ប្រជាកសិករនៅខេត្តត្បូងឃ្មុំ ត្រូវបង្ខំចិត្តដកដំឡូងមីយកទៅលក់ឱ្យឈ្មួញ បើទោះបីជាដំឡូងនោះមានតម្លៃថោកយ៉ាងណាក៏ដោយ ដើម្បីយកប្រាក់សងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ពីព្រោះពួកគេបានយកដើមទុនមកដំណាំដំឡូងកាលពីពេលកន្លងមក។ ពលរដ្ឋបញ្ជាក់ថា មានអ្នកភូមិមួយចំនួនត្រូវបង្ខំចិត្តទុកដំឡូងចោល ហើយទៅរកការងារធ្វើនៅឆ្ងាយពីផ្ទះ ដើម្បីយកប្រាក់មកសងបំណុលគេជាដើម។
ប្រជាកសិករមួយចំនួននៅខេត្តត្បូងឃ្មុំ ត្រូវប្រឈមបញ្ហាលំបាកក្នុងជីវភាពគ្រួសារ ដោយសារផលិតផលដំឡូងមីរបស់ពួកគេមានតម្លៃថោកដដែល។
កសិករមួយចំនួនបង្អែបង្អង់ មិនទាន់ដកដំឡូងរបស់ខ្លួនទេ បើទោះបីជាដំឡូងនោះគ្រប់អាយុដកក៏ដោយ។ បន្ថែមពីនេះ មានពលរដ្ឋខ្លះទុកចម្ការដំឡូងចោលតែម្ដង ហើយចំណាកស្រុកដើម្បីយកប្រាក់មកសងបំណុលគេ។ ចំណែកពលរដ្ឋខ្លះទៀត បង្ខំចិត្តដកដំឡូងនោះ ដើម្បីលក់ឱ្យឈ្មួញគ្រាន់បានប្រាក់ដោះបំណុលធនាគារ និងទូទាត់ការចាយវាយប្រចាំថ្ងៃខ្លះ បើទោះបីជាមានតម្លៃថោក ឬគ្មានទីផ្សារក្តី។
ពលរដ្ឋលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ឡើយ ប៉ុន្តែឃើញតែមួយថ្ងៃៗ គិតតែប្រយោជន៍របស់ខ្លួន ឬបក្សរបស់ខ្លួន ដើម្បីយកឈ្នះយកចាញ់អ្នកដទៃ ឬក្រុមដទៃប៉ុណ្ណោះ។
កសិករនៅឃុំជាំក្រវៀន ស្រុកមេមត់ លោក កាង ឈាង មានប្រសាសន៍ថា ដំឡូងរបស់លោកប្រមាណ ៥ហិកតារ មិនទាន់សម្រេចដកទេ ប៉ុន្តែនឹងដកនៅពេលខាងមុខ ពីព្រោះត្រូវការប្រាក់ដើម្បីសងបំណុលគេ។ លោកថា ដំឡូងឆ្នាំនេះ គឺលក់បានថោកជាងឆ្នាំមុនៗ ពោលគឺឆ្នាំនេះដំឡូងស្រស់ ១គីឡូក្រាម លក់បានតម្លៃ ១៥០រៀល ទៅ ២០០រៀល ម្យ៉ាងកសិករត្រូវកាត់ថ្លៃដឹកជញ្ជូន ៨០រៀលទៀត។ ចំណែកកាលពីឆ្នាំ២០១៦ លក់បាន ៣៥០រៀល ទៅ ៤០០រៀលក្នុង១គីឡូក្រាម។

ក្រៅពីតម្លៃថោកហើយ លោក កាង ឈាន បញ្ជាក់ថា ឈ្មួញទិញដំឡូងពីពលរដ្ឋនៅឆ្នាំនេះមិនទៀងទាត់ទេ ពោលគឺទិញ ១ថ្ងៃ បាត់ ២ ឬ ៣ថ្ងៃក៏មាន៖ «ពលរដ្ឋទូទៅរួមទាំងខ្ញុំផង បើទោះបីជាតម្លៃដំឡូងនេះថោកជាងនេះទៀត ក៏នៅតែដកដែរ ពីព្រោះម្នាក់ៗសុទ្ធតែខ្ចីលុយមីក្រូហិរញ្ញវត្ថុ»។
កសិករនៅខេត្តត្បូងឃ្មុំ ចេះតែរងគ្រោះដោយសារតម្លៃផលិតផលកសិកម្មគ្មានទីផ្សារ ឬមានតម្លៃថោក។ ពេលខ្លះដំឡូងរបស់កសិករត្រូវលិចទឹករលួយមើម និងតំបន់ខ្លះមិនមានផ្លូវដឹកជញ្ជូនចេញ ដោយសារក្រុមហ៊ុនបិទផ្លូវបណ្ដាលឱ្យដំឡូងខូចខាតជាដើម។
កសិករដដែលបញ្ជាក់ថា ក្នុងមួយហិកតារពួកគាត់ត្រូវចំណាយដើមទុនជាង ២លានរៀល ហើយនៅពេលប្រមូលផលគឺបានពី ១លានរៀល ទៅ ជាង ១លានរៀលប៉ុណ្ណោះក្នុងមួយហិកតារ។ លោកបន្តថា ស្ថានភាពរបស់កសិករកាន់តែដុនដាប ប៉ុន្តែស្ថានភាពនយោបាយបច្ចុប្បន្នគឺកាន់តែដុនដាបជាងនេះទៀត ពោលគឺអ្នកនយោបាយ ឬអ្នកដឹកនាំមិនបានជួយដោះស្រាយបញ្ហារបស់កសិករឡើយ៖ «បើសំណូមពររបស់ពលរដ្ឋគឺចង់ឱ្យរាជរដ្ឋាភិបាលឈប់ប្រជែងដើម្បីយកចាញ់ឈ្នះទៅ គឺវិលមកវិញដើម្បីរកទីផ្សារដើម្បីនាំចេញកសិផលជូនពលរដ្ឋហ្នឹង គឺធ្វើឱ្យពលរដ្ឋប្រហែលសប្បាយចិត្តច្រើនជាងពួកគាត់គិតតែឈ្លោះគ្នា»។
កសិករនៅឃុំត្រពាំងព្រីង ស្រុកតំបែរ មួយរូបទៀត ដែលបានជួលដីគេដាំដំឡូងមីជិត ១០ហិកតារ និងចំណាយដើមទុនប្រមាណ ៤ពាន់ដុល្លារសហរដ្ឋអាមេរិក លោក ឌី វណ្ណៈ ឱ្យដឹងថា មានពលរដ្ឋមួយចំនួនអស់សង្ឃឹមនៅពេលតម្លៃដំឡូងធ្លាក់ចុះ។ បន្ថែមពីនេះ មានកសិករខ្លះរត់ចោលស្រុកដោយសារគ្មានប្រាក់សងបំណុលគេ និងបោះបង់មុខរបរដាំដំឡូងមីចោលតែម្ដង៖ «ឥឡូវវាមានអ្នករត់ចោលចម្ការហ្នឹង ព្រោះដើមទុនវាតិច ហើយដីជួលវាថ្លៃ គឺអាងលើដំឡូងហ្នឹងហើយ»។
ប្រភពដដែលមើលឃើញថា ប្រសិនបើរាជរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាប្រឈមទាំងជូនកសិករបាន លំហូរចំណាកស្រុកនឹងកើតមានកាន់តែច្រើន ហើយអត្រាពលរដ្ឋបោះបង់មុខរបរកសិកម្មក៏មានកាន់តែច្រើនដែរ។
ឈ្មួញទទួលទិញដំឡូងមីពីកសិករនៅស្រុកតំបែរ យកទៅលក់បន្តនៅប្រទេសវៀតណាម មួយរូបថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបញ្ជាក់ថា តម្លៃលក់ទិញគឺជនជាតិវៀតណាម ជាអ្នកកំណត់។ ប្រសិនបើថៅកែវៀតណាម គេហ៊ានទិញក្នុងតម្លៃមួយខ្ពស់ គឺពួកគាត់ទទួលទិញពីពលរដ្ឋក្នុងតម្លៃខ្ពស់ដូចគ្នា ប៉ុន្តែបច្ចុប្បន្ន វៀតណាមមិនសូវចង់ទិញឡើយ ក្រោមហេតុផលផ្សេងៗ ដូចជាដំឡូងច្រើនពេកលក់ចេញមិនទាន់ ឬដំឡូងមីមានម្សៅមិនសូវល្អជាដើម។ បន្ថែមពីនេះ សកម្មភាពផាកពិន័យរបស់មន្ត្រីប៉ូលិសចរាចរណ៍នៅតាមផ្លូវ ឬតាមព្រំដែន កាន់តែធ្វើឱ្យពួកគាត់ដែលជាឈ្មួញកណ្ដាលរងគ្រោះ ហើយត្រូវបង្ខំចិត្តទិញដំឡូងមីពីកសិករក្នុងតម្លៃថោក ដើម្បីទូទាត់ការចំណាយតាមផ្លូវផង៖ «វាផ្ទេរផ្ទូរទៅកាន់តែអត់ចំណេញ។ ដល់អ៊ីចឹងគឺកាន់តែយ៉ាប់ទៅៗ»។
ឈ្មួញដដែលនិយាយទៀតថា លោកកាន់តែអាណិតដល់កសិករ ត្បិតពួកគាត់ធ្វើរបរឆ្នាំនេះ មិនសមប្រកបទេ គឺមានតែខាតប៉ុណ្ណោះ។ លោកថា ដើម្បីឱ្យដំឡូងមានតម្លៃខ្ពស់ គឺទាល់តែរាជរដ្ឋាភិបាលជួយស្វែងរកទីផ្សារ ឬទាក់ទងវិនិយោគទុនមកបង្កើតរោងចក្រឱ្យបានច្រើនជាជាងនាំយកវត្ថុធាតុដើមចេញទៅក្រៅប្រទេសទាំងស្រុង។
អាស៊ីសេរី មិនអាចទាក់ទងប្រធាន និងអនុប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ និងអាជ្ញាធរខេត្ត ដើម្បីសាកសួរអំពីបញ្ហានេះបានទេ នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយពួកគេជួបប្រជុំ។
យ៉ាងនេះក្តី កាលពីពេលកន្លងទៅ អភិបាលរងខេត្តត្បូងឃ្មុំ លោក ហាក់ សុខមករា ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរខេត្តតែងតែយកចិត្តទុកដាក់ជួយដោះស្រាយបញ្ហាប្រឈមជូនកសិករ ប៉ុន្តែតម្លៃផលិតផលកសិកម្មខ្លះឡើង ឬចុះ គឺអាចពាក់ព័ន្ធទីផ្សារអន្តរជាតិ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៦២ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផលជាដើម។ រីឯមាត្រា ៦៣ វិញចែងថា រដ្ឋត្រូវយកចិត្តទុកគ្រប់គ្រងទីផ្សារ ជួយអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានកម្រិតសមរម្យ។
ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលនៅមិនទាន់អនុវត្តតាមរដ្ឋធម្មនុញ្ញឱ្យបានត្រឹមត្រូវទេ។ ជាក់ស្ដែងកសិករខ្មែរដាំដំណាំផ្សេងៗ ដោយប្រថុយប្រថាន ឬបែបផ្សងសំណាង ព្រោះត្រូវពឹងផ្អែកទៅលើទីផ្សារបរទេសទាំងស្រុង៖ «ខ្ញុំមិនដែលឃើញកន្លែងហ្នុងរដ្ឋបានបំពេញឱ្យបានច្បាស់លាស់នៅឡើយទេ»។
លោកយល់ស្របទៅនឹងអ្វីដែលកសិករលើកឡើង ព្រោះបច្ចុប្បន្នអ្នកនយោបាយគឺគិតគូរប្រយោជន៍របស់ខ្លួន ឬបក្ខខ្លួនជាអាទិភាព មុនពេលគិតគូរអំពីជីវភាពរបស់ប្រជាជន។
មន្ត្រីសង្គមស៊ីវិលរូបនេះ បញ្ជាក់ថា ប្រសិនបើរាជរដ្ឋាភិបាលអាចជួយដោះស្រាយបញ្ហាប្រឈមទាំងនេះបាន គឺអាចកាត់បន្ថយការចំណាកស្រុកដោយប្រថុយប្រថាន និងដើម្បីលើកទឹកចិត្តដល់កសិករឱ្យបន្តចាប់យករបរកសិកម្មរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។