ប្រជាកសិកររស់នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាំគ្នាប្រកបមុខរបរដាំបន្លែបង្ការនៅតាមគេហដ្ឋាន ចន្លោះដីដែលទំនេររបស់ពួកគាត់។ មុខរបរនេះធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានដោយមិនចាំបាច់ទៅធ្វើការងារនៅឆ្ងាយពីផ្ទះ។ មិនតែប៉ុណ្ណោះ ពួកគេអាចមានបន្លែគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការគ្រួសារ ដោយមិនចាំបាច់ចំណាយប្រាក់ទិញពីទីផ្សារ និងជាប្រភេទបន្លែមានសុវត្ថិភាពដល់សុខភាពទៀតផង។
កសិករនៅក្រុងកំពង់ចាម រីករាយចំពោះការប្រកបរបរដាំបន្លែធម្មជាតិនៅតាមគេហដ្ឋានរបស់ពួកគាត់។ ដីទំនេរនៅតាមភូមិ ម្ចាស់ដីតែងយកទៅដាំបន្លែផ្សេងៗ មិនឱ្យទំនេរដីឡើយ រួមមានបន្លែស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃខ្មៅ ឬស្ពៃឬសវែង។ បន្ថែមពីនេះ មានត្រកួន ផ្ទី សាឡាត់ ត្រប់ ព្រោះកសិករត្រូវការដាំផ្លាស់ប្ដូរបន្លែជាប្រចាំដើម្បីធានាការបង្កបង្កើនផលបន្លែកាន់តែប្រសើរឡើង។ កសិករទាំងនោះលើកឡើងថា ការដាំបន្លែរបស់ពួកគាត់ជាចំណែកមួយធ្វើឱ្យកម្រិតជីវភាពមានលក្ខណៈប្រសើរ។
កសិករដាំបន្លែនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស អ្នកស្រី ពិន សុវណ្ណ មានប្រសាសន៍ដោយទឹកមុខញញឹមញញែមថា អ្នកស្រីចាប់យកមុខរបរដាំបន្លែប្រមាណ ៥ឆ្នាំមកហើយ លើទំហំផ្ទៃដីជិត ១ហិកតារ។
កសិកររូបនេះឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមគ្រួសារគាត់ដាំបន្លែស្ពៃ ហើយកាត់លក់ឱ្យម៉ូយនៅក្នុងភូមិជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃអ្នកស្រីត្រូវកាត់លក់ឱ្យគេចន្លោះពី ២០ ទៅ ៥០គីឡូក្រាម ឬលើសពីនេះ អាស្រ័យទៅលើតម្រូវការរបស់អ្នកទិញ។ ចំពោះតម្លៃវិញ គឺមិនស្ថិតស្ថេរឡើយ វាអាស្រ័យទៅលើរដូវកាល។ ប្រសិនបើពេលណាអ្នកដាំបន្លែមិនសូវបានផល តម្លៃគឺបានថ្លៃខ្ពស់ ប៉ុន្តែនៅពេលកសិករផលិតបានច្រើន គឺតម្លៃចុះថោក ពោលគឺតម្លៃចន្លោះជាមធ្យម ពី ១ពាន់រៀល ទៅ ៣ពាន់រៀលក្នុងមួយគីឡូស្ពៃ៖ «ខ្ញុំចង់ឱ្យបងប្អូនទាំងអស់គ្នាមានដីកុំទុកចោល នាំគ្នាដាំអ្វីផ្សេង ដែលយើងអាចបរិភោគបាន»។
អ្នកស្រី សុវណ្ណ បញ្ជាក់ថា ក្រុមគ្រួសារគាត់អាចទទួលចំណូលបានជាមធ្យមក្នុងមួយខែ ពី ១លានរៀល ទៅ ៣លានរៀល។
ប្រភពដដែលបន្តថា មុខរបរដាំបន្លែ គឺជួបប្រទះបញ្ហាប្រឈមខ្លះៗ ដូចជាសត្វល្អិតស៊ីបន្លែនៅរដូវភ្លៀង ម្យ៉ាងភ្លៀងធ្លាក់ច្រើនធ្វើឱ្យបន្លែរលួយគល់ ដែលទាមទារឱ្យកសិករនៅមើលថែទាំឱ្យបានដិតដល់។ ចំណែកផលវិជ្ជមានវិញ អ្នកស្រីថា មុខរបរនេះធ្វើឱ្យគាត់មានប្រាក់ចំណូលប្រចាំថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ដោយមិនចាំបាច់ទៅធ្វើការងារនៅឆ្ងាយពីផ្ទះ និងមានបន្លែសម្រាប់បរិភោគដោយមិនចាំបាច់ចំណាយទិញពីខាងក្រៅ ហើយធានាសុវត្ថិភាពទៀតផង។ ស្របគ្នានេះ អ្នកស្រីចង់ឱ្យប្រជាពលរដ្ឋជួយគាំទ្រផលិតផលខ្មែរ ពីព្រោះជាការលើកទឹកចិត្តដល់ការផលិតរបស់ពួកគាត់។
ស្រដៀងគ្នានេះ កសិករដាំបន្លែ និងជាអ្នកទទួលទិញបន្លែពីប្រជាពលរដ្ឋនៅក្នុងភូមិដើម្បីយកទៅលក់បន្ត លោក ខៀវ សឿន មានប្រសាសន៍ថា លោកប្រកបមុខរបរនេះតាំងពីក្រោយរបបខ្មែរក្រហមមក។ កសិករដែលមានតែមុខរបរដាំបន្លែបញ្ជាក់ថា មុខរបរនេះបានជួយគ្រួសារ និងឧបត្ថម្ភការសិក្សារបស់កូនៗ។ កសិករដដែលឱ្យដឹងទៀតថា ជាទូទៅលោកដាំបន្លែផ្លាស់ប្ដូរគ្នារហូតដើម្បីរក្សាគុណភាពដីឱ្យនៅមានជីវជាតិ និងដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារជាដើម។
បន្លែស្ពៃ ជាទូទៅត្រូវចំណាយពេលចំនួន ៣៥ថ្ងៃ ទើបអាចទទួលផលបាន ដោយគិតទាំងការសាបព្រោះកូនផង។ ប្រភពដដែលបញ្ជាក់ថា ដំណាំពួកគាត់ដាំគឺប្រើប្រាស់ជីធម្មជាតិស្ទើរតែទាំងស្រុង រួមមានជីកំប៉ុស ជីលាមកសត្វ ផេះ ជីសរីរាង្គជាដើម។
លោកប្រាប់ពីវិធីដាំដំណាំស្ពៃដូច្នេះថា៖ «តាំងពីព្រោះកូន រហូតយើងបានកាត់ គឺ ៣៥ថ្ងៃ។ នៅពេលយើងរៀបចំកាត់ យើងមានដីព្រោះទុកៗ សម្រាប់ហាលឱ្យបាន ១០ថ្ងៃអ៊ីចឹង ទើបយើងដាំតទៅទៀត»។

ទោះជាបែបនេះក្តី កសិករត្រូវជួបប្រទះបញ្ហាប្រកួតប្រជែងទីផ្សារជាមួយបន្លែនាំចូលពីប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ជាដើម។ កសិករដដែលបញ្ជាក់ថា បន្លែនាំចូលគឺគេលក់តម្លៃថោកជាងបន្លែក្នុងស្រុក ហើយគុណភាពរក្សាទុកបានយូរ ដោយសារឥទ្ធិពលថ្នាំគីមីនោះ ធ្វើឱ្យកសិករមួយចំនួនដែលខិតខំផលិតបន្លែបែបធម្មជាតិពិបាកប្រកួតប្រជែងជាមួយគេ៖ «ទីផ្សារជួនកាលខូចបំផុតសម្រាប់ឈ្មួញកណ្ដាល។ កាលណាគេទិញស្ពៃយើងអ៊ីចឹង ឧទាហរណ៍ថា មួយគីឡូ ២ពាន់រៀល។ ដល់ពេលវាយយកទៅលក់នៅតាមទីផ្សារផ្សេងៗ បោះឱ្យគេវាអត់ឈ្នះអាស្ពៃមកពីខាងកើត»។
ខេត្តកំពង់ចាម បច្ចុប្បន្នមានផ្ទៃដីដាំបន្លែជាលក្ខណៈគ្រួសារ និងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប្រមាណ ២ពាន់ ទៅ ៣ហិកតារ។ ក្នុងនោះមាននៅតាមស្រុក និងក្រុងមួយចំនួន ដូចជាក្រុងកំពង់ចាម ស្រុកស្រីសន្ធរ ស្រុកកំពង់សៀម ស្រុកកងមាស ស្រុកកោះសូទិន ស្រុកចំការលើ ជាដើម។
ប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាម លោក គឹម សាវឿន គាំទ្រចំពោះការខិតខំដាំបន្លែដើម្បីផ្គត់ផ្គង់ជីវភាពរបស់ប្រជាកសិករទាំងនោះ។ មិនតែប៉ុណ្ណោះ វាបានជួយផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយការនាំបន្លែចូលទៀតផង។ លោកបញ្ជាក់ថា នៅខេត្តកំពង់ចាម ការនាំបន្លែចូលគឺមានតិចតួចបំផុត ពីព្រោះតម្រូវការផលិតក្នុងស្រុក គឺមានគ្រប់គ្រាន់ទៅហើយ។ ជាមួយគ្នានេះ អាជ្ញាធរបានជំរុញការដាំបន្លែពីលក្ខណៈគ្រួសារ ឬការដាំបន្លែបែបកសិករទៅជាការដាំបន្លែបែបទីផ្សារសហគ្រាសទៀតផង៖ «អ៊ីចឹងផលិតផលដំណាំបន្លែ ដែលយើងបណ្ដុះបណ្ដាលសព្វថ្ងៃហ្នឹងជាលក្ខណៈផលិតកសិកម្មល្អ។ នៅពេលយើងបណ្ដុះបណ្ដាលបានហើយ គាត់អាចផលិតបានហើយ សុខភាពអ្នកផលិតមិនមានប៉ះពាល់ដោយការប្រើជីថ្នាំគីមី»។
លោក គឹម សាវឿន បញ្ជាក់ដែរថា ខាងមន្ទីរកសិកម្មមានយន្តការបង្កើតឱ្យមានបន្លែសុវត្ថិភាព ឬផលិតផលកសិកម្មសុវត្ថិភាព ដោយមានបិទស្លាកសញ្ញាសម្គាល់ ឬស្ទីកឃ័រ នៅលើផលិតផលកសិកម្មដែលកសិករផលិតបាន ដើម្បីកាត់បន្ថយការប្រើប្រាស់បន្លែមានសារធាតុគីមី និងធានាឱ្យបាននូវសុខុមាលភាពជូនប្រជាពលរដ្ឋ។ គម្រោងនេះ លោកថា នឹងចាប់ដំណើរការនៅពេលឆាប់ៗខាងមុខ។
ទាក់ទងបញ្ហានេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា សេដាក (CEDAC) លោក សម វិទូ មើលឃើញថា ចំណុចល្អមានពីរយ៉ាងសម្រាប់កសិករដែលបានផលិតបន្លែដោយខ្លួនឯង។ ទីមួយពួកគាត់អាចបរិភោគបន្លែដែលទុកចិត្ត ពោលជាប្រភេទបន្លែមិនមានសារធាតុគីមី ទីពីរទៀត កសិករអាចរកប្រាក់ចំណូលប្រចាំថ្ងៃបាន។ លោកបន្តថា ក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី កសិករត្រូវប្រកួតប្រជែងខ្ពស់ ដូច្នេះទាមទារឱ្យពួកគាត់ប្រើប្រាស់វត្ថុធាតុដើម ឬជីធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយខ្ពស់។ បន្ថែមពីនេះ រាជរដ្ឋាភិបាលត្រូវមានយន្តការត្រួតពិនិត្យបន្លែ ឬផលិតផលកសិកម្មឱ្យបានត្រឹមត្រូវ ធ្វើយ៉ាងណាធានាឱ្យបាននូវសុខភាពជូនប្រជាពលរដ្ឋ៖ «អ៊ីចឹងបើយើងមានការទប់ស្កាត់ ហើយយើងជំរុញឱ្យកសិករផលិតឱ្យមានថ្លៃដើមទាបហ្នឹង គឺយើងអាចមានន័យថា ពង្រឹងអំណាចសេដ្ឋកិច្ចរបស់កសិករយើង»។
ឆ្លើយតបបញ្ហាប្រឈមរបស់កសិករ ដូចជាករណីមានសត្វល្អិតស៊ីបន្លែជាដើមនោះ លោក សម វិទូ បញ្ជាក់ថា កសិករត្រូវដាំដំណាំ ឬបន្លែតាមរដូវកាល ហើយដាំចម្រុះគ្នា។ លើសពីនេះទៀត កសិករត្រូវស្វែងយល់ពីថ្នាំសម្លាប់សត្វល្អិត ឬបណ្ដេញសត្វចង្រៃទាំងនោះដោយផ្សំឡើងពីធម្មជាតិ ពីព្រោះវាអាចជួយបង្កើតសារធាតុចិញ្ចឹមដល់ដី ម្យ៉ាងមិនបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។