Opens in new windowវត្តអារាមមួយចំនួនក្នុងចំណោមវត្តជាង ៤ពាន់វត្តនៅទូទាំងប្រទេសកម្ពុជា បានក្លាយជាទីពេញនិយមបំផុត ក្នុងការធ្វើបុណ្យរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅពេលវត្តដែលមានអ្នកធំចូលធ្វើបុណ្យទាន គឺតែងអភិវឌ្ឍលឿន និងសម្បូរហូរហៀរ បើប្រៀបធៀបវត្តដទៃទៀត។
អ្នកវិភាគសង្គមយល់ឃើញថា កាលណាអ្នកនយោបាយផ្ដោតសំខាន់ទៅលើតែវត្តដែលរីកចម្រើនរួចទៅហើយនោះ គឺជាការបែងចែកមិនស្មើគ្នាចំពោះការផ្ដល់ទាន ឬធ្វើបុណ្យចំពោះបុគ្គល។
អ្នកវិភាគសង្គមយល់ឃើញថា ថ្វីបើលោកនាយករដ្ឋមន្ត្រីតែងធ្វើបុណ្យនៅតាមទីវត្តអារាមក៏ពិតមែន ប៉ុន្តែមិនមែនបានន័យថា លោកអាចទៅគ្រប់វត្តនោះទេ មានវត្តមួយចំនួនដែលប្រមុខរដ្ឋាភិបាល តែងធ្វើបុណ្យទានទាំងពិធីបុណ្យសំខាន់ៗ ឬបុណ្យធម្មតា។
លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិ និងសីលធម៌សង្គម កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋតែងនិយមតាមគ្នា ជាពិសេសនៅពេលណាដែលមន្ត្រីរដ្ឋាភិបាល ឬឥស្សរជនជាន់ខ្ពស់ចូលវត្តណាហើយ គឺអ្នកហែហមអមដំណើរ តែងចូលវត្តនោះជាញឹកញាប់ដែរ។ លោកបន្តថា «វត្តណាដែលមន្ត្រីឥស្សរជនចូល ម្ហូបដល់ក។ ម្ហូប គឺថាពោរពាសតែម្ដង ស្ទើរតែកន្លែងហ្នឹងដូចថាជនពេកទៅអាចទៅណាទៅណី»។
គេសង្កេតឃើញថា មានទីអារាមមួយចំនួនដែលប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន តែងចូលធ្វើបុណ្យដូចជាវត្តលង្កា នៅចំកណ្ដាលទីក្រុងភ្នំពេញ វត្តចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងវត្តវាំងចាស់ ស្រុកឧត្តុង្គ ក្នុងខេត្តកំពង់ស្ពឺ ជាដើម។
វត្តដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងចូលចិត្តធ្វើបុណ្យ គឺពុំមានអ្នកដែលដឹងពីប្រវត្តិប៉ុន្មានឡើយ តាំងពីដើមមកដល់បច្ចុប្បន្ន ថាមានទាក់ទងលក្ខណៈសម្បត្តិពិសេសបែបណា ក្រៅពីវត្តវាំងចាស់ នោះ? ដោយឡែកវត្តចំពុះក្អែក ក៏ជាកម្មវត្ថុដ៏សំខាន់ដែល លោក ហ៊ុន សែន តែងចូលចិត្តធ្វើបុណ្យពុំដែលលោះពេលដែរ។ ឈ្មោះវត្តនេះក៏ពុំមានអ្នកដឹងពីប្រវត្តិពិស្ដារ ថាអ្វីពិសេសជាងគេនោះដែរ គឺដឹងបានត្រឹមទំនុកបទចម្រៀងមួយបទរបស់ លោក ស៊ិន ស៊ីសាមុត ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ ប៉ុណ្ណោះ។
ថ្វីបើប្រមុខរដ្ឋាភិបាលតែងធ្វើបុណ្យគ្រប់ទីតំបន់ និងស្ទើរគ្រប់ច្រកល្ហក រួមទាំងកសាងសាលារៀន មន្ទីរពេទ្យ ស្រះទឹក និងសមិទ្ធផលដទៃទៀតក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានមុនបោះឆ្នោតកាលពីឆ្នាំ២០១៣ ថា លោកនឹងឈប់ធ្វើបុណ្យ ព្រមទាំងបញ្ឈប់ការសាងសង់អ្វីទាំងអស់ ប្រសិនបើលោកពិតជាចាញ់ឆ្នោតក្នុងអាណត្តិទីប្រាំមែននោះ។
ពាក្យគំរាមឈប់ធ្វើបុណ្យទានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅក្នុងពេលដែលលោកចុះបើកការដ្ឋានសាងសង់ និងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីខេត្តកំពង់ចាម ដល់ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងឱកាសនោះថា ប្រសិនគណបក្សប្រជាជនកម្ពុជា របស់លោកចាញ់ឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ខាងមុខ លោកនឹងឈប់ធ្វើបុណ្យទានតាមព្រះពុទ្ធសាសនាទៀតហើយ។ លោកបន្តថា រាល់គម្រោងបុណ្យទាំងអស់ នឹងត្រូវដកចោល ហើយសូម្បីម៉ាស៊ីនបូមទឹកក៏ដកចេញ ទុកឲ្យស្រូវប្រាំងក្រៀមស្វិតទាំងអស់ ប្រសិនគណបក្សកាន់អំណាចរបស់លោកចាញ់ឆ្នោត៖ «ចាញ់ឆ្នោតហើយ ចាំតែធ្វើបុណ្យកឋិនឲ្យតេជគុណតើ! និយាយឲ្យវាត្រង់ៗជាមួយគ្នា។ គ្មានអ្នកណាមានទឹកចិត្តធ្វើកឋិនអីទៀត បើចាញ់ឆ្នោតហើយ ធ្វើបុណ្យចង់ងាប់ អាពួកវាអត់ធ្វើសោះ បែរជាឈ្នះឆ្នោត! អើ! ទៅពឹងអ្នកហ្នឹងទៅ ឲ្យហែកឋិនទៅវ៉ី! ឃើញពួកហ្នឹងហែកឋិនពីអង្កាល់?»។

លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសីលធម៌សង្គម យល់ឃើញថា ថ្វីបើលោកនាយករដ្ឋមន្ត្រីប្រកាសបែបនេះក៏ដោយចុះ ក៏លោកមានជំនឿថា វាពិតជាពិបាកណាស់ថា អាចឈប់ទៅបាន ព្រោះមនុស្សម្នាក់ៗ គឺពោរពេញទៅដោយជំនឿ។ លោកបន្តថា ហេតុនេះគឺការព្យាយាមកាត់ផ្ដាច់បែបណា ក៏ពុំអាចទៅរួចដែរ។ លោកបន្តថា «គាត់និយាយហ្នឹង គឺនិយាយក្នុងនាមបុគ្គល ប៉ុន្តែប្រជាជនកម្ពុជា នៅតែធ្វើអ៊ីចឹង។ ខ្មែរយើងនិយមណាស់ អ្វីដែលទាក់ទងនឹងបុណ្យទាន»។
ធម្មាចារ្យផ្នែកព្រះពុទ្ធសាសនានៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក គង់ ប៉ុន យល់ឃើញថា វត្តដែលពុំមានមន្ត្រីជាន់ខ្ពស់ ជាពិសេសប្រមុខរដ្ឋាភិបាលចូលធ្វើបុណ្យ គឺមានការអភិវឌ្ឍតិចតួច បើប្រៀបធៀបវត្តដែលឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលតែងចូលធ្វើបុណ្យនោះ។ លោកបន្តថា «វត្តដែលគ្មានអ្នកធំដូចជានាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី ឬក៏ឧកញ៉ាអីហ្នឹង មិនបានចូលវត្ត គឺវត្តនោះមិនសូវរីកចម្រើនប៉ុន្មានទេ»។
ពាក់ព័ន្ធនឹងការធ្វើបុណ្យនេះ គេសង្កេតឃើញថា វត្តដែលលោកនាយករដ្ឋមន្ត្រីតែងចូលធ្វើបុណ្យជាញឹកញាប់ គឺវត្តទាំងនោះមានការអភិវឌ្ឍបានយ៉ាងឆាប់រហ័ស។ កុដិ សាលាឆាន់ និងព្រះវិហារ មានក្បាច់រចនាបថដ៏ល្អឥតខ្ចោះ។ លើសពីនេះទៀត រាល់មានពិធីម្ដងៗ ការរៀបចំរណ្ដាប់គ្រឿងសក្ការបូជានៅក្នុងពិធីសម្បូរហូរហៀរ ជាពិសេសនៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខណៈទីវត្តអារាមខ្លះទៀតខ្សត់ចង្ហាន់ព្រះសង្ឃ និងពុំសូវមានអ្នកចូលទៅធ្វើបុណ្យច្រើនឡើយ។
បើទោះជាបែបណា នៅក្នុងពិធីកាន់បិណ្ឌវេនទី៩ កាលពីថ្ងៃទី៦ ខែតុលា នៅវត្តចំពុះក្អែក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ក្រោយបញ្ចប់វេនបិណ្ឌរួច ដោយសាទរចំពោះការប្រឹងប្រែងថែរក្សាទីវត្តអារាមបានស្អាតល្អរបស់ព្រះសង្ឃ និងយាយជីតាជី ព្រមទាំងបណ្ដុះបណ្ដាលធម៌វិន័យដល់មនុស្សជំនាន់ក្រោយទៀត។ ទន្ទឹមនឹងនោះ គឺវត្តអារាមបានដើរតួនាទីដ៏សំខាន់ ក្នុងការចូលរួមថែរក្សាសន្តិភាព ចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋាននៅជុំវិញ ឲ្យកាន់តែរីកចម្រើនទៅមុខ។
លោក ប៉ូ សំណាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសីលធម៌សង្គម អំពាវនាវសូមឲ្យមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល គប្បីបែងចែកការធ្វើបុណ្យដោយមិនប្រកាន់បក្ខពួក និងរើសអើងផ្នែកនយោបាយ ទោះក្នុងពិធីបុណ្យសំខាន់ ឬបុណ្យធម្មតា។
សព្វថ្ងៃនេះ កម្ពុជា មានវត្តព្រះពុទ្ធសាសនា ៤.៧៥៥វត្ត មានព្រះសង្ឃសរុបជិត ៦ម៉ឺនអង្គ (៥៩.៥១៦អង្គ) និងមានអ្នកគោរពព្រះពុទ្ធសាសនាប្រមាណ ៩៥% នៃចំនួនប្រជាជនកម្ពុជា សរុប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
