ជនជាតិដើមភាគតិចព្នង ប្រមាណ ១០នាក់មកពីភូមិស្រែគរ និងភូមិក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៩ ខែសីហា ដាក់ញត្តិទៅក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្នើឲ្យស្ថាប័នទាំងពីរនេះជួយដល់ពលរដ្ឋចំនួន ១៤៣គ្រួសារដែលរងផលប៉ះពាល់ដោយសារការបិទទ្វារទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ។ មន្ត្រីស្ថាប័នទាំងពីរទទួលយកញត្តិរបស់ពលរដ្ឋ ប៉ុន្តែមិនទាន់បញ្ជាក់ថានឹងដោះស្រាយយ៉ាងណានៅឡើយទេ។
ជនជាតិដើមភាគតិចព្នង ប្រមាណ ១០នាក់នាំញត្តិដែលភ្ជាប់មកជាមួយស្នាមមេដៃពលរដ្ឋប្រមាណ ២០០នាក់ផ្សេងទៀត សុំអន្តរាគមន៍ពីលោក ស ខេង និងលោក ហ៊ុន សែន ឲ្យជួយដល់ពលរដ្ឋចំនួន ១៤៣គ្រួសារដែលមិនព្រមចាកចេញពីលំនៅឋានចាស់របស់ខ្លួន ដែលកំពុងខូចខាតដោយសារការបិទទ្វារទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
ពលរដ្ឋម្នាក់រស់នៅភូមិក្បាលរមាស គឺកញ្ញា ជឿន ស្រីមុំ ថ្លែងបន្ទាប់ពីជួបជាមួយតំណាងក្រសួងមហាផ្ទៃ ថា ពលរដ្ឋទាមទារឲ្យចុះបញ្ជីដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចព្នង និងស្នើឲ្យដកកងកម្លាំងសមត្ថកិច្ចដែលដាក់ពង្រាយនៅតំបន់ពួកគេរស់នៅ ដែលពលរដ្ឋចាត់ទុកថាជាការរំខានដល់សិទ្ធិសេរីភាពរបស់ពួកគេ៖ « ផ្តាច់គាត់ទាំងស្រុងទាំងផ្លូវដើរ ផ្តាច់ផ្លូវដើរហើយថែមទាំងដាក់កងកម្លាំងប្រដាប់អាវុធ ដាក់អ៊ីចឹងសមដែរ ? ពួកគាត់អត់មានអីតតាំងជាមួយយើងទេ ក្រៅតែពីទាមទារសិទ្ធិសេរីភាពរបស់ពួកគាត់ អត់មានអីក្រៅពីហ្នឹងទេ។ ហើយការរស់នៅរបស់គាត់ គឺគាត់ទាមទាររស់នៅកន្លែងចាស់ ព្រោះកន្លែងចាស់គាត់មានដីស្រែស្រេចហើយ អ៊ីចឹងហើយពួកគាត់អត់ចង់ទៅរស់នៅកន្លែងថ្មីដែលគេកំណត់ឲ្យនោះទេ។ អ្នកដែលមិនរងគ្រោះផ្ទាល់ ខ្ញុំគិតថាអត់ឈឺទេ ទាល់តែអ្នកប៉ះពាល់ខ្លួនឯង ទើបដឹងថា គឺធ្វើអ៊ីចឹងឈឺណាស់ » ។
កាលពីថ្ងៃទី១៥ ខែកក្កដា ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានបិទទ្វារទឹកចំនួន៤ ដើម្បីសាកល្បង បានធ្វើឲ្យទឹកជន់លិចភូមិស្រែគរ នៅតំបន់ទំនាបកម្ពស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ។
ខណៈទឹកបន្តជន់លិច ពលរដ្ឋទាំងពីរភូមិ គឺភូមិស្រែគរ និងភូមិក្បាលរមាស ជាច្រើននៅតែប្ដេជ្ញាថានឹងបន្តរស់នៅទីនោះជាបន្តទៀត មិនព្រមចាកចេញឡើយ។
ពលរដ្ឋម្នាក់មកពីភូមិក្បាលរមាស គឺលោក ឡាត់ វិបុល ថ្លែងថា ការតវ៉ារបស់ពលរដ្ឋមិនមែនជាការប្រឆាំងនឹងការអភិវឌ្ឍនោះទេ ប៉ុន្តែពួកគេចង់ឲ្យរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យពួកគេអាចរស់នៅតំបន់ចាស់ដែលពួកគេធ្លាប់រស់នៅតពីដូនតាច្រើនជំនាន់មកហើយនោះ៖ « យើងអត់អាចចាកចេញចោលទេ ជាពិសេសផ្នូរដូនតារបស់យើង។ យើងអត់អាចគាស់ពួកគាត់ទៅដាក់នៅទីតាំងថ្មីនោះ គឺមិនអាចទេ។ ជនជាតិពួកខ្ញុំគឺមានអប្បិយជំនឿបែបហ្នឹង ! យើងសុំឲ្យពួកគាត់ធ្វើយ៉ាងណានៅក្រោយពេលដែលបិទទំនប់ហ្នឹង បិទប៉ុន្តែសូមកុំឲ្យលិចដល់កន្លែងហ្នឹងខ្លាំងពេក ធ្វើម៉េចឲ្យពួកគាត់រស់នៅបាននៅកន្លែងចាស់របស់ពួកគាត់ដដែលហ្នឹង » ។
តំណាងក្រសួងមហាផ្ទៃ និងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកញត្តិរបស់ពលរដ្ឋជនជាតិដើមភាគតិចព្នង ក៏ប៉ុន្តែមិនទាន់សន្យាថានឹងដោះស្រាយយ៉ាងណាចំពោះការស្នើអន្តរាគមន៍នេះនៅឡើយទេ។
កាលពីថ្ងៃទី២៥ ខែសីហា ក្រុមពលរដ្ឋក៏បានដាក់ញត្តិទៅកាន់ក្រសួងរ៉ែ និងថាមពល ដើម្បីសុំអន្តរាគមន៍ផងដែរ។ តំណាងក្រសួងរ៉ែ និងថាមពល ដែលចេញមកទទួលញត្តិពលរដ្ឋបញ្ជាក់ថា នឹងយកញត្តិដាក់ជូនទៅថ្នាក់ដឹកនាំដើម្បីឆ្លងយោបល់ និងសម្រេច។
ក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ គ្រោងបិទទ្វារទឹកជាផ្លូវការទាំងអស់ចំនួន ១០ទ្វារ ដើម្បីទប់ទឹកបញ្ចូលអាងនៅថ្ងៃទី២៥ ខែកញ្ញា ហើយពេលនោះទឹកនឹងឡើងខ្លាំង ដែលនឹងជន់លិចភូមិស្រែគរ ទាំងស្រុង។
អាជ្ញាធរខេត្តស្ទឹងត្រែង បានចុះផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋរស់នៅភូមិស្រែគរ ប្រុងប្រយ័ត្ន និងសម្រេចចិត្តជាថ្មីទាក់ទិនគម្រោងទទួលយកសំណង ហើយចាកចេញទៅរស់នៅទីតាំងថ្មី។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានអនុម័តដោយគណៈរដ្ឋមន្ត្រីកាលពីខែវិច្ឆិកា ឆ្នាំ២០១២។
គម្រោងនេះមានការចូលរួមរវាងក្រុមហ៊ុនចំនួន៣ មានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) របស់ឧកញ៉ា គិត ម៉េង មានទុនវិនិយោគ ៣៩ភាគរយ ក្រុមហ៊ុនចិន ៥១ភាគរយ និងក្រុមហ៊ុនអគ្គិសនីវៀតណាម ១០ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។