កម្ពុជា-ឡាវ បានឯកភាពគ្នាលើការបើកច្រកព្រំដែនបន្ថែម និងកុងស៊ុលក្នុងខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ប្រទេសឡាវ ដើម្បីសម្រួលដល់ការចេញចូលរបស់ប្រជាជននៃប្រទេសទាំងពីរ។ ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបផ្លូវការរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសឡាវ នៅវិមានសន្តិភាពរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៧ មិថុនា។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថ្មីនៃប្រទេសឡាវ លោក ថោងលូន ស៊ីស៊ូលីដ (Thongloun Sisoulith) បានព្រមព្រៀងគ្នាបើកកុងស៊ុល និងច្រកព្រំដែនថ្មីបន្ថែមទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដែលរស់នៅតាមព្រំដែន អាចធ្វើដំណើរទៅវិញទៅមកបាន ព្រមទាំងជួយលើកស្ទួយវិស័យពាណិជ្ជកម្ម និងទេសចរណ៍នៃប្រទេសទាំងពីរ។
ទំព័រហ្វេសប៊ុក(Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ភាគីទាំងពីរជំរុញឲ្យមានការដោះស្រាយបញ្ហាព្រំដែនឲ្យបានឆាប់រហ័ស និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ដេត សុខឧត្តម មានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ មិនសូវមានបញ្ហាចម្រូងចម្រាសដូចជាទំនាក់ទំនងរវាងកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម នោះទេ។ ផ្ទុយទៅវិញ ប្រទេសទាំងពីរតែងរងនូវឥទ្ធិពលពីថៃ និងវៀតណាម ដូចគ្នា នៅក្នុងបរិបទភូមិសាស្ត្រនយោបាយ ដូចជាសង្គ្រាម និងការឈ្លានពានពីសំណាក់ប្រទេសជិតខាង៖ « យើងអត់ដែលឮថាមានបញ្ហាអ្វីធំដុំជាមួយឡាវ ទេ។ ចំណែកជាមួយថៃ និងវៀតណាម យើងតែងមានបញ្ហានេះ បញ្ហានោះ ដូចជារឿងព្រំដែនជាដើម។ ប៉ុន្តែកម្ពុជា ជាមួយឡាវ ចាប់តាំងពីសតវត្សទី១៩ មក យើងឃើញប្រវត្តិប្រទេសទាំងពីរហាក់ដូចជាស្រដៀងគ្នា ត្រង់ថាធ្លាប់ស្ថិតក្រោមគំនាបប្រទេសសៀម និងវៀតណាម។ ក្រោយមកទៀត ក្រោមអាណានិគមបារាំង រួចមានការព្យាយាមទាមទារឯករាជ្យ។ បន្ទាប់មកមានការទម្លាក់គ្រាប់បែកពីសហរដ្ឋអាមេរិក ជាពិសេស នៅទសវត្សទី៨០ ក៏ស្រដៀងគ្នាដែរ គឺមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសវៀតណាម »។
អ្នកវិភាគរូបនេះមើលឃើញថា មានចំណុចជាច្រើនដែលធ្វើឲ្យប្រទេសទាំងពីរត្រូវសហការគ្នា ដូចជាការជំរុញកំណើនទេសចរ កិច្ចសហប្រតិបត្តិការទប់ស្កាត់ការហូរចូលនៃគ្រឿងញៀន និងការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ ជាដើម។
លោកបណ្ឌិត ដេត សុខឧត្តម កត់សម្គាល់ថា ទោះបីជាមានបញ្ហាមួយចំនួនដែលកម្ពុជា ត្រូវយកចិត្តទុកដាក់ដោះស្រាយជាមួយភាគីឡាវ នោះគឺការសាងសង់មូលដ្ឋានទ័ពរបស់ឡាវ នៅក្បែរព្រំដែនកម្ពុជា និងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅប្រទេសឡាវ៖ « ក្នុងពេលឥឡូវប្រហែលជាយើងផ្តល់ពេលវេលាឲ្យឡាវ ធ្វើការសិក្សាផលប៉ះពាល់។ បើសិនជាមិនមានការសិក្សា ឬក៏មានការសិក្សាហើយឃើញផលប៉ះពាល់ តែឃើញមានផលប្រយោជន៍ ខាងភាគីឡាវ នៅតែមិនព្រមបញ្ឈប់ការសាងសង់ និងនៅតែធ្វើឲ្យមានបញ្ហាទៀត។ ខ្ញុំគិតថា កម្ពុជា ប្រហែលជាត្រូវការពឹងពាក់ផ្នែកការទូតតាមរយៈប្រទេសចិន ឲ្យចូលរួមដាក់សម្ពាធ។ តែបើនៅតែមិនមានលទ្ធផលល្អទេ ប្រហែលជាកម្ពុជា ត្រូវដាក់ជំហរមួយរឹងមាំជាងនេះ »។
កន្លងទៅ មន្ត្រីអង្គការសង្គមស៊ីវិល អាជ្ញាធរ និងពលរដ្ឋមួយចំនួននៅខេត្តស្ទឹងត្រែង ជាប់ព្រំប្រទល់ប្រទេសឡាវ រាយការណ៍ថា មានប្រជាជន និងទាហានឡាវ មួយចំនួន បានឆ្លងដែនចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់ ដើម្បីបរបាញ់សត្វព្រៃ និងសត្វពាហនៈរបស់អ្នកភូមិខ្មែរ នៅត្រង់ចំណុចព្រៃការពារសៀមប៉ាងខាងលិច ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
នេះជាលើកទី២ ហើយនៅក្នុងខែមិថុនា ដែលកម្ពុជា ទទួលស្វាគមន៍ជាផ្លូវការប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសជិតខាងរបស់ខ្លួន ដែលសុទ្ធសឹងតែជាប្រទេសប្រកាន់យករបបដឹកនាំបែបកុម្មុយនីស្ត។ កាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅ ប្រធានាធិបតីវៀតណាម ទើបឡើងកាន់តំណែងថ្មី លោក ត្រឹង ដាយ ក្វាង (Tran Dai Quang) ក៏បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ដូចគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។