មន្ត្រី​អង្គការ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​បរិស្ថាន​ផ្តាំ​ទៅ​លោក ហ៊ុន សែន កុំ​ឲ្យ​សម្លាប់​ខ្លួន

ដោយ មួង ណារ៉េត
2017-05-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​អូរតាង ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of EIA
សកម្មភាព​ប្រមូល​ឈើ​ក្នុង​តំបន់​អូរតាង ប្រទេស​កម្ពុជា ដើម្បី​នាំ​យក​ទៅ​ប្រទេស​វៀតណាម កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of EIA
Photo courtesy of EIA

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ព្រៃឈើ នៃ​អង្គការ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) ផ្តាំ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កុំ​ឲ្យ​សម្លាប់​ខ្លួន បើ​ទោះ​បី​ជា​ខក​សន្យា​រឿង​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​បាន ក្រោយ​អង្គការ​នេះ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​ប្រទេស​វៀតណាម រាប់​សែន​ម៉ែត្រ​គូប​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល ប្រកាស​ថា បាន​ហាម​ឃាត់​ការ​នាំ​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស។

លោក ចាហ្គោ វ៉ាដលេ (Jago Wadley) មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​យុទ្ធនាការ​ព្រៃឈើ​នៃ​អង្គការ អ៊ី.អាយ.អេ (EIA) នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​ឧសភា ប្រាប់​អាស៊ីសេរី ថា​លោក​សូម​ផ្ដល់​ជា​ឱវាទ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សូម​កុំ​ឲ្យ​សម្លាប់​ខ្លួន បើ​ទោះ​ជា​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ ដូច​ធ្លាប់​សន្យា​ក៏ដោយ៖ «ចំពោះ​ការ​សន្យា​របស់​លោក ហ៊ុន សែន ដែល​ថា គាត់​ហ៊ាន​កាត់​ក្បាល​គាត់​ចោល បើសិនជា​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​មិន​បាន។ ខ្ញុំ​សូមជម្រាប​ថា អង្គការ អ៊ី.អាយ.អេ មិន​តស៊ូ​មតិ​ឲ្យ​មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​នោះ​ទេ។ ដូច្នេះ ខ្ញុំ​សូម​ផ្ដល់​ដំបូន្មាន​ទៅ​លោក ហ៊ុន សែន សុំ​កុំ​ធ្វើ​តាម​ការ​សន្យា​នោះ​អី»

​របាយការណ៍​របស់​អង្គការ EIA ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា និង​ឯកសារ​ភស្តុតាង​បន្ថែម​ស្ដីពី​ការ​នាំ​ចេញ​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧​បាន​រក​ឃើញ​ថា គ្រាន់​តែ​ពី​ខែ​មករា ឆ្នាំ​២០១៦ ដល់​ត្រឹម​ខែ​មីនា ឆ្នាំ​២០១៧ មន្ត្រី​គយ​វៀតណាម បាន​កត់ត្រា​ឯកសារ​ពន្ធគយ​លើ​ការ​នាំ​ឈើ និង​គ្រឿង​ធ្វើ​ពី​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​វៀតណាម មាន​ទឹក​ប្រាក់​រហូត​ដល់​ជិត ៣០០​លាន​ដុល្លារ​អាមេរិក។ ឯកសារ​ផ្លូវការ​របស់​គយ​វៀតណាម ដដែល​បញ្ជាក់​ទៀត​ថា ឈើ​ដែល​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា ជាង ២,៣​​ម៉ឺន​ម៉ែត្រ​គូប (២៣០.០០០) ត្រូវ​បាន​កត់ត្រា​ក្នុង​បញ្ជី​វិក្កយបត្រ​លក់ និង​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។ អង្គការ​នេះ រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​យ៉ាង​រង្គាល នៅ​ក្នុង​តំបន់​ព្រៃ​ការពារ ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ ខេត្ត​រតនគិរី នៅ​ជាប់​ព្រំដែន​វៀតណាម នៅ​ក្នុង​រយៈពេល​ស៊ើបអង្កេត​ខាង​លើ​ដែល​ក្នុង​រយៈពេល​នេះ គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ។

អង្គការ EIA រក​ឃើញ​ទៀត​ថា បម្រាម​របស់​រដ្ឋាភិបាល​កម្ពុជា គ្មាន​ប្រសិទ្ធភាព ដោយសារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញ​ទៅ​ប្រទេស​វៀតណាម ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​ខ្មែរ រួម​ទាំង​មន្ត្រី​យោធា​ផង ដែល​ពុករលួយ ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​វៀតណាម។

​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​អង្គ EIA ចេញ​របាយការណ៍​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចេញ​សេចក្ដី​ណែនាំ​ស្ដីពី​វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​មួយ​ទៀត​នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧ នោះ បន្ថែម​ទៅ​លើ​សេចក្ដី​ណែនាំ​ស្រដៀង​គ្នា​នេះ ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​មក។ ក្រសួងកសិកម្ម​ទទួល​ស្គាល់​ថា បម្រាម​ពី​មុន​របស់​ខ្លួន​គ្មាន​ប្រសិទ្ធភាព ដោយសារ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ដឹក​ជញ្ជូន​ឈើ​ល្មើសច្បាប់​បាន​កក្រើក​ឡើង​វិញ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​គួរ​ឲ្យ​កត់សម្គាល់។ ទោះជា​យ៉ាង​នេះ​ក្តី ក្រសួង​ការពារជាតិ និង​ក្រសួង​បរិស្ថាន​បដិសេធ​របាយការណ៍​ដែល​ថា មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នាំ​ឈើ​ចេញ​ខុស​ច្បាប់​ដ៏​សន្ធឹក​បែប​នេះ។

​ប្រតិកម្ម​ទៅ​នឹង​ភាព​មិន​ស៊ីចង្វាក់គ្នា​នៃ​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ផ្សេងៗ​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​របាយការណ៍​ស៊ើបអង្កេត​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ និង​ជួយ​ដូរ​ឈើ​ខុស​ច្បាប់​បែប​នេះ លោក ចាហ្គោ វ៉ាដលេ លើក​ឡើង​ថា លោក​មិន​យល់​ហេតុ​អ្វី​បាន​ក្រសួង​នានា​ខ្វែង​យោបល់​គ្នា​យ៉ាង​ដូច្នេះ។ លោក​ទទួល​ដំណឹង​ថា ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ពី​ក្រសួង​បរិស្ថាន ដែល​បដិសេធ​របាយការណ៍​នេះ គឺ​មក​ពី​មិនបាន​សិក្សា​ព័ត៌មាន​ស្រាវជ្រាវ​នេះ ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន​ទេ​មុន​នឹង​បដិសេធ។ ដូច្នេះ​លោក​ជឿ​ថា មន្ត្រី​រដ្ឋាភិបាល​ដែល​បដិសេធ​ភស្តុតាង​របស់ EIA​ បដិសេធ​ទាំង​មិន​ដឹង​រឿង។

លោក ចាហ្គោ វ៉ាដលេ (Jago Wadley) ទទូច​សុំ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​រូប​ណា​ក៏​ដោយ មុន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​ណា​មួយ​ដែល​បដិសេធ​ទៅ​នឹង​របាយការណ៍​ស្រាវជ្រាវ​ស៊ី​ជម្រៅ​បែប​នេះ គប្បី​ធ្វើ​ឡើង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ៖ «យើង​ចង់​ឃើញ​អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ត្រូវ​ចេះ​សិក្សា​ព័ត៌មាន​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន​មុន​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​អ្វី​មួយ។ សេចក្ដី​ថ្លែងការណ៍​នោះ​ទៀតសោត ត្រូវ​តែ​មាន​ភាព​ប្រាកដ​និយម ហើយ​ត្រូវ​ឈរ​លើ​អង្គហេតុ​ពិតប្រាកដ ដែល​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ ដើម្បី​ឲ្យ​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ជឿជាក់​បាន​ថា ជា​ការ​ឆ្លើយ​តប​ប្រកប​ដោយ​វិជ្ជាជីវៈ ទៅ​នឹង​ភស្តុតាង​ដែល​ពិបាក​នឹង​ប្រកែក​បាន​នេះ»

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​សន្យា​ជា​សាធារណៈ​ថា បើ​គាត់​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​មិន​បាន​ទេ គាត់​ហ៊ាន​ប្រើ​ហិង្សា​លើ​ខ្លួន​គាត់ ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​នេះ៖ «សុំ​សាក​លមើល​ទៅ! បើ​មិន​គោរព​ក៏​សុំ​សាក! បើ​មិន​ដក​យក​ព្រៃ បិទ​រោងចក្រ​ទេ ខ្ញុំ​ហ៊ាន​កាត់​ក​ខ្ញុំ​គ្រវាត់​ចោល!»

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​បញ្ចេញ​សារ​ជា​សាធារណៈ​ណា​មួយ​តប​ទៅ​នឹង​របាយការណ៍​នេះ​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល