ក្រោយពីយល់ព្រមទទួលយកសំណងពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ជីវភាពពលរដ្ឋដែលតាំងទីលំនៅនៅតំបន់ថ្មី កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។ ស្ថានភាពនេះ គឺផ្ទុយពីអ្វីដែលក្រុមហ៊ុន និងអាជ្ញាធរធ្លាប់បានសន្យាជាមួយពលរដ្ឋនាពេលកន្លងទៅ ដែលថា ការរស់នៅតំបន់ថ្មីនឹងធ្វើឲ្យជីវិតពួកគេប្រសើរជាងមុន។
រដូវវស្សាឆ្នាំថ្មី នឹងចាប់ផ្ដើមនាពេលឆាប់ៗនេះ ប៉ុន្តែពលរដ្ឋដែលត្រូវបានជម្លៀសពីភូមិចាស់ទៅភូមិថ្មី កាលពីរដូវវស្សាឆ្នាំមុន នៅតែមិនទាន់អាចស្វែងរកជីវភាពថ្មីប្រកបដោយភាពសុខក្សេមក្សាន្តបាននៅឡើយ។
កង្វះទឹកស្អាត ភាពគ្មានការងារធ្វើ ដីស្រែចម្ការមិនអាចដាំដុះបាន ការមិនទទួលបានដំណោះស្រាយភ្លាមៗពីក្រុមហ៊ុន និងអាជ្ញាធរ ទាំងនេះគឺជាបញ្ហាចម្បងៗដែលអ្នកភូមិមួយចំនួននៅតំបន់តាំងទីលំនៅថ្មីកំពុងប្រឈម។

ក្នុងចំណោមភូមិថ្មីទាំងនោះ មានតែភូមិអូរផ្លិត ប៉ុណ្ណោះដែលរួចរាល់សម្រាប់ឲ្យពលរដ្ឋដែលរងការបណ្ដេញចេញមកតាំងទីលំនៅថ្មី ក្នុងនោះមានពលរដ្ឋមកពីភូមិស្រែពក ភូមិស្រែស្រណុក ភូមិច្រប់ ភូមិស្រែគរ និងភូមិក្បាលរមាស ជាដើម។ ជម្រកថ្មីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៧៨ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ត្រូវបានក្រុមហ៊ុនចាប់ផ្ដើមរៀបចំកាលពីខែមេសា ឆ្នាំ២០១៤។
តាំងពីការចរចាទូទាត់សំណងបានចាប់ផ្ដើមនាពាក់កណ្ដាលឆ្នាំ២០១៤ មក អ្នកភូមិប្រមាណ ៧០ភាគរយនៃសហគមន៍រងផលប៉ះពាល់សរុបជិត ៥.០០០នាក់ បានយល់ព្រមទទួលយកសំណងជាបន្តបន្ទាប់ពីក្រុមហ៊ុន ហាយដ្រូ ផោវវើ ឡូវើ សេសាន ធូ (Hydro Power Lower Sesan 2) ដែលភាគហ៊ុន ៥១ភាគរយជារបស់ក្រុមហ៊ុនចិន ហាយដ្រូ ឡាងឆាន អ៊ិនធឺណេសិនណល អេណឺជី (Hydrolancang International Energy) ៣៩ភាគរយជារបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់អ្នកឧកញ៉ា គិត ម៉េង ហើយ ១០ភាគរយទៀតជារបស់ក្រុមហ៊ុនវៀតណាម អ៊ី.វី.អិន (EVN)។
លោកស្រី ចាន់ នី ជាអ្នកភូមិស្រែពក មួយរូបក្នុងចំណោមពលរដ្ឋជាង ៥០គ្រួសារក្នុងភូមិស្រែពក ដែលបានយល់ព្រមទទួលយកសំណងពីក្រុមហ៊ុនមកតាំងទីលំនៅនៅភូមិអូរផ្លិត កាលពីអំឡុងខែសីហា ឆ្នាំ២០១៥។ លោកស្រីមានប្រសាសន៍ថា លោកស្រីធ្លាប់តែអាស្រ័យផលពីទន្លេស្រែពក ប៉ុន្តែពេលនេះ លោកស្រីលែងបានអាស្រ័យផលពីធនធានទាំងនោះទៀតហើយ ក្រោយផ្លាស់មករស់នៅទីតាំងថ្មី។ នៅលើដីថ្មីនេះ លោកស្រី ចាន់ នី កំពុងជួបប្រទះបញ្ហាជីវភាព ដោយសារមិនមានប្រាក់ចំណូលប្រចាំថ្ងៃ៖ « ចេះតែនៅទៅ ចាយលុយជិតអស់ហើយ អាលុយគេឲ្យ ៥ពាន់ជាង ចាយជិតអស់ហើយ ចេះតែទិញអង្ករស៊ី ហើយអត់មានរកអីបានចូលផង។ នៅស្រែពក គ្រាន់បានថា លុយយើងវិលរហូត។ កូនរៀនខ្លះ ហើយកូនក៏រៀនប្រឡងជាប់ទៀត ហើយរាល់ថ្ងៃនេះ ចេះតែផ្ដល់លុយហ្នឹង លុយដែលគេឲ្យថ្លៃដំណាំ ៥ពាន់ជាង ទិញអង្ករខ្លះ ម្ហូបខ្លះ អត់មាននៅសល់ជិតប្រមាណរយជិតរបូតហើយ »។
សំណងដែលលោកស្រី ចាន់ នី យល់ព្រមទទួលនោះ គឺលុយជាង ៥ពាន់ដុល្លារ ផ្ទះថ្មផ្ទាល់ដីមានពីរបន្ទប់ លើផ្ទៃដី ២០ម៉ែត្រគុណនឹង ៥០ម៉ែត្រ និងដីស្រែចម្ការ ៥ហិកតារ តែដីស្រែនោះមិនទាន់អាចដាំដុះបាននៅឡើយ ព្រោះក្រុមហ៊ុនមិនទាន់មកឈូសឆាយឲ្យតាមការសន្យា៖ « គេថាស្រូតមកឲ្យបានទាន់ពេលវេលាដាំដំណាំ គេឈូសឆាយដីឲ្យ។ ដល់តែពេលពួកខ្ញុំចេញមកហើយ ដីគេប្រុងភ្ជួរឲ្យពួកខ្ញុំដាំដំណាំ អ្នកស្រែពក ហ្នឹងអត់មានធ្វើឲ្យផង។ ដីនៅតែដីដដែលហ្នឹង។ អ៊ីចឹងឆ្នាំនេះមិនដឹងបានធ្វើឬមិនបានធ្វើ »។
ក្រៅពីនេះ លោកស្រី ចាន់ នី ព្រមទាំងអ្នកភូមិដទៃទៀតមិនមានទឹកស្អាតប្រើប្រាស់ឡើយ។ លោកស្រីថា ទឹកអណ្ដូងដែលក្រុមហ៊ុនផ្ដល់ឲ្យនោះមិនអាចបរិភោគបានទេ៖ « សំណួរ៖ អ៊ីចឹងអ៊ំដាំបានដាំអីប្រើទឹកហ្នឹង ? ចម្លើយ៖ ពីមុនដាំបាយប្រើទឹកហ្នឹង ប៉ុន្តែឥឡូវនេះប្រើអត់បានទេ ដាំបាយជាតិកំបោរ។ សំណួរ៖ មានប្រាប់ទៅអាជ្ញាធរអីដែរទេ ? ចម្លើយ៖ ប្រាប់គេដែរ។ ឃើញគេចុះដើរសប់មើលទឹកហ្នឹងដែរ ? សំណួរ៖ ហើយគេថាម៉េចទៅ ? ចម្លើយ៖ អត់ដឹងគេ។ គេអត់ជឿពួកខ្ញុំផង។ គេដើរតែគ្នាគេទៅ ចតឡានហើយ គេសប់មើលទឹកហ្នឹងទៅ អណ្ដូងណាចេញ អណ្ដូងណាមិនចេញ »។
រាល់ថ្ងៃ លោកស្រី ចាន់ នី ត្រូវទិញទឹកមកប្រើប្រាស់ ហើយទឹកដែលលោកស្រីទិញគេនោះ គឺជាទឹកមិនស្អាត៖ « ទឹកហ្នឹងវាធុំ ឃើញទេ ? ឡើងខ្មៅ។ ទឹកទិញគេហ្អា៎ ទឹកទិញគេជាតិស្លឹកឈើ។ គេបូមនៅតាមអូរហ្នឹងយកមកលក់ឲ្យយើង។ អត់មានទឹកល្អទេ។ ពួកខ្ញុំទិញគេហ្នឹង។ គេបូមទឹកហ្នឹងយកមកលក់ឲ្យពួកខ្ញុំ ផឹកអាហ្នឹង អីអាហ្នឹង »។
អ្នកភូមិស្រែពក រូបនេះ មានប្រសាសន៍ថា លោកស្រីមិនពេញចិត្តនឹងតំបន់ថ្មីនេះទេ តែពុំមានជម្រើសផ្សេងក្រៅពីយល់ព្រមទទួលយកសំណងឡើយ ព្រោះអ្នកដទៃទៀតនៅក្នុងភូមិបានយល់ព្រមអស់ទៅហើយ។
លោកស្រី ចាន់ នី មិនមែនជាអ្នកភូមិតែមួយរូបដែលប្រឈមនឹងបញ្ហាទាំងនេះទេ។ ផ្លាស់ពីភូមិស្រែពក ដែរ គឺលោក កែ វណ្ណៈ។ លោកក៏បានមករស់នៅតំបន់ថ្មីនេះកាលពីអំឡុងរដូវវស្សាឆ្នាំមុនដែរ។ រហូតដល់បច្ចុប្បន្ន លោកនៅមិនទាន់មានមុខរបរពិតប្រាកដនៅឡើយ។ ប្រភពចំណូលបណ្ដោះអាសន្នរបស់លោក គឺការបើកកន្លែងលេងបុកប៊ីយ៉ា និងលក់ដូរនំចំណី ភេសជ្ជៈ៖ « មកមានអី មកអត់ទាន់ប្រកបរបរអីបានផងហ្នឹង។ ខ្ញុំមកដល់បានតឿនក្រុមហ៊ុន បានក្រុមហ៊ុនបើកអាលុយសំណងដែលគេចិញ្ចឹមមួយឆ្នាំហ្នឹង យកមកទៅ បានខ្ញុំបើកមុខរបរលក់ដូរបន្តិចបន្តួច ទិញតាបយកមកគ្រាន់តែប្រកបជីវភាពខ្ញុំទៅ។ បានសំណងប្រហែល ២ . ៤០០ជាង ដំណាំយើងតិច កម្លាំងពលកម្មយើងតិច បើដំណាំយើងច្រើនបានច្រើន បានផ្ទះមួយ ដី ៥ហិកតារ »។
លោក កែ វណ្ណៈ លើកឡើងថា ក្រុមហ៊ុនមិនបានគោរពតាមការសន្យានោះទេ។ ជាក់ស្ដែង ដីស្រែចម្ការ ៥ហិកតារដែលក្រុមហ៊ុនសន្យាថានឹងយកគ្រឿងចក្រមកភ្ជួរឲ្យនោះ ក៏មិនទាន់ត្រូវបានភ្ជួរឲ្យនៅឡើយដែរ ទោះបីជាលោក និងអ្នកភូមិដទៃទៀត ធ្លាប់បានស្នើទៅក្រុមហ៊ុនអស់ជាច្រើនលើកច្រើនសាក៏ដោយ៖ « ដីគេអត់ភ្ជួរឲ្យទាន់ពេលវេលា ដូចជាឆ្នាំទៅអ៊ីចឹង គេអត់បានភ្ជួរឲ្យយើងបានដាំដុះ។ ដល់អ៊ីចឹងវាខកខាន។ សំណួរ៖ កាលមុនគេសន្យាថាម៉េច ខាងក្រុមហ៊ុន ? ចម្លើយ៖ គេសន្យាថា នឹងភ្ជួរឲ្យយើងបានដាំដុះតាំងពីឆ្នាំទៅម្ល៉េះ ប៉ុន្តែធ្វើអត់ទាន់បានឲ្យអ្នកស្រែពក។ ដល់អ៊ីចឹងទៅ ដល់ឆ្នាំនេះ តឿនដូចគ្នា ប៉ុន្តែមិនដឹងធ្វើម៉េចទេ បើតឿនហើយគេអត់ទាន់ភ្ជួរឲ្យទៀត។ ចង់ឲ្យគេមកភ្ជួរឲ្យបានឆាប់ៗនេះ ខែបី ខែបួន នេះ ប្រញាប់បានដាំដុះ។ សំណួរ៖ អ៊ីចឹងខាងក្រុមហ៊ុនមិនគោរពតាមសន្យាទេ ? ចម្លើយ៖ ធ្វើអត់គោរពតាមសន្យាផងហ្នឹង ដោយពួកខ្ញុំតឿនរហូត។ ដល់អ៊ីចឹងទៅអត់ឃើញមានអ្នកណាមក។ សំណួរ៖ តឿនប៉ុន្មានដងហើយ ? ចម្លើយ៖ អូ ! តឿនច្រើនដងណាស់ បីបួនប្រាំដង អត់ទាន់មានឃើញអ្នកណាអើពើសោះ។ បើឆ្នាំនេះអត់ទៀត មិនដឹងរកអីទេ បានពឹងអាលក់ដូរបន្តិចបន្តួចហ្នឹង អូ ! យ៉ាប់មែនទែន »។
ស្រដៀងនឹងលោកស្រី ចាន់ នី ដែរ លោក កែ វណ្ណៈ ក៏ត្រូវទិញទឹកដែលមិនស្អាតនោះយកមកប្រើប្រាស់ប្រចាំថ្ងៃដែរ ព្រោះទឹកអណ្ដូងមិនអាចយកមកបរិភោគបានទេ។
មេឃុំក្បាលរមាស លោក វឿន សម្បត្តិ បានបកស្រាយថា អាជ្ញាធរ និងក្រុមហ៊ុនកំពុងដោះស្រាយបញ្ហាទាំងឡាយជូនអ្នកភូមិ។ មេឃុំរូបនេះបានទទួលស្គាល់ថា ទឹកអណ្ដូងមានបញ្ហា ប៉ុន្តែលោកមិនអាចបញ្ជាក់ពីពេលវេលាជាក់លាក់ ថានឹងអាចផ្ដល់ដំណោះស្រាយបាននៅពេលណានោះទេ៖ « ទទួលស្គាល់ កំបោរមែន អណ្ដូងទឹក ប៉ុន្តែគេមិនឲ្យប្រជាពលរដ្ឋគាត់ប្រើអ៊ីចឹងទេ។ គេនឹងធ្វើការដោះដូរប្រែប្រួលដោយការជីកស្រះឲ្យពួកគាត់វិញ ព្រោះទឹកអណ្ដូងនៅក្រោមដីវាមិនអាចប្រើប្រាស់បាន ១០០ % ទេ។ សំណួរ៖ តើអង្កាល់ទៅ ? មានថ្ងៃកំណត់ទេ ? ចម្លើយ៖ ការងារធ្វើ អូនអើយ ! វាមិនមែនធ្វើមួយថ្ងៃហ្នឹងហើយទាំងអស់ទេ។ សំណួរ៖ មានផែនការអត់ទេ ? ចម្លើយ៖ មាន ! មានផែនការ ប៉ុន្តែការងារវាច្រើន ធ្វើបន្តបន្ទាប់ ដោះបន្តបន្ទាប់ »។
ពាក់ព័ន្ធនឹងការដែលក្រុមហ៊ុនមិនទាន់បានភ្ជួរដីស្រែចម្ការជូនអ្នកភូមិតាមការសន្យានោះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង អះអាងថា អាជ្ញាធរនឹងប្រាប់ក្រុមហ៊ុនឲ្យឈូសឆាយ និងភ្ជួរជូនពលរដ្ឋឲ្យបានមុនរដូវវស្សាចូលមកដល់៖ « ថ្នាក់ដឹកនាំខេត្ត និងក្រុមការងារខេត្ត បានចុះទៅមើលផ្ទាល់ដូចគ្នា ចុះទៅមើលឃើញថា ដីនោះពិតជាពុំទាន់បានភ្ជួរ គ្រាន់តែបានឈូសឆាយ ហើយពេលខ្លះឈូសឆាយរយៈពេលជិតមួយឆ្នាំហើយ ស្មៅមួយចំនួនដុះមកវិញ និងឈើមួយចំនួនដុះមកវិញ។ អ៊ីចឹងត្រូវតែភ្ជួរ ភ្ជួរយកគល់ហ្នឹងចេញ និងបែងចែកប្លង់ទៅតាមភ្លឺ ឬក៏ទៅតាមដី ៥ហិកតាររបស់គាត់ហ្នឹង ដើម្បីឲ្យគាត់អាចចូលអាស្រ័យផលពីតំបន់ហ្នឹងបាន។ ធ្វើយ៉ាងណាឲ្យពលរដ្ឋក្នុងរដូវវស្សានេះ ឲ្យគាត់ចូលទៅបង្កបង្កើនផលបាននៅពេលដែលគាត់ផ្លាស់ប្ដូរពីលំនៅឋានចាស់មកលំនៅឋានថ្មី »។
អ្នកនាំពាក្យរូបនេះមានប្រសាសន៍ថា អាជ្ញាធរនឹងស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាល ប្រសិនបើក្រុមហ៊ុនមិនគោរពតាមគោលនយោបាយនោះ៖ « ក្នុងករណីដែលក្រុមហ៊ុនគាត់មិនអនុវត្តទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាលកំណត់ទេ យើងនឹងស្នើសុំទៅរដ្ឋាភិបាល ដើម្បីធ្វើការជាមួយក្រុមហ៊ុន ព្រោះថា នេះជាគម្រោងមួយដ៏ធំ ដែលរដ្ឋាភិបាលចុះកិច្ចសន្យាជាមួយក្រុមហ៊ុនធំរបស់ចិន »។
របាយការណ៍សិក្សាផលប៉ះពាល់ស្ដីពីការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ របស់ក្រុមហ៊ុនលើកឡើងថា ក្រុមហ៊ុននឹងរៀបចំទីតាំង ៦កន្លែងសម្រាប់ឲ្យពលរដ្ឋតាំងទីលំនៅថ្មី។
ស្ថានភាពនៅតំបន់តាំងទីលំនៅថ្មី ត្រូវបានសង្គមស៊ីវិលរិះគន់ថា មិនអាចធ្វើឲ្យពលរដ្ឋរងការជម្លៀសនោះ មានជីវភាពប្រសើរជាងមុនឡើយ ដោយតំបន់មួយចំនួនស្ថិតក្នុងតំបន់ព្រៃអភិរក្ស។
អ្នកសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន សង្កេតឃើញថា ស្ថានភាពដីនៅតំបន់តាំងទីលំនៅថ្មីមិនមានជីជាតិគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលដូចភូមិចាស់ទេ។ លោក មៀច មាន បន្ថែមថា ទោះបីជានៅតំបន់ថ្មីមានហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម អគ្គិសនី ក៏ដោយ ក៏ពលរដ្ឋដែលធ្លាប់តែរស់នៅអាស្រ័យផលពីធនធានធម្មជាតិតាមដងទន្លេ នៅតែរងការលំបាក៖ « ដោយសារតែផ្ទៃដីវាតូចចង្អៀតសម្រាប់អ្នកភូមិយើងនោះ ការតាំងទីលំនៅថ្មីនៅតំបន់ហ្នឹង គឺពិបាក។ លោកអត់មានមុខរបរ ធ្លាប់តែធ្វើស្រែ ធ្វើចម្ការ ធ្លាប់តែបរបាញ់សត្វ ធ្លាប់តែរកត្រីតាមដងទន្លេ ដល់ទៅដល់ទីនោះ វានៅលើគោក។ អ៊ីចឹងទៅរកមុខរបរអីអត់មាន។ វាផ្លាស់ប្ដូរទាំងស្រុងនូវមុខរបររបស់គាត់តែម្ដង »។
ទោះបីជាយ៉ាងណាក៏ដោយចុះ នៅក្នុងភូមិអូរផ្លិត ទីតាំងថ្មីដែលវិទ្យុអាស៊ីសេរី ចុះទៅដល់ឃើញថា មានមណ្ឌលសុខភាពអគារថ្មីមួយនៅជាប់នឹងសាលាឃុំក្បាលរមាស ប៉ុន្តែមិនទាន់ដំណើរការនៅឡើយទេ។
ចាប់តាំងពីការសាងសង់ទំនប់បានចាប់ផ្ដើមកាលពីដើមឆ្នាំ២០១៤ មក សហគមន៍ជាតិ និងអន្តរជាតិ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា ផ្អាកការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នេះ ដោយសារការសិក្សាពីផលប៉ះពាល់លើបរិស្ថាននៃគម្រោងដ៏ធំនេះ មិនបានធ្វើឡើងឲ្យបានគ្រប់ជ្រុងជ្រោយ និងមិនមានតម្លាភាព។
ទន្ទឹមនឹងនេះ ការទូទាត់សំណងផលប៉ះពាល់ជូនពលរដ្ឋរងគ្រោះ ត្រូវបានសង្គមស៊ីវិលរិះគន់ថា មិនសមរម្យតាមតម្លៃទីផ្សារ។ ទោះមានការរិះគន់យ៉ាងណាក្ដី ក៏សកម្មភាពសាងសង់ទំនប់នៅតែបន្ត ដោយគ្រោងនឹងចាប់ផ្ដើមដំណើរការផលិតអគ្គិសនីនៅឆ្នាំ២០១៧ ខាងមុខ។
រីឯពលរដ្ឋប្រមាណ ៣០% នៃសហគមន៍រងការបណ្ដេញចេញពីលំនៅឋានសរុបជាង ១ពាន់គ្រួសារក្នុងស្រុកសេសាន ដែលខ្លះជាជនជាតិដើមភាគតិច នៅតែជម្នះមិនព្រមផ្លាស់មកទីតាំងថ្មី។ ពួកគេបារម្ភថា ស្ថានភាពតំបន់តាំងទីលំនៅថ្មី នឹងមិនអាចធ្វើឲ្យជីវភាពរបស់ពួកគេប្រសើរជាងមុនឡើយ។ ម្យ៉ាងទៀត ការចាកចេញពីភូមិឋានចាស់ មិនអាចឲ្យពួកគេនាំទៅជាមួយនូវផ្នូរកប់សពដូនតាច្រើនជំនាន់របស់ពួកគេឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។