តើ​សិល្បករ​សិល្ប​ការិនី​មាន​តម្រូវ​ការ​អ្វី​ខ្លះ​ពី​រដ្ឋាភិបាល​អាណត្តិ​ថ្មី?

0:00 / 0:00

សិល្បៈ គឺ​ជា​អត្តសញ្ញាណ និង​ព្រលឹង​ជាតិ​ខ្មែរ។ រាជ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ខ្លួន​បាន​សង្គ្រោះ​វិស័យ​សិល្បៈ​ឲ្យ​រស់​ឡើង​វិញ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ និង​បាន​បន្ត​លើក​ស្ទួយ​វិស័យ​នេះ​បាន​កាន់​តែ​ប្រសើរ​ឡើង​ជា​បន្តបន្ទាប់ តាម​រយៈ​គោល​នយោបាយ​អភិវឌ្ឍន៍​ជាតិ​ប្រាំ​ឆ្នាំ​របស់​រដ្ឋាភិបាល។

ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នក​វិភាគ​សង្គម​លើក​ឡើង​ថា វិស័យ​សិល្បៈ​របស់​ប្រទេស​កម្ពុជា កំពុង​តែ​ធ្លាក់​ចុះ និង​ស្ថិត​នៅ​ក្នុង​ចំណុច​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។ តើ​សិល្បករ សិល្បការិនី​ខ្មែរ​មាន​តម្រូវ​ការ​អ្វី​ខ្លះ​ពី​រដ្ឋាភិបាល​អាណត្តិ​ថ្មី ក្នុង​ការ​ពង្រឹង​អាជីព និង​លើក​ស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ​កាន់​តែ​រឹងមាំ និង​ប្រសើរ​ឡើង?

វិស័យ​សិល្បៈ​ខ្មែរ​មាន​ការ​រីក​ចម្រើន​ខ្លាំង​នៅ​កំឡុង​ទសវត្ស​ឆ្នាំ​១៩៦០។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គេ​ឃើញ​មាន​ទម្រង់​សិល្បៈ​របស់​ខ្មែរ​តែ​ពីរ ឬ​បី​ទម្រង់​ប៉ុណ្ណោះ​ដែល​មាន​ភាព​លេចធ្លោ និង​កំពុង​តែ​មមាញឹក​ខ្លាំង​នៅ​លើ​ទីផ្សារ​សិល្បៈ​កម្ពុជា ក្នុង​នោះ​គឺ​មាន​ដូច​ជា ទម្រង់​សិល្បៈ​ចម្រៀង​សម័យ និង​ខ្សែ​ភាពយន្ត​ជា​ដើម។

ប្រធាន​សមាគម​អ្នក​សិល្បករ​ខ្មែរ លោក សុះ ម៉ាច មាន​ប្រសាសន៍​ថា សិល្បករ​សិល្ប​ការិនី​ខ្មែរ​មាន​តម្រូវ​ការ​ចាំបាច់​ច្រើន​ណាស់ ដែល​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ត្រូវ​ពិនិត្យ និង​ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​នោះ​រួម​មាន ច្បាប់​ចម្លង​កម្មសិទ្ធិ​បញ្ញា ការ​បណ្ដុះ​បណ្ដាល ការ​ឲ្យ​តម្លៃ​លើ​សិល្បៈ និង​បញ្ហា​សន្តិសុខ​សុវត្ថិភាព​របស់​តារា​ជា​ដើម៖ «សមាគម​សិល្បៈ​ទាមទារ​ចង់​ឲ្យ​បាន​រដ្ឋាភិបាល​ផ្ដល់​នូវ​ទីតាំង​មួយ​ដែល​សមរម្យ​អាច​បណ្ដុះ​បណ្ដាល​សិស្ស​មាន​បំណង​ចង់​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ហើយ​នេះ​គឺ​គ្រឹះ​មួយ។ នៅ​ប្រទេស​គេ សិល្បៈ​របស់​គេ​សុទ្ធ​តែ​ឆ្លង​កាត់​ពី​សាលា រីឯ​សិល្បៈ​យើង​មួយ​ចំនួន​ភាគ​តិច​ណាស់​ដែល​ឆ្លង​កាត់​ពី​សាលា។ អីចឹង​ហើយ​ដែល​សិល្បៈ​យើង​មាន​ចំណុច​ខ្វះខាត​ច្រើន»

លោក​បន្ត​ថា ក្នុង​នាម​លោក​ជា​ប្រធាន​សមាគម លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​បង្កើត​សាលា​មួយ​ដែល​មាន​គ្រូ​បង្រៀន​អាជីព​ជើង​ចាស់ ហើយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ប្រាក់​បៀវត្សរ៍​ជូន​គ្រូ និង​ការ​លើក​ទឹក​ចិត្ត​ផ្សេងៗ។

តារា​ចម្រៀង អ្នកស្រី ខាត់ សុខឃីម មាន​ប្រសាសន៍​ថា អ្នកស្រី​ចង់​ឲ្យ​អ្នក​សិល្បៈ​ទាំងអស់​ស្រឡាញ់ និង​សាមគ្គី​គ្នា។ ទោះ​ជា​យ៉ាង​ណា អ្នកស្រី​បាន​មើល​ឃើញ​ពី​ស្ថានភាព​សិល្បករ​សិល្ប​ការិនី​ខ្មែរ​មួយ​ចំនួន ថា​មាន​ជីវភាព​ខ្វះខាត និង​ជួប​ការ​លំបាក​ច្រើន ដោយសារ​ជំនាញ​សិល្បៈ​ពួក​គាត់​នៅ​ទន់​ខ្សោយ៖ «ធម្មតា ខ្ញុំ​ជា​អ្នក​សិល្បៈ ខ្ញុំ​ចង់​ឲ្យ​គាត់​ជួយ​ពង្រឹង​ខាង​ផ្នែក​សិល្បៈ​ហ្នឹង​ឲ្យ​បាន​រឹងមាំ​ជាង​ហ្នឹង​ទៅ​ណា៎ ព្រោះ​អី​រាល់​ថ្ងៃ​ក្មេងៗ​ចេញ​ពី​សាលា​អីចឹង ធ្វើ​ការងារ​ដូច​ពួក​ខ្ញុំ​ធម្មតា​ដែរ​ហ្នឹង កត្ដា​ដែល​សំខាន់ ខ្ញុំ​ចង់​ឲ្យ​មាន​ការ​ប្រឡង​ឲ្យ​ច្បាស់​លាស់»

ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​នេះ លោក ចែម ចាន់ដារ៉ា ហៅ​នាយ ពែកមី បញ្ជាក់​ថា ជីវិត​សិល្បៈ​របស់​លោក​មាន​ភាព​ប្រសើរ​ខ្លាំង​ហើយ ប៉ុន្តែ​លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​គិតគូរ​រឿង​សន្តិសុខ សុវត្ថិភាព​របស់​តារា ជា​ពិសេស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍៖ «ព្រោះ​អី​ខ្ញុំ​សិល្បៈ​តែង​តែ​ទៅ​សម្ដែង​តាម​ខេត្ត​ឆ្ងាយៗ ខ្ញុំ​ទៅ​សម្ដែង​យប់ ហើយ​ខ្ញុំ​ត្រូវ​ត្រឡប់​មក​ភ្នំពេញ​វិញ អីចឹង​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​ហ្នឹង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់»

សិល្បករ​សិល្ប​ការិនី​ខ្មែរ​ភាគ​ច្រើន​នៅ​មិន​ទាន់​ហ៊ាន​និយាយ​អំពី​តម្រូវ​ការ​ចាំបាច់​របស់​ខ្លួន ឬ​ពី​ចំណុច​អសកម្ម​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​លើក​ស្ទួយ​វិស័យ​សិល្បៈ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នោះ​ទេ ព្រោះ​ពួក​គាត់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន។

អ្នក​សិក្សា និង​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ប្រធាន និង​អ្នក​វិនិយោគ​នៅ​ក្នុង​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍ ភាគ​ច្រើន​គឺ​ជា​កូន​ចៅ និង​អ្នក​នយោបាយ​ធំៗ។ ដូច្នេះ អ្នក​សិល្បៈ​មិន​ហ៊ាន​និយាយ​ប្រាប់​អំពី​កង្វល់ ឬ​និយាយ​ប៉ះពាល់​ដល់​ថ្នាក់​ដឹកនាំ​នោះ​ទេ៖ «បរិយាកាស​សង្គម​មិន​ថា​តែ​សិល្បករ ពីព្រោះ​សិល្បករ​ភាគ​ច្រើន​បាន​ក្លាយ​ជា​មន្ត្រី​រាជការ ក្លាយ​ទៅ​ជា​ប៉ូលិស​ទាហាន​ដាក់​បញ្ចូល​ដើម្បី​ស៊ី​ប្រាក់​ខាត​ប្រាក់​ខែ​រដ្ឋ​ទៅ​ទៀត អីចឹង​គាត់​អត់​ហ៊ាន​ទេ។ ហើយ​ស្ថានភាព​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មន្ត្រី​រាជការ​រស់នៅ​ក្នុង​គុក​ឥត​ជញ្ជាំង​តែ​ម្ដង មិន​ហ៊ាន​និយាយ​មិន​ហ៊ាន​ថា បិទ​ភ្នែក​បិទ​ច្រមុះ​ធ្វើ​គរ​ធ្វើ​ថ្លង់​ធ្វើ​គរ​ធ្វើ​ថ្លង់ គេ​ឲ្យ​ធ្វើ​អី​ធ្វើ​ហ្នឹង​តាម​គេ ហើយ​មិន​ហ៊ាន​តវ៉ា»

ទាក់ទង​នឹង​ទម្រង់​សិល្បៈ​ខ្មែរ​ចំនួន​ពីរ​ដែល​គេ​មើល​ឃើញ​ថា មាន​ភាព​លេចធ្លោ​ជាង​គេ​នោះ គឺ​សិល្បៈ​ចម្រៀង​សម័យ និង​ការ​ផលិត​ខ្សែ​ភាពយន្ត។ ក៏ប៉ុន្តែ ទម្រង់​សិល្បៈ​ទាំង​ពីរ​នេះ​កំពុង​តែ​ប្រឈម​នឹង​ការ​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា។ អ្នក​និពន្ធ និង​ម្ចាស់​រោង​ភាពយន្ត​ក្នុង​ស្រុក​មួយ​ចំនួន បាន​ស្ដី​បន្ទោស​បញ្ហា​នេះ​ជា​ដើម​ចម​ឲ្យ​មាន​ការ​បិទ​ទ្វារ​រោង​ភាពយន្ត​ជា​បន្ត​បន្ទាប់។

អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ឃឹម សារិទ្ធ មាន​ប្រសាសន៍​ថា ការ​បិទ​ទ្វារ​រោង​ភាពយន្ត គឺ​ពុំ​មាន​ន័យ​ថា វិស័យ​សិល្បៈ​ខ្មែរ​ធ្លាក់​ចុះ ឬ​បាត់​បង់​នោះ​ទេ៖ «ខ្ញុំ​យល់​ថា មិន​មាន​ការ​ប៉ះពាល់​ទេ ពីព្រោះ​សម័យ​នេះ​ខុស​ពី​សម័យ​នៅ​រដ្ឋ​កម្ពុជា។ នៅ​រដ្ឋ​កម្ពុជា គឺ​ថា​ឲ្យ​តែ​ឮ​សូរ​កុន​ឮ​ភាពយន្ត​ឮ​សូរ​វីដេអូ គឺ​ថា​មនុស្ស​សម្រុក​ទៅ​មើល។ ដល់​មក​សម័យ​នេះ ទូរទស្សន៍​គ្រាន់​អ្នក​ផ្ទះ​ខ្លះ​មាន​បី​មាន​បួន​ទូរទស្សន៍»

លោក​បញ្ជាក់​ថា នៅ​ប្រទេស​កម្ពុជា មាន​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រាប់​បណ្ដុះ​បណ្ដាល​ជំនាញ​សិល្បៈ​ចំនួន​ប្រាំ​ទម្រង់​ផ្សេងៗ​គ្នា។ ក្រៅ​ពី​នេះ នៅ​មាន​សាលា​អង្គការ និង​សមាគម​មួយ​ចំនួន​ក៏​បាន​បណ្ដុះ​បណ្ដាល​វិស័យ​សិល្បៈ​នេះ​ដែរ ហើយ​សាលា​ទាំង​នោះ​មាន​ការ​ត្រួត​ពិនិត្យ និង​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

សិល្បករ​សិល្ប​ការិនី​ខ្មែរ​បច្ចុប្បន្ន មាន​ជាង ៥​ពាន់​នាក់។ នៅ​ក្នុង​នោះ មាន​អ្នក​សិល្បៈ​ចំនួន ៤០០​នាក់ បាន​ចុះ​បញ្ជី​ផ្លូវ​ការ​នៅ​សមាគម​អ្នក​សិល្បករ​ខ្មែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។