មន្ត្រីផ្នែកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា ឲ្យដឹងថា គេនឹងធ្វើកំណាយនៅប្រាសាទទន្លេស្ងួត ដែលអ្នកភូមិខ្លះហៅថាប្រាសាទតុប ជាបន្តទៅទៀត ដើម្បីតាមរកបដិមាបុរាណខ្លះទៀតដែលអាចនឹងសេសសល់ ហើយកប់ក្រោមដីនៅឡើយ។ ការបន្តជីកដីតាមរកវត្ថុបុរាណនៅប្រាសាទទន្លេស្ងួត នៃអតីតមន្ទីរពេទ្យភាគខាងជើងនាសម័យអង្គរនេះ បន្ទាប់ពីគេបានធ្វើកំណាយរយៈពេល ២ថ្ងៃ ហើយប្រទះឃើញរូបចម្លាក់ទ្វារបាលដ៏ធំមួយមក។
ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរអប្សរា បានរកឃើញរូបចម្លាក់ថ្មភក់បុរាណដ៏ធំមួយមានទម្ងន់ប្រហែល ៣០០គីឡូក្រាម នៅក្នុងអតីតមន្ទីរពេទ្យសម័យអង្គរភាគខាងជើងនៃប្រាសាទអង្គរធំ។
រូបបដិមាដែលពាក់មកុដ ហើយមានក្បាច់រចនានៅល្អស្អាតនេះ គេសន្និដ្ឋានថាជារូបទ្វារបាល ដោយរកឃើញនៅក្នុងពេលដែលក្រុមអ្នកស្រាវជ្រាវជីកដីធ្វើកំណាយនៅប្រាសាទទន្លេស្ងួត ឬអ្នកខ្លះហៅថាប្រាសាទតុប។

មន្ត្រីមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវឯកសារអង្គរ និងជាអ្នកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា គឺលោក ខៀវ ចាន់។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ថា ក្រុមរបស់លោកបានចាប់ផ្ដើមទៅធ្វើកំណាយនៅប្រាសាទទន្លេស្ងួត កាលពីថ្ងៃទី២៩ ដោយជីកដីបានជម្រៅប្រហែលជា ៣០សង់ទីម៉ែត្រទៅក្រោម ក៏ប៉ះរូបបដិមានោះតែម្ដង។ លោកបញ្ជាក់ថា បន្ទាប់ពីប៉ះរូបបដិមាមក រូបលោកមិនទាន់ហ៊ានផ្ដល់ព័ត៌មានឲ្យខ្ចរខ្ចាយឡើយ លុះដល់ថ្ងៃទី៣០ ខែកក្កដា ទើបហៅមន្ត្រីជំនាញ ព្រមទាំងកម្លាំងនគរបាលការពារបេតិកភណ្ឌជាច្រើន មកដឹកយកទៅរក្សាទុកតែម្ដង៖ « ទំហំដែលនៅសល់ជាក់ស្ដែង យើងវាស់ចាប់ពីផ្នួងសក់នៅខាងលើរហូតដល់ជើងស្ដាំដែលបាក់ គឺ ១ , ៩០ម៉ែត្រ ហើយបើគិតទាំងប្រអប់ជើងអីទៀត រូបនោះប្រហែលជាមានកម្ពស់ជាង ២ម៉ែត្រ »។
អ្នកបុរាណវិទ្យារបស់អាជ្ញាធរអប្សរា សន្និដ្ឋានថា រូបបដិមាទ្វារបាលដែលគេរកឃើញនេះ អាចធ្វើឡើងនៅក្នុងសម័យប្រាសាទបាយ័ន ក្នុងចន្លោះចុងសតវត្សទី១២ និងដើមសតវត្សទី១៣ នៃគ្រិស្ដសករាជ។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា នេះគឺជារូបបដិមាបុរាណដែលនៅមានក្បាច់រចនា និងទ្រង់ទ្រាយល្អបំផុតក្នុងចំណោមរូបបដិមាជាច្រើន ដែលអ្នកស្រាវជ្រាវធ្លាប់រកឃើញកាលពីមុនៗ៖ « នេះជាបដិមាមួយដែលយើងរកឃើញមានលក្ខណៈនៅល្អច្រើន។ កន្លងមកក៏យើងធ្លាប់រកឃើញខ្លះៗដែរនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ប៉ុន្តែមិននៅល្អដូចរូបនេះឡើយ »។
រូបបដិមាដ៏ធំធ្វើអំពីថ្មភក់ ដែលគេសន្និដ្ឋានថាជារូបទ្វារបាលនេះ បានបាក់ជើង និងបាក់ដៃ ប៉ុន្តែដងខ្លួន និងព្រះកេសនៅល្អស្អាត ហើយមន្ត្រីអាជ្ញាធរអប្សរាបានដឹកយកទៅរក្សាទុកនៅសារមន្ទីរព្រះនរោត្តម សីហនុ ដើម្បីធ្វើការសម្អាត ព្រមទាំងជួសជុលឲ្យល្អឡើងវិញទៅតាមបច្ចេកទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។