ពុទ្ធបរិស័ទ ព្រមទាំងព្រះចៅអធិការវត្តអម្ពវនារាម ហៅវត្តស្វាយសាច់ភ្នំ ស្ថិតនៅក្នុងឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្ដេជ្ញាថានឹងប្រឹងប្រែងថែរក្សាវិហារចំណាស់ដែលមានអាយុកាលជាង ១០០ឆ្នាំឲ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ។ ការលើកឡើងនេះ ក្រោយពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចដាក់បញ្ចូលព្រះវិហារចំណាស់មួយក្នុងវត្តនេះជាសម្បត្តិបេតិកភណ្ឌរបស់ជាតិ ហើយបញ្ជូនមន្ត្រីជំនាញដើម្បីជួសជុលព្រះវិហារនោះ។
ពុទ្ធបរិស័ទចំណុះជើងវត្តអម្ពវនារាម ហៅវត្តស្វាយសាច់ភ្នំ ឃុំស្វាយសាច់ភ្នំ ចាត់ទុកព្រះវិហារចំណាស់ដែលមានអាយុកាលជាង ១០០ឆ្នាំក្នុងវត្តនេះ ថាជាសម្បត្តិប្រវត្តិសាស្ត្រ និងជាចំណែកនៃសម្បត្តិរបស់ជាតិ។
ព្រះវិហារដែលមានរចនាបថខ្មែរសម័យបុរាណ ហើយសសរវិហារធ្វើឡើងអំពីឈើធំៗប្រក់ក្បឿង និងមានគំនូរផ្សេងៗនៅលើជញ្ជាំង និងសសរ ហើយមានគំនូរខ្លះជាប្រភេទគំនូរដ៏កម្រទៀតផង។
អាចារ្យវត្តស្វាយសាច់ភ្នំ លោកតា អ៊ឹម អឿ មានប្រសាសន៍ថា ពុទ្ធបរិស័ទចំណុះជើងវត្តភាគច្រើនរីករាយ ក្រោយពេលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យកចិត្តទុកដាក់ការពារ និងអភិរក្សព្រះវិហារចំណាស់ក្នុងទីវត្តអារាមមួយនេះ ពីព្រោះស្របតាមការទាមទាររបស់ពួកគាត់ និងព្រះចៅអធិការវត្តដែលចង់រក្សាទុកកេរដំណែលព្រះវិហារបុរាណនេះ៖ « ពួកខ្ញុំ សប្បាយចិត្ត ព្រោះ មើលឃើញថា ព្រះវិហារនេះជាស្នាដៃពីបុរាណមក ពីស្នាដៃ ម៉ាកុង យើងមក »។
មន្ត្រីជំនាញនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ព្រះវិហារវត្តអម្ពវនារាម ហៅវត្តស្វាយសាច់ភ្នំ ត្រូវបានកសាងឡើងកាលពីដើមសតវត្សរ៍ទី២០ ពោលគឺនៅឆ្នាំ១៩០៥ ក្នុងសម័យអាណាព្យាបាលបារាំង។
ព្រះវិហារ និងទីវត្តស្វាយសាច់ភ្នំ ត្រូវបានខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌរបស់ជាតិកាលពីឆ្នាំ២០១៤ ដែលត្រូវថែរក្សា និងអភិរក្សទុកជាសម្បត្តិរបស់ជាតិ ក្រោយពេលមានភាពចម្រូងចម្រាស ព្រោះមានមនុស្សមួយក្រុមតូចទាមទារឲ្យរុះរើសំណង់បុរាណនេះដើម្បីយកទីតាំងកសាងព្រះវិហារថ្មី ប៉ុន្តែមានពលរដ្ឋមួយចំនួនធំ ព្រមទាំងព្រះចៅអធិការវត្ត និងអាជ្ញាធរឃុំ ជំទាស់ចំពោះគំនិតចង់រុះរើនេះ។
ប្រធានគណៈកម្មការវត្តស្វាយសាច់ភ្នំ លោក នាង ម៉ុក មានប្រសាសន៍ថា ព្រះវិហារចំណាស់បែបនេះ គឺជាសម្បត្តិប្រវត្តិសាស្ត្រ និងជាមរតកបុរាណរបស់ជាតិ សម្រាប់ក្មេងជំនាន់ក្រោយ។ លោកត្រេកអរក្រោយពេលខាងក្រសួងពាក់ព័ន្ធ សម្រេចអភិរក្សព្រះវិហារបុរាណនេះ និងបានបញ្ជូនមន្ត្រីជំនាញមកពិនិត្យ ព្រមទាំងសម្រេចជួសជុលសំណង់របស់បុព្វបុរសពីសម័យដើម៖ « ពួក ខ្ញុំយល់ឃើញថា ព្រះវិហារនេះមានវ័យចំណាស់មានអាយុកាលជាង ១៨០ឆ្នាំ ហើយយោងតាមច្បាប់ចេញពីសភាមកថា សំណង់ណា ដែលមាន អាយុកាលជាង ៥០ឆ្នាំ គឺ រក្សាទុក មិនឲ្យ នរណារុះរើ បានទេ បានពួកខ្ញុំសុំយកវិហារហ្នឹងចុះ បញ្ជីចូល ជាបេតិកភណ្ឌជាតិ »។

កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តស្វាយសាច់ភ្នំ និងអាជ្ញាធរមូលដ្ឋានផង បានរៀបចំពិធីក្រុងពាលីដើម្បីសុំម្ចាស់ទឹកម្ចាស់ដី និងបារមីវត្ថុស័ក្ដិសិទ្ធិ មុនចាប់ផ្ដើមដំណើរការជួសជុលព្រះវិហារបុរាណមួយនេះ។
មន្ត្រីបច្ចេកទេសនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ច័ន្ទ វិត្ថារុង មានប្រសាសន៍ថា គម្រោងជួសជុលព្រះវិហារនៅវត្តស្វាយសាច់ភ្នំ មានរយៈពេល ៦ខែ។ គម្រោងនេះ នឹងរៀបចំពង្រឹងរចនាសម្ព័ន្ធសំណង់ព្រះវិហារឲ្យរឹងមាំឡើងវិញ ព្រមទាំងជួសជុលដំបូលត្រង់ផ្នែកខ្លះដែលធ្លុះធ្លាយកន្លងមក និងសម្អាតគំនូរ ជាដើម។ លោកបញ្ជាក់ថា ប្រភេទសំណង់បែបនេះ គឺជាសំណង់បែបកម្រ ព្រោះមានតិចតួចណាស់នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ លោកឲ្យដឹងទៀតថា សំណង់វិហារនេះទទួលឥទ្ធិពលពីវត្តមហាលាភ ក្នុងស្រុកកោះសូទិន។ បន្ថែមពីនេះ ជញ្ជាំងព្រះវិហារចាស់គេជឿថាកសាងអំពីឈើ ប៉ុន្តែត្រូវបានខូចខាត ហើយកសាងថ្មីអំពីស៊ីម៉ង់ឡើងវិញនៅឆ្នាំ១៩២៥។ ចំណែកគំនូរនៅលើជញ្ជាំងវិហារគូរនៅឆ្នាំ១៩៥៦៖ « ចាប់អារម្មណ៍ ខ្លាំងជា ង គេ គឺ នៅលើ សសរ នៅលើ ធ្នឹម ដែលជា គំនូរប្រភេទកម្រ ដែលយើងបាន បន្សល់ទុក តាំងពីដើម សតវត្សរ៍ ទី២០ »។
មន្ត្រីជំនាញដដែលមើលឃើញថា ឆន្ទៈរបស់ក្រសួង និងឆន្ទៈរបស់ពលរដ្ឋនៅឃុំស្វាយសាច់ភ្នំ គឺចង់រក្សាសម្បត្តិដូនតាទុកសម្រាប់ក្មេងជំនាន់ក្រោយដូចគ្នា ម្យ៉ាងអ្នកភូមិភាគច្រើនយល់ពីតម្លៃសំណង់បុរាណខ្មែររួចទៅហើយ ព្រោះពួកគាត់បានខិតខំការពារ និងធ្វើសំណើទៅក្រសួងសុំចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌរបស់ជាតិ។ សកម្មភាពទាំងនេះ អាចចាត់ទុកជាគំរូដ៏ល្អសម្រាប់ពលរដ្ឋនៅតំបន់ផ្សេងទៀត៖ « ប្រសិនបើ អត់មាន អ្នកស្រុក អ្នកភូមិ ចូលរួមថែទាំទេ សំណង់មួយ ដែលមាន លក្ខណៈបរមបូរាណ នឹងបាត់បង់។ ហើយយើងត្រូវចាំថាសំណង់បែបបុរាណហ្នឹង មិនមែនអ្នកភ្នំពេញ ពួក ខ្ញុំពួក អីហ្នឹង អ្នកធ្វើ ទេ គឺ អ្នកស្រុក គាត់ ដូនតាគាត់ អ្នកធ្វើ រឿងហ្នឹង »។
ព្រះចៅអធិការវត្តស្វាយសាច់ភ្នំ ព្រះតេជព្រះគុណ អ៊ឹម ប៊ុនធឿន មានថេរដីកាថា ស្ថានភាពនៅក្នុងវត្តបច្ចុប្បន្នមានលក្ខណៈប្រសើរជាងពេលមុន ដោយសារខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួងធម្មការ និងសាសនា បានទទួលស្គាល់ និងចុះបញ្ជីទីវត្តអារាមមួយនេះជាសម្បត្តិបេតិកភណ្ឌរបស់ជាតិ។ ព្រះអង្គប្ដេជ្ញាថា នឹងសហការជាមួយក្រសួងពាក់ព័ន្ធ គណៈកម្មការ អាចារ្យវត្ត និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកការពារ និងអភិរក្សសំណង់បុរាណខ្មែរមួយនេះឲ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ៖ « អ៊ីចឹងការពារឲ្យខាងតែបាន មិនឲ្យជនណាម្នាក់មកបំផ្លិចបំផ្លាញ ប៉ះពាល់ដល់វត្ថុហ្នឹងបានទៀតទេ »។
វត្តស្វាយសាច់ភ្នំ មិនត្រឹមតែជាទីវត្តអារាមដែលមានវ័យចំណាស់ប៉ុណ្ណោះទេ ប៉ុន្តែពលរដ្ឋមួយចំនួនចាត់ទុកថាជាទីកន្លែងស័ក្តិសិទ្ធិ ហើយពួកគាត់តែងនាំគ្នាទៅបួងសួងសុំសេចក្តីសុខចម្រើន ពិសេសនៅក្នុងឱកាសបុណ្យទានធំៗម្តងៗ ជាដើម។ អ្វីដែលពិសេសជាងនេះទៀត ក្នុងឃុំស្វាយសាច់ភ្នំ ដែលមានភូមិចំនួន៤ និងមានពលរដ្ឋជិត ១ម៉ឺននាក់ គិតជាគ្រួសារជាង ១ពាន់គ្រួសារ គឺមានតែវត្តស្វាយសាច់ភ្នំមួយប៉ុណ្ណោះសម្រាប់ពុទ្ធបរិស័ទទៅគោរពបូជាតាមបែបព្រះពុទ្ធសាសនា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។