ភ្ញៀវទេសចរមួយចំនួនដែលបានចូលទៅកម្សាន្ត និងចុះងូតទឹកនៅឆ្នេរខ្សាច់កោះតូច សង្កាត់កោះរ៉ុង បានត្អូញត្អែរថា ទឹកសមុទ្រនៅឆ្នេរកោះតូចពេលខ្លះមានក្លិនស្អុយ និងរមាស់ស្បែកពេលចុះងូតទឹកសមុទ្រតាមឆ្នេរនេះ។ ប្រតិបត្តិករ និងភ្ញៀវទេសចរ បារម្ភខ្លាចបរិស្ថាននៅតាមឆ្នេរសមុទ្រកោះតូច ត្រូវបំផ្លាញ និងសំណូមពរឲ្យរដ្ឋបាលខេត្តព្រះសីហនុ ទប់ស្កាត់សំណង់រឹងមាំសង់លើឆ្នេរខ្សាច់ និងការបង្ហូរទឹកស្អុយចូលសមុទ្រ។
ភ្ញៀវទេសចរព្រួយបារម្ភខ្លាចឆ្នេរខ្សាច់កោះតូចមានទីតាំងនៅលើសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបំផ្លាញ ព្រោះពួកគេបានរអ៊ូរទាំថា ពេលចុះងូតទឹកសមុទ្រនៅតាមឆ្នេរនេះ ទឹកសមុទ្រមានក្លិនស្អុយ និងរមាស់ស្បែក។
ភ្ញៀវទេសចរមួយចំនួនដែលបានចូលទៅកម្សាន្តតាមឆ្នេរកោះសំពោច ឆ្នេរកោះរ៉ុងសន្លឹម ឆ្នេរសុខសាន្ត ឆ្នេរកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង និងឆ្នេរកោះតូច នៃសង្កាត់កោះរ៉ុង ជាដើម សង្កេតឃើញថា បរិស្ថានឆ្នេរកោះតូចហាក់មានការបំពុលបរិស្ថានធ្ងន់ធ្ងរ ដែលទាមទារឲ្យរដ្ឋបាលខេត្តព្រះសីហនុ ការពារកុំឲ្យអាជីវករ និងពលរដ្ឋរស់នៅតាមបណ្តោយឆ្នេរនេះ បង្ហូរទឹកស្អុយចូលសមុទ្រ និងសង់សំណង់រឹងមាំឲ្យបានជាស្ថាពរ បើមិនដូច្នេះទេ បរិស្ថានឆ្នេរកោះតូច នឹងត្រូវបំផ្លាញក្នុងប៉ុន្មានឆ្នាំខាងមុខ។
ភ្ញៀវទេសចរ សំណូមពរដល់រដ្ឋបាលខេត្តនេះ ត្រូវលុបបំបាត់រាល់សំណង់រឹងមាំដែលបានសង់នៅលើឆ្នេរខ្សាច់ និងក្នុងទឹកសមុទ្រ ជាពិសេសនៅមានអាជីវករខ្លះនៅតាមឆ្នេរនេះ បានបង្ហូរទឹកស្អុយចូលសមុទ្រដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាត ជាដើម។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា រដ្ឋបាលខេត្តនេះបានហាមឃាត់មិនឲ្យមានការសាងសង់សំណង់រឹងមាំជាថ្មីទៀតនៅតាមឆ្នេរកោះតូចទៀតទេ ប៉ុន្តែចំពោះសំណង់រឹងមាំដែលសង់រួច ត្រូវឲ្យម្ចាស់ទីតាំងទាំងនោះរក្សាឲ្យនៅសភាពធម្មតាសិន និងរង់ចាំដោះស្រាយនៅថ្ងៃខាងមុខទៀត។

លោក យន្ត មីន បន្ថែមថា កន្លងទៅ មន្ត្រីជំនាញនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធ មានក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធសង្កាត់កោះរ៉ុង បានចុះណែនាំដល់ប្រជាពលរដ្ឋ និងប្រតិបត្តិករទេសចរប្រកបអាជីវកម្មនៅតាមឆ្នេរកោះតូច ឲ្យជួយការពារបរិស្ថាននេះជាប្រចាំ និងបានហាមមិនឲ្យយកតុកៅអីទៅដាក់បម្រើភ្ញៀវនៅលើឆ្នេរខ្សាច់ ជាដើម៖ « ជារួមនៅតាមបណ្ដាឆ្នេរកោះរ៉ុង មកដល់ពេលនេះហាក់មានធូរស្បើយបន្តិច នៅត្រង់ថាកន្លងមកខ្ញុំបានចុះទៅកាន់តំបន់ឆ្នេរហ្នឹងម្តងពីរដងដែរ ហើយខាងមន្ទីរបរិស្ថាន ក៏បានដាក់មន្ត្រីខ្លួនឲ្យប្រចាំការនៅតាមឆ្នេរទាំងនោះ ក្នុងនោះចៅសង្កាត់កោះរ៉ុង ក៏បានយល់ដឹងអំពីការការពារបរិស្ថាន ហើយយើងក៏បានរួមគ្នាទប់ស្កាត់ការបង្ហូរទឹកស្អុយចូលទៅក្នុងទឹកសមុទ្រ។ ជាក់ស្តែងពេលនេះ យើងបានបញ្ជូនអាងចម្រោះទឹកស្អាតតាមបច្ចេកទេសថ្មីទៅកាន់កោះរ៉ុង ដើម្បីការងារថែរក្សាអនាម័យឆ្នេរឲ្យបានល្អ »។
លោក យន្ត មីន បានស្នើដល់ប្រជាពលរដ្ឋជាអ្នកប្រកបរបរទទួលទាននៅតាមឆ្នេរសមុទ្រទាំងលើដីគោក និងតាមឆ្នេរនៅលើដីកោះ ត្រូវរួមសហការគ្នាថែរក្សាបរិស្ថានឆ្នេរជាមួយអាជ្ញាធរឲ្យបានជាប្រចាំ ដោយមិនត្រូវលួចសង់សំណង់រឹងមាំនៅលើឆ្នេរខ្សាច់ ឬក្នុងទឹកសមុទ្រ ជាពិសេសមិនត្រូវលួចបង្ហូរទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុនទៀតទេ។
ទោះជាយ៉ាងណា ភ្ញៀវទេសចរដែលចូលទៅដល់ឆ្នេរកោះតូច បានរិះគន់ថា បច្ចុប្បន្ន បរិស្ថានឆ្នេរខ្សាច់កោះតូចមិនសូវមានអនាម័យទេ ព្រោះឃើញមានអាជីវករទាំងជនជាតិខ្មែរ និងបរទេស ភាគច្រើនប្រកបអាជីវកម្មនៅតាមឆ្នេរនេះបានដាក់តាំងតុកៅអី និងសម្ភារៈផ្សេងៗសម្រាប់លក់ដូរនំចំណីនៅលើឆ្នេរខ្សាច់គ្មានសណ្ដាប់ធ្នាប់ និងមានសង់សំណង់រឹងមាំខ្លះ បានសង់ជាប់ឆ្នេរខ្សាច់ និងក្នុងទឹកសមុទ្រ ជាដើម។
បញ្ហានេះ ភ្ញៀវទេសចរជាតិស្នើដល់អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ជួយមានវិធានការឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់ភាពអនាធិបតេយ្យនៃការសង់សំណង់រឹងមាំនៅលើឆ្នេរកោះតូច និងទប់ស្កាត់ការបង្ហូរទឹកស្អុយចូលសមុទ្រឲ្យបានជាស្ថាពរ ដើម្បីថែរក្សាបរិស្ថានឆ្នេរកោះតូចឲ្យមានអនាម័យ និងសោភ័ណភាពដូចពេលមុនវិញ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បានស្នើដល់ប្រជាពលរដ្ឋ ពិសេសប្រតិបត្តិករទេសចរទាំងអស់ ត្រូវរួមសហការគ្នាថែរក្សាការពារបរិស្ថានឆ្នេរឲ្យបានជាប្រចាំ ដើម្បីរក្សាឲ្យឆ្នេរសមុទ្រនានានៅទូទាំងខេត្តទេសចរណ៍មួយនេះ មានអនាម័យ និងសោភ័ណភាពជារៀងរហូត។
លោកស្នើដល់អ្នកជាប់ពាក់ព័ន្ធ ត្រូវចូលរួមសហការថែរក្សាបរិស្ថានអនាម័យនៅតាមឆ្នេរនីមួយៗទាំងនៅលើដីគោក និងលើដីកោះឲ្យបានជាប្រចាំ ដើម្បីឲ្យទីក្រុងមានអនាម័យបរិស្ថានស្អាត ឈានដល់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀតនាថ្ងៃអនាគត៖ « ជាពិសេសរាល់ការវិនិយោគផ្សេងៗ សូមឲ្យវិស័យឯកជនទាំងអស់គ្នាសុំច្បាប់ឲ្យបានត្រឹមត្រូវពីមន្ទីរក្រសួង ជាពិសេសរដ្ឋបាលខេត្ត និងពីជំនាញពាក់ព័ន្ធ។ រឿងនេះសំខាន់ណាស់ គឺមុននឹងប្រតិបត្តិករទេសចរទាំងនោះចង់អភិវឌ្ឍអ្វីមួយ គឺទាមទារឲ្យមានការអនុញ្ញាតច្បាប់ ឬសុំអាជ្ញាប័ណ្ណឲ្យបានត្រឹមត្រូវ។ ជាងនេះ ការវិនិយោគក៏ត្រូវអនុវត្តទៅតាមបទដ្ឋានរបស់ជំនាញពាក់ព័ន្ធ ដើម្បីធានានូវផលប៉ះពាល់ និងបង្កើននូវគុណភាពសេវាកម្មជូនភ្ញៀវទេសចរ »។
ទាក់ទងការព្រួយបារម្ភខ្លាចឆ្នេរកោះតូចត្រូវបំផ្លាញនេះ គេសង្កេតឃើញថា នាពេលកន្លងទៅ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ រួមជាមួយអាជ្ញាធរជំនាញក្រសួងមន្ទីរពាក់ព័ន្ធ មានមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋានសង្កាត់កោះរ៉ុង ជាដើម បានចុះណែនាំដល់អាជីវករ ឬប្រតិបត្តិករទេសចរទាំងអស់នៅលើឆ្នេរកោះតូច ឲ្យចូលរួមថែរក្សាអនាម័យបរិស្ថានឆ្នេរកោះតូចជាបន្តបន្ទាប់។ ជាងនេះ ក៏បានហាមមិនឲ្យអាជីវករទាំងនោះនាំយកតុកៅអី និងសម្ភារៈផ្សេងៗដាក់លើឆ្នេរខ្សាច់ ដើម្បីលក់ដូរចំណីអាហារផ្សេងៗនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរនៅតាមឆ្នេរនេះ ប៉ុន្តែបម្រាមនេះត្រូវអាជីវករបម្រើសេវាទេសចរណ៍នៅតាមឆ្នេរកោះតូច បានចូលរួមអនុវត្តតែក្នុងមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ ភាពអនាធិបតេយ្យនៃការដាក់តុកៅអី និងសម្ភារៈផ្សេងៗ ឬការបង្ហូរទឹកស្អុយចូលសមុទ្រ បានបន្តកើតមានជាបន្តទៀតនៅតាមឆ្នេរខ្សាច់កោះតូចនៃសង្កាត់កោះរ៉ុង។
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញរបាយការណ៍ឆ្នាំ២០១៦ ឲ្យដឹងថា ខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនជាង ២០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៥ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជិត ៤០ម៉ឺននាក់ និងភ្ញៀវជាតិមានចំនួនជាង ១លាន ២សែននាក់។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) និងមានកោះចំនួន ៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាតដែលជាសក្ដានុពលក្នុងការអភិវឌ្ឍពង្រីកវិស័យទេសចរណ៍នាមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។