សហគមន៍ជនជាតិដើមទំពួន ចំនួន ៥ភូមិ នៅឃុំយក្សឡោម ក្រុងបានលុង ខេត្តរតនគិរី សម្ដែងមតិជំទាស់ទៅនឹងគម្រោងនាំយករូបព្រះពុទ្ធបដិមាមកដាក់តាំងនៅក្នុងតំបន់រមណីយដ្ឋានបឹងយក្សឡោម ក្រោមការអភិរក្សរបស់ជនជាតិដើមភាគតិច។
ក្រុមសហគមន៍អភិរក្សតំបន់រមណីយដ្ឋានបឹងយក្សឡោម នៅខេត្តរតនគិរី អះអាងថា គម្រោងតាំងព្រះពុទ្ធបដិមានៅតំបន់អភិរក្សនេះ នឹងធ្វើឲ្យប៉ះពាល់ប្រពៃណី វប្បធម៌ និងធនធានធម្មជាតិ ដីធ្លី ដែលជនជាតិដើមភាគតិចអភិរក្សច្រើនជំនាន់មកហើយ។
ការជំទាស់នេះ កើតមានឡើងបន្ទាប់ពីពុទ្ធបរិស័ទខ្មែរមួយក្រុម រស់នៅក្រុងបានលុង កាលពីចុងសប្ដាហ៍មុននេះ បានរៀបចំគម្រោងនាំយកពុទ្ធបដិមាឆ្លាក់ពីថ្មភ្នំ គឺរូបព្រះពុទ្ធចូលព្រះនិព្វាន ដែលត្រូវការទីតាំងដីទំហំ ៣៥ម៉ែត្រក្រឡា និងរូបព្រះពុទ្ធផ្ចាញ់មារ ត្រូវការទីតាំងដីទំហំ ២៥ម៉ែត្រក្រឡា មកដាក់តម្កល់ជានិមិត្តរូបនៃវិស័យវប្បធម៌ សម្រាប់ភ្ញៀវទេសចរទៅកម្សាន្តនៅតំបន់នោះគោរពបូជាតាមជំនឿ។
សមាជិកគណៈកម្មការសហគមន៍មួយរូប គឺលោក សុវណ្ណ ហ៊ាន ចាត់ទុកបំណងដាក់តាំងរូបពុទ្ធបដិមា ក្នុងតំបន់អភិរក្សរបស់ជនជាតិដើមភាគតិចមួយនេះ ថានឹងធ្វើឲ្យអ្នកភូមិកើតគ្រោះភ័យ ឬជំងឺរាតត្បាត ដោយសារតំបន់នោះជាទីតាំងនៃអាទិទេពមានបារមីស័ក្ដិសិទ្ធិ ជាអារក្សអ្នកតាដែលពួកគាត់គោរពបូជាតាមជំនឿជនជាតិដើមភាគតិច។ អ្នកភូមិមានអារម្មណ៍ថា ពួកគេនឹងត្រូវរំលោភបំពានដោយក្រុមអ្នកមានជំនឿសាសនាព្រះពុទ្ធ ហើយទន្ទ្រានយកតំបន់នោះចេញពីការអភិរក្សរបស់សហគមន៍ជនជាតិដើម៖ «ទាំង ៥ភូមិ គេឥតព្រមឲ្យដាក់ទេ ព្រោះជាតំបន់អបិយជំនឿរបស់សហគមន៍។ យក្សឡោម យើងតែងបួងសួងហៅព្រៃអារក្សអ្នកតានៅយក្សឡោម មិនមែនហៅព្រះពុទ្ធទេ។ ថ្នាក់ដឹកនាំសហគមន៍ គេថាប្រសិនគេដាក់ គេអត់និយាយច្រើនគណៈកម្មការនៅហ្នឹងគេដេញចេញទាំងអស់ហើយ អ្វីដែលគេកំពុងធ្វើគេរុះរើចេញ គេយកពូថៅវាយកម្ទេចចោល»។
តាមធម្មតា តំបន់រមណីយដ្ឋានបឹងយក្សឡោម គ្រប់គ្រងដោយគណៈកម្មការរមណីយដ្ឋានបោះឆ្នោតជ្រើសរើសដោយសមាជិកសហគមន៍នៅភូមិទាំង៥ ក្នុងសង្កាត់យក្សឡោម គណៈកម្មការរមណីយដ្ឋានបឹងយក្សឡោម អភិរក្សតំបន់នេះជាកន្លែងទេសចរណ៍បែបធម្មជាតិគ្មានការកែច្នៃ។ ក្នុង១ឆ្នាំៗ សហគមន៍នេះអាចរកប្រាក់ចំណូលពីការលក់សំបុត្រចូលកម្សាន្ត រួមទាំងប្រាក់ចំណូលពីការលក់ដូរនំចំណី គ្រឿងប្រើប្រាស់របស់សហគមន៍ និងប្រជាពលរដ្ឋក្រៅសហគមន៍ បានប្រមាណជាង ២ម៉ឺនដុល្លារ។ ប្រាក់ចំណូលនេះ សម្រាប់បណ្តុះបណ្តាលធនធានមនុស្សក្នុងសហគមន៍ រៀបចំមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច រៀបចំកងសន្តិសុខការពារតំបន់ទេសចរណ៍ រួមទាំងថែទាំអនាម័យ មានធុងសំរាមបង្គន់អនាម័យ ជាដើម។
អ្នកអភិរក្សតំបន់យក្សឡោមមួយរូបទៀត គឺលោក សិល កាត លោកជាប្រធានភូមិឡូម និងជាចាស់ទុំជនជាតិដើមទំពួន នៅតំបន់យក្សឡោម បង្ហាញទស្សនៈថា ប្រសិនវប្បធម៌ពុទ្ធសាសនាត្រូវបានអនុញ្ញាតឲ្យចូលមកតំបន់រមណីយដ្ឋានធម្មជាតិមួយនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីអាស្រ័យផលធនធានធម្មជាតិរបស់អ្នកភូមិ បន្ទាប់មកប្រជាពលរដ្ឋក្រៅសហគមន៍នឹងជ្រៀតជ្រែកទៅលើកិច្ចព្រមព្រៀងអភិរក្សតំបន់បឹងយក្សឡោម នៅថ្ងៃខាងមុខនេះ៖ «ខាងសាសនាជនជាតិដើមភាគតិចគេអត់ត្រូវការអ៊ីចឹងទេ គេទៅសែនព្រេន បើសិនណាដាក់វត្តអារាម អ៊ីចឹងគេចូលសុទ្ធតែប្រើរបស់ខ្មែរខាងជនជាតិ គេអត់ដែលចូលអ៊ីចឹងទេ។ គេអត់ហ៊ានឲ្យទេ បើសិនធ្វើអ៊ីចឹងទៀត ចាស់ៗគេអត់យល់ព្រមទៅសែនស្អីទេកន្លែងហ្នឹង»។
ផ្ទុយពីការអះអាងនេះ ពុទ្ធបរិស័ទខ្មែរអ្នកដឹកនាំគម្រោងនាំយកពុទ្ធបដិមាទៅតម្កល់នៅរមណីយដ្ឋានបឹងយក្សឡោម លោក ងួន ចាន់ទ្រី មានប្រសាសន៍បញ្ជាក់ថា រូបបដិមាដែលគ្រោងយកទៅតម្កល់នៅតំបន់នោះ នឹងត្រូវទុកជាសម្បត្តិវប្បធម៌ជាតិ និងក្រោមការអភិរក្សរបស់គណៈកម្មការសហគមន៍ដដែល។ លោកអះអាងថា ការតាំងរូបពុទ្ធបដិមាបានមកពីប្រាក់ចូលរួមរបស់សប្បុរសជន និងរូបលោកផ្ទាល់ ដើម្បីទុកជានិមិត្តរូបនៃសេចក្តីសុខក្សេមក្សាន្ត សាមគ្គីភាពនៃអំពើល្អជាកុសល មិនប្រកាន់ជាតិសាសន៍ និងជាសម្បត្តិវប្បធម៌មួយសម្រាប់អ្នកទេសចរទស្សនាកម្សាន្ត និងគោរពបូជាតាមជំនឿ។ ហេតុនេះ ក្រោយពិធីធ្វើអភិសេករូបពុទ្ធបដិមារួចរាល់ រូបបដិមានេះនឹងត្រូវអភិរក្ស និងប្រើប្រាស់ជាប្រយោជន៍សហគមន៍៖ «យើងអត់មានដណ្ដើមប្រាក់ចំណូលពីគាត់ទេ ព្រោះយើងធ្វើ ហើយយើងដាក់ជាសម្បត្តិរដ្ឋហើយ សម្រាប់តម្កល់ទៅថ្ងៃក្រោយឲ្យគេដឹងថា អានេះជារបស់អភិរក្សបឹង គេដឹកនាំធ្វើ។ ពុទ្ធរូបថ្មដាប់ពីព្រះវិហារ ធ្វើបុណ្យឆ្លង ហើយប្រគល់ឲ្យអភិរក្សបឹង ហើយគេធ្វើស្អីធ្វើទៅ»។
សហគមន៍រមណីយដ្ឋានបឹងយក្សឡោម បានចុះកិច្ចព្រមព្រៀងអភិរក្សតំបន់ទេសចរណ៍នេះតាមលក្ខណៈធម្មជាតិជាមួយអាជ្ញាធរខេត្តរតនគិរី រយៈពេល ២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ នៅលើផ្ទៃដីជាង ៧០០ហិកតារ ក៏ប៉ុន្តែប៉ុន្មានឆ្នាំកន្លងទៅ ព្រៃឈើនៅតំបន់ជុំវិញរមណីយដ្ឋានដ៏ល្បីល្បាញមួយនេះ ត្រូវបានសមាជិកសហគមន៍ខ្លួនឯង និងប្រជាពលរដ្ឋក្រៅសហគមន៍ ទន្ទ្រានកាប់យកឈើប្រណីត និងឈើមានតម្លៃ រួមទាំងកាប់រានព្រៃឈើនៃតំបន់រមណីយដ្ឋាននេះអស់រាប់រយហិកតារ។ បច្ចុប្បន្ន នៅសល់ផ្ទៃដីប្រមាណ ៣០០ហិកតារ ជុំវិញមាត់បឹងដែលសហគមន៍បន្តគ្រប់គ្រងជាតំបន់ទេសចរណ៍ធម្មជាតិសុទ្ធសាធ។
ទាក់ទិនបញ្ហានេះដែរ ចៅសង្កាត់យក្សឡោម លោក ពិន លួង ថ្លែងថា ការព្រួយបារម្ភរបស់សហគមន៍ក៏មានហេតុផលសមរម្យ ដោយសារតំបន់រមណីយដ្ឋាននេះពិតជារងការបំផ្លាញកាលពីប៉ុន្មានឆ្នាំកន្លងទៅ ធ្វើឲ្យប៉ះពាល់ជំនឿ និងប្រពៃណីជនជាតិដើម ជាពិសេសការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានយកដីនៅតំបន់ជុំវិញបឹងយក្សឡោម។ លោកបន្តថា គម្រោងដាក់តាំងរូបពុទ្ធបដិមា នឹងផ្តល់សារប្រយោជន៍បន្ថែមទៀតសម្រាប់តំបន់ទេសចរណ៍ និងសហគមន៍ដែលអភិរក្សតំបន់នេះ ប្រសិនសហគមន៍បើកទូលាយក្នុងការទទួលយកវប្បធម៌ចម្រុះ ក៏ប៉ុន្តែក្រុមមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវធ្វើការសិក្សាទីដាក់តាំងរូបបដិមាកុំឲ្យប៉ះពាល់ដើមឈើ និងកន្លែងគោរពបូជារបស់ជនជាតិដើម៖ «ខ្ញុំថាអត់ស្អីទេចម្រុះទៅ អ្នកណាជំនឿខាងណាជឿទៅខាងហ្នឹងទៅ ទស្សនៈខ្ញុំអ៊ីចឹង រាល់ឆ្នាំពេលមានលុយ ខ្ញុំទៅវត្តអ៊ីចឹងទៅ ដូចឆ្នាំហ្នឹងខ្ញុំអត់បានទៅអ៊ីចឹងបាទ! មិនអាចផ្តាច់តែឯង ដូចខាងជនជាតិនេះអ្នកខ្លះអនុវត្តអ៊ីចឹងទៅនៅផ្ទះគេខ្មោចដូនតាក៏គេសែនអ៊ីចឹង»។
ទោះជាយ៉ាងនេះក៏ដោយ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត វិទូ អះអាងថា អាជ្ញាធរជំនាញកំពុងសិក្សាបញ្ហានេះហើយ ជាពិសេសស្វែងរកដំណោះស្រាយជាមួយសហគមន៍ មុននឹងអនុញ្ញាតឲ្យដាក់តាំងពុទ្ធបដិមាក្នុងតំបន់រមណីយដ្ឋានមួយនេះ។ លោកបន្តថា អតីតគ្រឹះព្រះរាជដំណាក់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅខាងលិចផ្លូវចុះទៅកាន់មាត់បឹង អំណោយផលសម្រាប់ការដាក់តាំងពុទ្ធបដិមា ដែលមិនប៉ះពាល់ទីសក្ការៈរបស់ក្រុមសហគមន៍៖ «សាងសង់បានក៏ជាការល្អមួយដែរ រមណីយដ្ឋានមួយវាផ្សារភ្ជាប់ទៅនឹងវប្បធម៌ វាមិនប៉ះពាល់ប៉ុន្មានទេ ព្រោះដើមឈើមានតែគម្រោងដាំថែម គម្រោងគេធ្វើហ្នឹងណា! យើងមើលសិក្សាដែរកន្លែងណាដែលមានដើមឈើធំ គឺយើងអត់ផ្តល់ព្រៃឲ្យគាត់ទេ។ មិនដឹងយ៉ាងម៉េច អ៊ីចឹងបានយើងឲ្យខាងធម្មការទៅសិក្សាឡើងវិញ មូលហេតុអ្វីបានជាគាត់ថាប៉ះពាល់»។
រមណីយដ្ឋានបឹងយក្សឡោម មានទឹកថ្លាដូចទឹកសមុទ្រ។ បឹងនេះមានជម្រៅពី ៦០ ទៅ ៧០ម៉ែត្រ និងមានមុខកាត់ជាង ៨០០ម៉ែត្រ។ ក្នុងមួយឆ្នាំៗមានអ្នកទេសចរជិតពីរម៉ឺននាក់ មកកម្សាន្តនៅរមណីយដ្ឋានបឹងយក្សឡោមនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
