ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយ​ចំនួន​ប្រកប​របរ​ដុត​ធ្យូង​លក់​ដោយ​មិន​ចំណាក​ស្រុក

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ក្នុង​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ប្រកប​របរ​ដុត​ធ្យូង​លក់​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ដោយ​មិន​ធ្វើ​ចំណាក​ស្រុក។ ពួក​គាត់​ប្រកប​របរ​នេះ​ដោយ​ដើរ​រើស​គល់​ឈើ​ងាប់​នៅ​ក្នុង​ដី​ស្រែ និង​ដី​ចម្ការ​របស់​កសិករ​នៅ​តាម​ព្រំដែន រួច​ដឹក​ជញ្ជូន​តាម​គោយន្ត​យក​ទៅ​ដុត​ធ្វើ​ជា​ធ្យូង​លក់​ជា​រៀង​រាល់​ខែ។

បើ​ទោះ​បី​ជា​របរ​ដុត​ធ្យូង​របស់​ពលរដ្ឋ​នៅ​ស្រុក​អូរជ្រៅ រក​មិន​បាន​ប្រាក់​ចំណូល​ច្រើន​ធ្វើ​ឲ្យ​ជីវភាព​ធូរធារ​ក្ដី ក៏ប៉ុន្តែ​របរ​មួយ​នេះ​អាច​ជួយ​ឲ្យ​ពួក​គាត់​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ និង​មាន​សុវត្ថិភាព ជាជាង​ការ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដែល​ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

កំពុង​ប្រមូល​ធ្យូង​ចេញ​ពី​ឡ ក្នុង​សម្លៀកបំពាក់​ខោ​ខ្លី​គ្មាន​អាវ សម្បុរ​ខ្មៅ​រាង​ស្គម លោក សឿន ក្រូច រស់នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ថ្លែង​ថា លោក​ប្រកប​របរ​ដុត​ធ្យូង​ប្រហែល ១​ឆ្នាំ​ហើយ ដោយ​លោក និង​កូនៗ​អាយុ​ជាង ១០​ឆ្នាំ​ចំនួន ២​នាក់​ទៀត ដើរ​រើស​គល់ និង​មែក​ឈើ​តាម​ដី​ស្រែ​របស់​អ្នក​ស្រុក លី​យក​មក​ដុត​ធ្វើ​ធ្យូង​ជា​រៀង​រាល់​ថ្ងៃ។ បុរស​វ័យ ៥១​ឆ្នាំ​រូប​នេះ​អះអាង​ថា គ្រួសារ​របស់​លោក​រស់​បាន​សព្វថ្ងៃ​នេះ ដោយសារ​របរ​ដុត​ធ្យូង ដោយ​រក​បាន​ប្រាក់​ចំណូល​ប្រមាណ ២០​ម៉ឺន​រៀល​ក្នុង​មួយ​សប្ដាហ៍៖ « ខ្ញុំ​នាំ​កូន​ទៅ​កាប់​ឈើ​តាម​ដី​ស្រែ​ដី​ភូមិ លី​មក​បែក​រលាត់​ដៃ​រលាត់​ជើង​អស់​ហើយ ដើម្បី​ជីវភាព​របស់​ខ្ញុំ ព្រោះ​អី​ក្នុង​ស្រុក​ភូមិ​ខ្ញុំ​គ្មាន​ការងារ​អី​ក្រៅ​អំពី​របរ​ដុត​ធ្យូង​នេះ​ទេ »

លោក​បន្ថែម​ថា របរ​មួយ​នេះ ប្រសិន​បើ​ពលរដ្ឋ​ណា​មាន​គោយន្ត​ទៅ​ដឹក​គល់​ឈើ​នៅ​តំបន់​ឆ្ងាយ អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​លោក ព្រោះ​ដុត​ធ្យូង​បាន​ច្រើន ហើយ​អាច​រស់នៅ​ជួបជុំ​គ្នា​ដោយ​មិន​បាច់​ទៅ​ស្វែងរក​ការងារ​ធ្វើ​ទៅ​ប្រទេស​ថៃ នោះ​ទេ។ អ្នក​ប្រកប​របរ​នេះ​នៅ​ពេល​ប្រមូល​ធ្យូង​ម្ដង​ប្រឡាក់​ធ្យូង​ខ្មៅ​ពេញ​ខ្លួន​ស្រមេកស្រមក ស្ទើរ​តែ​មើល​មិន​ស្គាល់​ថា​មនុស្ស​ចាស់ ឬ​ក្មេង​ឡើយ។

ពលរដ្ឋ​នៅ​ភូមិ​ស្នួលទ្រេត ម្នាក់​ទៀត លោកស្រី អឿន សាវ៉ាត ដៃ​កំពុង​ដេរ​បាវ​ធ្យូង​បណ្ដើរ ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី​បណ្ដើរ​ថា លោកស្រី​ប្រកប​របរ​មួយ​នេះ​ប្រហែល ៣​ឆ្នាំ​ហើយ គឺ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ដោយ​មិន​បាច់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស ប្រថុយ​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ។ ស្ត្រី​វ័យ​ជាង ៤០​ឆ្នាំ​រូប​នេះ​បន្ថែម​ថា របរ​មួយ​នេះ ពេល​ខ្លះ​គ្រួសារ​លោកស្រី​ទៅ​រក​ឈើ​ដុត​ធ្យូង​ដោយ​ខ្លួន​ឯង ហើយ​ពេល​ណាៗ​ដែល​ប្ដី​របស់​លោកស្រី​ទៅ​រក​ឈើ​មិន​ទាន់ ក៏​ដើរ​ស៊ី​ឈ្នួល​ប្រមូល​ធ្យូង​ចេញ​ពី​ឡ​ឲ្យ​គេ ដោយ​ច្រក​ដាក់​បាវ ហើយ​បាន​ប្រាក់​ឈ្នួល​ប្រហែល ២​ម៉ឺន ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ៖ « បើ​មាន​ការងារ​ផ្សេង​ធ្វើ ខ្ញុំ​បង់​បោះ​របរ​ដុត​ធ្យូង​នេះ​ហើយ តែ​គ្មាន​ការងារ​ធ្វើ​ទេ មាន​តែ​ទៅ​ប្រទេស​ថៃ ស៊ី​ឈ្នួល​ដក​ដំឡូង​ឲ្យ​គេ តែ​ខ្ញុំ​មិន​ទៅ​ទេ ព្រោះ​ទៅ​ចោល​កូន ហើយ​បាន​ប្រាក់​ឈ្នួល​ប្រហែល​នឹង​ការងារ​ខ្ញុំ​ដុត​ធ្យូង​ដែរ »

ឡ​ដុត​ធ្វើ​ធ្យូង នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ រូបថត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។
ឡ​ដុត​ធ្វើ​ធ្យូង នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។ រូបថត​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ (RFA/Hum Chamroeun)

ឡ​ដុត​ធ្យូង​របស់​ពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ ធ្វើ​ពី​ដី​ដោយ​យក​ឈើ​ទៅ​ដាក់​នៅ​ខាង​ក្នុង​ឡ ហើយ​ដុត​ភ្លើង​ដោយ​បិទ​ឲ្យ​ជិត ទុក​រន្ធ​សម្រាប់​បង្ហុយ​ផ្សែង​ពី ៣ ទៅ ៤​កន្លែង។ ពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​ឡ​តូច គេ​ដុត​ទុក​ចោល​ប្រមាណ ៣​ថ្ងៃ ចំណែក​ឡ​ធំ​ដែល​ដាក់​ឈើ​ច្រើន ទុក​ប្រមាណ​ពី ៧ ទៅ ១០​ថ្ងៃ ទើប​គេ​ប្រមូល​ធ្យូង​ចេញ​ពី​ឡ។

ចំណែក​ធ្យូង​ដែល​អ្នក​ស្រុក​ដុត​បាន​មាន​ឈ្មួញ​ចាំ​ទិញ​ដល់​ទីកន្លែង ដោយ​ឈ្មួញ​យក​សម្បក​ការុង​ទៅ​ឲ្យ​ម្ចាស់​ធ្យូង​ច្រក រួច​ដឹក​យក​ទៅ​លក់​បន្ត ដោយ​តម្លៃ​ធ្យូង​ចំនួន ១​ម៉ឺន​រៀល​ក្នុង​មួយ​ការុង។

អ្នក​ទិញ​ធ្យូង​នៅ​ឃុំ​អូរបីជាន់ លោកស្រី រិទ ធឿន ថ្លែង​ថា លោកស្រី​ដឹក​ធ្យូង​តាម​គោយន្ត​ទៅ​លក់​នៅ​ក្រុង​ប៉ោយប៉ែត និង​នៅ​ស្រុក​ម៉ាឡៃ ក្នុង​តម្លៃ​លក់​រាយ ១​ម៉ឺន ២​ពាន់​រៀល​ក្នុង​មួយ​ការុង ហើយ​បាន​ប្រាក់​ចំណេញ​ចំនួន ២​ពាន់​រៀល​ក្នុង​មួយ​ការុង។ លោកស្រី​អះអាង​ថា ក្នុង​មួយ​ជើង ដឹក​ធ្យូង​ប្រមាណ ៧០​ការុង លក់​អស់​តែ​ក្នុង​មួយ​ថ្ងៃ​ត្រឡប់​មក​ផ្ទះ​វិញ ក្រោយ​ពី​ផាត់​ចំណាយ​ថ្លៃ​ប្រេង និង​ថ្លៃ​បង់​ឲ្យ​សមត្ថកិច្ច​តាម​ផ្លូវ​ហើយ បាន​ប្រាក់​ចំណេញ​ប្រមាណ ៣​ម៉ឺន​រៀល​ក្នុង​មួយ​ជើង៖ « ប៉ះ​ថ្ងៃ​យើង​លក់​ថ្លៃ​បាន ១​ម៉ឺន ៣ ទៅ​បាន​ចំណូល ៤​ម៉ឺន​រៀល​ដែរ​មួយ​ថ្ងៃ។ ខ្ញុំ​មិន​ដឹង​ធ្វើ​ការងារ​អី​ក្រៅ​អំពី​របរ​លក់​ធ្យូង បាន​ជា​ខ្ញុំ​ប្រកប​របរ​នេះ ហើយ​បើ​ទៅ​ធ្វើ​ការ​នៅ​ថៃ ខ្លាច​គេ​ចាប់ ព្រោះ​គ្មាន​ប្រាក់​ធ្វើ​លិខិត​ឆ្លង​ដែន។ ខ្ញុំ​មាន​ដី​ស្រែ​ដែរ តែ​ធ្វើ​មិន​កើត។ ខ្ញុំ​ជំពាក់​គេ​ដោយសារ​ធ្វើ​ស្រែ បាន​ជា​ខ្ញុំ​ប្រកប​របរ​ដុត​ធ្យូង​លក់។ ខ្ញុំ​ដើរ​ទិញ​ធ្យូង​ពី​ពលរដ្ឋ​តាម​ព្រំដែន​នៅ​ក្នុង​ឃុំ​នេះ​រហូត​ដល់​ភូមិ​ចំការគរ ឃុំ​ស្វាយចេក ក៏​មាន​ដែរ »

ទាក់ទង​នឹង​បញ្ហា​នេះ មេ​ឃុំ​អូរបីជាន់ លោក សួង មឿន មាន​ប្រសាសន៍​ថា របរ​ដុត​ធ្យូង​របស់​ពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ឃុំ​មួយ​នេះ ជា​របរ​បន្ថែម​ក្រៅ​អំពី​ការ​ធ្វើ​ស្រែ និង​ដាំ​ដំឡូងមី។ លោក​ថា ពលរដ្ឋ​ដែល​ប្រកប​របរ​នេះ ភាគច្រើន​យក​គល់ និង​មែក​ឈើ​ដែល​ងាប់​ស្រាប់​នៅ​តាម​ដី​ស្រែ និង​ដី​ចម្ការ​របស់​កសិករ៖ « មិន​មាន​អី​ជា​ទ្រង់ទ្រាយ​ធំ តែ​ផ្ទះ​ខ្លះ​មាន​គោយន្ត​មួយ និង​ឡាន​ច្នៃ​មួយ​ដឹក​ដើមឈើ​សម្រាប់​ដុត​ខែ​វស្សា​អ៊ីចឹង ហើយ​ខ្លះ​ក៏​រក​ឈើ​បាន​មួយ​ថ្ងៃ​ដុត​មួយ​ថ្ងៃ​ក៏​មាន​ដែរ »

លោក សួង មឿន ឲ្យ​ដឹង​ថា សព្វថ្ងៃ​ពលរដ្ឋ​ដែល​ប្រកប​របរ​ដុត​ធ្យូង​នៅ​ក្នុង​ឃុំ​អូរបីជាន់ មាន​ជាង ៣០​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ភាគច្រើន​មាន​ដី​ធ្វើ​ស្រែ និង​ដី​ចម្ការ​សម្រាប់​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ដែរ តែ​ពួក​គាត់​ដាំ​ដុះ​មិន​បាន​ផល ហើយ​មិន​ចង់​ធ្វើ​ចំណាក​ស្រុក ក៏​ប្រកប​របរ​មួយ​នេះ​ដើម្បី​រក​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយប្រថាន៕

គល់​ឈើ​ដែល​ពលរដ្ឋ​ទុក​សម្រាប់​ដុត​ធ្វើ​ធ្យូង នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។
គល់​ឈើ​ដែល​ពលរដ្ឋ​ទុក​សម្រាប់​ដុត​ធ្វើ​ធ្យូង នៅ​ភូមិ​ស្នួលទ្រេត ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៧។ (RFA/Hum Chamroeun)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។