមនុស្សមាននិស្ស័យរពឹសនៅមិនស្ងៀមទទីសទទាសរហូត សម្ដីនិយាយញាប់ឆ្មេរ និងមិនសូវពីរោះពិសា។ ទោះជាយ៉ាងណា មនុស្សកើតឆ្នាំវក នេះ រមែងចូលចិត្តសិក្សាស្វែងរកចំណេះដឹងមកទុកនៅក្នុងខ្លួន យកចិត្តទុកដាក់នឹងព្រឹត្តិការណ៍ទូទៅ មិនថានៅជិត ឬនៅឆ្ងាយ មានបុណ្យ និងវាសនាខ្ពង់ខ្ពស់ ព្រមទាំងមានអំណាចឥទ្ធិពលជាទីគោរពរាប់អាននៃញាតិមិត្តទាំងឡាយ។
ក្រៅពីនេះ បុគ្គលកើតឆ្នាំវក ជាមនុស្សដែលមានទំនោរទៅរកផ្លូវកាមារម្មណ៍ច្រើន។ ហេតុដូចនេះ គូស្រករដែលអាចយកបុគ្គលកើតឆ្នាំវក បាន ទាល់តែអាចបំពេញនូវសេចក្តីត្រូវការនេះឲ្យបានពេញចិត្ត បើពុំដូច្នេះទេ អាចនឹងមានការផិតក្បត់ ឬអាចឈានទៅដល់ការលែងលះគ្នាក៏មាន។
អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជានាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា អ្នកកើតឆ្នាំវក មាននិស្ស័យទៅរកការធ្វើជំនួញ ច្រើនជាងការប្រកបការងាររាជការ៖ « ឲ្យចម្រើនរុងរឿង ឬក៏លូតលាស់បានល្អ គឺធ្វើជំនួញជួញប្រែ។ ធ្វើជាអ្នកជំនួញ នឹងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ បើធ្វើរាជការ មិនសូវល្អប៉ុន្មានទេ មនុស្សកើតឆ្នាំវក »។
បើទុកជាអ្នកកើតឆ្នាំវក អាចនឹងកាក់កបក្នុងរបររកស៊ីជួញដូរក៏ដោយ ក៏ពួកគេគប្បីប្រុងប្រយ័ត្នចំពោះកិច្ចការសព្វបែបយ៉ាង ដ្បិតតាមការទស្សន៍ទាយ រាសីរបស់ពួកគេនឹងត្រូវស្រុតចុះខ្លាំងក្នុងឱកាសឆ្នាំថ្មីនេះ។
អ្នកជំនាញខាងវិជ្ជាហោរាសាស្ត្រ លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា មូលហេតុនៃការស្រុតចុះរាសីនេះ គឺដោយសារអ្នកកើតឆ្នាំវក ជាន់ឆ្នាំ ឬឆុងឆ្នាំនឹងមហាសង្ក្រាន្តថ្មីដែលជាឆ្នាំវក ដូចគ្នា៖ « កិច្ចការងារផ្សេងៗនៅក្នុងដំណើរការ ច្រើនតែមានការរាំងស្ទះ ច្រើនតែមានមនុស្សច្រណែននិន្ទាឈ្នានីស។ ទាក់ទងនឹងជំនួញជួញដូរ ក៏អាចធ្វើឲ្យមានការរាំងស្ទះមួយចំនួនដែរ ហើយចំពោះបញ្ហាអារម្មណ៍វិញ គាត់ច្រើនមានការស្មុគស្មាញ ច្រើនមានការមួម៉ៅក្តៅក្រហាយ ឈឺថ្កាត់ បញ្ហាឧបទ្ទវហេតុផ្សេងៗកើតឡើង ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលយើងត្រូវប្រុងប្រយ័ត្ន ពីព្រោះថាឆ្នាំនេះរាសីដាក់។ សូម្បីតែសម្ព័ន្ធភាពរវាងប្ដីប្រពន្ធ ក៏ដំណើរការទៅមិនសូវល្អដែរសម្រាប់ឆ្នាំវក ក្នុងឆ្នាំថ្មីនេះ »។
ក្រៅពីឆ្នាំវក មានឆ្នាំមួយចំនួនទៀត ក៏ធ្លាក់ចុះរាសីខ្លាំងដែរ នោះគឺឆ្នាំខាល ឆ្នាំម្សាញ់ និងឆ្នាំកុរ។
អ្នកស្រាវជ្រាវខាងវិជ្ជាហោរាសាស្ត្រ លោក អ៊ឹម បុរិន្ទ ផ្តល់ដំបូន្មានមួយចំនួនដល់អស់លោកអ្នកដែលកើតឆ្នាំខាល ឆ្នាំម្សាញ់ ឆ្នាំវក និងឆ្នាំកុរ៖ « ត្រូវតែប្រយ័ត្នបំផុតហើយ ព្រោះថាគ្រោះថ្នាក់អាចនឹងកើតមានទាក់ទងនឹងបញ្ហាចរាចរណ៍ បញ្ហាជំងឺតម្កាត់ មុខរបររកស៊ី។ អ៊ីចឹងឆ្នាំហ្នឹង យើងអាចថាបន្ធូរបន្ថយនៅក្នុងការបណ្ដាក់ទុន។ បើសិនជាយើងអាចបន្ថយ ត្រូវតែបន្ថយហើយនៅក្នុងឆ្នាំនេះ យើងមិនអាចបន្ថែមទុនបានទេ »។
ទោះបីជាបែបនេះក្តី មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំវក នេះ ក៏ផ្តល់ជោគជតារាសីខ្ពស់សម្រាប់បុគ្គលកើតក្នុងឆ្នាំមួយចំនួនដែរ។ លោក អ៊ឹម បុរិន្ទ ទស្សន៍ទាយថា អស់លោកអ្នកដែលកើតឆ្នាំជូត ឆ្នាំរោង ឆ្នាំច ឆ្នាំថោះ និងឆ្នាំរកា នឹងមានរាសីឡើងខ្ពស់ ប្រកបកិច្ចការងារអ្វីច្រើនសមដូចបំណង។ រីឯអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ឆ្នាំមមី និងឆ្នាំមមែ នឹងមានរាសីល្អមធ្យម។
ដើម្បីបញ្ចៀសបញ្ហាផ្សេងៗដែលអាចនឹងកើតឡើងចំពោះអ្នកមានរាសីស្រុតចុះ លោក អ៊ឹម បុរិន្ទ ណែនាំឲ្យអស់លោកអ្នកធ្វើពិធីកាត់គ្រោះ ឬក៏ទិញរបស់របរមួយចំនួនដាក់ក្នុងគេហដ្ឋានតាមក្បួនតម្រាចិន៖ « ឆ្នាំវក យើងអាចទិញរូបនាគចិន ដែលមានជើង យកមកដាក់តាំងនៅលើក្បាលដំណេក បែរក្បាលទៅទិសខាងកើត។ ចំពោះឆ្នាំខាល យើងអាចទៅរកទិញរូបសេះ យកមកដាក់នៅក្បាលដំណេក ឬក៏ដាក់នៅទីណាសមគួរ ហើយបែរក្បាលសេះ ទៅទិសខាងលិច។ បន្ទាប់មកទៀត ឆ្នាំម្សាញ់ យើងអាចទិញរូបទេវតាចិន បីអង្គ មានលោកតាសក ឡក ស៊ីវ យកមកដាក់តាំងនៅទីដ៏សមគួរក្នុងផ្ទះយើង ដោយបែរមុខពួកគាត់ទៅទិសខាងលិចដែរ។ ឆ្នាំមួយទៀតដែលឆុងដែរនោះ គឺឆ្នាំកុរ។ យើងអាចទៅទិញរូបចម្លាក់ដុំមាសរបស់ចិន មួយគូ យកមកដាក់តាំងនៅទីដ៏សមគួរនៅក្នុងផ្ទះ។ ដុំមាសនោះមានសរសេរអក្សរ។ ដូច្នេះយើងបែរអក្សរនោះទៅទិសខាងលិច »។
សំខាន់ជាងនេះទៅទៀត អ្នកស្រាវជ្រាវខាងវិជ្ជាហោរាសាស្ត្រ លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា ទេពធីតារក្សាលោកក្នុងឆ្នាំថ្មី គឺព្រះនាង មណ្ឌាទេវី នឹងប្រសិទ្ធិពរជ័យសព្វសាធុការដល់អស់លោកអ្នកទាំងឡាយណា ដែលប្រកាន់ខ្ជាប់នូវសីលប្រាំ ឬនិច្ចសីល ដែលរួមមាន ការមិនបៀតបៀនជីវិតសត្វទាំងឡាយ មិនលួច ឬកេងប្រវ័ញ្ចទ្រព្យសម្បតិ្តអ្នកដទៃ មិនប្រព្រឹត្តខុសក្នុងផ្លូវកាមទាំងពួង មិនពោលពាក្យភូតភរកុហក និងមិនសេពគ្រឿងស្រវឹង ឬគ្រឿងញៀនទាំងឡាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។