កម្ពុជា​ត្រៀម​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​៣​ថ្ងៃ​នៅ​កែប

រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ​ជា​លើក​ទី​២ រយៈ​​ពេល ​៣​ថ្ងៃ ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ ​ទី​៦ ​ខែ​ធ្នូ ឆ្នាំ​២០១៣ ដោយ​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​ចូល​រួម​ផង។ ប៉ុន្តែ​ការ​រៀបចំ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ ក៏​រង​ការ​រិះគន់​​ពី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

0:00 / 0:00

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​​​​ លោក សូ ម៉ារ៉ា បាន​ឲ្យ​ដឹង​ថា ការ​រៀបចំ​បុណ្យ​សមុទ្រ​នេះ ដើម្បី​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ និង​បរិស្ថាន​ឆ្នេរ​សមុទ្រ​របស់​​​​​​កម្ពុជា បង្អួត​ពិភពលោក។

​មន្ត្រី​ក្រសួង​ទេសចរណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ នឹង​មាន​បណ្ដា​ប្រទេស​អាស៊ាន​ចូល​រួម​ផ្សព្វ​​​ផ្សាយ​​​​វប្បធម៌ ឬ​តាំង​ពិព័រណ៍​មុខ​ម្ហូប​អាហារ​ប្រទេស​រៀងៗ​ខ្លួន​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទស្សនា។ ជា​ពិសេស ​​លោក​ថា ​បុណ្យ​នេះ​ក៏​មាន​ចាក់​ផ្សាយ​កម្មវិធី​បុណ្យ​បន្ត​ផ្ទាល់​តាម​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​​​ចំនួន​ផង។

លោក សូ ម៉ារ៉ា ឲ្យ​ដឹង​ថា ពិធី​បុណ្យ​នេះ អ្នក​ពាក់ព័ន្ធ​បាន​ត្រៀម​​​​លក្ខណៈ​រួច​ជា​ស្រេច៖ «បច្ចុប្បន្ន​នេះ​យើង​ឃើញ​ថា មាន​ការ​ចាប់​អារម្មណ៍​ខ្ពស់ មាន​ការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ ទាំង​ក្នុង​និង​ក្រៅ​ស្រុក គឺ​យើង​បាន​ផ្សព្វផ្សាយ​តាម​រយៈ​បណ្ដាញ​ព័ត៌មាន​ជា​ច្រើន។ ហើយ​ក៏​មាន​ភ្ញៀវ​គេ​កុម្ម៉ង់​កក់​បន្ទប់​ជា​ច្រើន ឃើញ​ថា មាន​ការ​ខ្វះខាត​បន្ទប់​ស្នាក់​នៅ។ ប៉ុន្តែ​ក្រសួង​ក៏​បាន​ត្រៀម​តង់ ឬ​មធ្យោបាយ​ស្នាក់​នៅ​មួយ​ចំនួន​ដើម្បី​ដោះស្រាយ ពីព្រោះ​យើង​នៅ​មាន​ការ​ខ្វះ​ខាត​ចំពោះ​តម្រូវ​ការ​ស្នាក់​នៅ។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​បុណ្យ​សមុទ្រ​នេះ​បាន​រួម​ចំណែក​ជា​ច្រើន ផ្តល់​នូវ​ការ​យល់​ដឹង​ដល់​ពលរដ្ឋ​ទាំង​ក្នុង​ប្រទេស ក៏​ដូច​ជា​នៅ​ក្រៅ​ប្រទេស​អំពី​ការ​លើក​តម្កើង​ការ​ការពារ​បរិស្ថាន និង​ឆ្នេរ​សមុទ្រ​ដ៏​ល្អ​របស់​យើង»។

ទោះ​ជា​បែប​នេះ​ក្តី ​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​បាន​រង​ការ​រិះគន់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង។ លោក សុន ឆ័យ ​បេក្ខជន​ជាប់​ឆ្នោត​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​រិះគន់​រាជរដ្ឋាភិបាល​​​ដែល​បាន​​លុប​ចោល​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ប៉ុន្តែ​បែរ​ជា​ទៅ​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​ទៅ​វិញ។

លោក​បន្ត​ថា ​​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ជា​ពិធី​បុណ្យ​តំណាង​ជាតិ​ទាំង​មូល ឬ​ជា​បុណ្យ​ប្រពៃណី​ជាតិ សម្រាប់​​ពលរដ្ឋ​ខ្មែរ​កម្សាន្ត​សប្បាយ​​ មិន​គួរ​លុប​ចោល​ដោយ​លើក​ហេតុផល​ស្រុកទេស​ជួប​គ្រោះ​ទឹក​ជំនន់​នោះ​ទេ។

លោក សុន ឆ័យ ថ្លែង​ចាត់​ទុក​ការ​លុប​ចោល​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​នេះ ថា​ជា​រឿង​នយោបាយ ហើយ​ស្នើ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បញ្ឈប់​សកម្មភាព​នេះ​នៅ​ថ្ងៃ​អនាគត៖ «ដូច្នេះ​បាន​ជា​យើង​យល់​ថា គួរ​តែ​បញ្ចប់​ទៅ​អ្វី​ដែល​ជា​ល្បែង​នយោបាយ ដែល​នាំ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​ប្រពៃណី​របស់​ជាតិ​ហ្នឹង។ ហើយ​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បើ​តាម​ខ្ញុំ​ចាំ​លើក​លែង​តែ​របប​ខ្មែរ​ក្រហម​ចេញ​ពិធី​បុណ្យ​អុំ​ទូក​គេ​ប្រព្រឹត្ត​​ទៅ​បាន​ទៀងទាត់។ សូម្បី​តែ​សម័យ លន់ នល់ ក៏​គេ​មាន​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ដែរ ពេល​ហ្នឹង​មាន​សង្គ្រាម​ផង។ ប៉ុន្តែ​ឥឡូវ​យើង​ថា ប្រទេស​យើង​មាន​ការ​សុខសាន្ត​ប៉ុណ្ណឹង​គួរ​តែ​មាន​ពិធី​បុណ្យ​នេះ»។

ទោះ​យ៉ាង​ណា លោក សូ ម៉ារ៉ា អ្នក​រៀបចំ​ពិធី​បុណ្យ​ថ្លែង​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ​ក៏​មាន​​តាំង​ពិព័រណ៍​មហោស្រព​ម្ហូប​អាហារ ឬ​ភេសជ្ជៈ និង​ការ​បង្ហាញ​ពី​គម្រោង​អភិវឌ្ឍន៍​​ទេសចរណ៍​តំបន់​ឆ្នេរ និង​ប្រជុំ​កោះ​ផ្សេងៗ​របស់​ក្រុម​វិនិយោគ​នានា ដែល​ទទួល​បាន​​​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ពី​រាជរដ្ឋាភិបាល​ជូន​ភ្ញៀវ​ទស្សនា​ផង។

​តាម​រយៈ​បុណ្យ​សមុទ្រ​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​តំណាង​ក្រុមហ៊ុន​បម្រើ​សេវា​ទេសចរណ៍​មាន​ជំនឿ​ថា កំណើន​​ភ្ញៀវ​ទេសចរ​នឹង​​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា ​បាន​ច្រើន​ថែម​ទៀត​នៅ​ថ្ងៃ​អនាគត។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក អាង គឹមអៀង​ បាន​ឲ្យ​ដឹង​ថា បុណ្យ​សមុទ្រ​ឆ្នាំ​នេះ សមាគម​​​លោក​មាន​រៀបចំ​ស្តង់​តាំង​បង្ហាញ​ផលិតផល​ទេសចរណ៍​សម្រាប់​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រហូត​ចប់​កម្ម​វិធី ហើយ​ក៏​រំពឹង​ថា កំណើន​ភ្ញៀវ​ទេសចរ​អាច​នឹង​កើត​ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។

​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​បរិស្ថាន​តំបន់​ឆ្នេរ​ខេត្ត​កែប ត្រូវ​បាន​អភិវឌ្ឍន៍​​ឲ្យ​មាន​អនាម័យ និង​មាន​បរិស្ថាន​ល្អ​ តាម​រយៈ​ការ​ដឹក​ខ្សាច់​ពណ៌​ស​ចាក់​តាម​មាត់​សមុទ្រ​ស្ថាបនា​ពង្រីក​ផ្លូវ​ចេញ​ចូល និង​​​អភិវឌ្ឍន៍​សួន​ច្បារ​ឲ្យ​មាន​សោភណភាព​ជាដើម។

បុណ្យ​សមុទ្រ​ឆ្នាំ​នេះ មន្ត្រី​ក្រសួង​ទេសចរណ៍ និង​អ្នក​ពាក់ព័ន្ធ​រំពឹង​ថា អាច​នាំ​ឲ្យ​ពិភពលោក​ស្គាល់​​កម្ពុជា​​ កាន់​តែ​ច្រើន ហើយ​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ ក៏​នឹង​កើន​តាម​នោះ​ដែរ​នៅ​ថ្ងៃ​អនាគត។

ប្រទេស​​កម្ពុជា បាន​រៀបចំ​បុណ្យ​សមុទ្រ​លើក​ទី​១ នៅ​ឆ្នាំ​២០១១ នៅ​ខេត្ត​ព្រះសីហនុ និង​លើក​ទី​២ នៅ​ខេត្ត​កែប ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៣។ ការ​រៀបចំ​បុណ្យ​សមុទ្រ​នេះ បន្ទាប់​ពី​ឆ្នេរ​សមុទ្រ​​​កម្ពុជា បាន​ជាប់​ចំណាត់​ថ្នាក់​ថា​ជា​ឆ្នេរ​ស្អាត​របស់​ពិភពលោក​កាល​ពី​ឆ្នាំ​២០១០៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕