តំណាងជនជាតិដើមភាគតិចព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា នឹងចុះបោះបង្គោលយកដីព្រៃសហគមន៍ ដើម្បីបញ្ឈប់សកម្មភាពកាប់ទន្ទ្រានព្រៃឈើក្រោមរូបភាពសម្បទានសង្គមកិច្ចមិនស្របច្បាប់។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បារម្ភខ្លាចកើតមានអំពើហិង្សាពាក់ព័ន្ធការដណ្ដើមដីគ្នានេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស អំពាវនាវជាថ្មីសុំឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ប្រញាប់ចាត់វិធានការបញ្ចប់ជម្លោះទាមទារដីរវាងសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋចំណាកស្រុកដែលចូលមកកាប់រានព្រៃឈើយកដី ប៉ះពាល់តំបន់ព្រៃឈើសហគមន៍អភិរក្ស។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហគមន៍ព្នង នៅភូមិចំនួន៧ ក្នុងឃុំប៊ូស្រា អះអាងថា នឹងចុះទៅបោះបង្គោលហ៊ុមព័ទ្ធយកដីដែលពលរដ្ឋចំណាកស្រុកកាប់រាន ដើម្បីរក្សាដីទុកជាតំបន់ដាំដុះព្រៃឈើឡើងវិញ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ថ្លែងថា អាជ្ញាធរខេត្ត គឺជាអ្នកទទួលខុសត្រូវ ប្រសិនបើអំពើហិង្សាកើតមានរវាងពលរដ្ឋ និងពលរដ្ឋ ពីព្រោះសហគមន៍តវ៉ាច្រើនឆ្នាំមកហើយទាក់ទិនការទន្ទ្រានកាប់រានព្រៃ ប៉ះពាល់ដីកប់សព ដីព្រៃគោរពបូជា និងព្រៃត្រៀមបម្រុងសហគមន៍ ដោយសារគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរខេត្ត។ លោកកត់សម្គាល់ថា ព្រៃឈើរាប់ពាន់ហិកតារ ត្រូវពលរដ្ឋចំណាកស្រុក និងអ្នកមានអំណាចនៅមូលដ្ឋាន កាប់រានយកដីនៅក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ៖ « អំពើហិង្សានឹងអាចកើតមានក្នុងតំបន់នៃការកាប់រានព្រៃឈើ។ អំពើហិង្សានោះមិនល្អមើលប៉ុន្មានទេ ពីព្រោះទំនាស់ដែលកើតឡើងជាទំនាស់រវាងពលរដ្ឋ និងពលរដ្ឋ។ អ៊ីចឹងមូលដ្ឋាននៅទីនោះ ត្រូវយកចិត្តទុកដាក់ឲ្យមែនទែន »។
អាជ្ញាធរស្រុកពេជ្រដា បានកំណត់យកថ្ងៃទី១ ខែមេសា ចុះវាស់វែងព្រំដីសម្បទានសង្គមកិច្ច និងទីតាំងមានផលប៉ះពាល់ដីសហគមន៍ប៊ូស្រា បន្ទាប់ពីអ្នកភូមិបានបិទផ្លូវធ្វើដំណើរមុខសាលាស្រុក តវ៉ាសុំឲ្យអាជ្ញាធរខេត្ត អនុវត្តលក្ខខណ្ឌបីចំណុចរបស់សហគមន៍ រួមមាន វាស់វែងទីតាំងដីសម្បទានសង្គមកិច្ច និងវាស់វែងដីតំបន់អភិរក្សសហគមន៍។ ប្រសិនបើរកឃើញដីសម្បទានសង្គមកិច្ចបំពានចូលដីសហគមន៍ អាជ្ញាធរត្រូវរៀបចំសំណងសែនព្រេនអារក្សអ្នកតាព្រៃភ្នំ តាមជំនឿជនជាតិដើមភាគតិច។
រហូតមកទល់នឹងថ្ងៃទី៥ ខែមេសា ការវាស់វែងដីនេះបានបញ្ចប់ ក៏ប៉ុន្តែរហូតបច្ចុប្បន្ន លទ្ធផលនៃការវាស់វែងក្រុមអាជ្ញាធរ មិនទាន់បានបញ្ចេញឲ្យដឹងនៅឡើយ។
នៅថ្ងៃទី៨ ខែមេសា តំណាងសហគមន៍ប៊ូស្រា លោក ថ្លាង ថូ អះអាងថា នៅសប្ដាហ៍ក្រោយនេះ អ្នកភូមិនឹងនាំគ្នាទៅបោះបង្គោលព្រំដីដែលសហគមន៍ចង្អុលបង្ហាញក្រុមការងារវាស់វែង ក្នុងនោះអ្នកភូមិរកឃើញថា ដីសម្បទានសង្គមកិច្ចបំពានចូលដីសហគមន៍ជាង ១ពាន់ហិកតារ។ លោកបន្តថា អ្នកភូមិមិនអាចរង់ចាំការឆ្លើយតបតាមការសន្យារបស់អាជ្ញាធរនោះទេ ពីព្រោះពលរដ្ឋចំណាកស្រុកនៅតែបន្តដុតរានព្រៃរៀងរាល់ថ្ងៃ បើទោះបីជាអាជ្ញាធរណែនាំឲ្យផ្អាក និងរង់ចាំដំណោះស្រាយយ៉ាងណាក៏ដោយ៖ « បងប្អូនម្ខាងទៀតគេមិនស្តាប់យើង ព្រៃខ្មោចក៏គេមិនគិត ព្រៃត្រណមក៏មិនគិត ហើយខាងដីសម្បទានសង្គមកិច្ច មួយគ្រួសារមានកម្លាំងប៉ុនណាយកប៉ុណ្ណឹង »។
សហគមន៍ប៊ូស្រា មានគ្នាប្រមាណ ២០០នាក់ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៥ ខែមេសា បាននាំគ្នាធ្វើដំណើរទៅតំបន់វាល់យោង ជាកន្លែងដែលសហគមន៍អះអាងថា មានការកាប់រានព្រៃឈើបែបអនាធិបតេយ្យ។ អ្នកភូមិឲ្យដឹងថា ព្រៃឈើនៅតំបន់នោះរាប់ពាន់ហិកតារ ត្រូវគេកាប់រានរួចហើយ ក្នុងនោះដីព្រៃមួយចំណែក ត្រូវគេដុតរានយកជាដីសម្បទានសង្គមកិច្ច ក៏ប៉ុន្តែដីសម្បទានសង្គមកិច្ចនោះ ត្រូវគេបែងចែកទៅប្រជាពលរដ្ឋចំណាកស្រុក ដោយមិនបានអនុវត្តតាមគោលការណ៍ផ្តល់ដីសម្បទានសង្គមកិច្ចត្រឹមត្រូវ។ ដោយឡែកអ្នកទទួលបានដីសម្បទានខ្លះ បានលក់ដីនោះបន្តពីម្នាក់ទៅម្នាក់។ លើសពីនេះទៀត ដីព្រៃមួយចំណែកទៀត ត្រូវបានមន្ត្រីអភិរក្សនៅតំបន់នោះ ជួលកម្មករកាប់រានយកដីជាសម្បត្តិឯកជន និងលក់ដូរទៅឲ្យប្រជាពលរដ្ឋចំណាកស្រុក។
អភិបាលរងស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់ កាលពីសប្ដាហ៍មុន អះអាងថា លទ្ធផលជាក់ស្តែងទាក់ទិនការវាស់វែងដី នឹងអាចបញ្ចប់ក្នុងរយៈពេលពីរថ្ងៃ។ ដោយឡែកនៅថ្ងៃទី៨ ខែមេសា លោកបញ្ជាក់ថា ក្រុមការងារថ្នាក់ខេត្ត មិនទាន់ផ្តល់របាយការណ៍នោះមកថ្នាក់ស្រុកនៅឡើយ។ លោកទទួលស្គាល់ថា ការកាប់រានព្រៃឈើអនាធិបតេយ្យ ពិតជាកើតមាននៅតំបន់សហគមន៍តវ៉ា ក៏ប៉ុន្តែសមត្ថកិច្ចបានព្យាយាមទប់ស្កាត់ ប្រជាពលរដ្ឋនៅតែបំពាន៖ « ការកាប់រុករានព្រៃដីរដ្ឋយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន អាជ្ញាធរចុះផ្សព្វផ្សាយផងបង្ក្រាបផង ប្រជុំផង តែគាត់មិនឲ្យយើងរកដំណោះស្រាយទេ។ គាត់តក់ក្រហល់ធ្វើអ្វីចង់ឲ្យតែបានតែម្តង។ ជាអាជ្ញាធរ យើងដឹងសុខទុក្ខប្រជាពលរដ្ឋ តែប្រជាពលរដ្ឋខ្លះគាត់មិនគោរពច្បាប់ទេ »។
រាជរដ្ឋាភិបាល បានសម្រេចផ្តល់ដី ២.៤០០ហិកតារនៅតំបន់វាល់យោង សម្រាប់សម្បទានសង្គមកិច្ចដល់ពលរដ្ឋមកពីខេត្តកំពង់ចាម ៥៨៨គ្រួសារ បន្ទាប់ពីប្រជាពលរដ្ឋទាំងនោះស្នើសុំដីប្រកបរបរកសិកម្មចិញ្ចឹមជីវិតកាលពីឆ្នាំ២០១១។ រហូតពេលនេះ អាជ្ញាធរខេត្តមណ្ឌលគិរី មិនទាន់បែងចែកដីទៅដល់ប្រជាពលរដ្ឋដែលស្នើសុំនោះនៅឡើយ។ ផ្ទុយទៅវិញ ពលរដ្ឋជនជាតិចាម ជាច្រើនគ្រួសារ បានចូលមកកាប់ឆ្ការព្រៃនៅតំបន់នោះតាំងលំនៅឋាន និងលក់ដូរពីម្នាក់ទៅម្នាក់ ខុសទៅនឹងគោលការណ៍ផ្តល់ដីសម្បទាន។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែមេសា មិនអាចទាក់ទងសុំការបញ្ជាក់ពីអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង បានទេ ជុំវិញការស្វែងរកដំណោះស្រាយតវ៉ារបស់សហគមន៍ប៊ូស្រា។
ចំណែកអភិបាលរងខេត្ត លោក មឹង សុចន្ថា ធ្លាប់បានបញ្ជាក់ថា អាជ្ញាធរខេត្តមិនទាន់កំណត់ធ្វើយ៉ាងណាទាក់ទិនសំណើដកហូតដីរបស់សហគមន៍នោះទេ ពីព្រោះត្រូវរង់ចាំលទ្ធផលក្រុមការងារវាស់វែងដី បង្ហាញទិន្នន័យ និងអត្តសញ្ញាណដីជាក់លាក់ ទើបអនុវត្តនីតិវិធីទាក់ទិនដីសហគមន៍ និងដីសម្រាប់សម្បទានសង្គមកិច្ច៖ « យើងមិនទាន់កំណត់ថាយ៉ាងម៉េចទេ ទាល់តែយើងវាស់វែងកំណត់ហើយ បានដឹងបាន។ សហគមន៍គាត់មានហេតុផលរបស់គាត់ សហគមន៍មួយជាសហគមន៍ប្រើប្រាស់ដីធ្លី មួយទៀតសហគមន៍នីតិបុគ្គល។ សហគមន៍ដីធ្លីត្រូវមានផែនទីទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច »។
កាលពីឆ្នាំ២០១៣ សហគមន៍ប៊ូស្រា បានប៉ះទង្គិចគ្នាដោយពាក្យសម្ដី និងការប៉ុនប៉ងវាយប្រហារដោយម៉ាស៊ីនកាត់ឈើពីសំណាក់ជនជាតិចាម មកលើសហគមន៍ដែលចុះរារាំងសកម្មភាពកាប់រានព្រៃ ក៏ប៉ុន្តែជម្លោះនេះមិនបង្កឲ្យមានរបួសស្នាម ឬអំពើហិង្សាអ្វីនោះទេ ដោយសារតែសហគមន៍បាននាំគ្នាចាកចេញពីកន្លែងកើតហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។