អង្គការ​ជាង​៤០​ស្ថាប័ន​ស្នើ​ឲ្យ​ឡាវ​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

អង្គការ​សង្គម​ស៊ីវិល​ជាង ៤០​ស្ថាប័ន​ដែល​ជា​សមាជិក​នៃ​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​អនុម័ត​របស់​សភា​ជាតិ​ឡាវ លើ​កិច្ចសន្យា​សម្បទាន​របស់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង (Don Sahong)។ ក្រុម​អង្គការ​ទាំង​នោះ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ព្រងើយ​កន្តើយ និង​ភាព​មានៈ​របស់​ភាគី​ឡាវ លើ​ការ​ព្រួយ​បារម្ភ​របស់​ពួក​គេ ចំពោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដែល​គេ​ចាត់​ទុក​ជា​ដង្ហើម​នៃ​ប្រព័ន្ធ​ជីវចម្រុះ​ឆ្លង​ដែន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​លើ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ជា​ឯកតោ​ភាគី​របស់​ប្រទេស​ឡាវ ដ៏​ចម្រូងចម្រាស​នេះ និង​ស្នើ​ឲ្យ​បញ្ឈប់​ជា​បន្ទាន់។

ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ដើម្បី​ជំទាស់​នឹង​គម្រោង​កសាង​ទំនប់​វារីអគ្គិសនី​ដន​សាហុង កាល​ពី​ថ្ងៃ​ទី​១៤ កញ្ញា។ ខ្លឹមសារ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ បង្ហាញ​ថា ការ​សម្រេច​របស់​ភាគី​ឡាវ ទាក់ទិន​គម្រោង​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​ដន​សាហុង​នោះ គឺ​មិន​គោរព​ស្មារតី​នៃ​កិច្ច​ប្រជុំ​ដែល​មាន​សមាជិក​ទាំង​បួន​ប្រទេស នៃ​គណៈកម្មការ​ទន្លេ​មេគង្គ មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម បាន​ឯកភាព​គ្នា​ថា នឹង​ពិគ្រោះ​យោបល់​ជា​មុន​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥។ ជាង​នេះ​ទៅ​ទៀត ការ​អនុម័ត​ទៅ​លើ​កិច្ចសន្យា​នេះ ធ្វើ​ឡើង​ខណៈ​ដែល​សំណូមពរ​របស់​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ​ទាំង​៣ មាន​កម្ពុជា វៀតណាម និង​ថៃ ព្រម​ទាំង​សហគមន៍​ដែល​រស់នៅ​តាម​ដង​ទន្លេ​ផ្នែក​ខាង​ក្រោម​នៃ​ទន្លេ​មេគង្គ និង​អង្គការ​សង្គម​ស៊ីវិល​នានា មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ និង​ឆ្លើយ​តប​ដោយ​ផ្អែក​ទៅ​លើ​កិច្ចព្រមព្រៀង​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ​ឆ្នាំ​១៩៩៥ ចំពោះ​ទំនប់​វារីអគ្គិសនី​ដន​សាហុង កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤ ចំពោះ​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា វៀតណាម និង​ថៃ ដែល​បាន​ដាក់​ជូន​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) នៅ​ក្នុង​ដើម​ឆ្នាំ​២០១៥ នេះ។

ពលរដ្ឋ​លើក​បដា​បង្ហាញ​ពី​សារសំខាន់​នៃ​ទន្លេ​មេគង្គ និង​ទន្លេសាប ទ្រទ្រង់​ជីវិត​មនុស្ស​រាប់​លាន​នាក់ នា​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤។
ពលរដ្ឋ​លើក​បដា​បង្ហាញ​ពី​សារសំខាន់​នៃ​ទន្លេ​មេគង្គ និង​ទន្លេសាប ទ្រទ្រង់​ជីវិត​មនុស្ស​រាប់​លាន​នាក់ នា​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៤។ (RFA)

មន្ត្រី​អង្គការ​សម្ព័ន្ធ​ទន្លេ​កម្ពុជា មក​ពី​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​បញ្ជាក់​ថា សេចក្តី​ថ្លែងការណ៍​រួម​នេះ​នឹង​ផ្ញើ​ជូន​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ និង​ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជាមួយ​ភាគី​ឡាវ ដើម្បី​បញ្ឈប់​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដ៏​ចម្រូងចម្រាស​នេះ។ លោក​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ស្ថាប័ន នឹង​បន្ត​ការ​ជជែក​ពិភាក្សា​បន្ត​ទៀត ដើម្បី​ស្វែងរក​យន្តការ​រួម ធ្វើ​យ៉ាង​ណា​ជំរុញ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​អន្តរាគមន៍​ទៅ​រដ្ឋសភា​ឡាវ ឬ​រដ្ឋាភិបាល​ឡាវ ឲ្យ​ពិនិត្យ​ពី​លទ្ធភាព​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ដន​សាហុង នេះ​ឡើង​វិញ៖ «យើង​នឹង​បន្ត​ការ​ជជែក​ពិភាក្សា​គ្នា ទាក់ទង​អង្គការ​សង្គម​ស៊ីវិល ក៏ដូចជា​រដ្ឋាភិបាល​កម្ពុជា ហើយ​ជាពិសេស រដ្ឋសភា​កម្ពុជា វា​ជា​តំណាង​ប្រជាពលរដ្ឋ អ៊ីចឹង​រដ្ឋសភា​ឡាវ អនុម័ត ហើយ​យើង​អាច​ធ្វើ​លិខិត​ដាច់​ដោយឡែក​មួយ​ទៀត ដើម្បី​ជូន​ដំណឹង​ទៅ​ដល់​សម្ដេច​ប្រធាន​រដ្ឋសភា ដើម្បី​ឲ្យ​លោក​រៀបចំ ឬ​រក​មធ្យោបាយ​ណា​ក្នុង​ការ​ឆ្លើយ​តប​នឹង​ភាគី​ឡាវ ទាក់ទង​អភិវឌ្ឍ​ទំនប់​ដន​សាហុង​នេះ ព្រោះ​វា​មាន​ផ្តល់​ប៉ះពាល់​ធំធេង​ដល់​ប្រជា​នេសាទ និង​របរ​កសិកម្ម និង​ការ​ប្រើប្រាស់​ទឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា»

លោក តឹក វណ្ណារ៉ា សង្កត់​ធ្ងន់​ថា សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដែល​សម្ដែង​ពី​ការ​បារម្ភ​ពី​ដំណើរ​ការ​អភិវឌ្ឍ​ទំនប់​ដន​សាហុង របស់​ភាគី​ឡាវ នឹង​នៅ​តែ​បន្ត​ស្នើសុំ​យ៉ាង​ទទូច​នូវ​គោលការណ៍​ចំនួន ៦​ចំណុច រួម​មាន បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​ទំនប់​ដន​សាហុង មិន​ត្រូវ​អនុម័ត​លើ​កិច្ចសន្យា​ទិញ​អគ្គិសនី​មុន​ពេល​ដែល​បញ្ហា ឬ​សំណូមពរ​ទាំងឡាយ​របស់​ភាគី​ពាក់ព័ន្ធ មិន​ទាន់​បាន​ដោះស្រាយ កុំ​បន្ត​ឲ្យ​មាន​ការ​ចុះ​កិច្ចសន្យា​ផ្សេង​ទៀត​លើ​គម្រោង​នេះ ដោយ​រួម​បញ្ចូល​ទាំង​កិច្ចព្រមព្រៀង​លទ្ធកម្ម​វិស្វកម្ម​ទំនប់ និង​ការ​សាងសង់ ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​ឆ្លង​ដែន​ដោយ​ស្ថាប័ន​ប្រឹក្សា​យោបល់​ឯករាជ្យ ដោយ​មាន​ការ​ចូលរួម​ពេញលេញ​ពី​ភាគី​ពាក់ព័ន្ធ រួម​មាន​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ និង​អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដោះស្រាយ និង​ឯកភាព​នូវ​រាល់​សំណូមពរ និង​ក្តី​ព្រួយ​បារម្ភ​របស់​ភាគី​ពាក់ព័ន្ធ​នានា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ ចំណែក​រដ្ឋាភិបាល​ទាំងអស់​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ត្រូវ​ដាក់​សម្ពាធ​តាម​គ្រប់​រូបភាព​ទៅ​លើ​រដ្ឋាភិបាល​ឡាវ។

ទាក់ទង​ករណី​នេះ​ដែរ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន លើក​ឡើង​ថា កន្លង​មក​រដ្ឋាភិបាល​តែងតែ​ប្រកាន់​ជំហរ​អន្តរាគមន៍​ទៅ​ភាគី​ឡាវ តាម​រយៈ​ការងារ​ការទូត ក្នុង​គោលដៅ​ឲ្យ​ឡាវ ពិចារណា​លើ​គម្រោង​នេះ​ឡើង​វិញ​ដែរ ក៏ប៉ុន្តែ​អ្វី​ដែល​រដ្ឋាភិបាល​បារម្ភ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ឡាវ ដែល​ជា​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​អធិបតេយ្យ​មួយ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត​លំបាក​នឹង​ធ្វើ​ការ​ហាម​ឃាត់​ណាស់។ តែ​យ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​កម្ពុជា នឹង​នៅ​តែ​បន្ត​ការងារ​ទូត​ជាមួយ​ភាគី​ឡាវ ទាក់ទិន​គម្រោង​នេះ​បន្ត​ទៀត ដែល​ធ្វើ​ឲ្យ​មាន​ការ​សិក្សា​មួយ​ដែល​ធានា​អំពី​ការ​មិន​ទទួល​ផល​ប៉ះពាល់ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​តាម​រយៈ​គម្រោង​នេះ៖ «រាជបណ្ឌិត្យសភា​គេ​បាន​បង្ហាញ​ពី​គោល​ជំហរ​របស់​គេ​ថា ការ​សង់​វារីអគ្គិសនី​នេះ គឺ​វា​ប៉ះពាល់​ដល់​ប្រជាជាតិ​រស់នៅ​ខាង​ក្រោម​ទឹក ដែល​ពាក់ព័ន្ធ​នឹង​របប។ កាលណា​របប​ទឹក​ទន្លេ​ហ្នឹង​វា​អត់​គ្រប់គ្រាន់​តាម​ធម្មជាតិ វា​បណ្ដាល​ឲ្យ​ទឹក​ប្រៃ​របស់​សមុទ្រ​ហ្នឹង វា​ឡើង​មក​ប៉ះពាល់​ដល់​ផ្នែក​របស់​វៀតណាម ក៏ដូចជា​កម្ពុជា នៅ​ដែន​ទឹក​ខាង​ក្រោម​នេះ​ឯង»

ដោយឡែក​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា​កម្ពុជា ដែល​ធ្លាប់​ប្រតិកម្ម​នឹង​សកម្មភាព​រដ្ឋសភា​ឡាវ ដែល​បាន​អនុម័ត​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី​ដន​សាហុង ដ៏​ចម្រូងចម្រាស​នេះ បាន​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ភាគី​ឡាវ ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​ឆ្លង​ដែន ដោយ​មាន​ស្ថាប័ន​ប្រឹក្សា​យោបល់​ឯករាជ្យ​ចូលរួម​ពេញលេញ​ពី​ភាគី​ពាក់ព័ន្ធ។

ប្រធាន​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ដែល​គ្រប់គ្រង​លើ​ផ្នែក​វិនិយោគ កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក លោក ប៉ុល ហំម កត់​សម្គាល់​ថា ក្រុម​ការងារ​គណៈកម្មការ​ទី​៣ នៃ​រដ្ឋសភា ធ្លាប់​បាន​ចុះ​ទៅ​សិក្សា​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ឆ្លង​ដែន និង​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​ពី​លទ្ធភាព​នៃ​គម្រោង​កសាង​ទំនប់​របស់​ភាគី​ឡាវ និង​រក​យន្តការ​យ៉ាង​ណា ដើម្បី​អន្តរាគមន៍​ឲ្យ​ភាគី​ឡាវ ពិចារណា​លើ​គម្រោង​នេះ​ឡើង​វិញ៖ «ប្រទេស​ឡាវ សម្រេច​ថា ធ្វើ​នេះ​វា​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​ទន្លេ​មេគង្គ​នេះ​មិន​មែន​ជា​សម្បត្តិ​របស់​ប្រទេស​ឡាវ តែ​ឯង​ទេ ការ​សម្រេច​ធ្វើ​អ្វី​មួយ​តាម​ដង​ទន្លេ​មេគង្គ​ហ្នឹង គឺ​អាច​មាន​ផល​ប៉ះពាល់​ទៅ​លើ​ប្រទេស ដែល​នៅ​ជាប់​ទន្លេ​មេគង្គ​នេះ»

នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា បង្ហាញ​ផែនទី​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) នៅ​ក្នុង​សន្និសីទ​នៅ​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៤។
នាយក​ប្រតិបត្តិ​នៃ​វេទិកា​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក តឹក វណ្ណារ៉ា បង្ហាញ​ផែនទី​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) នៅ​ក្នុង​សន្និសីទ​នៅ​ថ្ងៃ​ទី​១៣ មីនា ឆ្នាំ​២០១៤។ (RFA/Leng Maly)

អ្នក​ជំនាញ​បរិស្ថាន រក​ឃើញ​ថា ការ​សិក្សា​វាយ​តម្លៃ​ប៉ះពាល់​បរិស្ថាន​ដោយ​ឯករាជ្យ​របស់​ក្រុមហ៊ុន មេហ្គា​ហ្វើស (Mega First Corporation Berhad) របស់​ប្រទេស​ម៉ាឡេស៊ី ទទួល​បន្ទុក​សាងសង់​ទំនប់​ដន​សាហុង ហាក់​ពុំ​បាន​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​ផល​ប៉ះពាល់​ជីវចម្រុះ​ឆ្លង​ព្រំដែន ដើម្បី​ឲ្យ​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដើម្បី​ដាក់​ជូន​គណៈកម្មការ​ទន្លេ​មេគង្គ​ពិនិត្យ​សម្រេច។

កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ ដែល​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ទន្លេ​មេគង្គ​ជា​ស្ថាប័ន​អន្តរ​រដ្ឋាភិបាល។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ភាគី​រដ្ឋាភិបាល​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​ពី​ផល​ប៉ះពាល់ មុន​នឹង​អាច​ចាប់​ផ្ដើម​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​បាន។

ដោយឡែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ទន្លេ មើល​ឃើញ​ថា កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​ដែល​មាន​ប្រទេស​៤ ជា​សមាជិក ហាក់​ឋិត​ក្នុង​សភាព​ផុយ​ស្រួយ​នៅ​ឡើយ ដែល​ប្រទេស​មួយ​ចំនួន​ជា​សមាជិក ហាក់​ពុំ​អាច​ពឹង​ផ្អែក​បាន​លើ​កិច្ចព្រមព្រៀង​នេះ ដើម្បី​សម្រេច​លើ​យន្តការ​រួម​មួយ​នៃ​ប្រទេស​ទាំង​៤ ដោយ​ឈរ​លើ​ការ​ឯកភាព​នោះ​ទេ។ ដូច្នេះ ការ​ដោះស្រាយ​បញ្ហា​នេះ ត្រូវ​ងាក​មក​រក​ការ​ជជែក​តាម​បែប​ការទូត​ទៅ​វិញ។

មន្ត្រី​សម្រប​សម្រួល​នៃ​បណ្ដាញ​អង្គការ​ទន្លេ​បី លោក មៀច មាន បារម្ភ​ថា គណៈកម្មការ​ទន្លេ​មេគង្គ​ឆ្នាំ​១៩៩៥ ហាក់​ដូចជា​ពុំ​មាន​អំណាច​ឯករាជ្យ ដោយ​ឈរ​លើ​យន្តការ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​គ្រប់គ្រង​ទន្លេ​មេគង្គ​រួម ដែល​ធានា​ពី​និរន្តរភាព​នៃ​ទន្លេ​មេគង្គ និង​ធ្វើ​ឲ្យ​ភាគី​ប្រទេស​ដែល​ចុះ​ហត្ថលេខី​គោរព​តាម​នោះ​ទេ។ កត្តា​ទាំង​នេះ ដែល​ធ្វើ​ឲ្យ​ប្រជា​សហគមន៍​នេសាទ អង្គការ​សង្គម​ស៊ីវិល និង​ភាគី​ពាក់ព័ន្ធ​ជាដើម នៅ​តែ​ព្រួយ​បារម្ភ​ពី​ដង្ហើម​សេដ្ឋកិច្ច​ធម្មជាតិ​នៃ​ទន្លេ ដែល​កំពុង​រង​ការ​គំរាម​កំហែង។ លោក​បារម្ភ​ទៀត​ថា ប្រសិន​ទំនប់​នេះ​បើក​ឲ្យ​ដំណើរ​ការ នឹង​បង្ក​ឲ្យ​កើត​មាន​ផល​ប៉ះពាល់​ដែល​មាន​លក្ខណៈ​ធំធេង​បំផុត ទាំង​ផ្នែក​សេដ្ឋកិច្ច​ជាតិ មុខ​របរ​ចិញ្ចឹម​ជីវិត​មនុស្ស​រាប់​លាន​នាក់ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ឆ្លង​ដែន ការ​ផ្លាស់​ទី​ចុះ​ឡើង​របស់​ត្រី​ជាច្រើន ជាពិសេស​ត្រី​ផ្សោត​ទន្លេ​មេគង្គ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ អាច​នឹង​ផុត​ពូជ៖ «បើ​សិន​ជា​ឡាវ នៅ​តែ​ល្មើស​នៅ​ក្នុង​ការ​សាងសង់​ទំនប់​ដន​សាហុង គឺ​ឡាវ ខ្លួន​ឯង​ហ្នឹង គឺ​ជា​អ្នក​ព្យាយាម​លុប​បំបាត់​នូវ​កិច្ចព្រមព្រៀង ឬ​ក៏​ព្យាយាម​បង្ហាញ​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាត់បង់​ទៅ​លើ​កិច្ចព្រមព្រៀង​ទន្លេ​មេគង្គ ឬ​មួយ​ខ្លួន​ឯង​ហ្នឹង ចុះ​ហត្ថលេខី​ហើយ មិន​ព្រម​អនុវត្ត​តាម»

ក្រុម​អ្នក​អភិរក្ស​ដង​ទន្លេ​មេគង្គ រក​ឃើញ​ថា ទំនប់​នេះ​នឹង​ប៉ះពាល់​ដល់​ធនធាន​ជលផល ដោយ​រាំង​ខ្ទប់​ចរាចរ​របស់​ត្រី​គ្រប់​ប្រភេទ ព្រម​ទាំង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ រហូត​ដល់​ទៅ ៦០​លាន​នាក់ ដែល​រស់នៅ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ធនធាន​នៃ​ទន្លេ​មេគង្គ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។