រដ្ឋាភិបាលអាមេរិក អនុគ្រោះពន្ធនាំចូលលើទំនិញសម្រាប់ការធ្វើដំណើរដល់រដ្ឋាភិបាលកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៦ ដើម្បីលើកកម្ពស់វិស័យនេះនៅកម្ពុជា និងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក សម្រាប់ជួយប្រទេសក្រីក្រ។ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក នៅកម្ពុជា ដែលរូបលោកជាអ្នកសេដ្ឋកិច្ចផងនោះ បានចាប់ផ្ដើមធ្វើការផ្សព្វផ្សាយព័ត៌មាននេះនៅក្រៅប្រទេស ដើម្បីទាក់ទាញវិនិយោគទុនមកកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) បើកកិច្ចពិភាក្សាជាមួយអ្នកកាសែតក្នុងស្រុក ដើម្បីចែករំលែកពីបទពិសោធន៍ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងហុងកុង ក្នុងការទាក់ទាញវិនិយោគិនមកវិនិយោគលើវិស័យទំនិញសម្រាប់ការធ្វើដំណើររបស់កម្ពុជា។
កិច្ចពិភាក្សានេះ ធ្វើឡើងនៅរសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា នៅស្ថានទូតអាមេរិក។ លោក វីល្លៀម ហៃដ្ដ៍ ឲ្យអ្នកសារព័ត៌មានដឹងថា ដំណើរទស្សនកិច្ចរបស់លោកទៅទីក្រុងហុងកុង គឺធ្វើឡើងដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល អ្នកតំណាងខាងសមាគមន៍រោងចក្រកាត់ដេរកម្ពុជា អ្នកតំណាងមកពីតំបន់សេដ្ឋកិច្ចពិសេស និងអ្នកតំណាងមកពីគម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ អាយឡូ (ILO)។
ក្រុមការងារពីកម្ពុជា បានចូលជួបពិភាក្សាជាមួយវិនិយោគិនបរទេស ម្ចាស់សហគ្រាស និងអ្នកចូលរួមផ្សេងទៀតជាង ៧០នាក់ ដើម្បីទាក់ទាញពួកគេឲ្យមកចាប់អារម្មណ៍ទៅលើការផលិតទំនិញសម្រាប់ការធ្វើដំណើរ ដូចជាកាបូបយួរដៃ កាតាបស្ពាយ កាបូបលុយ និងកាបូបផ្សេងៗទៀត។
លោក វីល្លៀម ហៃដ្ដ៍ ឲ្យដឹងថា ឧស្សាហកម្មទំនិញសម្រាប់ការធ្វើដំណើរនេះ គឺមានសក្ដានុពលខ្លាំងនៅកម្ពុជា ដោយសារការលូតលាស់នៃឧស្សាហកម្មកាត់ដេរ ព្រោះឧស្សាហកម្មទាំងពីរនេះត្រូវការធនធានដូចគ្នាដើម្បីដំណើរការ។ ឯហេតុផលមួយទៀត គឺធ្វើឲ្យល្អប្រសើរឡើងនៃស្ថានភាពរោងចក្រនៅកម្ពុជា៖ «ជាទូទៅឧស្សាហកម្មមួយនេះកំពុងអភិវឌ្ឍន៍ដោយមានទំនួលខុសត្រូវ ដូចជាការមានគម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលផ្ដល់ទំនុកចិត្តជាច្រើនឲ្យអ្នកទិញ។ ជារួម កម្ពុជាមានកេរ្តិ៍ឈ្មោះល្អក្នុងរឿងផលិតកម្ម»។
ជាធម្មតា សហរដ្ឋអាមេរិក យកពន្ធចន្លោះពី ៥ ទៅ ១០% ទៅលើទំនិញសម្រាប់ការធ្វើដំណើរ។ ការអនុគ្រោះពន្ធឲ្យកម្ពុជា លើទំនិញប្រភេទនេះ គឺធ្វើឡើងក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ហៅកាត់ថា ជី.អេស.ភី (GSP)។ តាមរយៈប្រព័ន្ធនេះ កម្ពុជា អាចចូលទៅកាន់ទីផ្សារទំនិញសម្រាប់ការធ្វើដំណើររបស់អាមេរិក ដែលមានតម្លៃសរុបជាង ១០ប៊ីលាន ឬ ១០ពាន់លានដុល្លារអាមេរិក។
ការអនុគ្រោះពន្ធពីប្រទេសអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ត្រូវបានអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក អ៊ុំ សុថា ឲ្យដឹងថា មានសារសំខាន់សម្រាប់ទាក់ទាញវិនិយោគិនមកកម្ពុជា ហើយការអនុគ្រោះពន្ធនេះទៀត គឺជាការជួយដែលមានប្រសិទ្ធភាពសម្រាប់ប្រទេសក្រីក្រ៖ «ជំនួយនេះខុសពីជំនួយយើងមើលឃើញ ដូចជាផ្លូវថ្នល់ សាលារៀន។ ជំនួយ ជី.អេស.ភី (GSP) (ការអនុគ្រោះពន្ធ) គឺជួយដល់សេដ្ឋកិច្ច ដូចជាផ្ដល់ការងារធ្វើ ផ្ដល់លទ្ធភាពឲ្យយើងអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឯង និងជាពិសេសផ្ដល់ទីផ្សារនាំចេញសម្រាប់ផលិតផលកម្ពុជា»។
លោក អ៊ុំ សុថា រំពឹងថា ការអនុគ្រោះពន្ធមកកម្ពុជា នឹងបន្តកើតឡើងនៅថ្ងៃមុខយូរទៀត ព្រោះកម្ពុជា មិនទាន់ចេញផុតពីប្រភេទប្រទេសក្រីក្រនៅឡើយទេ។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ច័ន្ទ សុផល បង្ហាញការព្រួយបារម្ភថា កម្ពុជា កំពុងប្រឈមមុខនឹងការបាត់បង់ការអនុគ្រោះពន្ធបែបនេះក្នុងពេលឆាប់ៗ ដោយហេតុថា ប្រទេសកម្ពុជា កំពុងវិវឌ្ឍន៍ទៅជាប្រទេសចំណូលមធ្យមទាប។ លោកមានប្រសាសន៍ថា បើគិតតាមចំណូលសម្រាប់មនុស្សម្នាក់ៗ កម្ពុជា ត្រូវគេរាប់ចេញពីប្រទេសក្រីក្រហើយ ប៉ុន្តែសហគមន៍អន្តរជាតិទុកពេលឲ្យកម្ពុជា សម្រាប់រៀបចំខ្លួន មុននឹងគេបញ្ឈប់ការអនុគ្រោះពន្ធ៖ «នៅពេលមួយដែលត្រូវបង់ពន្ធដូចគេដូចឯង ដូចវៀតណាម ដូចថៃ ដែរ យើងនឹងជួបបញ្ហាខ្លាំងក្នុងការប្រកួតប្រជែង ព្រោះគេមានបទពិសោធន៍ជាង មានបច្ចេកវិទ្យា ទំហំសេដ្ឋកិច្ច ពលករមានជំនាញច្រើនជាងយើង»។
លោក ច័ន្ទ សុផល ក៏សង្កត់ធ្ងន់លើការពន្លឿនការរៀបចំខ្លួនរបស់កម្ពុជា ដែលតាមការអង្កេតរបស់លោក មានការយឺតយ៉ាវបើធៀបនឹងប្រទេសជិតខាង ដូចជាការរៀបចំឲ្យមានតម្លៃអគ្គិសនីទាប ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។