អ្នក​ជំនាញ​ជំរុញ​ឲ្យ​អាជីវករ​នៅ​ព្រំដែន​ប្រកាន់​ក្រម​សីលធម៌​ដើម្បី​កុំ​ឲ្យ​បរទេស​ដណ្ដើម​ទីផ្សារ

0:00 / 0:00

អ្នក​ជំនាញ លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​អាជីវករ​លក់​ដូរ ជាពិសេស​អាជីវករ​លក់​ដូរ​នៅ​តាម​ព្រំដែន គួរ​ប្រកប​ដោយ​ក្រម​សីលធម៌ និង​មិន​ត្រូវ​លក់​ដូរ​ដោយ​កេង​ប្រវ័ញ្ច​អតិថិជន​ឡើយ ប្រសិន​បើ​មិន​ចង់​ឲ្យ​ជន​បរទេស​មក​ដណ្ដើម​ទីផ្សារ​ត​ទៅ​ទៀត។

ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​នេះ បន្ទាប់​ពី​អាជីវករ​លក់​ដូរ​តាម​ផ្សារ​ខ្លះ​នៅ​ព្រំដែន​បាវិត លើក​ឡើង​ថា ការ​លក់​ដូរ​របស់​ពួក​គាត់​មិន​អាច​ទទួល​បាន​ប្រាក់​ចំណេញ​គ្រប់គ្រាន់​ដូច​មុន ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​ឡើយ ស្រប​ពេល​អាជីវករ​ជនជាតិ​វៀតណាម បាន​ចូល​មក​ដណ្ដើម​ទីផ្សារ​ពួក​គាត់​កាន់​តែ​ច្រើន​ឡើងៗ។

ក្រុម​អាជីវករ​លក់​ដូរ​តាម​ផ្សារ​មួយ​ចំនួន​នៅ​តំបន់​ព្រំដែន ព្រួយ​បារម្ភ​ថា ពួក​គាត់​នឹង​អាច​លែង​ប្រកប​មុខ​របរ​លក់​ដូរ​នា​ពេល​ខាង​មុខ ប្រសិន​បើ​ជនជាតិ​វៀតណាម នៅ​តែ​អាច​ចូល​មក​លក់​ទំនិញ​ដោយ​សេរី និង​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ អះអាង​ថា លោក​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​ដល់​ការ​លក់​ដូរ​របស់​អាជីវករ​ខ្មែរ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន ហើយ​អាជីវករ​វិញ​ក៏​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​នូវ​ក្រម​សីលធម៌ នៃ​អ្នក​លក់​ដូរ​មិន​កេង​ប្រវ័ញ្ច។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ​អាច​ប្រកួត​ប្រជែង​ដណ្ដើម​ទីផ្សារ​ពី​ជន​បរទេស​មក​វិញ ស្រប​ពេល​ជន​បរទេស​ទាំងនោះ​មិន​ត្រឹម​ដណ្ដើម​ទីផ្សារ​ខ្មែរ​នៅ​ព្រំដែន​បាវិត ទេ សូម្បី​នៅ​ទូទាំង​ប្រទេស​ក៏​មាន​ច្រើន​ដែរ « វា​ជា​របៀប​នៃ​ការ​ទាក់ទាញ​អតិថិជន​ដែរ ព្រោះ​កន្លង​មក​ធ្លាប់​មាន​ការ​រិះគន់​ថា​លក់​ដូរ​កោរ និង​គ្មាន​សីលធម៌ »

លោក សន ជ័យ អះអាង​ថា ការ​ប្រកាន់​យក​ក្រម​សីលធម៌​ក្នុង​ការ​លក់​ដូរ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ លោក​ចង់​ឃើញ​អាជីវករ​ខ្មែរ​ចាប់​ផ្ដើម​រៀន​សូត្រ​បន្ថែម​អំពី​ជំនាញ​នៃ​ការ​ធ្វើ​ជំនួញ និង​ចំណេះ​ដឹង​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម និង​លក់​ដូរ​ទំនិញ​តាម​ផ្សារ​នានា។ លើស​ពី​នេះ រដ្ឋាភិបាល​ក៏​គួរ​តែ​ផ្ដល់​ជា​ដើមទុន​សម្រាប់​អាជីវករ​ខ្លួន ដើម្បី​ពង្រីក​មុខ​របរ​បន្ថែម​ទៀត ហើយ​អាជ្ញាធរ​វិញ​ក៏​ត្រូវ​ធានា​ឲ្យ​មាន​ភាព​សុខ​ស្រួល​ដល់​អាជីវករ​ដែរ។

ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​នេះ បន្ទាប់​ពី​ក្រុម​អាជីវករ​ខ្មែរ​លក់​ដូរ​តាម​ផ្សារ​នៅ​ក្នុង​ទីក្រុង​បាវិត មួយ​ចំនួន​លើក​ឡើង​ថា ការ​លក់​ដូរ​មាន​ដូចជា​ការ​លក់​ត្រី​សាច់ បន្លែ​ផ្លែ​ឈើ និង​ទំនិញ​ផ្សេងៗ​របស់​ពួក​គាត់ លែង​សូវ​លក់​ដាច់​ដូច​មុន ដោយសារ​អាជីវករ​វៀតណាម បាន​ចូល​មក​ដណ្ដើម​យក​ទីផ្សារ​របស់​ពួក​គាត់ ហើយ​មាន​អាជីវករ​ខ្មែរ​ខ្លះ​ត្រូវ​បង្ខំ​ទៅ​រក​ការងារ​ផ្សេង។

អាជីវករ​ម្នាក់​កំពុង​អង្គុយ​លក់​ត្រី​ក្នុង​ផ្សារ​តាពៅ នៅ​ទីក្រុង​បាវិត សុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើង​ថា បច្ចុប្បន្ន អាជីវករ​វៀតណាម ហូរ​ចូល​មក​លក់​ក្នុង​ផ្សារ​នេះ​កាន់​តែ​ច្រើន​ឡើងៗ ស្រប​ពេល​អាជីវករ​ខ្មែរ​ពុំ​សូវ​មាន​លក់​ដូរ​ក្នុង​ផ្សារ​នេះ​ច្រើន​ដូច​មុន​នោះ​ទេ។ អាជីវករ​ខ្មែរ​រូប​នេះ​បន្ត​ថា មូលហេតុ​បណ្ដាល​ឲ្យ​អាជីវករ​វៀតណាម ហូរ​ចូល​មក​លក់​ច្រើន ដោយសារ​អាជ្ញាធរ​ខ្មែរ​បើក​ដៃ​ឲ្យ​ពួក​គេ​ដឹក​ទំនិញ​ឆ្លង​កាត់​តាម​ច្រក​ព្រំដែន​នានា ដោយ​គ្មាន​ការ​ហាមឃាត់ « លក់​នៅ​ហ្នឹង​វា​សម្បូរ​វៀតណាម យើង​លក់​អត់​សូវ​បាន ហើយ​ផ្សារ​ហ្នឹង​មាន​វៀតណាម មក​លក់​យូរ​ណាស់​មក​ហើយ គ្រាន់​តែ​ថា​ឥឡូវ​មាន​វៀតណាម កាន់​តែ​ច្រើន »

អាជីវករ​ខ្មែរ​បញ្ជាក់​ទៀត​ថា ទំនិញ​របស់​អាជីវករ​ខ្មែរ​ដែល​លក់​មិន​សូវ​ដាច់​នៅ​ក្នុង​ផ្សារ​តាពៅ ដោយសារ​អាជីវករ​វៀតណាម បញ្ចុះ​តម្លៃ​លក់​ថោក​ជាង​ទំនិញ​ខ្មែរ ដើម្បី​ទាក់ទាញ​ឲ្យ​អ្នក​ទិញ​ភាគច្រើន​ជា​អ្នក​រក​ស៊ី​ជនជាតិ​ចិន និង​ពលរដ្ឋ​ខ្មែរ​ខ្លះ ជ្រើសរើស​ទំនិញ​មក​ពី​ប្រទេស​វៀតណាម។ ដំបូង​ឡើយ កាល​ពី​ពុំ​ទាន់​សម្បូរ​ជនជាតិ​វៀតណាម លក់​ដូរ​ច្រើន អាជីវករ​ខ្មែរ​អាច​លក់​ដាច់​សមរម្យ និង​អាច​ចំណេញ​លុយ​កាក់​មធ្យម ដើម្បី​ទ្រទ្រង់​គ្រួសារ។

ទិដ្ឋភាព​ផ្សារ​រាត្រី​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Reach Vingur
ទិដ្ឋភាព​ផ្សារ​រាត្រី​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Reach Vingur (RFA/Reach Vingur)

ក្រុម​អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​នៅ​ព្រំដែន​ខ្មែរ-វៀតណាម អះអាង​ថា រយៈពេល​កន្លង​មក​ធ្លាប់​មាន​អាជីវករ​ខ្មែរ​ជា​បន្តបន្ទាប់​បង្ខំ​បោះបង់​ការ​លក់​ដូរ​ក្នុង​ផ្សារ រួច​ហើយ​នាំ​គ្នា​ទៅ​ធ្វើ​ការងារ​រោងចក្រ និង​ចំណាក​ស្រុក ជាដើម « រាល់​តែ​ថ្ងៃ​រក​ចេះ​តែ​រក​ទៅ ហើយ​ថ្ងៃ​ណា​រក​មិន​បាន មិន​ដឹង​គិត​ម៉េច​ទៀត​ទេ ទៅ​តាម​ដំណើរ​ហ្នឹង​ទៅ ព្រោះ​រក​មិន​សូវ​បាន វៀតណាម មក​ដឹក​មក​លក់​តាម​ផ្សារ ហើយ​វា​លក់​តាម​ផ្ទះ​ទៀត »

អាជីវករ​លក់​ដូរ​ក្នុង​ផ្សារ​តាពៅ ម្នាក់​ទៀត​ឈ្មោះ បូ ចង់​ឲ្យ​អាជ្ញាធរ​ខ្មែរ​យាម​នៅ​តាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ទាំងអស់ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជនជាតិ​វៀតណាម ដែល​ដឹក​ទំនិញ​មក​លក់​ស្រុក​ខ្មែរ​មិន​ស្រប​ច្បាប់ ហើយ​បើ​អាជ្ញាធរ​អាច​ធ្វើ​បាន នោះ​ការ​លក់​ដូរ​របស់​អាជីវករ​ខ្មែរ​នឹង​អាច​លក់​ដូរ​ដាច់​ឡើង​វិញ ហើយ​មិន​សូវ​លំបាក​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ « មិន​ដូច​វៀតណាម ទេ ! វៀតណាម មក​ច្រើន​ណាស់ ហើយ​ដណ្ដើម​យក​ម៉ូយ​ចិន អស់ »

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មន្ត្រី​គយ​ខ្មែរ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើក​ឡើង​ថា រាល់​ទំនិញ​ឆ្លង​កាត់​តាម​ព្រំដែន​ទាំងអស់ គឺ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​មន្ត្រី​រូប​នេះ​ទទួល​ស្គាល់​ថា នៅ​មាន​តាម​ច្រក​របៀង​ខ្លះ ជនជាតិ​វៀតណាម នៅ​តែ​អាច​លួច​ដឹក​ទំនិញ​មក​លក់​នៅ​ទឹកដី​កម្ពុជា ដដែល ព្រោះ​ពួក​គេ​ធ្វើ​សកម្មភាព​ដឹក​ទំនិញ​នៅ​ពេល​យប់​ស្ងាត់ ដែល​អាជ្ញាធរ​ពិបាក​ក្នុង​ការ​រង់ចាំ​ទប់ស្កាត់។ ម្យ៉ាង​វិញ​ទៀត ការ​លក់​ដូរ​នៅ​ព្រំដែន វា​គឺ​ជា​ទីផ្សារ​សេរី​សម្រាប់​អាជីវករ​គ្រប់​រូប។

ទោះ​ជា​បែប​ណា​ក៏ដោយ គេ​សង្កេត​ឃើញ​ថា មិន​ត្រឹម​តែ​នៅ​តាម​ផ្សារ​តូចៗ​ដែល​សម្បូរ​ជនជាតិ​វៀតណាម លក់​ដូរ​ច្រើន​កុះករ​ទេ សូម្បី​ផ្សារ​ធំៗ​ខ្លះ​ដូចជា​កន្លែង​លក់​សម្លៀកបំពាក់​វិញ ក៏​សម្បូរ​ជនជាតិ​បរទេស​នេះ​លក់​ដូរ​ស្ទើរ​តែ​ទាំងអស់​ដែរ ហើយ​ពុំ​សូវ​ឃើញ​មាន​ជនជាតិ​ខ្មែរ​លក់​ដូរ​ច្រើន​នោះ​ទេ។

សំឡេង​អាជីវករ « បើ​តាម​កាំកុងត្រូល​របស់​យើង​ធូរ​ពេក គេ​ឃើញ​គេ​ដឹក​បន្លែ​ចូល​មក បង់​លុយ​មួយ​ម៉ឺន​ពីរ​ម៉ឺន​ដុង។ យើង​ចង់​មិន​ឲ្យ​មាន​វៀតណាម ទេ ព្រោះ​ដើម្បី​យើង​លក់​ដូរ​ដេញ​វិញ »

ក្រុម​អាជីវករ​ទាំងនេះ​បញ្ជាក់​ថា សព្វថ្ងៃ​ការ​ទំនុក​បម្រុង​ក្នុង​គ្រួសារ ដូចជា​ការ​ផ្គត់ផ្គង់​ការ​សិក្សា​របស់​កូន​ចៅ គឺ​ពឹង​អាស្រ័យ​លើ​មុខ​របរ​លក់​ដូរ​របស់​ពួក​គាត់​ហើយ ប៉ុន្តែ​បើ​ការ​លក់​ដូរ​មិន​ដាច់​ដូច​សព្វថ្ងៃ​នេះ ពួក​គាត់​ព្រួយ​បារម្ភ​ថា ខ្លាច​គ្មាន​លទ្ធភាព​បន្ត​ដើម្បី​ឲ្យ​កូន​ចៅ​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ត​ទៅ​មុខ​ទៀត។

ប្រធាន​អង្គការ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ ទទួល​ស្គាល់​ការ​លើក​ឡើង​របស់​ក្រុម​អាជីវករ​ថា បើ​សិន​ជា​ពុំ​មាន​ការ​គាំទ្រ​ទៅ​ដល់​អាជីវករ​ពាក់ព័ន្ធ​ជំនាញ​ធ្វើ​អាជីវកម្ម និង​មិន​ទប់ស្កាត់​ការ​ប្រកប​មុខ​របរ​ខុស​ច្បាប់​របស់​ជន​បរទេស គឺ​ពួក​គាត់​ដែល​នឹង​រក​ស៊ី​ខាត នឹង​ត្រូវ​បោះបង់​ការងារ​លក់​ដូរ​ចោល រួច​ហើយ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។