ប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងថា នឹងថ្លឹងថ្លែងរវាងផលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីតំបន់អារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ជាមួយផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន មុននឹងសម្រេចចិត្តជ្រើសរើស ឬបោះបង់គម្រោងអភិវឌ្ឍន៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងបែបនេះនៅក្នុងលិខិតឆ្លើយបំភ្លឺទៅគណៈកម្មការទី៣ នៃរដ្ឋសភា ដែលបានស្នើសុំអន្តរាគមន៍បញ្ឈប់គម្រោងសង់ទំនប់វារីអគ្គិសនីតំបន់អារ៉ែង និងចាត់វិធានការរក្សាធនធានធម្មជាតិគ្រប់ប្រភេទក្នុងតំបន់ ឬកែប្រែតំបន់នោះជាមណ្ឌលទេសចរណ៍ធម្មជាតិ។ ទោះយ៉ាងណា ការឆ្លើយតបនេះនៅតែបង្កការព្រួយបារម្ភក្នុងគំនិតរបស់តំណាងរាស្ត្របក្សប្រឆាំង និងអង្គការរក្សាបរិស្ថានក្នុងតំបន់អារ៉ែង។
អ្នកតំណាងរាស្ត្របក្សប្រឆាំង និងអង្គការរក្សាតំបន់អារ៉ែង បារម្ភថា ការអភិវឌ្ឍវារីអគ្គិសនីនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរទៅលើតំបន់អារ៉ែង ប្រសិនបើការសិក្សាមិនបានធ្វើឡើងដោយម៉ត់ចត់ ឬលម្អៀងទៅរកគម្រោងសាងសង់ទំនប់វារីអគ្គិសនី ច្រើនជាងគិតគូរពីផលប៉ះពាល់ទៅលើពលរដ្ឋ និងបរិស្ថាន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាលេខាធិការប្រធានគណៈកម្មការទី៣ រដ្ឋសភា គឺគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក អ្នកស្រី តែ ច័ន្ទមុនី មានប្រសាសន៍ថា អ្នកស្រីស្វាគមន៍ចំពោះលិខិតឆ្លើយតបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែអ្នកស្រីបារម្ភចំពោះការអនុវត្តដែលទំនងមិនដូចការលើកឡើងរបស់លោកឡើយ៖ «ក្រុមហ៊ុនដែលគាត់ធានាអះអាងថានឹងធ្វើវារីអគ្គិសនី តែងតែបំពានទៅលើអ្វីដែលលើសហ្នឹងទៀត។ តើក្រសួងពាក់ព័ន្ធដែលប្រគល់ភារកិច្ចទៅ តើអាចគ្រប់គ្រងបាន ឬអត់ទេ នៅពេលក្រុមហ៊ុនកាប់ព្រៃឈើបំពាន ជាដើម»។
នៅក្នុងលិខិតដែលមានចំនួន ៥ទំព័រ ផ្ញើទៅរដ្ឋសភា កាលពីថ្ងៃទី១៦ ខែមករា លោកនាយករដ្ឋមន្ត្រីបានបំភ្លឺម្ដងមួយចំណុចៗដែល អ្នកស្រី តែ ច័ន្ទមុនី បានស្នើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៤។ ក្នុងនោះរួមមាន ស្នើអន្តរាគមន៍ទៅក្រសួង ឬស្ថាប័នដែលពាក់ព័ន្ធក្នុងការបញ្ឈប់ការកាប់ព្រៃឈើ និងជួយអភិរក្សព្រៃ សត្វព្រៃ និងពូជត្រីមាស បញ្ឈប់គម្រោងវារីអគ្គិសនីនៅតំបន់អារ៉ែង និងជួយកែប្រែតំបន់អារ៉ែង ឲ្យទៅតំបន់អេកូទេសចរណ៍។ ជារួម លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍តំបន់អារ៉ែង កំពុងឋិតក្នុងដំណាក់កាលសិក្សា និងផ្ទៀងផ្ទាត់។ លិខិតដដែលបញ្ជាក់ថា តំបន់អារ៉ែងជាតំបន់ព្រៃស្រោង ដែលមានធនធានកម្រ ប៉ុន្តែការអភិវឌ្ឍគម្រោងវារីអគ្គិសនី មិនមែនមានន័យថា ជាការបំផ្លាញព្រៃឈើទាំងមូលនៃតំបន់នោះទេ។ ផ្ទុយទៅវិញ វារីអគ្គិសនីនឹងចូលរួមអភិរក្ស និងថែទាំព្រៃឈើដែលនៅសល់។ លើសពីនេះ រដ្ឋាភិបាលនឹងថ្លឹងថ្លែងរវាងផលប្រយោជន៍ដែលទទួលបាន ជាមួយនឹងផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថាន ដែលមានន័យថា រដ្ឋាភិបាលនឹងមិនអភិវឌ្ឍតំបន់វារីអគ្គិសនីនៅតំបន់អារ៉ែងនេះទេ ប្រសិនបើការសិក្សារកឃើញថា ការបាត់បង់ដែលកើតចេញពីការអភិវឌ្ឍនេះមានទំហំធំខ្លាំង ធៀបទៅនឹងផលប្រយោជន៍សេដ្ឋកិច្ច និងផលប្រយោជន៍ផ្សេងៗ។ លិខិតបញ្ជាក់ដែរថា ទោះជាមាន ឬគ្មានគម្រោងវារីអគ្គិសនីនេះ រដ្ឋាភិបាលក៏កំពុងគិតគូរប្រែក្លាយតំបន់អារ៉ែង ជាតំបន់អេកូទេសចរណ៍។
ប្រធានចលនាមាតាធម្មជាតិ លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា ការបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រី ហាក់លម្អៀងទៅរកគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ដ្បិតក្រុមហ៊ុនដែលសិក្សាពីផលប៉ះពាល់ក្នុងតំបន់អារ៉ែង ឋិតនៅក្រោមឥទ្ធិពលរបស់ក្រុមហ៊ុន សីណូហាយដ្រូ (Shyno Hydro) ដែលទទួលសិទ្ធិពីរដ្ឋាភិបាលក្នុងគម្រោងវារីអគ្គិសនីនេះ។ លោក អាឡិច ពុំមានសង្ឃឹមថា រដ្ឋាភិបាលនឹងរកឃើញថាមានផលប៉ះពាល់ច្រើនជាងផលចំណេញឡើយ៖ «លោកនាយករដ្ឋមន្ត្រីធ្លាប់លុបចោលគម្រោងរ៉ែទីតានីញ៉ូម (Titanium) នៅជីផាត ដោយសំអាងថា រ៉ែនៅទីនោះមានផលចំណេញដល់ជាង ២០ពាន់លានដុល្លារ ប៉ុន្តែផលប៉ះពាល់ច្រើនមិនបាច់សិក្សា មិនបាច់ធ្វើទេ ទុកជាសម្បត្តិឲ្យខ្មែរជំនាន់ក្រោយ។ យើងចង់បានពាក្យសម្ដីហ្នឹងចំពោះតំបន់អារ៉ែងដែរ ទោះជាវារីអគ្គិសនីប្រយោជន៍រហូតដល់ ១ពាន់លាន ក៏មិនអាចបំផ្លាញដែរ ដោយសារតំបន់នោះខ្មែររាប់លាននាក់ស្រឡាញ់ ជាតំបន់ដែលអន្តរជាតិចូលចិត្ត ដោយសារមានសត្វ មានរុក្ខជាតិកម្រជាច្រើន»។
ក្នុងលិខិតរបស់ប្រមុខរដ្ឋាភិបាលបញ្ជាក់ថា តំបន់អារ៉ែងទាំងមូលមានទំហំ ១០ម៉ឺនហិកតារ ហើយទំនប់ហ្នឹងធ្វើក្នុងទំហំ ៩% នៃផ្ទៃដីសរុប ដែលស្មើនឹងជាង ៩ពាន់ហិកតារ។ គម្រោងនេះប៉ះពាល់ពលរដ្ឋចំនួន ៣៤៩គ្រួសារ ភាគច្រើនជាជនជាតិជង ដែលនឹងត្រូវដោះដូរទៅទីតាំងផ្សេង ចំណែកផលប៉ះពាល់ផ្សេងទៀត កំពុងឋិតក្នុងការសិក្សា និងផ្ទៀងផ្ទាត់។ អនុភាពអគ្គិសនីដែលទទួលបានពីគម្រោងនេះ គឺ ១០៨មេហ្គាវ៉ាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។