បុរសជនជាតិអាមេរិកាំងម្នាក់ចំណាយពេលវេលារបស់គាត់ជាច្រើនថ្ងៃ ដើម្បីដើរប្រមូល និងរើសយកសម្បកដបទឹកសុទ្ធដែលធ្វើពីប្លាស្ទិកពីកន្លែងដែលគេបោះចោលនានា មកកែច្នៃធ្វើជាគ្រឿងតុបតែងលំអ ក្នុងបំណងបំផុសឲ្យអ្នកទេសចរចម្រុះជាតិសាសន៍ និងប្រជាពលរដ្ឋនៅខេត្តសៀមរាប កុំបោះចោលសំណល់ប្លាស្ទិកដែលប្រើប្រាស់រួច ខ្ជះខ្ជាយ។
មន្ត្រីមន្ទីរបរិស្ថាន ធ្លាប់បង្ហាញថា នៅក្នុងខេត្តសៀមរាប ដែលជាខេត្តទាក់ទាញភ្ញៀវទេសចរដ៏សំខាន់ គឺគ្រាន់តែក្រុងសៀមរាប មួយ សំរាមបានកើនឡើងប្រហែល ៣៥០តោនក្នុងមួយថ្ងៃៗ។ ក្នុងចំណោមសំរាមទាំងនោះ គឺមានប្រភេទប្លាស្ទិកប្រមាណជាង ២០%។
បុរសជនជាតិអាមេរិកាំងដែលកំពុងចំណាយពេលរបស់គាត់នៅកន្លែងសិល្បៈមួយឈ្មោះ ១៩៦១ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប គឺលោក ចន ខេម៉េលវីន (John K Melvin)។ លោកមានប្រសាសន៍នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ថា លោកបានមកខេត្តសៀមរាប តាមរយៈគម្រោងរបស់អង្គការវើល ម៉ូញូមិន ហ្វាន់ (World Monument Fund) ដើម្បីអប់រំដល់កម្មករខ្មែរជាច្រើនដែលកំពុងធ្វើការនៅប្រាសាទភ្នំបាខែង ឲ្យយល់ដឹងអំពីវិធីធ្វើយ៉ាងណាលុបបំបាត់ចោលការប្រើប្រាស់ជាតិប្លាស្ទិកនៅក្នុងជីវិត។
លោក ចន ខេម៉េលវីន (John K Melvin) ឲ្យដឹងទៀតថា បច្ចុប្បន្ន លោកបានដើរមើលនៅតាមកន្លែងជាច្រើនក្នុងខេត្តសៀមរាប ដូចជានៅតាមដងស្ទឹង ផ្សាររាត្រី និងកន្លែងផលិតសម្បកដបធ្វើពីប្លាស្ទិកជាដើម គឺមានការបោះចោលសំណល់ប្លាស្ទិកទាំងនោះជាច្រើន។ រូបលោកមានកង្វល់យ៉ាងខ្លាំងទៅលើសំណល់ប្លាស្ទិកទាំងនោះ ថាវាអាចគំរាមកំហែងដល់បរិស្ថាន និងភាពស្អាតរបស់ទីក្រុងយ៉ាងខ្លាំង ហើយគិតថាត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីពញ្ញាក់អារម្មណ៍សាធារណជនឲ្យគិតឡើងវិញអំពីការបោះចោលសំណល់ប្លាស្ទិកទាំងនោះ។ ទីបំផុត រូបលោកក៏បានរកឃើញវិធីកែច្នៃសម្បកដបទឹកសុទ្ធប្លាស្ទិក ឲ្យទៅជាគ្រឿងលំអភ្លើងអគ្គិសនីនៅពេលយប់៖ « បច្ចុប្បន្ននៅសៀមរាប នេះ គឺកន្លែងសិប្បកម្មខ្លះបានផលិតសម្ភារប្រើប្រាស់ធ្វើពីប្លាស្ទិកប្រហែល ១២០គីឡូក្រាម ទៅ ១៨០គីឡូក្រាម ដែលខូចខាតដោយបញ្ហាខុសបច្ចេកទេស ហើយបោះចោលកាកសំណល់ប្លាស្ទិកទាំងនោះ។ បញ្ហានេះរួមផ្សំនឹងការបោះចោលដបទឹកប្លាស្ទិកនៅតាមកន្លែងជាច្រើនទៀត បានធ្វើឲ្យព្រួយបារម្ភដល់ការគំរាមកំហែងបរិស្ថានយ៉ាងខ្លាំង។ ដូច្នេះ គំនិតដែលខ្ញុំយកដបទឹកប្លាស្ទិកមកកែច្នៃនៅពេលនេះ គ្រាន់តែជាការបង្ហាញខ្លះៗឲ្យមនុស្សជាច្រើនបានដឹងថា សំណល់ដែលប្រើរួចហើយខ្លះ មិនគួរបោះចោលទេ គួរតែកែច្នៃវាប្រើប្រាស់ឡើងវិញ »។
លោក ចន ខេម៉េលវីន (John K Melvin) ឲ្យដឹងថា នៅពេលខាងមុខ លោកមានគម្រោងនឹងយករបស់ដែលលោកកែច្នៃពីសម្បកដបទឹកសុទ្ធនេះ ទៅផ្សព្វផ្សាយ ព្រមទាំងធ្វើសិក្ខាសាលាដល់ហាងធ្វើគំនូរទាំងឡាយ ព្រមទាំងអ្នកទេសចរ និងសាធារណជន ឲ្យយល់ដឹងពីរបៀបកែច្នៃសំរាម ដើម្បីឲ្យពួកគេចាប់ផ្ដើមគិតទៅដល់បរិស្ថានស្អាតសម្រាប់ពិភពលោកទាំងមូល។
ពលរដ្ឋខ្មែរខ្លះដែលឃើញការច្នៃប្រឌិតសម្បកដបទឹកសុទ្ធ ឲ្យក្លាយជាគ្រឿងលំអភ្លើងអគ្គិសនីបែបនេះ គឺពួកគេទទួលស្គាល់ទេពកោសល្យនៃសិល្បៈមួយបែប។
យុវជនម្នាក់ធ្វើការនៅកន្លែងសិល្បៈ ១៩៦១ ហើយតែងជួយបុរសជនជាតិអាមេរិកាំងក្នុងការកែច្នៃសម្បកដបទឹកសុទ្ធនោះ លោក ខា ឃីន ទទួលស្គាល់ថា ជាច្រើនឆ្នាំមកហើយ គាត់ធ្លាប់តែធ្វើរូបសិល្បៈអំពីដែកគោល ប៉ុន្តែពេលនេះ លោកទើបតែបានជួបសិល្បៈមួយទៀត ដោយយកសម្បកដបទឹកសុទ្ធគេបោះចោល មកកែច្នៃធ្វើជាវត្ថុប្រើប្រាស់បាន៖ « ខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុត ទី១ គឺវាប្លែក ពីព្រោះអត់ដែលមានអ្នកណាធ្លាប់ធ្វើដូច្នេះទេ។ កាលពីដំបូង ខ្ញុំឃើញជនជាតិអាមេរិកាំងនោះដើររើសសំរាម រើសសម្បកដប តែខ្ញុំមិនចាប់អារម្មណ៍ឡើយ »។

ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក នួន មុន្នី ក៏ទទួលស្គាល់គំនិតច្នៃប្រឌិតសំណល់ប្លាស្ទិកនោះថា គឺការចូលរួមដោះស្រាយកង្វល់ជុំវិញកាកសំណល់ប្លាស្ទិក ដែលកំពុងតែគំរាមកំហែងដល់ធម្មជាតិ និងបរិស្ថាន៖ « ការពិត គំនិតហ្នឹងល្អ ពីព្រោះពួកយើងខ្ញុំក៏កំពុងគិតរឿងហ្នឹងដែរ។ គំនិតបរទេសដែលគាត់ធ្វើអ៊ីចឹង គឺជារឿងត្រឹមត្រូវខ្លាំងណាស់ »។
ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដដែលបញ្ជាក់ថា ក្រុមជំនាញរបស់លោក ជាមួយនឹងអង្គការជាដៃគូ ក៏កំពុងព្រួយបារម្ភអំពីការបោះចោលសំណល់ប្លាស្ទិកនេះដែរ ព្រមទាំងមានគម្រោងមួយត្រៀមនឹងទៅបើកការបណ្ដុះបណ្ដាលសិស្សនៅលើខ្នងភ្នំគូលែន ឲ្យចេះកែច្នៃសំណល់ដបធ្វើពីប្លាស្ទិក និងកែវជាដើម ទៅជាវត្ថុប្រើប្រាស់ឡើងវិញ កុំឲ្យបោះចោលដែរ។
អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះ អាក្រា (ACRA) ធ្លាប់បង្ហាញថា បច្ចុប្បន្ននៅទូទាំងប្រទេសកម្ពុជា ចំនួនអ្នកប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់អាហារច្រើនលើសលប់ បើតាមការប៉ាន់ប្រមាណ គឺមនុស្សពេញវ័យម្នាក់ អាចប្រើប្រាស់ថង់ប្លាស្ទិកចំនួន ៦ថង់ក្នុងមួយថ្ងៃៗ។
អ្នកជំនាញបរិស្ថានពន្យល់ថា សំណល់ប្លាស្ទិកមានថង់ និងដបទឹកសុទ្ធជាដើម កាលណាបោះចោលនៅតាមទីវាល គឺវានឹងក្លាយទៅជាសំណល់រឹងមិនងាយរលាយ និងពុកផុយទេ។ បន្ថែមលើនេះ ក្រៅតែពីមានសារជាតិគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស វាក៏ជាវត្ថុដែលធ្វើឲ្យរុក្ខជាតិមិនដុះលូតលាស់បានដែរ ប្រសិនបើវាកប់នៅក្រោមដី។
អភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង ធ្លាប់បង្ហាញការព្រួយបារម្ភដែរថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប៉ះពាល់ជាច្រើន ដែលបណ្ដាលមកពីសំណល់ប្លាស្ទិកនេះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចផ្ដល់មូលនិធិចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗសម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ឲ្យអាជ្ញាធរខេត្តសៀមរាប ដើម្បីធ្វើការងារលើការប៉ះពាល់ដោយសារកាកសំណល់ប្លាស្ទិកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។