ឈើ​របស់​ជនជាតិ​វៀតណាម​ក្នុង​ក្រុង​ស្ទឹងត្រែង​ត្រូវ​បាន​ដឹក​ចេញ​មុន​ពេល​ចុះ​បង្ក្រាប

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ស្ទឹងត្រែង​អះអាង​ថា ឈើ​ប្រណិត​ជាច្រើន​ម៉ែត្រ​គូប ត្រូវ​គេ​ជម្លៀស​ដឹក​ចេញ​ពី ឃ្លាំង​ស្តុក​ឈើ​ប្រណិត​របស់​ជនជាតិ​វៀតណាម នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ក្រុម​ប្រតិបត្តិការ​របស់​រដ្ឋាភិបាល​ចុះ​បង្ក្រាប។ អ្នកភូមិ​ថា ក្រុម​កម្មករ​រាប់​សិប​នាក់ បាន​សម្រុក​ជម្លៀស​ឈើ ចេញពី​ឃ្លាំង​ជនជាតិ​វៀតណាម​ឈ្មោះ​យាយព្រឺង និង​យាយ​បូង កាលពី​យប់​ថ្ងៃ​ទី​១៨ និង​ទី​១៩ មករា។ ចំណែក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់ របស់​មន្ត្រី​កងរាជអាវុធហត្ថ កំពុង​លោម​ព័ទ្ធ​ទីតាំង​ទាំងនោះ និង​រង់ចាំ​មន្ត្រី​បច្ចេកទេស ត្រួតពិនិត្យ​ឯកសារ​បទដ្ឋាន​ផ្លូវច្បាប់។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង បង្ហើប​ឲ្យ​ដឹង​ថា សេចក្ដី​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ទាក់ទិន នឹង​ការ​បង្កើត​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ គឺ​ហាក់​ដូច​ជា វ៉ៃ​ស្មៅ​បង្អើល​ពស់ ខណៈ​ដែល​ទីតាំង​ស្តុក​ឈើ​ជាច្រើន​កន្លែង របស់​ជន​ជាតិ​វៀតណាម​ក្រុង​ស្ទឹងត្រែង រាប់ពាន់​ម៉ែត្រ​គូប ត្រូវ​បាន​ជម្លៀស​ចេញ​មុន​ពេល​កម្លាំង​ប្រដាប់​អាវុធ​ចុះ​ត្រួតពិនិត្យ។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក ក្រុង​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង អះអាង​ថា ឈ្មួញ​ឈើ​ដុះ​ស្លែ​ចំនួន ២​រូប​ជា​ជនជាតិ​វៀតណាម ដែល​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា យាយព្រឺង និង​យាយ​បូង មាន​ឃ្លាំង​ស្តុក​ឈើ​ធំៗ​ចំនួន​២​កន្លែង ក្នុង​ក្រុង​ស្ទឹងត្រែង ជាច្រើន​ឆ្នាំ​កន្លង​មក។ លើស​ពី​នេះ ឈ្មួញ​ទាំងនេះ​មាន​កម្មករ​រាប់​សិប​នាក់ បាន​ដឹកជញ្ជូន​ឈើ​ប្រណិត​មុខកាត់​ធំៗ ចេញពី​ទី​ឃ្លាំង​មុន​ពេល​កម្លាំង​ប្រដាប់​អាវុធ​ចុះ​ពិនិត្យ។ លោក​សង្ស័យ​ថា ករណី​នេះ​ហាក់​ដូច​មាន​មន្ត្រី​មួយ​ចំនួន ដែល​ស្និទ្ធស្នាល​និង​ឈ្មួញ​ជូនដំណឹង​មុន។

ឆ្លើយតប​ការចោទប្រកាន់​នេះ ម្ចាស់​ឃ្លាំង​ឈើ​ប្រណិត​ជា​ជនជាតិ​វៀតណាម ឈ្មោះ យាយព្រឺង បញ្ជាក់​យ៉ាង​ខ្លី​ថា ទីតាំង​ស្តុក​ឈើ​របស់​គាត់ មាន​ច្បាប់​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ត្រឹមត្រូវ៖ «ខ្ញុំ​មិនមែន​ស្តុក​ឈើ​ទេ ច្បាប់​សិប្បកម្ម​របស់ខ្ញុំ​មាន។ ឈើ​ដេញថ្លៃ​ខ្ញុំ​មាន​តើ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខែត្រ​ស្ទឹងត្រែង លោក អៀង វ៉ាន់ឌី ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី ២២ មករា ព្រោះ​លោក​កំពុង​ចុះ​បេសកកម្ម​នៅ​ក្នុង​ព្រៃ។

តែ​លោក​ធ្លាប់​បាន​ថ្លែង ប្រាប់​ព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃ​ទី ២០ មករា​ថា កម្លាំង​ប្រដាប់​អាវុធ​បាន​ឡោមព័ទ្ធ​ទីតាំង​ស្តុក​ឈើ ក្នុង​ក្រុង​ស្ទឹងត្រែង ស្រុក​សៀមប៉ាង និង​តំបន់​បាតអាង នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ លោក​ថា ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ អម​ដោយ​មន្ត្រី​ជំនាញ​នៃ​ក្រសួង​ពាក់ព័ន្ធ កំពុង​ត្រួត​ពិនិត្យ​ឯកសារ​បទដ្ឋាន​ផ្លូវច្បាប់ និង​វាស់វែង។ លោក​ថា មន្ត្រី​ជំនាញ​នៅ​មិនទាន់​សន្និដ្ឋាន​យ៉ាងណា​នៅឡើយ​ទេ ចំពោះ​បរិមាណ​ឈើ​ទាំងនោះ៖ «កន្លែង​លាក់​ឈើ​ក្នុង​ក្រុង​ស្ទឹងត្រែង អាច​ជា​ឈើ​មួយ​ដែល​ល្មើស​ហើយ។ ព្រោះ​លាក់​បម្រុង​ដឹក​ចេញ។ គោលដៅ​មួយទៀត​ដែល​ខ្ញុំ​ជាន់ នៅ​ក្នុង​បាតអាង។ គឺ​នៅ​គល់​ស្ពាន​ស្រែពក»។

ប្រតិបត្តិ​ការ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ថ្នាក់​ជាតិ​ទ្រង់ទ្រាយ​ធំ នៅ​ខែត្រ​ស្ទឹងត្រែង ធ្វើ​ឡើងជា​លើក​ទី​៣​ហើយ នៅ​ឆ្នាំ​២០០២ ឆ្នាំ ២០១០ និង​ឆ្នាំ​២០១៦​នេះ។ ករណី​នេះ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម រិះគន់​យ៉ាង​ខ្លាំង នូវ​ភាព​ប្រ​ងើយ​កន្តើយ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ របស់​រដ្ឋាភិបាល និង​ភាព​ធូរ​លុង​នៃ​ការអនុវត្ត​ច្បាប់​ព្រៃឈើ។

មន្ត្រី​សម្របសម្រួល​នៃ​សមាគម​អាដហុក ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ដែល​ចុះ​អង្កេត​ករណី​នេះ ហាក់​មិន​អស់ចិត្ត​ចំពោះ​ការទប់ស្កាត់​បទល្មើស​របស់​រដ្ឋាភិបាល ខណៈ​ឈ្មួញ​ជនជាតិ​វៀតណាម​មុខ​ដដែលៗ ហើយ​មិន​រាងចាល​បន្ទាប់ពី​មន្ត្រី​ជំនាញ ធ្លាប់​បង្ក្រាប​ជាច្រើនលើក​ច្រើន​សា​កន្លង​មក។ លោក​សាទរ​ចំពោះ ប្រតិបត្តិ​ការ​បង្ក្រាប​នេះ ក៏ប៉ុន្តែ​វិធានការ​នេះ អាច​ធ្វើ​ឡើង​បាន​តែមួយ​ឆាវ ឬ​ភ្លើង​ចំបើង ខណៈ​ព្រៃឈើ​អាច​ត្រូវ​បំផ្លាញ​ហិនហោច៖ «យើង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ តាំងពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​គាត់​ប្រកាស​មក ក្រុមហ៊ុន​មួយ​ចំនួន ឬ​សិប្បកម្ម​មួយ​ចំនួន​ក្នុង​ក្រុង​ស្ទឹងត្រែង ខ្លាច​ជម្លៀស​ឈើ​ចេញ។ រហូតដល់​ថ្ងៃ​ទី​២០ កងកម្លាំង​អាវុធហត្ថ​ខែត្រ​ស្ទឹងត្រែង​គាត់​ចុះ​ប្រតិបត្តិការ​តែ​ម្ដង»។

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង កត់​សម្គាល់​ថា ទោះបី​រក​ឃើញ​ថា អ្នក​មាន​អំណាច និង​ឧកញ៉ា​មួយ​ចំនួន​ជាប់​ព័ន្ធ​អាជីវកម្ម បទល្មើស​ព្រៃឈើ​ជាច្រើន​ឆ្នាំ​កន្លង​មក ក៏​សមត្ថកិច្ច​ពុំ​ទាន់​អាច​ចាប់ខ្លួន​ន​ណា​ម្នាក់​នៅឡើយ។ នេះ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ដឹង​ថា វា​ជា​វប្បធម៌​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ ហើយ​អាច​កើតមាន​អំពើពុករលួយ​ប្រសិនជា​មិន​ផ្ដន្ទាទោស​អ្នក​ពាក់ព័ន្ធ៖ «រដ្ឋាភិបាល​គួរតែ​ចាត់វិធានការ​យ៉ាង​តឹង​រឹង ចំពោះ​អ្នក​រក​ស៊ី​ឈើ គួរតែ​ដាក់​ពិន័យ ឬ​ដាក់​ពន្ធនាគារ​ហើយ រឹប​អូស​ទ្រព្យសម្បត្តិ​ធ្វើជា​ថវិកា​របស់​រដ្ឋ»។

ឃ្លាំង​ស្តុក​ឈើ​ដែល​មន្ត្រី​ប្រដាប់​អាវុធ​ឡោមព័ទ្ធ​ចាប់ពី​ថ្ងៃ​ទី​២០ មករា ជា​របស់​យាយព្រឺង ជា​ជនជាតិ​វៀតណាម ឃ្លាំង​ឈើ​យាយ​បូង​ក៏​ជា​ជនជាតិ​វៀតណាម ឃ្លាំង​ឈើ​របស់​លោក​ឧកញ៉ា ទ្រី ភាព ឋិត​នៅ​គល់​ស្ពាន​សេកុង ឃ្លាំង​ស្តុក​ឈើ​នៅ​ចំណុច​វ៉ៃថ្ម ក្នុង​ឃុំ​ស្រែ​សំបូរ ស្រុក​សៀមប៉ាង និង ២​កន្លែង​ផ្សេងទៀត ឋិត​នៅ​ស្រុក​សេសា​ន នៅ​ចំណុច​គល់​ស្ពាន​ស្រែពក និង​តំបន់​សំអាត​បាត​អាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ។ ឃ្លាំង​ឈើ​ទាំងនោះ​ភាគច្រើន​គឺជា​ប្រភេទ​ឈើ​ប្រណិត ដូចជា​ធ្នង់ បេង និង​មួយ​ចំនួន​ជា​ប្រភេទ​ឈើ សុក្រំ និង​គគីរ ដែល​មាន​មុខកាត់​ចាប់ពី ៣​តឹក​ដល់ ៩​តឹក និង​ប្រវែង​ចាប់ពី ២​ម៉ែត្រ​ដល់ ៩​ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។