ស៊ីនទ្រី​ប្រកាស​ឈប់​ប្រមូល​សំរាម​ក្នុង​ក្រុង​ព្រះសីហនុ​ព្រោះ​ពលរដ្ឋ​៦០%​មិន​បង់​ថ្លៃ​សេវា

0:00 / 0:00

ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ីនទ្រី (CINTRI) ដែល​វិនិយោគ​លើ​ការ​ប្រមូល​កាក​សំណល់​រឹង និង​ដឹក​ជញ្ជូន​សំរាម​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​ឈប់​ប្រមូល​សំរាម​តាម​មូលដ្ឋាន​ក្នុង​ក្រុង​ទេសចរណ៍​នេះ​ទៀត​ហើយ ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ តទៅ។

ប្រធាន​ក្រុមហ៊ុន ស៊ីនទ្រី លោក សេង សាវី បាន​ផ្ញើ​លិខិត​ជូន​រដ្ឋបាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​នេះ​សុំ​ឈប់​ប្រមូល​សំរាម​នា​ក្រុង​ទេសចរណ៍​មួយ​នេះ​ទៀត ដោយសារ​ក្រុមហ៊ុន​បាន​រក​ស៊ី​ខាត។ លោក​ថា សព្វថ្ងៃ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ ត្រឹម​តែ ៤០​ភាគរយ​ទេ​ដែល​បាន​បង់​សេវា​ប្រមូល​សំរាម​ឲ្យ​ក្រុមហ៊ុន ស៊ីនទ្រី ក្រៅ​ពី​នោះ​មិន​បាន​បង់​ជូន​ទេ។

លិខិត ឬ​សំណើ​សុំ​ផ្អាក​ការ​ផ្តល់​សេវាកម្ម​ប្រមូល សម្អាត និង​ដឹក​ជញ្ជូន​កាក​សំណល់​រឹង​ក្នុង​ក្រុង​ព្រះសីហនុ បាន​ផ្ញើ​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រធាន​ក្រុមហ៊ុន ស៊ីនទ្រី លោក សេង សាវី បាន​បញ្ជាក់​ថា ក្រុមហ៊ុន ស៊ីនទ្រី នឹង​ឈប់​ប្រមូល​សំរាម​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧ តទៅ។

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុមហ៊ុន ស៊ីនទ្រី ឈប់​ប្រមូល​សំរាម ហើយ​រដ្ឋបាល​ក្រុង​របស់​ខេត្ត​រក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​មិន​ទាន់​ពេល​ទេ គឺ​ក្នុង​មួយ​សប្តាហ៍​សំរាម​នៅ​ទូទាំង​ក្រុង​ទេសចរណ៍​នេះ​មាន​ចំនួន​ជិត ១.៥០០​តោន (១.៤៧០​តោន) នឹង​ត្រូវ​គរ​ចោល​ដូច​ភ្នំ​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ។

លោក​បន្ត​ថា ក្រោយ​ពេល​រដ្ឋបាល​ក្រុង​ព្រះសីហនុ ទទួល​បាន​លិខិត​សុំ​ឈប់​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន ស៊ីនទ្រី រដ្ឋបាល​ខេត្ត​ក៏​បាន​កោះ​ប្រជុំ និង​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ពិចារណា​បន្ត​សកម្មភាព​ប្រមូល​សំរាម​ជា​ថ្មី​ឡើង​វិញ ប៉ុន្តែ​ត្រូវ​ប្រធាន​ក្រុមហ៊ុន ស៊ីនទ្រី យល់ព្រម​បន្ត​ប្រមូល​សំរាម​ត្រឹម​តែ​រយៈពេល ១​ខែ​ទៀត​ទេ គឺ​ត្រឹម​ថ្ងៃ​ទី​១៥ ខែ​កញ្ញា។

ត្រង់​ចំណុច​នេះ លោក អ៊ី សុខឡេង បញ្ជាក់​ថា ក្នុង​រយៈពេល​ត្រឹម ១​ខែ​ខាង​មុខ​នេះ រដ្ឋបាល​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ មិន​អាច​ស្វែងរក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​ក្រុមហ៊ុន​ចាស់ ដើម្បី​ប្រមូល​សំរាម​ក្នុង​ក្រុង​ឲ្យ​បាន​ទាន់​ពេល​ទេ ហើយ​ថា​បើ​ត្រូវ​កុម្ម៉ង់​ទិញ​រថយន្ត​ដឹក​សំរាម​មក​ពី​ក្រៅ​ប្រទេស យ៉ាង​ហោច​ណាស់​ត្រូវ​ការ​ចំណាយ​ពេល ២​ខែ​យ៉ាង​តិច​ដែរ ទើប​បាន​មក​ដល់។

លោក អ៊ី សុខឡេង បាន​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​ព្រះសីហនុ ទាំងអស់ ត្រូវ​ភ្ញាក់​រលឹក​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម​ជូន​ក្រុមហ៊ុន ស៊ីនទ្រី ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​មាន​លទ្ធភាព​ផ្តល់​សេវា​ប្រមូល និង​ដឹក​ជញ្ជូន​សំរាម​ជូន​បង​ប្អូន​ជា​បន្ត​ទៀត។

ចំណែក​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ កន្លង​ទៅ​បាន​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ថែរក្សា​អនាម័យ ឬ​សំរាម​ដើម្បី​រួម​ចំណែក​ការពារ​បរិស្ថាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​ឲ្យ​មាន​អនាម័យ និង​ត្រូវ​ចូលរួម​បង់​ថ្លៃ​សេវា​ប្រមូល​សំរាម​ជូន​ក្រុមហ៊ុន ស៊ីនទ្រី ឲ្យ​បាន​ជា​ប្រចាំ។ លោក​បន្ត​ថា បញ្ហា​សំរាម​នេះ រដ្ឋបាល​ខេត្ត​កំពុង​ស្វែងរក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស ប៉ុន្តែ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​ប្រញាប់​នេះ មិន​ទាន់​រក​បាន​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​ទេ ហើយ​សំរាម​ត្រូវ​បាន​គេ​គរ​ទុក​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ។

លោក យន្ត មីន ក៏​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​កន្លង​ទៅ​បាន​បោះ​ចោល​សំរាម​នៅ​តាម​អូរ និង​បាន​ដឹក​សំរាម​តាម​រថយន្ត​យក​ទៅ​ចាក់​ចោល​តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​ដី​ឡូត៍​ដែល​ម្ចាស់​ទុក​ចោល​គ្មាន​ការ​អភិវឌ្ឍ​ជាដើម ត្រូវ​បញ្ឈប់​សកម្មភាព​នេះ ហើយ​ងាក​មក​រួម​ចំណែក​ថែរក្សា​អនាម័យ និង​បរិស្ថាន​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ​ជាមួយ​រដ្ឋបាល​ក្រុង​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់​គ្នា។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ព្រួយ​បារម្ភ​ថា បញ្ហា​សំរាម​ត្រូវ​គេ​គរ​ចោល​នៅ​តាម​ចិញ្ចើម​ផ្លូវ និង​គ្មាន​រថយន្ត​មក​ប្រមូល អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ឬ​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ។ អ្នកស្រី​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្ត ត្រូវ​ប្រកាស​រក​ក្រុមហ៊ុន​ប្រមូល​សំរាម​ថ្មី​មក​វិនិយោគ​ការ​ប្រមូល​សំរាម​ក្នុង​ក្រុង​ព្រះសីហនុ ឲ្យ​បាន​ឆាប់ និង​ជួយ​ជំរុញ​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន ឲ្យ​បង់​តម្លៃ​សេវា​ប្រមូល​សំរាម​ជូន​ក្រុមហ៊ុន​ឲ្យ​បាន​ទៀងទាត់៖ « បើ​យើង​និយាយ​ពី​ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​មាន​ចំនួន​ច្រើន ប៉ុន្តែ​បើ​និយាយ​ពី​អ្នក​ចូលរួម​ក្នុង​ការ​បង់​តម្លៃ​សេវា​ប្រមូល​សំរាម​វិញ គឺ​មិន​ទាន់​បាន ១០០ % នៃ​អត្រា​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ទាំងមូល​នោះ​ទេ។ ហើយ​បើ​យើង​និយាយ​ពី​ទីកន្លែង​ប្រកប​អាជីវកម្ម​ក៏​មាន​ច្រើន​ដែរ​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ហើយ​មិន​មែន​តែ​សំរាម​នៅ​លើ​ដី​គោក​ទេ គឺ​សំរាម​នៅ​លើ​កោះ​ក៏​ត្រូវ​ដឹក​តាម​ទូក​មក​ចោល​នៅ​លើ​ដី​គោក​ដែរ។ បញ្ហា​ប្រឈម​មួយ​ទៀត​សម្រាប់​ក្រុមហ៊ុន ស៊ីនទ្រី មិន​មាន​ទីតាំង ឬ​ម៉ាស៊ីន​សម្រាប់​ធ្វើ​ការ​កែច្នៃ​សំរាម​ផ្ទាល់​ខ្លួន​នោះ​ទេ។ ដូច្នេះ បញ្ហា​ប្រឈម​ដែល​ក្រុមហ៊ុន ស៊ីនទ្រី ជួប​ប្រទះ និង​ឈប់​ទទួល​យក​សេវា​ប្រមូល​សំរាម​នៅ​ក្នុង​ក្រុង​ព្រះសីហនុ គឺ​ទំនង​ជា​ក្រុមហ៊ុន​នេះ​មាន​បញ្ហា​ប្រឈម​ច្រើន »

អភិបាល​ក្រុង​ព្រះសីហនុ លោក អ៊ី សុខឡេង បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ ទោះ​បី​រដ្ឋបាល​ក្រុង និង​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត បាន​សហការ​ចាប់​រថយន្ត​ដឹក​សំរាម​ដែល​ពលរដ្ឋ​មួយ​ចំនួន​បាន​ដឹក​យក​ទៅ​ចាក់​ចោល​គ្មាន​សណ្ដាប់ធ្នាប់ ឬ​ចាក់​ចោល​តាម​អូរ​ជាដើម ដើម្បី​ផាក​ពិន័យ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​បន្ត​លួច​ដឹក​កាក​សំណល់​សំរាម យក​ទៅ​ចាក់​ចោល​នៅ​តាម​អូរ​បង្ហូរ​ទឹក តាម​ចិញ្ចើម​ផ្លូវ​សាធារណៈ និង​ចាក់​ចោល​នៅ​តាម​ទីតាំង​ដី​ឡូត៍​ដែល​ត្រូវ​ម្ចាស់​ព័ទ្ធ​របង​ទុក​ចោល​ជាដើម ដោយ​មិន​ទាន់​បាន​ចូលរួម​ថែរក្សា​អនាម័យ​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។