ពលរដ្ឋ​៨​ភូមិ​នៅ​ឃុំ​បល្ល័ង្ក​ខេត្ត​សៀមរាប​ស្វែងរក​ទីផ្សារ​លក់​កន្ទេល​ធ្វើ​ពី​ស្លឹក​រំចេក

0:00 / 0:00

ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ស្ថិត​នៅ​ចម្ងាយ​ជាង ៣០​គីឡូម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប។ បច្ចុប្បន្ន ឃុំ​នោះ​មាន​ពលរដ្ឋ​រស់នៅ​ចំនួន ៩​ភូមិ ហើយ ៨​ភូមិ​ក្នុង​ចំណោម​នោះ គឺ​ពលរដ្ឋ​សុទ្ធតែ​មាន​ជំនាញ​ត្បាញ​កន្ទេល​ធ្វើ​ពី​ស្លឹក​រំចេក​ព្រៃ។ ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​ភាគច្រើន​មិន​សូវ​មាន​ជីវភាព​ធូរធារ​ទេ ដោយសារ​តែ​កន្ទេល​ត្បាញ​ពី​ស្លឹក​រំចេក​នោះ មិន​មាន​ទីផ្សារ​សម្រាប់​លក់​ចេញ​នៅ​ឡើយ។

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ឃុំ​បល្ល័ង្ក នៃ​ស្រុក​ប្រាសាទបាគង ចង់​ឲ្យ​មេ​ឃុំ​ដែល​ទើប​តែ​ជាប់​ឆ្នោត​ថ្មី ជួយ​ខ្នះខ្នែង​រក​ទីផ្សារ​លក់​កន្ទេល​ធ្វើ​ពី​ស្លឹក​រំចេក​ជូន​ពួក​គេ​ឲ្យ​បាន ដើម្បី​ឲ្យ​អ្នក​ភូមិ​អាច​ចាប់​យក​មុខ​របរ​នេះ​ជាប់លាប់​ក្នុង​ការ​រក​កម្រៃ​បន្ថែម បន្ទាប់​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ។

ក្រុម​អ្នក​ភូមិ​អំពាវនាវ​បែប​នេះ ដោយសារ​តែ​ពួក​គេ​មាន​ជំនាញ​ត្បាញ​កន្ទេល​ធ្វើ​ពី​ស្លឹក​រំចេក​ត​ពី​បុព្វបុរស​ជាច្រើន​ជំនាន់​មក​ហើយ ក៏ប៉ុន្តែ​ស្នាដៃ​នេះ​នៅ​មិន​ទាន់​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​ទីផ្សារ​ខាង​ក្រៅ​ឲ្យ​អ្នក​តំបន់​ផ្សេង​បាន​ដឹង​ឮ ព្រម​ទាំង​មិន​ទាន់​មាន​ឈ្មួញ​ទៅ​ចរចា​ទិញ​យក​ទៅ​លក់ដូរ​នៅ​កន្លែង​ផ្សេង​នៅ​ឡើយ។

អ្នក​ភូមិ​ត្រាច ដែល​កំពុង​កាន់​កាំបិត​កាប់​ដើម​រំចេក​នៅ​ក្បែរ​ផ្ទះ​របស់​គាត់ គឺ​លោកស្រី ប៉ុល រឹម។ លោកស្រី​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ពី ៤ ទៅ ៥​ថ្ងៃ គឺ​លោកស្រី​អាច​ធ្វើ​កន្ទេល​ពី​ស្លឹក​រំចេក​បាន​មួយ។ នៅ​លើ​ផ្ទះ​របស់​គាត់ គឺ​មាន​កន្ទេល​ធ្វើ​ពី​ស្លឹក​រំចេក​ជាច្រើន​ដែល​ធ្វើ​រួច​រាល់ ហើយ​មូរ​ចង​ទុក​សម្រាប់​ប្រើប្រាស់​ដោយ​ខ្លួន​ឯង។

លោកស្រី ប៉ុល រឹម បញ្ជាក់​ថា ជា​រៀង​រាល់​ថ្ងៃ​គាត់​ខិតខំ​ធ្វើ​កន្ទេល​ជាច្រើន ប៉ុន្តែ​បាន​ត្រឹម​តែ​រក្សា​ទុក​ប្រើប្រាស់​ដោយ​ខ្លួន​ឯង ពីព្រោះ​តែ​មិន​មាន​ទីផ្សារ​លក់​ចេញ​ឡើយ៖ « ប្រើ​មិន​អស់ ចង់​លក់​ចេញ​ខ្លះ​ដែរ​គ្រាន់​បាន​លុយ​ចាយ។ ខ្ញុំ​ចង់​ឲ្យ​មាន​ទីផ្សារ​លក់​កន្ទេល បើ​គេ​ទិញ​ថ្លៃ គឺ​សុខ​ចិត្ត​នាំ​គ្នា​ធ្វើ »

នៅ​ក្នុង​ឃុំ​បល្ល័ង្ក នៃ​ស្រុក​ប្រាសាទបាគង បច្ចុប្បន្ន​គឺ​ពលរដ្ឋ​ភាគច្រើន​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹម​ជីវិត។ នៅ​ពេល​ទំនេរ​ពី​ការងារ​ធ្វើ​ស្រែ​ចម្ការ គឺ​ពលរដ្ឋ​ភាគច្រើន​ក្រៅ​តែ​ពី​នាំ​គ្នា​ដើរ​កាប់​ស្លឹក​រំចេក​យក​មក​ច្រៀក​ចង​ហាល​ឲ្យ​ស្ងួត គឺ​ខ្លះ​ទៀត​ក៏​ប្រកប​មុខ​របរ​ធ្វើ​ជា​នំ​បញ្ចុក​សម្រាប់​លក់​នៅ​តាម​ភូមិ ជាដើម។

ទោះ​ជា​យ៉ាង​ណា របរ​ធ្វើ​នំ​បញ្ចុក​លក់​នេះ​មិន​សូវ​សម្បូរ​អ្នក​ធ្វើ ដូចជា​មុខ​របរ​អ្នក​ត្បាញ​កន្ទេល​ពី​ស្លឹក​រំចេក​ឡើយ។

បុរស​អ្នក​ភូមិ​ត្រាច ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​យោល​អង្រឹង​ឲ្យ​កូន​ដេក លោក វឿន ធិ ប្រាប់​ថា ប្រពន្ធ​របស់​គាត់ និង​អ្នក​ភូមិ​ជាច្រើន​សុទ្ធតែ​ចេះ​ត្បាញ​កន្ទេល​រំចេក ប៉ុន្តែ​កន្ទេល​ដែល​ផលិត​បាន​ទាំងនោះ​មិន​មាន​អ្នក​មក​ពី​តំបន់​ផ្សេង​ទិញ​ទេ៖ « កន្ទេល​មួយ​លក់​បាន ៣​ម៉ឺន​រៀល។ អ្នក​ទិញ​គឺ​នៅ​ក្នុង​ភូមិ​ហ្នឹង ខ្លះ​គេ​ទិញ​យក​ទៅ​ដេក មិន​លក់​បាន​ច្រើន​ទេ »

លោកស្រី ឃួន រ៉ា ជា​អ្នក​ភូមិ​ត្រាច ម្នាក់​ទៀត​ដែល​កំពុង​អង្គុយ​ក្រង​ស្លឹក​ត្នោត​នៅ​ក្រោម​ផ្ទះ ដើម្បី​យក​ទៅ​ប្រក់​ដំបូល​ទ្រុង​មាន់។ លោកស្រី​មាន​ប្រសាសន៍​បណ្ដើរ​ដេរ​ស្លឹក​ត្នោត​បណ្ដើរ​ថា រូប​គាត់​ចេះ​ត្បាញ​កន្ទេល​ត​ពី​ម្ដាយ ហើយ​អ្នក​ភូមិ​របស់​គាត់​ស្ទើរ​តែ​គ្រប់​ផ្ទះ សុទ្ធតែ​ចេះ​ត្បាញ​កន្ទេល​ស្លឹក​រំចេក​នេះ។ ស្ត្រី​ដដែល​បញ្ជាក់​ថា នៅ​ភូមិ​របស់​គាត់ គឺ​ក្នុង​មួយ​ខែៗ អ្នក​ភូមិ​អាច​ធ្វើ​កន្ទេល​បាន​រាប់​រយ ប៉ុន្តែ​បញ្ហា​គឺ​នៅ​ត្រង់​មិន​មាន​ទីផ្សារ​លក់​កន្ទេល​ទាំងនោះ៖ « ចេះ​ត្បាញ​ទាំងអស់​ឯង ប៉ុន្តែ​អត់​មាន​ឈ្មួញ​មក​ទិញ មិន​ដឹង​យក​ទៅ​លក់​នៅ​ឯណា ចេះ​ត្បាញ​លេង​ទៅ បើ​សិន​ជា​មាន​ឈ្មួញ​ទិញ​ម្ល៉េះ​ម្នាក់ៗ​ខំ​ត្បាញ​ហើយ »

មេ​ឃុំ​បល្ល័ង្ក ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក ហម ព្រេម ឲ្យ​ដឹង​ថា នៅ​ទូទាំង​ឃុំ​របស់​លោក មាន​ពលរដ្ឋ​រស់នៅ ៩​ភូមិ បើ​គិត​ជា​មនុស្ស​មាន​ចំនួន​ជាង ៧.០០០​នាក់។ លោក​ថា ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ គឺ ៨​ភូមិ​សុទ្ធតែ​ជា​អ្នក​ចេះ​ត្បាញ​កន្ទេល​ពី​ស្លឹក​រំចេក ហើយ​លោក​ក៏​ចង់​បាន​ទីផ្សារ​ឲ្យ​ពលរដ្ឋ​លក់​កន្ទេល​រំចេក​ទាំងនោះ​ដែរ៖ « នៅ​ក្នុង​ក្តី​ស្រមៃ គឺ​ខ្ញុំ​ចង់​បាន​ណាស់​អ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ។ បើ​សិន​ជា​មាន​អង្គការ ឬ​ក៏​ដៃគូ​ណា​ចង់​មក​ធ្វើ​ជំនួញ​ឬ​ក៏​បណ្ដុះបណ្ដាល​ជំនាញ​ត្បាញ​កន្ទេល​ឲ្យ​កាន់​តែ​ប្រសើរ គឺ​ឃុំ​នឹង​គាំទ្រ »

មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​បល្ល័ង្ក ឲ្យ​ដឹង​ថា នៅ​ក្នុង​អាណត្តិ​ទី​៤ នេះ គឺ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​បាន​ចូល​ទៅ​ជួយ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​ក្នុង​ឃុំ​នេះ ដូច្នេះ​អាជ្ញាធរ​ឃុំ​មាន​គំនិត​ថា​នឹង​ព្យាយាម​បញ្ចុះបញ្ចូល​អង្គការ​ជា​ដៃគូ​មួយ​ចំនួន ឲ្យ​ជួយ​ផ្សព្វផ្សាយ​ពី​មុខ​របរ​ធ្វើ​កន្ទេល​របស់​អ្នក​ស្រុក ឬ​ក៏​អង្គការ​ណា​មាន​លទ្ធភាព​ជួយ​រក​ទីផ្សារ​ឲ្យ​ពលរដ្ឋ​បាន​លក់​ផលិតផល​កន្ទេល​រំចេក​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ក៏​កាន់​តែ​ប្រសើរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។