ក្រុមគ្រួសាររបស់នាង អ៊ិន សុខលីដា ដែលកំពុងតែលាក់ខ្លួននៅក្រៅប្រទេស បានសម្ដែងក្ដីត្រេកអរនិងសាទរចំពោះការផ្តន្ទាទោសលោកស្រី ជា រដ្ឋា និងបក្សពួក ប៉ុន្តែពួកគេមិនទាន់ហ៊ានវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅទ្បើយទេ។
អ្នកស្រី យ៉ា សុខនីម (ខាងឆ្វេង) ជនរងគ្រោះដោយសារការជះទឹកអាស៊ីត និងកញ្ញា អ៊ិន សុខលីដា ជាក្មួយស្រី ធ្វើសន្និសីទកាសែតនៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី២ កញ្ញា ២០០៩។
ក្រុមគ្រួសាររបស់នាង អ៊ិន សុខលីដា ដែលកំពុងតែលាក់ខ្លួននៅក្រៅប្រទេសកម្ពុជា ដោយសារតែភ័យខ្លាចពីការតាមសងសឹកនិងព្យាបាទពីសំណាក់លោកស្រី ជា រដ្ឋា និងគូកននោះ បានសម្ដែងក្ដីត្រេកអរនិងសាទរចំពោះការផ្តន្ទាទោសដោយតុលាការសាលាឧទ្ធរណ៍កាលពីថ្មីៗនេះលើលោកស្រី ជា រដ្ឋា និងគូកន ក៏ប៉ុន្តែក្រុមគ្រួសារទាំងនោះនៅមិនទាន់ហ៊ានវិលត្រឡប់មកកម្ពុជា វិញនៅទ្បើយទេ ដរាបណាអាជ្ញាធរនគរបាលកម្ពុជានៅមិនទាន់បានចាប់ខ្លួនអ្នកទាំងនោះដាក់ក្នុងគុកនៅទ្បើយ។
ជាមួយគ្នានេះមន្រ្តីជាន់ខ្ពស់នៃនគរបាលរាជធានីភ្នំពេញបានអះអាងថា សមត្ថកិច្ចត្រៀមខ្លួនជាស្រេចក្នុងការការពារសុវត្ថិភាព នៅពេលណាដែលបានទទួលសំណើពីគ្រួសាររបស់នាង អ៊ិន សុខលីដា នោះ។
អតីតបវរកញ្ញាទេសចរណ៍នៃប្រទេសកម្ពុជាកាលពីឆ្នាំ២០០៦កន្លងទៅនោះ គឺនាង អ៊ិន សុខលីដា អាយុ២៥ឆ្នាំ ដែលកំពុងតែរស់នៅលាក់ខ្លួននៅក្រៅប្រទេសកម្ពុជា បានថែ្លងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទមកថា ៖ «នាងខ្ញុំនិងក្រុមគ្រួសារទាំងអស់មានចិត្តនិងអារម្មណ៍សប្បាយរីករាយខ្លាំងបំផុត ចង់វិលទៅប្រទេសខ្មែរយ៉ាងឆាប់រហ័ស ប៉ុន្តែដោយសារមានការតាមចាប់ខ្លួនជនល្មើសមិនទាន់បាន នាងខ្ញុំមានការរង់ចាំ បើមានសុវត្ថិភាពនឹងត្រឡប់ទៅវិញ ហើយក៏ដូចជាក្រុមគ្រួសារទាំងអស់លើកម្រាមដៃដប់និងសំឡេងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាខាងតុលាការដែលលោកបានកាត់ក្ដីមានភាពយុត្តិធម៌»។
លោកស្រី យ៉ា ស៊ីយ៉េត អាយុ៤៨ឆ្នាំ ជាម្តាយរបស់នាង អ៊ិន សុខលីដា បានមានប្រសាសន៍ថា ៖ «អរក៏អរ ក៏លាយឡំជាមួយការភ័យផងដែរ ព្រោះជនល្មើសមិនទាន់ចាប់ខ្លួនបាន»។
លោក អំ សំអាត ជាប្រធានក្រុមស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ហៅកាត់ថា លីកាដូ ដែលតាមដានសំណុំរឿងនេះកន្លងមក បានមានប្រសាសន៍ថា ៖ «ខ្ញុំទទូចហើយទទូចទៀតថា សុំឲ្យអនុវត្តទៅតាមសាលដីកាហ្នឹង ដើម្បីផ្ដល់ទំនុកចិត្តក៏ដូចជាសុវត្ថិភាពទៅដល់ក្រុមគ្រួសារនៃជនរងគ្រោះឡើងវិញផង»។
ទាក់ទងនឹងការព្រួយបារម្ភខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្រុមគ្រួសារទាំងនោះមិនត្រូវមានការព្រួយបារម្ភអ្វីទ្បើយ។
លោកឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ បានបញ្ជាក់ថា ៖ «ឥឡូវនេះខ្ញុំមិនទាន់បានទទួលដីកាពីតុលាការទេ ក៏ប៉ុន្តែចំពោះបញ្ហានេះវាអាចមានទៅកំពូលទៀត។ ដូច្នេះបានសេចក្ដីថា សាលក្រមវាមិនទាន់ជាស្ថាពរ។ នៅពេលដែលខ្ញុំទទួលបានដីកាពីតុលាការ ខ្ញុំត្រូវចាត់ចែងកម្លាំងអនុវត្ត»។
ក្រុមគ្រួសារដែលមានសមាជិកចំនួនប្រមាណជាង២០នាក់ ឬ៦គ្រួសារ របស់នាង អ៊ិន សុខលីដា បានរត់លាក់ខ្លួននៅក្រៅប្រទេសកម្ពុជានោះ គឺចាប់តាំងពីខែសីហា ឆ្នាំ២០០៩កន្លងទៅនេះ បន្ទាប់ពីតុលាការសាលាដំបូងរាជធានីភ្នំពេញបានលើកលែងការចោទប្រកាន់កាលពីថៃ្ងទី៥ ខែសីហា លើជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានលោកស្រី ជា រដ្ឋា ផងដែរ ក្រោមបទចោទថា មានការពាក់ព័ន្ធនឹងការវាយប្រហារដោយទឹកអាស៊ីតលើលោកស្រី យ៉ា សុខនីម ជាម្តាយមីងរបស់នាង អ៊ិន សុខលីដា នោះ។ ជនសង្ស័យចំនួន៧នាក់ត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពនៅពេលនោះ។
កាលពីថៃ្ងសុក្រ ទី២៧ ខែវិច្ឆិកាកន្លងទៅនេះ តុលាការសាលាឧទ្ធរណ៍បានផ្តន្ទាទោសកំបាំងមុខលើលោកស្រី ជា រដ្ឋា ជាឧត្តមសេនីយ៍ត្រីនៃកងរាជអាវុធហត្ថ ឲ្យជាប់គុករយៈពេល១៨ឆ្នាំ និងគូកនចំនួន៦នាក់ទៀតឲ្យជាប់គុករវាង១៥ឆ្នាំទៅ១៨ឆ្នាំផងដែរ ក្រោមបទមនុស្សឃាតគិតទុកជាមុននិងបទរំលោភលើសិទ្ធិបុគ្គល ចំពោះការវាយប្រហារដោយទឹកអាស៊ីតកាលពីថៃ្ងទី៨ ខែឧសភា ឆ្នាំ២០០៨កន្លងទៅ លើលោកស្រី យ៉ា សុខនីម ជាម្តាយមីងរបស់នាង អ៊ិន សុខលីដា នោះ៕
ចោរប្លន់ប្រដាប់អាវុធកម្រើកឡើងនៅខេត្តកំពង់ចាម
អំពើហិង្សា២ករណីកើតឡើងនៅខែត្ររតនគិរី
អ្នកកាសែតប្ដឹងចោទមន្រ្តីយោធានៅក្រចេះថាប៉ុនប៉ងធ្វើមនុស្សឃាត
យោធា៤នាក់នៅកំពតរងការចោទថាប្រើហិង្សាលើស្ត្រីម្នាក់
សង្គមស៊ីវិលរិៈគន់អាជ្ញាធរកំពង់ចាមមិនបង្រាបក្មេងទំនើង
តុលាការភ្នំពេញកាត់ទោសបុរសអាមេរិកកាំងម្នាក់ឲ្យជាប់គុក៣ឆ្នាំ
កប៉ាល់បំពាក់ទង់ជាតិកម្ពុជាមួយគ្រឿងត្រូវចោរសមុទ្ទប្លន់
ស្លាប់១របួស២នាក់ក្នុងការបង្រ្កាបការជួញដូរគ្រឿងញៀននៅស្ទឹងត្រែង
តុលាការកំពូលប្រកាសឲ្យស្រាវជ្រាវសំណុំរឿងសេដ្ឋីរុស្ស៊ីឡើងវិញ
ប៉ូលិសនៅបាត់ដំបងប្រើហិង្សាលើក្មេងម្នាក់ក្នុងរឿងជម្លោះបន្តិចបន្តួច
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
I do hope Justice does exist in Cambodia for those who suffered from the Acid attack.
2009-12-02 03:19
I do hope Justice does exist in Cambodia for those who suffered from the Acid attack.
2009-12-02 03:18
I hope the court and other related authority will take strong action on this case and other similar cases. I hope the convicted will not live freely and look down on the law of the country.
2009-11-30 19:45
I hope the court and other related authority will take strong action on this case and other similar cases. I hope the convicted will not live freely and look down on the law of the country.
2009-11-30 19:44
This is virtual trail. At least little improvement was made. More or less efforts to come? Congrats!
2009-11-30 07:57
មើលមតិទាំងអស់.