អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ស៊ីដនី (Sydney) របស់ប្រទេសអូស្ត្រាលី (Australia) បាននាំយករូបភាព ព្រមទាំងភស្តុតាងមួយចំនួននៃទីក្រុងបុរាណកប់ក្រោមដីរបស់ខ្មែរ ទៅធ្វើបទបង្ហាញនៅទីក្រុងឡុងដ៍ (London) នៃប្រទេសអង់គ្លេស នៅថ្ងៃច័ន្ទ ទី១៣ ខែមិថុនា នេះ។
ទីក្រុងបុរាណក្នុងព្រៃនៅលើខ្នងភ្នំគូលែន នាស្រុកស្វាយលើ ខេត្តសៀមរាប ដែលបាត់បង់ជាង ១ពាន់ឆ្នាំទៅហើយនោះ ត្រូវបានអ្នកស្រាវជ្រាវបង្ហាញថា វាធំជាងទីក្រុងភ្នំពេញសព្វថ្ងៃទៅទៀត។
អាជ្ញាធររដ្ឋាភិបាល និងក្រុមអ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យារបស់កម្ពុជា បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះទីក្រុងបុរាណដែលមានអាយុជាង ១ពាន់ឆ្នាំ កប់បាត់នៅក្នុងដី ប៉ុន្តែត្រូវបានគេរកឃើញ ហើយធ្វើឲ្យប្រទេសជាច្រើនលើពិភពលោកកំពុងភ្ញាក់ផ្អើលនោះ។
មោទនភាពនេះ បានកើតឡើងនៅស្របពេលដែលអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ ស៊ីដនី នៃប្រទេសអូស្ត្រាលី បាននាំយករូបភាព និងផែនទីមួយចំនួនរបស់ទីក្រុងបុរាណមហិន្ទ្របព៌ត នៅលើខ្នងភ្នំគូលែន ដែលកប់បាត់ក្រោមដីជាង ១ពាន់ឆ្នាំមកហើយ ទៅធ្វើបទបង្ហាញនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស នៅថ្ងៃទី១៣ ខែមិថុនា។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា គឺលោក ឡុង កុសល។ លោកមានប្រសាសន៍ថា ចាប់តាំងតែពីឆ្នាំ២០១២ មក អាជ្ញាធរអប្សរាបានសហការជាមួយសាកលវិទ្យាល័យ ស៊ីដនី និងសាលាបារាំងចុងបូព៌ា ដើម្បីប្រើប្រាស់បច្ចេកវិទ្យាទំនើបតាមប្រព័ន្ធឡៃដា (LiDA) ពីលើអាកាសដើម្បីស្រាវជ្រាវរកទីតាំងបុរាណនានានៅបរិវេណអង្គរ និងភ្នំគូលែន។ ក្នុងពេលនោះ ប្រព័ន្ធឡៃដា បានស្កេន (Scan) រូបភាពញែកស្លឹកឈើ ហើយបានប្រទះឃើញទីក្រុងបុរាណដែលកប់បាត់ជាង ១ពាន់ឆ្នាំមកហើយនៅលើខ្នងភ្នំគូលែន។ លោក ឡុង កុសល បញ្ជាក់ថា ក្នុងកិច្ចសហប្រតិបត្តិការស្រាវជ្រាវបច្ចេកវិទ្យាឡៃដា ជាមួយបរទេសរកឃើញរាជធានីបុរាណលើខ្នងភ្នំគូលែន នោះ គឺអាជ្ញាធរអប្សរាមានមោទនភាពបំផុត៖ « យើងមានមោទនភាពដោយសារយើងបានរួមចំណែកក្នុងការបង្កើតចំណេះដឹងថ្មីៗ ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រនៃអាណាចក្របុរាណ ព្រមទាំង ប្រវត្តិសាស្ត្រយើង »។
លោកបណ្ឌិត ដេមៀន អ៊ីវេនស៍ (Damian Evans) អ្នកស្រាវជ្រាវអូស្ត្រាលី បានបញ្ជាក់ថា ទីក្រុងបុរាណឈ្មោះ មហិន្ទ្របព៌ត នៅលើភ្នំគូលែន នាអំឡុងសតវត្សទី៩ នៃគ្រិស្តសករាជនោះ គឺវាមានទំហំប្រហែល ១.០០០គីឡូម៉ែត្រក្រឡា។ វាអាចជាទីក្រុងធំជាងគេនៅលើពិភពលោកក្នុងសម័យបុរាណ។
កាលពីឆ្នាំ២០១២ កន្លងទៅ អ្នកស្រាវជ្រាវរបស់មូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ ដែលហៅកាត់ថា អេ.ឌី.អែហ្វ (ADF) បានធ្វើកំណាយនៅលើខ្នងភ្នំគូលែន ហើយបានប្រទះឃើញទីតាំងព្រះបរមរាជវាំងដែលហ៊ុមព័ទ្ធដោយថ្មបាយក្រៀមទំហំ ៥០០ម៉ែត្រគុណនឹងទទឹង ៣០០ម៉ែត្រ ព្រមទាំងរកឃើញស្រះទឹកបុរាណដែលនៅជុំវិញព្រះបរមរាជវាំងនោះផង។
អ្នកគ្រប់គ្រងមូលនិធិបុរាណវិទ្យា (ADF) លោក សឿន ពេជ្រ មានប្រសាសន៍ថា បន្ទាប់ពីជីកកំណាយរកឃើញទីតាំងព្រះបរមរាជវាំងបុរាណមក គឺអ្នកស្រាវជ្រាវក៏បានរកឃើញផ្លូវជាតិពីជើងទៅត្បូង និងពីលិចទៅកើត មកខ្វែងជួបគ្នានៅមុខព្រះបរមរាជវាំងដែរ។ លោក សឿន ពេជ្រ បញ្ជាក់ថា នៅលើខ្នងភ្នំគូលែន ក្រៅតែពីការរកឃើញរាជធានីបុរាណ និងប្រាសាទជាច្រើន គឺនៅឆ្នាំ២០១៥ កន្លងទៅ ប្រព័ន្ធឡៃដា ក៏បានស្កេនឃើញផ្លូវហៃវេយ៍ (Highway) បុរាណថែមទៀត៖ « យើងឃើញព្រះរាជវាំងនៅឆ្នាំ២០១២។ ដល់ក្រោយមក យើងសម្រេចចិត្តធ្វើឡៃដា ទៅយើងរកឃើញផ្លូវហៃវេយ៍ បុរាណនៅលើខ្នងភ្នំគូលែន ដែលមានទទឹងរហូតដល់ ៨០ម៉ែត្រថែមទៀត »។
ប្រធាននាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល ឲ្យដឹងថា កាលពីឆ្នាំ២០១២ កន្លងទៅ កិច្ចសហការជាមួយសាកលវិទ្យាល័យ ស៊ីដនី និងសាលាបារាំងចុងបូព៌ា ដើម្បីស្រាវជ្រាវបុរាណវិទ្យាពីលើអាកាសនោះ គឺបានគ្របដណ្ដប់ទៅលើផ្ទៃដីតែ ៣៧០គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ ប៉ុន្តែដោយសារតែបច្ចេកវិទ្យាស្រាវជ្រាវឡៃដា មានប្រសិទ្ធភាពខ្ពស់ គឺចាប់តាំងពីឆ្នាំ២០១៥ មក អាជ្ញាធរអប្សរាបានពង្រីកតំបន់ហោះហើរស្រាវជ្រាវលើអាកាសគ្របដណ្ដប់លើផ្ទៃដីរហូតដល់ ១.៩១០គីឡូម៉ែត្រក្រឡា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។