សង្គម​ស៊ីវិល​ស្នើ​ក្រសួង​កសិកម្ម​ជួយ​ថែ​រក្សា​ដី​គម្រប​ព្រៃ​ឈើ​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​នា​ខេត្ត​ព្រះសីហនុ ដោយសារ​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ​អនាធិបតេយ្យ​ពី​បុគ្គល​មួយ​ចំនួន។ បញ្ហា​នេះ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ​ដែល​រដ្ឋ​បាន​ហាម​ឃាត់ នឹង​ប្រឈម​មុខ​ផ្លូវ​ច្បាប់។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​២០ ខែ​កុម្ភៈ ថា ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ត្រូវ​បុគ្គល​មួយ​ចំនួន​កាប់ និង​ដុត​បំផ្លាញ​ដើម​ឈើ ហើយ​ហ៊ុមព័ទ្ធ​របង​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​រលាយ​ហិនហោច។

លោក​ព្រួយ​បារម្ភ​ថា គម្រប​ព្រៃ​ឈើ​នា​តំបន់​នេះ នឹង​ត្រូវ​វិនាស​ហិនហោច ប្រសិន​បើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ទប់ស្កាត់​មិន​បាន​ទាន់​ពេលវេលា​ទេ។ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ដល់​ទីតាំង​មាន​សកម្មភាព​រាន​ដី​គម្រប​ព្រៃ​ឈើ នា​ភូមិ​គគីរ ឃុំ​បិតត្រាំង បាន​ស្នើ​ឲ្យ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ក្រសួង​បរិស្ថាន ជាដើម ជួយ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​នេះ​ឲ្យ​បាន​ទាន់​ពេល ព្រោះ​សព្វថ្ងៃ​នេះ​មាន​ទាំង​ពលរដ្ឋ​សាមញ្ញ ឈ្មួញ​មាន​ងារ​ជា​ឧកញ៉ា និង​មន្ត្រី​មាន​អំណាច បន្ត​មាន​មហិច្ឆតា​រំលោភ​កាន់​កាប់​ដី​នា​បរិវេណ​គម្រប​ព្រៃ​ឈើ​ធ្វើ​កម្មសិទ្ធិ៖ « គម្រប​ព្រៃ​ឈើ​នៅ​ចុង​ឆ្នេរ​បិតត្រាំង ស្ថិត​ក្នុង​ឃុំ​បិតត្រាំង យើង​សង្កេត​ឃើញ​ថា ទីតាំង​ដី​បរិវេណ​នេះ​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ ហើយ​មាន​បុគ្គល​មួយ​ចំនួន​បាន​បោះ​បង្គោល​កំណត់​ទីតាំង​ដី​ជា​ឡូៗ​ថែម​ទៀត។ ដូច្នេះ​យើង​សង្កេត​ឃើញ​ថា ដី​គម្រប​ព្រៃ​ឈើ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ចាប់​ផ្តើម​រលាយ​ហិនហោច​ហើយ​ពេល​នេះ បើ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ទប់ស្កាត់​មិន​មាន​ប្រសិទ្ធភាព »

ចំណែក លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ស្នើ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ ជួយ​ដាក់​កម្លាំង​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​គម្រប​ព្រៃ​ឈើ​ទន្ទ្រាន​ដី​ធ្វើ​កម្មសិទ្ធិ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ភាព​អនាធិបតេយ្យ​ទាំង​នេះ​កំពុង​កើត​មាន​រាល់​ថ្ងៃ៖ « ក្នុង​នាម​សង្គម​ស៊ីវិល យើង​សាទរ​ចំពោះ​ការ​ចុះ​អនុវត្ត​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ របស់​ស្ថាប័ន​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ ដែល​ចុះ​ធ្វើ​កិច្ចសន្យា​មិន​ឲ្យ​ពលរដ្ឋ​កាប់​បំផ្លាញ​ដើម​ឈើ​ក្នុង​បរិវេណ​គម្រប​ព្រៃ​ឈើ នា​ភូមិ​គគីរ ឃុំ​បិតត្រាំង។ យើង​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្ថាប័ន​នេះ មាន​វិធានការ​ជា​បន្តបន្ទាប់ ដើម្បី​ថែ​រក្សា​គម្រប​ព្រៃ​ឈើ​ដែល​រដ្ឋ​បាន​រក្សា​ទុក​នៅ​តំបន់​នេះ​ឲ្យ​បាន​គង់វង្ស។ ស្នើ​ឲ្យ​សមត្ថកិច្ច អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ជន​ប្រព្រឹត្តិ​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​គង់វង្ស »

ទាក់ទិន​បញ្ហា​នេះ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា បាន​ដាក់​បទបញ្ជា​ទៅ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​នេះ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង រួច​ហើយ។ លោក​ស្នើ​ដល់​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ចូលរួម​សហការ​ទប់ស្កាត់​បទល្មើស​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ជាមួយ​អាជ្ញាធរ​ខេត្ត​ឲ្យ​បាន​ទាំងអស់​គ្នា។

ឆ្លើយ​តប​បញ្ហា​នេះ លោក ឌី សុភី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា ស្ថាប័ន​បាន​ចុះ​ឃ្លាំ​មើល​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​គម្រប​ព្រៃ​ឈើ​នា​ភូមិ​គគីរ ឃុំ​បិតត្រាំង ជា​ប្រចាំ។ ជាង​នេះ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ បាន​នាំ​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ ដែល​បាន​ចូល​ទៅ​ស៊ី​ឈ្នួល​កាប់​ព្រៃ​ក្នុង​បរិវេណ​ដី​គម្រប​ព្រៃ​ឈើ​នា​ភូមិ​គគីរ ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​កាប់​ព្រៃ​នៅ​តំបន់​នេះ។ លោក ឌី សុភី បាន​ព្រមាន​ថា នឹង​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ បើ​ប្រជាពលរដ្ឋ ឬ​បុគ្គល​ណា​មួយ​នៅ​បន្ត​មាន​មហិច្ឆតា​ទន្ទ្រាន​កាន់​កាប់ ឬ​ចូល​ទៅ​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ដែល​រដ្ឋ​បាន​ហាម​ឃាត់​នា​មូលដ្ឋាន​ភូមិ​គគីរ ឃុំ​បិតត្រាំង នា​ពេល​ខាង​មុខ៖ « មន្ត្រី​ជំនាញ​នឹង​ចាប់​ឃាត់​ខ្លួន​បុគ្គល​ទាំងឡាយ​ណា​ដែល​ចូល​ទៅ​កាប់​ព្រៃ​គម្រប​ព្រៃ​ឈើ នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ដោយ​មិន​ឲ្យ​ធ្វើ​កិច្ចសន្យា​ទៀត​ទេ។ ខ្ញុំ​បាន​សួរ​នាំ​ពលរដ្ឋ​ដែល​ចូល​ទៅ​ស៊ី​ឈ្នួល​កាប់​ព្រៃ​ឲ្យ​គេ នា​ទីតាំង​ដី​គម្រប​ព្រៃ​ឈើ​នោះ គឺ​គេ​និយាយ​ថា ត្រូវ​ម្ចាស់​ដី​រស់នៅ​ភ្នំពេញ​ជួល​ឲ្យ​មក​កាប់​ព្រៃ​ក្នុង​តំបន់​រដ្ឋ​ហាម​ឃាត់​នេះ។ យើង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ បើ​មាន​ជនល្មើស​មក​កាប់​បំផ្លាញ​ដី​នៅ​តំបន់​រដ្ឋ​ហាម​ឃាត់​នេះ​នា​ថ្ងៃ​ខាង​មុខ »

បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ចុះ សព្វថ្ងៃ​នេះ ទីតាំង​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ត្រូវ​គេ​កាប់​ព្រៃ​ដុត​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ និង​មាន​ហ៊ុមព័ទ្ធ​របង​ដើម្បី​ដៅ​ទីតាំង​ដី​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ។

ត្រង់​ចំណុច​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចោទ​ថា អ្នក​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​បទល្មើស​រាន​គម្រប​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​នៅ​ភូមិ​គគីរ ឃុំ​បិតត្រាំង មាន​ទាំង​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រោម​ឱវាទ​ខេត្ត​ព្រះសីហនុ និង​មាន​មន្ត្រី ឬ​បុគ្គល​ខ្លះ​មាន​ការងារ និង​ផ្ទះ​នៅ​រាជធានី​ភ្នំពេញ ហើយ​ភាគ​ច្រើន​ជា​មន្ត្រី​មាន​តួនាទី​ខ្ពស់ និង​ជា​ឈ្មួញ​មាន​ទ្រព្យ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។