Opens in new windowសិស្សានុសិស្សក្នុងវិស័យសិល្បៈមួយចំនួន នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ បានថយចុះជាបន្តបន្ទាប់គ្មានអ្នកចូលរៀនច្រើនទេ ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះ។ ថ្នាក់ដឹកនាំសាលា កំពុងមានកង្វល់ថា ការជ្រើសរើសសិស្សឲ្យចូលហាត់រៀនមិនគ្រប់តាមផែនការគ្រោងទុកឡើយ។
បញ្ហានេះ គឺជាក្តីបារម្ភរបស់គ្រូជាសិល្បករជើងចាស់ ដែលខ្លាចមិនមានពន្លកសិល្បៈល្ខោនគ្រប់ទម្រង់បន្តវេនពីពួកគាត់ ដែលមានវ័យកាន់តែចាស់ៗអស់ទៅហើយ។ ទាំងសិស្ស និងគ្រូ បានស្នើឲ្យរដ្ឋាភិបាល ពិសេសស្ថាប័នពាក់ព័ន្ធ អភិវឌ្ឍថ្នាលបណ្ដុះគ្រាប់ពូជសិល្បៈមួយនេះឲ្យពេញទំហឹង ដើម្បីកុំឲ្យបាត់បង់កេរដំណែលរបស់ជាតិ។
តើបញ្ហានេះប៉ះពាល់ដល់វិស័យសិល្បៈខ្មែរដែរឬទេ? ហើយថាតើអ្វីខ្លះដែលពន្លកសិល្បករកំពុងជួបបញ្ហានៅក្នុងអាជីពនេះ?
“វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន” គឺជាពាក្យស្លោកមួយដក់ជាប់ក្នុងបេះដូងខ្មែរចាប់តាំងពីធំដឹងក្ដីមក។ វិស័យសិល្បៈវប្បធម៌នេះ គឺជាអត្តសញ្ញាជាតិខ្មែរ ដែលគេធ្លាប់ស្គាល់នៅលើឆាកអន្តរជាតិ។
ថ្វីត្បិតតែដូច្នេះក្ដី មកទល់បច្ចុប្បន្ន សិល្បៈដែលមានវ័យចំណាស់មួយនេះកំពុងជួបប្រទះនូវបញ្ហាជាច្រើន។
ក្នុងសិល្បៈល្ខោនខ្មែរមានច្រើនទម្រង់ ដែលសិស្សកំពុងហាត់រៀននៅក្នុងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ចុះខ្សោយទៅៗ។
សម្លឹងមើលទៅកាន់ឆាកហាត់ល្ខោនយីកេនៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ មានសភាពរខេករខាកខ្វះមុខខ្វះក្រោយ ទោះបីសាលានេះទើបនឹងសង់ថ្មី ដែលជាសំណងរបស់ក្រុមហ៊ុនម៉ុងឬទ្ធី បន្ទាប់ពីក្រុមហ៊ុននេះបានយកសាលាចាស់នៅកណ្ដាលក្រុងជិតស្តាតចាស់ ក្បែរគល់ស្ពានជ្រោយចង្វារ កាលពីប៉ុន្មានឆ្នាំមុននេះទៅសង់ផ្ទះល្វែងលក់។
ការហាត់រៀនប្រចាំថ្ងៃមានតែស្គរយីកេមួយ និងទ្រអ៊ូមួយប៉ុណ្ណោះ ហើយថ្ងៃខ្លះអត់មានអ្វីទាំងអស់។ សិស្សសាលាយីកេប្រមាណជា ៥ជំនាន់មកហើយ ដែលកំពុងហាត់រៀនរួមគ្នាក្នុងសាលតែមួយ សព្វថ្ងៃនេះមានគ្នាសរុបប្រមាណជាង ១០នាក់ប៉ុណ្ណោះ។
សិល្បករជើងចាស់ផ្នែកល្ខោនយីកេម្នាក់ក្នុងវ័យជាង ៥០ឆ្នាំ លោក ឌុច សារី ជាគ្រូបង្ហាត់ផង និងទទួលបន្ទុកផ្នែករដ្ឋបាលនៃសាលាល្ខោនផង បានថ្លែងថា សិស្សដែលឈានជើងចូលមករៀនសាលាល្ខោនយីកេឆ្នាំនេះ មានតែ ៦នាក់ទេក្នុងចំណោមផែនការត្រូវជ្រើសរើសប្រមាណ ៣០នាក់។ នេះជាចំនួនតិចតួចណាស់ បើប្រៀបធៀបទៅនឹងសាលាជំនាញផ្សេងៗ និងមិនដែលជួបប្រទះឡើយកាលពីនៅសាលាចាស់។
លោកបានពន្យល់ពីកត្តាដែលនាំឲ្យសិស្សចូលរៀនជំនាញសិល្បៈមានចំនួនតិចនេះ ដោយសារកត្តាជីវភាព និងទីផ្សារការងារ ការផ្លាស់ប្ដូរទីតាំងសាលាពីកណ្ដាលក្រុងមកជាយក្រុង ហើយស្ថិតនៅឆ្ងាយពិបាកធ្វើដំណើរ និងខ្វះការផ្សព្វផ្សាយពីការជ្រើសរើសសិស្សឲ្យចូលរៀន និងបញ្ជាក់ពីផលប្រយោជន៍នៃការសិក្សានៅសាលាវិចិត្រសិល្បៈ នេះ៖ «ការរើសបានតិច ព្រោះពួកគាត់អត់ដឹងតែម្តង...! អ៊ីចឹងពីរឆ្នាំបីឆ្នាំកន្លងមកនេះ គឺអត់មានសិស្សចូលរៀនតែម្តង...»។
ការធ្លាក់ចុះនេះ ធ្វើឲ្យលោក និងអ្នករួមអាជីពដទៃទៀត ព្រួយបារម្ភខ្លាចក្រែងទៅថ្ងៃអនាគត រកអ្នកស្នងតំណែងមិនបាន ជាពិសេសខ្លាចសិល្បៈល្ខោនខ្មែរគ្រប់ទម្រង់ទាំងអស់ ត្រូវបាត់បង់នាយុគសម័យចុងក្រោយនេះ៖ «ខ្ញុំភ័យព្រួយណាស់សព្វថ្ងៃនេះ សូមឲ្យថ្នាក់ដឹកនាំសាលា រដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួយជំរុញខាងផ្នែកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ជាពិសេសផ្ដោតទៅលើជំនាញណាដែលធ្លាក់ស្រុតចុះ សូមមេត្តាជួយ ជួយជាច្បាប់ទម្លាប់ មធ្យោបាយ ថវិកា ជាដើម»។
ក្រៅអំពីស្ថានភាពសិស្ស និងគ្រូៗនៅក្នុងសាលានេះកំពុងជួបបញ្ហាលំបាកនោះ កង្វះសម្ភារៈ ឬឧបករណ៍សម្រាប់ដំណើរការហាត់រៀននោះ ក៏ខ្វះខាតច្រើនដែរ ធ្វើឲ្យការហាត់រៀនមានសភាពរយីករយាក។
សាស្ត្រាចារ្យមហាវិទ្យាល័យនាដសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក អ៊ុំ វុឌ្ឍី បានឲ្យដឹងនៅថ្ងៃប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ ថា លោកក៏បានរៀបរាប់ពីការលំបាកក្នុងការសម្ដែង ដោយខ្វះឧបករណ៍ដូចជាប្រព័ន្ធភ្លើង ប្រព័ន្ធបំពងសំឡេង និងសម្ភារៈផ្សេងៗជាច្រើនទៀតដែលសម្រួលដល់ការសម្ដែងរឿងនៅលើឆាក ដើម្បីធ្វើឲ្យសិល្បករសម្ដែងទៅបានរលូន និងធ្វើឲ្យអ្នកទស្សនាជក់ចិត្តនោះ៖ «ភ្លើងដែលប្រើក្នុងការសម្ដែងយីកេនេះ បើគិតពីលក្ខណៈបច្ចេកទេសវិញ គឺសេរ៉ូ (សូន្យ) ព្រោះយើងប្រើភ្លើងដែលគេយាមឡានមកដាក់ល្ខោន ព្រោះយើងអត់ជម្រើស ការបំពងសំឡេងក៏អ៊ីចឹងដែរ មេក្រូស្រែកហ្វូងហ្វាងអីអ៊ីចឹងទៅ គឺសុទ្ធតែជារឿងដែលយើងដឹងបានជាមុនថា វានឹងកើតឡើង ប៉ុន្តែធ្វើម៉េចបើវាអត់...»។
ចំណែកសម្លៀកបំពាក់សម្ដែង និងគ្រឿងកែវកងមានសភាពចាស់ៗ។
ទោះជាយ៉ាងណា ដោយក្ដីស្រឡាញ់វិស័យនេះ យុវតីម្នាក់មានវ័យជិត ២០ឆ្នាំ ឈ្មោះ សៀក រាសី ដែលទើបនឹងចូលរៀនសាលាល្ខោនយីកេនៅឆ្នាំ២០១៥ នេះបានឲ្យដឹងក្រោយពីសម្រាកហាត់រៀនថា នាងបានប្រឡងជាប់ថ្នាក់អាហារូបករណ៍ផ្នែកស្ថាបត្យកម្មមួយរួចហើយ នាងបានចូលរៀនមួយមុខវិជ្ជាទៀត ដោយប្ដូរវេនថ្នាក់ស្ថាបត្យកម្មទៅរៀនពេលយប់វិញ ម្យ៉ាងដោយហេតុផលនាងមានផ្ទះបងប្អូនជួលគេស្នាក់នៅជិតសាលាសិល្បៈនេះផង៖ «ខ្ញុំអត់ចង់ឲ្យបាត់បង់ទេ ព្រោះខ្ញុំឈឺចាប់ ព្រោះពេលខ្លះខ្មែរអត់ស្គាល់យីកេ អ៊ីចឹងហើយបើខ្ញុំចេះ ខ្ញុំនឹងបន្តបង្ហាត់ក្មេងៗបន្តទៀតមិនឲ្យបាត់បង់ទេ»។
ទម្រង់សិល្បៈវ័យចំណាស់មួយ គឺល្ខោនបាសាក់ដែលធ្លាប់មានប្រជាប្រិយភាពណាស់ក្នុងស្រទាប់មហាជនខ្មែរ។ ប៉ុន្តែបច្ចុប្បន្ន ពុំសូវមានសិស្សចាប់អារម្មណ៍រៀនជំនាញល្ខោនបាសាក់នោះទេ។

បញ្ហានេះហើយ នាំឲ្យសាស្ត្រាចារ្យល្ខោនបាសាក់ម្នាក់ លោក សេក សាវុធ ដែលធ្លាប់ដើរតួយក្ស ហើយបច្ចុប្បន្នលោកជានាយករងសាលាមធ្យមសិក្សាវិចិត្រសិល្បៈ ទទួលបន្ទុកទស្សនីយភាព និងជាគ្រូបង្ហាត់ជំនាញល្ខោនបាសាក់ លោកក៏មានក្តីបារម្ភដូចគ្នាដែរ។ លោកថា សិល្បៈជាមរតកដូនតាដែលត្រូវថែរក្សា ប៉ុន្តែត្រូវការសិក្សាហាត់រៀនរហូត ដោយប្រើពេលវេលាច្រើន។ ចំណែកតម្រូវការ ឬចំណូលសម្រាប់គាំទ្រជីវភាពប្រចាំថ្ងៃអត់មានការឆ្លើយតប សម្រាប់តម្រូវការរបស់អ្នកល្ខោនអត់ទាន់សភាពការណ៍ ឬរបត់នៃសង្គមបច្ចុប្បន្ន។
លោកថា កូនខ្មែរនៅស្រឡាញ់សិល្បៈដូនតារបស់ខ្លួនច្រើន ប៉ុន្តែបញ្ហាជីវភាព ធ្វើឲ្យពួកគេដើរគេចចេញទៅរកជំនាញផ្សេងៗដែលអាចរកចំណូលបានឆាប់រហ័ស ទាន់តម្រូវការក្នុងសង្គមទំនើប៖ «ជំនាញល្ខោននេះចេញទៅលេងម្តងៗរួមគ្នា ៥០ ទៅ ៦០នាក់ ទម្រាំបានលេងម្តងៗចិញ្ចឹមខ្លួនមិនរស់ទេ អ៊ីចឹងពិបាកក្នុងការរកស៊ីរួមគ្នា ព្រោះមិនអាចទៅម្នាក់ឯងបានទេ។ បញ្ហានេះ ធ្វើឲ្យមនុស្សម្នាក់ៗពិចារណាថា អញចូលទៅអញបានអីស៊ី...? កាលពីដើម ស្រុកយើង និងនៅស្រុកគេ សិល្បៈវប្បធម៌រដ្ឋជាអ្នកធានាទទួលខុសត្រូវចិញ្ចឹមមើលការខុសត្រូវ ធ្វើឲ្យកូនអ្នកក្រីក្រមួយចំនួនគាត់មានលទ្ធភាពរៀន តែស្រុកយើងឥឡូវអត់មាន»។
លោកបន្តថា បញ្ហាដ៏ស្មុគស្មាញទាំងនេះហើយដែលជាក្តីបារម្ភក្នុងការបណ្ដុះពន្លកសិល្បៈបន្តវេនទៅថ្ងៃអនាគត។ បើក្រឡេកមើលទៅគ្រូភាគច្រើនវិញ សុទ្ធតែចាស់អស់ទៅហើយ ពឹងលើពន្លកថ្មី អាចប្រឈមនឹងភាពពុកផុយរលួយ ខ្លះក៏រសាត់ចេញឆ្ងាយបន្តិចម្តងៗពីវិស័យសិល្បៈបុរាណនេះទៀត៖ «ឥឡូវយើងបណ្ដុះអត់បានទេ គ្រូកាន់តែចាស់ៗអស់ហើយ...»។
ទាក់ទងនឹងបញ្ហានេះដែរ នាយកសាលាមធ្យមសិក្សាវិចិត្រសិល្បៈ អ្នកស្រី សៀង វៀង ដែលទើបឡើងកាន់តំណែងថ្មី ក៏ហាស្លាក់ខ្ជាក់ស្លែងចំពោះការធ្លាក់ចុះនៃអ្នកបន្តវេនសិល្បៈនេះដែរ។ ទន្ទឹមគ្នានេះ អ្នកស្រីក៏ខិតខំរកមធ្យោបាយផ្សេងៗ ដើម្បីឲ្យសាលជំនាញមួយនេះរក្សាលំនឹងរបស់ខ្លួនបាន ក្នុងដំណើរដ៏វែងឆ្ងាយទៅមុខទៀត៖ «សាលាល្ខោនដែលបែងចែកជា ៣ទម្រង់ មានការថយចុះសឹងតែគ្រប់ជំនាញ គឺសាលាល្ខោនបាសាក់ ល្ខោននិយាយ និងល្ខោនយីកេ»។
អ្នកស្រីបន្តថា ការខ្វះខាតនូវឧបករណ៍បច្ចេកទេសក្នុងការហាត់រៀនសិល្បៈ និងគ្រូ ខ្វះការលើកទឹកចិត្តគាំទ្រឲ្យតម្លៃពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ជាផ្នែកមួយដែលធ្វើឲ្យមានបញ្ហាប្រឈមដល់ថ្នាលបណ្ដុះគ្រាប់ពូជសិល្បៈមួយនេះដែរ។
ឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ទទួលស្គាល់នូវការខ្វះខាតរបស់សាលា ដែលធ្វើឲ្យលំបាកដល់សិស្សានុសិស្សដែលចាប់យកជំនាញសិល្បៈនេះ៖ «ក្រសួងទទួលស្គាល់សក្ដានុពលរបស់សិស្សានុសិស្សទាំងអស់នេះ អ៊ីចឹងយើងត្រូវពិនិត្យមើលថា តើពួកគេខ្វះខាតកន្លែងណា លំបាកកន្លែងណា មានសក្ដានុពលខ្លាំងកន្លែងណា ដើម្បីយើងជំរុញបន្ថែមទៀត ហើយយើងខិតខំជួយជាសម្ភារៈស្មារតីគ្រប់បែបយ៉ាង ដែលក្រសួងអាចជួយបាន ដើម្បីឲ្យសាលានេះមានដំណើរការទៅមុខបានល្អ»។
ទោះយ៉ាងនេះក្តី អ្នកស្រីរដ្ឋមន្ត្រីមិនបានបង្ហាញថា ក្រសួងមានថវិកាប៉ុន្មានក្នុងមួយឆ្នាំ ដើម្បីជួយឲ្យជំនាញនេះវិវឌ្ឍទៅមុខរួចនោះទេ។
អ្នកសិក្សាផ្នែកសិល្បៈខ្លះ បានបោះបង់ចោលការសិក្សាត្រឹមមធ្យមសិក្សា បាក់ឌុបសិក្សា ស្របពេលដែលអ្នកសម្ដែងសិល្បៈអាជីពមួយចំនួន មានជីវភាពមុជមិនជ្រៅទៅមិនឆ្ងាយ ដោយបោះបង់អាជីពតែម្ដង ក្នុងគ្រាដែលប្រទេសជិតខាងកំពុងលើកតម្កើង និងយកចិត្តទុកដាក់ខ្លាំងលើវិស័យមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
