អគ្គនាយកដ្ឋាន​ពន្ធនាគារ​មិន​ទាន់​យល់ព្រម​ឲ្យ​សង្គម​ស៊ីវិល​ចូល​សួរ​សុខ​ទុក្ខ​សកម្មជន​បរិស្ថាន

0:00 / 0:00

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា អង្គភាព​នេះ​មិន​ទាន់​សម្រេច ឬ​អាច​ឆ្លើយ​តប​យ៉ាង​ណា​នៅ​ឡើយ ចំពោះ​ការ​ស្នើសុំ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​សុំ​សួរ​សុខ​ទុក្ខ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ៤​រូប ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង នៅ​ឡើយ។

ចំណែក​សង្គម​ស៊ីវិល អះអាង​ថា នឹង​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ថែម​ទៀត ប្រសិន​បើ​ក្រសួង​មហាផ្ទៃ មិន​អនុញ្ញាត។

អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ នឹង​ឆ្លើយ​តប​ទៅ​កាន់​សង្គម​ស៊ីវិល​យ៉ាង​យូរ​មួយ​សប្ដាហ៍​ទៀត ក្រោយ​ពេល​ក្រុម​ជំនាញ​ពិនិត្យ​សំណើ និង​ពិភាក្សា​គ្នា​រួច​រាល់។

ការ​អះអាង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​កាល​ពី​ថ្ងៃ​ទី​២៨ មករា ស្នើសុំ​ចូល​សួរ​សុខ​ទុក្ខ​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ចំនួន ៣​រូប និង​តំណាង​សហគមន៍​អារ៉ែង​ម្នាក់​ទៀត ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង។

ប្រធាន​ការិយាល័យ​នាយកដ្ឋាន​ប្រតិបត្តិ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក សុត សុភា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ថា នាយកដ្ឋាន​លោក​មិន​ទាន់​បាន​ពិនិត្យ​លិខិត​ស្នើសុំ​របស់​សង្គម​ស៊ីវិល​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា តាម​នីតិវិធី ក្រោយ​បាន​លិខិត​នោះ ក្រុម​ការងារ​ជំនាញ នឹង​ពិភាក្សា។ ហេតុ​នេះ លោក​ស្នើ​ឲ្យ​សង្គម​ស៊ីវិល រង់ចាំ​យ៉ាង​យូរ​ដល់​ថ្ងៃ​ច័ន្ទ ទី​៨ កុម្ភៈ « ការងារ​វា​ចូល​មក​លេខាធិការដ្ឋាន ប្រធាន​អគ្គនាយកដ្ឋាន បាន​បញ្ជូន​មក​ជំនាញ ដល់​ពេល​ជំនាញ​ពិនិត្យ​រួច​ហើយ បាន​សំណើ​ទៅ​ថ្នាក់​ក្រោម។ ចឹង​ហើយ​យ៉ាង​ហោច​ណាស់​ចំណាយ ១​អាទិត្យ​ដែរ »

លិខិត​របស់​សង្គម​ស៊ីវិល​ដែល​បាន​ដាក់​ជូន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៨ មករា សុំ​សួរ​សុខ​ទុក្ខ​សកម្មជន​បរិស្ថាន ៤​នាក់ រួម​មាន លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា លោក ស៊ីម សំណាង ដែល​អ្នក​ទាំង​នេះ​មក​ពី​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​សកម្មជន​ម្នាក់​ទៀត គឺ​លោក វ៉ែន វ៉ន ជា​តំណាង​សហគមន៍​អារ៉ែង។

សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ទាំង ៣​នាក់ ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា និង​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង និង​ធ្វើ​ឲ្យ​ខូចខាត ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​ពួក​គេ​ចុះ​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដោល និង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ដដែល ដើម្បី​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន ដាយរិក អាកសេស (Direct Access)។

ចំណែក លោក វ៉ែន វ៉ន សកម្មជន​អារ៉ែង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ តុលាការ​ចោទ​ប្រកាន់​ចំនួន​ពីរ​បទល្មើស គឺ​ទាក់ទង​ប្រមូល​អនុផល​ព្រៃ​ឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត និង​លុប​បំបាត់​វត្ថុ​តាង។

អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា តំណាង​សង្គម​ស៊ីវិល​ចំនួន ២២​ស្ថាប័ន​ទៀត​ដែល​បាន​ដាក់​លិខិត​សុំ​ការ​អនុញ្ញាត​ចូល​ជួប​សួរ​សុខ​ទុក្ខ​សកម្មជន​ទាំង ៤​នាក់ លោក សួន ប៊ុនស័ក្តិ យល់​ថា ការ​ឆ្លើយ​តប​របស់​អង្គភាព​ពន្ធនាគារ ហាក់​មាន​ភាព​យឺតយ៉ាវ។ លោក​ថា សកម្មភាព​ចុះ​សួរ​សុខ​ទុក្ខ​របស់​សង្គម​ស៊ីវិល ក្នុង​បំណង​លើក​ទឹក​ចិត្ត និង​ចង់​ដឹង​ពី​ស្ថានភាព​របស់​ពួក​គាត់ ដែល​ជា​សកម្មជន​ធ្លាប់​ពុះពារ​លើ​កិច្ចការ​សង្គម​កន្លង​មក​ប៉ុណ្ណោះ។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ ព្រមាន​ថា នឹង​ធ្វើ​យុទ្ធនាការ​តស៊ូ​មតិ​ផ្សេងៗ ប្រសិន​បើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ នៅ​តែ​យឺតយ៉ាវ ឬ​មិន​យល់ព្រម​តាម​សំណើ​សុំ​សួរ​សុខ​ទុក្ខ​នេះ ព្រោះ​សកម្មជន​ទាំង ៤​នាក់ ខ្លះ​កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ។ លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​យល់ព្រម​តាម​សំណើ ព្រោះ​សកម្មជន​ទាំង ៤​នាក់​កំពុង​ជួប​ការ​លំបាក និង​ត្រូវ​ការ​លើក​ទឹក​ចិត្ត និង​ការ​គាំទ្រ « ទោះ​បី​ជា​អ្នក​កាសែត សង្គម​ស៊ីវិល មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​នានា ខាង​ពន្ធនាគារ​គួរ​តែ​ជួយ​សម្រួល ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​អំពើ​ពុក​រលួយ ឬ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង ចឹង​ហើយ​ត្រូវ​តែ​អនុញ្ញាត »

ទាំង​សមាជិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ និង​ក្រុម​គ្រួសារ ឲ្យ​ដឹង​ថា ក្នុង​ចំណោម​សកម្មជន​ទាំង ៤​នាក់ មាន​ម្នាក់ គឺ​លោក ស៊ឹម សំណាង កំពុង​មាន​ជំងឺ​ក្រពះ​ធ្ងន់ធ្ងរ រហូត​ឈាន​ដល់​ក្អក​ធ្លាក់​ឈាម។

មន្ត្រី​សិទ្ធិ​មនុស្ស ស្នើ​រដ្ឋាភិបាល និង​អ្នក​ដែល​ពាក់ព័ន្ធ​នានា ជួយ​អន្តរាគមន៍​ឲ្យ​សកម្មជន​បរិស្ថាន​ទាំង ៤​នាក់​នោះ បាន​រួច​ពី​ការ​ឃុំ​ខ្លួន​ឡើង​វិញ ព្រោះ​អ្នក​ទាំង ៤​នាក់ គឺ​ជា​សកម្មជន​ដែល​គ្រាន់​តែ​ធ្វើ​សកម្មភាព​ដើម្បី​ការពារ​ផល​ប្រយោជន៍​សង្គម។ ម្យ៉ាង ការ​ជាប់​ឃុំ​នេះ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ព្រោះ​នៅ​ក្នុង​គ្រួសារ​មាន​កូន​តូច និង​ម្ដាយ​ពិការ ដែល​កំពុង​មាន​ជំងឺ​នៅ​ក្នុង​បន្ទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។