ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​៧២​ខ្នង​នៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ប្រភព​ពី​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​នៅ​ពេល​ដែល​មាន​ភ្លៀង​ខ្លាំង បាន​បក់​បោក​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​សំរោង និង​សង្កាត់​កូនក្រៀល អស់​ចំនួន ៧២​ខ្នង កាល​ពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​កញ្ញា កន្លង​ទៅ។

នេះ គឺ​ជា​ខ្យល់​កន្ត្រាក់​លើក​ទី​៣ ហើយ​នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចាប់​តាំង​ពី​រដូវ​វស្សា​បាន​ចាប់​ផ្ដើម​កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៥ នេះ។

មន្ត្រី​សាខា​កាកបាទ​ក្រហម​នៃ​ខេត្ត​ឧត្តរមានជ័យ និង​ក្រុម​ប្រឹក្សា​សង្កាត់​ចំនួន​២ របស់​ក្រុង​សំរោង កំពុង​ខ្នះខ្នែង​ដើរ​ស្រង់​ស្ថិតិ​ផ្ទះ​សម្បែង​មួយ​ចំនួន ដែល​ទទួល​រង​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ពេញ ១​ថ្ងៃ​អង្គារ ទី​២២ ខែ​កញ្ញា។

ការ​ស្រង់​ស្ថិតិ បាន​ចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ព្រលឹម បន្ទាប់​ពី​ភ្លៀង​បាន​ធ្លាក់​ខ្លាំង និង​ខ្យល់​កន្ត្រាក់ បំផ្លាញ​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង​មក។

ចៅ​សង្កាត់​សំរោង គឺ​លោក ចៀប តុប។ លោក​អះអាង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២២ ខែ​កញ្ញា ថា ខ្យល់​កន្ត្រាក់​បាន​បក់​បោក​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ៣​ភូមិ នៅ​ក្នុង​សង្កាត់​របស់​លោក គឺ​ភូមិ​គោកចំបក់ ភូមិ​គោករំដួល និង​ភូមិ​កណ្ដែក។ ខ្យល់​ដែល​បោក​បក់​ខ្លាំង​លាយ​ឡំ​ជាមួយ​ភ្លៀង​ផង កាល​ពី​វេលា​ម៉ោង​ជាង ៨​យប់​ថ្ងៃ​ទី​២១ ខែ​កញ្ញា នោះ គឺ​បាន​បំផ្លាញ​ផ្ទះ​អស់​ចំនួន ៦៩​ខ្នង៖ «ភ្លៀង​ខ្លាំង​ដែរ គ្រាន់​តែ​រលំ​ផ្ទះ​អស់ ៩​ខ្នង វា​ប៉ះ​តាម​កន្លែង។ ទិន្នន័យ​យើង​ធ្វើ​តាំង​ពី​យប់ ហើយ​ដល់​ព្រឹក​ឡើង​យើង​ធ្វើ​ទៀត ទើប​តែ​សម្រាក»

ប្រធាន​សាខា​កាកបាទ​ក្រហម​កម្ពុជា ខេត្ត​ឧត្តរមានជ័យ លោក ស សៀកហៀង ឲ្យ​ដឹង​ថា ខ្យល់​កន្ត្រាក់​ដែល​បោក​បក់​កាល​ពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​កញ្ញា នោះ គឺ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន ៧២​ខ្នង​នៅ​ក្នុង​សង្កាត់​សំរោង និង​សង្កាត់​កូនក្រៀល។ មន្ត្រី​កាកបាទ​ក្រហម​កម្ពុជា ដដែល​បញ្ជាក់​ថា នៅ​ពេល​នេះ​កាកបាទ​ក្រហម មាន​ស្បៀង​អាហារ និង​តង់​កៅស៊ូ​មួយ​ចំនួន ដើម្បី​ផ្ដល់​ជា​ជំនួយ​សង្គ្រោះ​បន្ទាន់ សម្រាប់​អ្នក​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ៖ «អ្នក​បាត់បង់​ទី​ជម្រក វា​មាន​តែ​តង់​ហ្នឹង​ឯង ដែល​កាកបាទ​ក្រហម​គេ​ចែក​ឲ្យ​គាត់​ធ្វើ​ខ្លួន​គាត់​ទៅ អាច​ជ្រក​កោន​បាន»

មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​សំរោង ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០១៥ នេះ គឺ​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​ខ្លាំង​ចំនួន ៣​លើក​ហើយ ដោយ​បាន​បំផ្លាញ​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​អស់​ចំនួន​ជាង ១៧០​ខ្នង។

ចំណែក​មន្ត្រី​សាខា​កាកបាទ​ក្រហម ខេត្ត​ឧត្តរមានជ័យ ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៩​ខែ​ឆ្នាំ​នេះ គឺ​ខ្យល់​កន្ត្រាក់​បាន​បក់​បោក​លើ​ក្រុង​សំរោង ស្រុក​ត្រពាំងប្រាសាទ និង​ស្រុក​បន្ទាយអំពិល បណ្ដាល​ឲ្យ​ផ្ទះ​សម្បែង​ជិត ២០០​ខ្នង​រង​ការ​ខូចខាត មាន​ប្រជាពលរដ្ឋ​ម្នាក់​រង​របួស និង​ក្មេង​ម្នាក់​ផ្សេង​ទៀត​បាន​ស្លាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។