អ្នកប្រាជ្ញភាសាសំស្ក្រឹតមួយរូបដែលបានសិក្សាស្រាវជ្រាវអំពីអត្ថបទសិលាចារឹកជាភាសាសំស្ក្រឹត និងបាលី ព្រមទាំងផ្នែកព្រះពុទ្ធសាសនាមួយរូប បានទទួលមរណភាពកាលពីថ្ងៃទី១៦ មីនា ទន្ទឹមពេលដែលប្រទេសកម្ពុជា កំពុងតែត្រូវការអ្នកប្រាជ្ញដែលមានជំនាញ ក្នុងវិស័យស្រាវជ្រាវដ៏កម្រនេះ។
លោកសាស្ត្រាចារ្យបណ្ឌិត កមលេស្វរៈ ភដ្តាចារ្យ (អានថា កាក់ ម៉ល់ ឡេ ស្វៈ រ៉ាក់ ភាត់ ដា ចារ) មិនសូវមានឈ្មោះបោះសំឡេងក្នុងស្រទាប់មហាជនខ្មែរទូទៅនោះទេ ប៉ុន្តែមានកិត្តិនាមល្បីល្បាញក្នុងសន្តានចិត្តអ្នកស្រាវជ្រាវជាតិ ពិសេសអន្តរជាតិ ដោយសារតែគេបានឃើញស្នាដៃដ៏មានគុណភាពរបស់លោក។ សាស្ត្រាចារ្យបណ្ឌិត កមលេស្វរៈ ភដ្តាចារ្យ ដែលបានជួយសិក្សាផ្សព្វផ្សាយពីខ្លឹមសារអត្ថបទភាសាសំស្ក្រឹត និងរឿងរ៉ាវនាសម័យបុរាណរបស់ខ្មែរ ទៅដល់ពួកបស្ចិមប្រទេសបានយ៉ាងច្រើន។
តើសមិទ្ធផលអ្វីខ្លះដែលលោកសាស្ត្រាចារ្យមួយនេះ បានជួយដល់ស្រុកខ្មែរក្នុងកំឡុងពេលដែលគាត់បានស្រាវជ្រាវកន្លងមកនោះ?
ត្បិតតែលោកមិនមែនជាជនជាតិខ្មែរម្នាក់ក៏ដោយ ក៏ប៉ុន្តែលោកសាស្ត្រាចារ្យ កមលេស្វរៈ ភដ្តាចារ្យ ក៏ជាបុគ្គលម្នាក់ដែលបានបន្សល់ទុកនូវស្នាដៃមួយចំនួនដល់អ្នកស្រាវជ្រាវខ្មែរជំនាន់ក្រោយ និងបានរួមចំណែកក្នុងការកសាងមុខមាត់របស់ប្រទេសកម្ពុជា តាមរយៈអត្ថបទស្រាវជ្រាវរបស់លោក ដែលបានបកប្រែពីភាសាសំស្ក្រឹត និងបាលី ទៅជាភាសាបារាំង និងអង់គ្លេស ដែលនិយាយពីអារ្យធម៌ខ្មែរបុរាណ និងសាសនា ហើយបានផ្សព្វផ្សាយទៅដល់បណ្ដាប្រទេសដែលមានអរិយធម៌ខ្ពង់ខ្ពស់នៅលើពិភពលោកយ៉ាងច្រើន។
កើតនៅថ្ងៃទី២៩ សីហា ឆ្នាំ១៩២៨ នាភូមិដ៏តូចមួយនៃទីក្រុងដាកា ត្រូវនឹងរដ្ឋធានីប្រទេសបង់ក្លាដេស សព្វថ្ងៃ ដែលកាលនោះជាប្រទេសឥណ្ឌា នៃចក្រភពអង់គ្លេស នៅឡើយ។ ជាជនជាតិឥណ្ឌា ដែលមានសញ្ជាតិបារាំង លោក កមលេស្វរៈ ភដ្ដាចារ្យ គាត់បានសិក្សានៅទីក្រុងក័លគុត្តា នៅទីក្រុងប៉ារីស និងនៅសាកលវិទ្យាល័យភាសាសំស្ក្រឹត នៅទីក្រុងពារាណសី។ នៅខែកញ្ញា ឆ្នាំ១៩៥៥ គាត់បានទៅធ្វើការនៅប្រទេសបារាំង ក្នុងផ្នែកឥណ្ឌាវិទ្យា ជាមួយក្រុមអ្នកស្រាវជ្រាវជាន់ខ្ពស់នៃរដ្ឋាភិបាលបារាំង ដែលជាជំហានដំបូងធ្វើឱ្យលោកបានចាប់អារម្មណ៍ពីប្រទេសកម្ពុជា។ នៅខែកុម្ភៈ ឆ្នាំ១៩៦២ គាត់បានទទួលសញ្ញាបត្របណ្ឌិតរដ្ឋខាងអក្សរសាស្ត្រ ដោយបានទទួលនិទ្ទេសខ្ពស់បំផុត គឺថ្នាក់ «មហាកិត្តិយស»។
វិស័យស្រាវជ្រាវជាន់ខ្ពស់ដំបូងឡើយ គាត់បានសាងស្នាដៃដ៏សំខាន់ពីរ គឺ «ព្រហ្មញ្ញសាសនានៅក្នុងប្រទេសកម្ពុជាសម័យបុរាណ តាមរយៈការសិក្សាសិលាចារឹក និងបដិមាសាស្ត្រ» នៅឆ្នាំ១៩៦១ និងស្នាដៃមានចំណងជើងថា «ការស្រាវជ្រាវស្តីអំពីពាក្យស័ព្ទក្នុងសិលាចារឹកភាសាសំស្ក្រឹតរបស់កម្ពុជា» ពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩១។ ស្នាដៃទាំងពីរនេះ ត្រូវបានអ្នកស្រាវជ្រាវទាំងឡាយចាត់ទុកជាកម្រងខេមរៈវិទ្យាបុរាណ និងគំរូសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការសិក្សាខេមរៈវិទ្យាបុរាណបន្តទៀត។
បន្ថែមពីនេះទៀត គាត់បានធ្វើការផ្ទៀងផ្ទាត់ និងកែតម្រូវលើស្នាដៃសិក្សា និងបោះពុម្ពផ្សាយស្ដីពីការបកប្រែសិលាចារឹកភាសាសំស្ក្រឹតនៃប្រទេសកម្ពុជា របស់អ្នកស្រាវជ្រាវមួយចំនួន ដូចជា លោក អូហ្គោស បាថ៌ លោក អាបែល ប៊ែរហ្គែញ លោក ល្វីហ្វីណូត៍ និងលោក ហ្សកសឺដេស ជាដើម ដែលសុទ្ធសឹងជាអ្នកប្រាជ្ញធំៗជនជាតិបារាំង ជំនាញចំណានខាងភាសាសំស្ក្រឹត។ លើសពីនេះទៀត គាត់ គឺជាអ្នកប្រាជ្ញដ៏កម្ររកបានមួយរូប ដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងវិជ្ជាដ៏លំបាកនេះ។
ស្នាដៃសៀវភៅសំខាន់មួយទៀតដែលគាត់បានសាងឡើង និងត្រូវបានបោះពុម្ពដោយមជ្ឈមណ្ឌលខេមរៈសិក្សា ហៅថា ស៊ី.ខេ.អែស (CKS) នៅប្រទេសកម្ពុជា គឺ «សិលាចារឹកភាសាសំស្ក្រឹតជម្រើសរបស់កម្ពុជា» ដែលគាត់បានសហការសិក្សាជាមួយ លោក ខាល ហិន្ស ហ្គោលហ្សីយ៉ូ ដែលជាអ្នកប្រាជ្ញខាងតារាសាស្ត្របុរាណ។
បន្ទាប់ពីបានទទួលសញ្ញាបត្របណ្ឌិតរដ្ឋរួចមក គាត់បានតម្រង់ទិសជំនាញរបស់ខ្លួនកាន់តែស្រួចស្រាល់ខាងឥណ្ឌាវិទ្យាសម័យបុរាណ ជាពិសេស ទស្សនវិជ្ជា ដែលមានទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដោយលោកបានធ្វើការយ៉ាងយូរ (១០ឆ្នាំពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៦៦) ជាមួយអ្នកប្រាជ្ញភាសាបាលី ជនជាតិបារាំង ម្នាក់ឈ្មោះ ល្វី រ៉ឺនូ គឺរហូតដល់ពេល លោក ល្វី រ៉ឺនូ ចែកឋាននៅឆ្នាំ១៩៦៦។ ជាផ្លែផ្កា គាត់បានបង្កើតគំនិតទស្សនវិជ្ជា និងគូសបញ្ជាក់មាគ៌ាគ្រប់ការស្រាវជ្រាវរបស់គាត់។ សៀវភៅរបស់គាត់មានចំណងជើងថា «អាត្ម័ន-រហ្ម័ន ក្នុងពុទ្ធសាសនា» នៅឆ្នាំ១៩៧៣ ដោយពឹងផ្អែកការស្រាវជ្រាវលើគម្ពីរព្រះត្រៃបិដក ភាសាបាលី និងប្រភពជាភាសាសំស្ក្រឹត និងជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងយូរអង្វែងរបស់គាត់ ស្ដីពីប្រទេសកម្ពុជា។ ហើយបន្ទាប់ពីគាត់បានក្រេបជញ្ជក់យ៉ាងជោគជាំនូវទស្សនវិជ្ជាពុទ្ធសាសនា ក្នុងពេលទន្ទឹមគ្នាជាមួយការសិក្សាទស្សនវិជ្ជាមធ្យមកៈ (មធ្យម មាក់កាក់) និងទិដ្ឋភាពមួយចំនួននៃបរមត្ថវិជ្ជាពុទ្ធសាសនា។ គាត់បានបកប្រែគម្ពីរឈ្មោះ «វិគ្រហវ្យាវត៌នី» (វិគ្រាក់ហាក់វ្យ៉ាវាក់រាក់តិនី) ដោយធ្វើការកត់សម្គាល់ និងការសរសេរជាអត្ថបទ ស្ដីពីធាតុទាំងឡាយខាងវេយ្យាករណ៍នៃគំនិតរបស់នាគាជ៌ុន (នាគ គា រ ជុន) ដែលអាចបម្រើជាគំរូសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយទៀតផង។
ប្រធានស្តីទីដេប៉ាតឺម៉ង់ប្រវត្តិវិទ្យា និងជាអ្នកជំនាញផ្នែកសិលាចារឹកខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកសាស្ត្រាចារ្យ វង់ សុធារ៉ា ដែលធ្លាប់បានធ្វើការស្រាវជ្រាវជាមួយលោក ភដ្តាចារ្យ មានប្រសាសន៍ថា អ្នកប្រាជ្ញរូបនេះ ប្រជាជនខ្មែរធម្មតាមិនសូវបានស្គាល់គាត់នោះទេ ក៏ប៉ុន្តែសម្រាប់អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ផ្នែកសិលាចារឹក និងអារ្យធម៌ខ្មែរ ទាំងជាតិ និងអន្តរជាតិ បានទទួលស្គាល់ពីស្នាដៃរបស់លោកគ្រប់គ្នា ពីព្រោះ លោក ភដ្តាចារ្យ បានជួយផ្សព្វផ្សាយពីអរិយធម៌ខ្មែរតាមរយៈការបកប្រែភាសាសំស្ក្រឹតជាភាសាបារាំង និងអង់គ្លេស ទៅដល់ឆាកអន្តរជាតិ៖ «អាហ្នឹង គឺគាត់ជួយផ្សព្វផ្សាយរឿងស្រុកខ្មែរហ្នឹងនៅក្នុងពិភពលោក អាហ្នឹងជាស្នាដៃរបស់គាត់ហើយ។ ទីពីរ គាត់ធ្លាប់បាននិយាយពីសន្និសីទដែលរៀបចំឡើងដោយមជ្ឈមណ្ឌលខេមរៈសិក្សា តាំងពីឆ្នាំ២០០៣ ២០០៤ អីហ្នឹង រហូតដល់។ ហើយគាត់នៅតែរក្សាទំនាក់ទំនងទៅមកៗខាងក្រសួងវិចិត្រសិល្បៈ ធ្លាប់បានអញ្ជើញគាត់ទៅទស្សនាប្រាសាទអីហើយ បានផ្តល់យោបល់ពីការថែរក្សាសិលាចារឹកអីហ្នឹងដែរ»។
លោកបន្ថែមទៀតថា ត្បិតជាមនុស្សម្នាក់ប្រកាន់ចរិតព្រាហ្មនិយមដែលធ្វើឱ្យមានការពិបាកក្នុងការទំនាក់ទំនង ក៏ប៉ុន្តែ លោក ភដ្តាចារ្យ គឺជាបុគ្គលម្នាក់ដែលមានសន្តានចិត្តល្អ និងមានចំណេះដឹងខ្ពស់អំពីស្រុកខ្មែរ។ លោកបន្តថា ដោយសារតែការពេញចិត្តទៅនឹងការស្រាវជ្រាវអំពីស្រុកខ្មែរនៅពេលដែលលោកធ្វើការនៅប្រទេសបារាំង នោះ លោក ភដ្តាចារ្យ ក៏នៅតែបន្តធ្វើការស្រាវជ្រាវដោយផ្ដោតធ្ងន់ទៅលើឥណ្ឌា និងកម្ពុជា បើទោះបីជាលោកបានចូលនិវត្តន៍ជាយូរណាស់មកហើយ។ ការស្លាប់របស់ លោក ភដ្តាចារ្យ លោក មីសែល អង់តែល្ម និងលោក វង់ សុធារ៉ា យល់ថាជារឿងមួយគួរឱ្យសោកស្ដាយបំផុត ពីព្រោះអ្នកស្រាវជ្រាវខ្មែរត្រូវការអ្នកជួយបណ្ដុះបណ្ដាលជំនាញស្រាវជ្រាវមួយនេះដល់ខ្មែរជំនាន់ក្រោយ។
លោក វង់ សុធារ៉ា៖ «គោលបំណងចាស់ៗដែលមានជំនាញពីរឿងស្រុកខ្មែរហ្នឹងកាន់តែរបេះមួយម្តងៗ នៅពេលដែលអ្នកជំនាញថ្មីៗក្មេងៗនេះមិនទាន់មានសមត្ថភាពដូចពួកគាត់ចាស់ៗហ្នឹង ដើម្បីស្នងបន្តខាងផ្នែកសិលាចារឹកខាងផ្នែកអីហ្នឹង វាមិនទាន់មានក្មេងសម័យថ្មីនេះអាចមានសមត្ថភាពផ្ទៀងផ្ទាត់មើលភាពត្រូវ ឬក៏ខុសរបស់អ្នកសិក្សាជំនាន់មុន វាអត់ទាន់មានៗតែគាត់មួយហ្នឹង ឥឡូវស្លាប់បាត់ទៅទៀត»។
លោក កមលេស្វរ ភដ្ដាចារ្យ បានទទួលមរណភាព កាលពីថ្ងៃទី១៦ មីនា នៅលើទឹកដីកំណើតរបស់ខ្លួននាទីក្រុងដាកា ប្រទេសបង់ក្លាដេស ក្នុងជន្មាយុ ៨៦ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
