យុវជនមួយចំនួនលើកឡើងថា ពួកគេប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ដោយមិនមានគ្រឿងស្រវឹង។ ការប្រកាន់ឥរិយាបថបែបនេះ គឺដោយសារពួកគេយល់ឃើញថាពិធីនេះ គឺជាពេលវេលាដែលត្រូវបំពេញកិច្ចការជាច្រើនចំពោះអ្នកមានគុណ និងបង្ហាញអំពីអ្វីដែលជាវប្បធម៌ខ្មែរ មិនមែនជាពេលត្រូវប្រព្រឹត្តគ្រឿងស្រវឹង ដែលអាចនឹងផ្តល់ទុក្ខទោសច្រើនយ៉ាងនោះទេ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេល៣ ថ្ងៃ គឺជាពេលវេលាដ៏ពិសិដ្ឋមួយសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសយុវជន ដែលពួកគេតែងទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមកហើយ តាំងពីពិធីបុណ្យចូលឆ្នាំកាលពីឆ្នាំកន្លងទៅ។
ជាថ្ងៃដ៏ពិសេសសម្រាប់យុវជន ដោយហេតុតែពួកគេមានឱកាសជួបជុំក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិក្លើម្រាក់ទាំងឡាយ ដែលខានជួបគ្នាជាយូរមកហើយ ព្រោះតែរវល់នឹងការងារ ការសិក្សា និងការប្រកបរបរចិញ្ចឹមជីវិត។
ក្នុងរយៈពេល ៣ថ្ងៃនេះ យុវជនមួយចំនួនថ្លែងថា ពួកគេនឹងប្រារព្ធពិធីបុណ្យចូលឆ្នាំ ដោយគ្មានគ្រឿងស្រវឹង ដោយសារពួកគេគិតថា វាអាចបង្កផលប៉ះពាល់ច្រើនយ៉ាង ដូចជា បញ្ហាសុខភាព អំពើហិង្សា ឬគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ផ្ទុយទៅវិញ ពួកគេអះអាងថា នឹងនាំគ្នាធ្វើពិធីកតញ្ញូកតវេទីចំពោះអ្នកមានគុណ និងទៅវត្តទៅវ៉ា ប្រាថ្នាសុំសេចក្តីសុខ សុភមង្គលកើតមានដល់ក្រុមគ្រួសារ តាមរយៈការប្រគេនចង្ហាន់ព្រះសង្ឃ រាប់បាត្រ ស្រង់ព្រះ និងពូនភ្នំខ្សាច់ជាដើម៖ « ពេលដែលមានការជួបជុំនៅតាមវត្តអារាម គឺមានប្រារព្ធកម្មវិធីបុណ្យមួយដែលយើងមានរាប់បាត្រ ហើយយើងនឹងជួបជុំមិនមែនតែជាលក្ខណៈសាច់ញាតិ អ្នកភូមិជាមួយគ្នា គាត់មកជុំគ្នា ហើយយើងមានលេងល្បែងប្រជាប្រិយផ្សេងៗអ៊ីចឹងទៅ ធ្វើឲ្យយើងសប្បាយ។ ទោះបីជាថ្ងៃផ្សេងៗឈប់សម្រាកដែរក៏ដោយ ក៏ប៉ុន្តែអត់មានអារម្មណ៍សប្បាយដូចពេលចូលឆ្នាំទេ។ ខ្ញុំគិតថារបស់អ្វីក៏ដោយ ក៏មិនអាចបង្ហាញអារម្មណ៍ក្តីស្រឡាញ់ និងការគោរពចំពោះគាត់ដែរ មានតែម្យ៉ាងទេ គឺបង្ហាញមុខដល់គាត់ សំពះគាត់ ដើម្បីឲ្យគាត់ឃើញនូវអ្វីដែលគាត់ចង់បាន និងយើងបង្ហាញនូវអ្វីដែលត្រឹមត្រូវ និងសុចរិតភាពក្នុងនាមជាមនុស្សម្នាក់នៅក្នុងសង្គមទៅឲ្យគាត់ឃើញ » ។
ក្រៅពីបដិបត្តិជំនឿតាមបែបសាសនា និងប្រពៃណីនេះ ពួកគេថ្លែងថា នឹងកៀរគរគ្នាលេងល្បែងប្រជាប្រិយខ្មែរ រួមមាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ និងលាក់កន្សែងជាដើម ដោយសារពួកគេយល់ថា ទាំងនេះគឺជាមត៌កវប្បធម៌ដែលដូនតាខ្មែរបានបន្សល់ទុកជាយូរយារណាស់មកហើយ ហើយដែលអ្នកជំនាន់ក្រោយគប្បីថែរក្សាកុំឱ្យបាត់បង់៖ « ជារៀងរាល់ឆ្នាំ ខ្ញុំតែងតែទៅវត្តជួបជុំជាមួយមិត្តភ័ក្ដិ ហើយយើងលេងល្បែងរបាំប្រជាប្រិយខ្មែរ មានបោះអង្គញ់ ចោលឈូង លាក់កន្សែង ពង្រត់កូនក្រមុំ ហើយមានល្បែងផ្សេងៗទៀតជាអត្តសញ្ញាណនៃជាតិខ្មែររបស់យើង បានទាំងចូលរួមសប្បាយផង បានទាំងបង្ហាញនូវអត្តសញ្ញាណរបស់ជាតិផង។ យើងថែរក្សា និងអភិរក្ស » ។
អ្វីដែលជាសំណូមពររបស់ក្រុមយុវជននេះ ទៅកាន់យុវជនដទៃទៀត គឺទាក់ទងនឹងការសេពគ្រឿងស្រវឹងអំឡុងពេលបុណ្យចូលឆ្នាំ។ នោះគឺជាការកាត់បន្ថយជាអតិបរមាចំពោះផលិតផលគ្រឿងស្រវឹង ហើយបើសិនជាមានការសេពគ្រឿងស្រវឹង ពួកគេត្រូវដឹងអំពីលទ្ធភាពនៃការគ្រប់គ្រងខ្លួនឯងចំពោះការបើកបរ និងសកម្មភាពដទៃទៀត។ ការធ្វើបែបនេះ គឺដើម្បីកុំឱ្យក្តីសប្បាយ ប្រែក្លាយជាទុក្ខទៅវិញ៖ « ពេលដែលជួបជុំគ្នា យើងចៀសមិនរួចទេរឿងសេពគ្រឿងស្រវឹង។ យើងជាយុវជន យើងគួរតែជាអ្នកគំរូរបស់គេ។ យើងអត់ត្រូវធ្វើសកម្មភាពរញ៉េរញ៉ៃ បង្កើតជាហេតុណាមួយឲ្យចលាចល ឬមួយក៏មានទំនាស់កើតឡើងទេ។ អ៊ីចឹងយើងកុំគួរពិសាសុរា តែបើសិនជាយើងពិសាហើយ យើងនៅផ្ទះ ឬក៏កុំធ្វើដំណើរ ដើម្បីកុំឲ្យប៉ះពាល់គេ។ នៅថ្ងៃបុណ្យចូលឆ្នាំហ្នឹង គឺគ្រោះថ្នាក់ចរាចរណ៍ច្រើនមែនទែន ហើយមូលហេតុគឺដោយសារគ្រឿងស្រវឹង។ នៅថ្ងៃចូលឆ្នាំហ្នឹង មិនថាបុរស ឬក៏នារីនោះទេ សូមឲ្យពិសាស្រាហើយ កុំបើកបរ ព្រោះបើយើងបើកបរទៅ មិនមែនគ្រោះថ្នាក់តែយើងទេ ធ្វើឲ្យអ្នកដទៃមានបញ្ហាដោយសារតែយើងដែរ។ ខ្ញុំសូមសំណូមពរដល់យុវជនទាំងអស់ កុំប្រើប្រាស់គ្រឿងស្រវឹងច្រើនពេក។ យើងដឹងហើយថា កន្លងមកឲ្យតែមានកម្មវិធីជួបជុំ យើងគឺចូលចិត្តប្រើប្រាស់គ្រឿងស្រវឹង។ អ៊ីចឹងសូមឲ្យការប្រើប្រាស់ហ្នឹង សូមឲ្យមានកម្រិត។ បើសិនជាខានមិនបានទេ សូមឲ្យប្រើប្រាស់ក្នុងកម្រិតមួយដែលអាចទទួលយកបាន តិចតួច ១ ឬ ២កំប៉ុង។ សូមកុំប្រើប្រាស់ច្រើនពេក ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ឬក៏សកម្មភាពក្មេងទំនើងផ្សេងៗ » ។
មតិយោបល់របស់ក្រុមយុវជនអំពីការមិនប្រើប្រាស់គ្រឿងស្រវឹង និងបែរទៅរកការបដិបត្តិតាមប្រពៃណី និងជំនឿសាសនានេះ ទទួលបានការគាំទ្រពីលោក យង់ គិមអេង ដែលជាប្រធានមជ្ឃមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព។ លោក យង់ គិមអេង យល់ឃើញថា បុព្វបុរសខ្មែរបានផ្តួចផ្តើមឱ្យមានពិធីបុណ្យជាតិធំៗនេះឡើង គឺដើម្បីឱ្យខ្មែរនឹងខ្មែរចេះស្រឡាញ់គ្នា និងមានសាមគ្គីភាព៖ « ការរៀបចំពិធីបុណ្យ គឺដើម្បីឲ្យមនុស្សមានសាមគ្គីភាព ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ហ្នឹងចេះស្រឡាញ់គ្នា និងកំណត់បានពីអត្តសញ្ញាណជាតិផង ថាស្អីជាខ្មែរ។ អ៊ីចឹងពិធីបុណ្យចូលឆ្នាំហ្នឹងសំខាន់ណាស់ » ។
លោក យង់ គិមអេង ក៏អំពាវនាវដល់យុវជនកុំឱ្យយកគ្រឿងស្រវឹងដឹកមុខ ព្រោះវាអាចផ្តល់ទោសទណ្ឌដល់ពួកគេវិញ។ ទោសទណ្ឌទាំងនោះ មានដូចជា ការប៉ះពាល់ដល់សុខភាព ជម្លោះហិង្សា និងការប៉ះពាល់ដល់អាយុជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយការសេពគ្រឿងស្រវឹង៖ « យុវជនគួរតែចៀសវាងគឺសុរា កុំយកសុរាជាត្រីមុខ។ នៅពេលដែលយើងពិសាសុរាច្រើន គ្មានអ្វីជួយដល់ខ្លួនយើង គ្មានអ្វីជួយដល់សហគមន៍ទេ។ ផ្ទុយទៅវិញ គឺជាការដែលយើងធ្វើឲ្យអន្តរាយដល់ខ្លួនយើង ទាំងសុខភាព និងសុវត្ថិភាព។ ជាមួយគ្នានេះ ការពិសាគ្រឿងស្រវឹងអាចបង្កគ្រោះថ្នាក់ចរាចរណ៍ជាដើម ដូចយើងឃើញកន្លងមកមានសោកនាដកម្មច្រើនណាស់ » ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។